ដោយ យន់ សាមៀន
2022-01-18
(ឆ្វេង) លោក ហ្វិន វ៉ាំងឌែប (កណ្ដាល) លោក តៀន ដាម និង (ស្ដាំ) លោក តៀន ណាម ជាកសិករខ្មែរក្រោម ដែលអាជ្ញាធរវៀតណាម នៅខេត្តក្រមួនស ចាប់ពីបទចោទថា បានប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ។
រូប៖ សហពន្ធខ្មែរកម្ពុជាក្រោមផ្ដល់ឱ្យ
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានចាប់ខ្លួនកសិករខ្មែរក្រោមពីរនាក់ ដាក់ពន្ធនាគារ និងហាមឃាត់មិនឲ្យកសិករផ្សេងទៀតធ្វើស្រែលើដីកេរដូនតារបស់ពួកគេ។ មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមសង្កេតឃើញថា វៀតណាម ចាប់ផ្ដើមរំលោភសិទ្ធិ ខ្មែរក្រោមកាន់តែកាន់ខ្លាំងឡើង ស្របពេលដែលពិភពលោក កំពុងជួបវិបត្តិជំងឺកូវីដ (Covid-19)។
យ៉ាងហោចណាស់ក៏មានកសិករខ្មែរក្រោមបីនាក់ហើយ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ដាក់ពន្ធនាគារ ដោយចោទប្រកាន់ពាក់ព័ន្ធរឿងបង្កអំពើហិង្សាលើអាជ្ញាធរ វៀតណាម ពេលពួកគេ តវ៉ាទាមទារធ្វើស្រែលើដីកេរ្តិ៍ដូនតា របស់ពួកគេ។ កសិករខ្មែរក្រោមពីរនាក់ចុងក្រោយ ដែលត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តក្រមួនស តាមសាលក្រមតុលាការ កាលពីខែធ្នូកន្លងទៅនេះ រួមមាន លោក តៀន ណាម និង តៀន ដាម។ ពួកគេនឹងត្រូវជាប់ពន្ធនាគារពី ៩ខែ ទៅ ២ឆ្នាំ ពីបទ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ»។ កាលពីខែតុលាកន្លងទៅ វៀតណាម ក៏បានចាប់ខ្លួនលោក ហ្វិន វ៉ាំងឌែប ដាក់ពន្ធនាគារពីរឆ្នាំ ពីបទតែមួយ ហើយឲ្យកសិករខ្មែរក្រោមម្នាក់ទៀត នៅក្រៅឃុំបណ្ដោះអាសន្ន។
អាជ្ញាធរវៀតណាមមិនត្រឹមតែចាប់កសិករខ្មែរក្រោមដាក់ពន្ធនាគារទេ អាជ្ញាធរវៀតណាមនៅខេត្តក្រមួនស កាលពីថ្ងៃទី៩ មករាកន្លងទៅ ក៏បានឃាត់កសិករខ្មែរក្រោម ប្រមាណជាង ៥០នាក់ មកពីភូមិចំនួនបី ក្នុងស្រុកព្រៃមេង ខេត្តក្រមួន មិនឲ្យធ្វើស្រែប្រាំងលើដី ដែលអ្នកភូមិធ្លាប់ធ្វើជិតពាក់កណ្ដាលសតវត្សមកហើយ។ អាជ្ញាធរវៀតណាម បានប្រើកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់បិទផ្លូវ រារាំងមិនឲ្យពួកគេចូលទៅធ្វើស្រែ និងគំរាមកំហែងចាប់កសិករខ្មែរក្រោមដាក់ពន្ធនាគារទៀតផង។
នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរវៀតណាមឃាត់ខ្មែរក្រោមមិនឲ្យធ្វើស្រែលើដីរបស់ពួកគេ។ កាលពីឧសភា ឆ្នាំ២០២០ អាជ្ញាធរវៀតណាមខេត្តក្រមួនស ប្រដាប់ដោយអាវុធប្រមាណជាង ១០០នាក់ បានចុះទៅរឹបអូសយកដីជាច្រើនរយហិកតាររបស់ពលរដ្ឋខ្មែរក្រោម ធ្វើជាកម្មសិទ្ធិរបស់រដ្ឋដោយមិនផ្តល់សំណង ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរក្រោមមិនព្រមរហូតផ្ទុះការតវ៉ាបណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០នាក់រងបួស។ ការផ្ទុះការតវ៉ារបស់ពលរដ្ឋខ្មែរក្រោមនេះ ហើយទើបបណ្ដាលឲ្យតុលាការវៀតណាមចាប់ខ្មែរក្រោមបីនាក់ដាក់ពន្ធនាគារ។ ក្រុមគ្រួសារ និងសហព័ន្ធខ្មែរក្រោមបដិសេធការចោទប្រកាន់ របស់វៀតណាមមកលើពលរដ្ឋខ្មែរក្រោម អំពីអំពើហិង្សានេះ ហើយបានថ្កោលទោស ការចាប់ខ្លួននេះថា ជាអំពើអយុត្តិធម៌។
ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៦ មករាថា វៀតណាមរំលោភសិទ្ធិជនជាតិដើម និងដីធ្លីរបស់ពួកគេ ទាំងអយុត្តិធម៌ ហើយថែមទាំងចាប់ជនរងគ្រោះដាក់ពន្ធនាគារទៀតផង៖ «អាជ្ញាធរវៀតណាមធ្វើបែបនេះ ជាការគំរាមកំហែងពលរដ្ឋខ្មែរក្រោម ពីព្រោះពួកគាត់តវ៉ាធ្វើស្រែចម្ការលើដីរបស់ពួកគាត់ គឺអត់មានទោសកំហុសអ្វីទេ ព្រោះថាដីស្រែចំការនោះ ពួកគេធ្លាប់ អាស្រ័យផលជាច្រើនឆ្នាំមកហើយ ប៉ុន្តែក្រោយមកទៀត វៀតណាមយកដីទាំងនោះ មកធ្វើជាកន្លែងឧស្សាហកម្មមួយ។ គ្មានសងសំណងពលរដ្ឋខ្មែរក្រោមតាមតម្លៃទីផ្សារបច្ចុប្បន្ននេះទេ»។
ចាប់តាំងពីពិភពលោក កំពុងជួបវិបត្តិជំងឺកូវីដ១៩ មក វៀតណាមបានឆ្លៀតពេលធ្វើទុក្ខបុកម្នេញខ្មែរក្រោមកាន់តែខ្លាំងឡើង។ ក្រៅពីចាប់កសិករខ្មែរក្រោម ដើម្បីដណ្ដើមយកដីខ្មែរទៅឲ្យក្រុមហ៊ុនវៀតណាម អាជ្ញាធរវៀតណាម ក៏ចាប់ខ្លួនពលរដ្ឋខ្មែរក្រោមម្នាក់ទៀតដាក់ ពន្ធនាគារដោយសារតែលោក ហ៊ានបញ្ចេញមតិរឿងប្រវត្តិបាត់បង់ទឹកដីខ្មែរ និងសិទ្ធិជនជាតិដើម។ ចំណែកយុវជនខ្មែរក្រោមផ្សេងទៀតក៏ត្រូវវៀតណាម ផាកពិន័យជាច្រើនរយដុល្លាររឿងសំដែងមតិទាមទារសិទ្ធិជនជាតិដើម។
ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាបន្តទៀតថា សហព័ន្ធនឹងធ្វើយុទ្ធនាការទាមទារឲ្យវៀតណាមដោះលែងកសិករខ្មែរក្រោមតាមរយៈការស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងធ្វើចលនាលើឆាកអន្តរជាតិផងដែរជាមួយនឹងសហគមន៍អឺរ៉ុប និងក្រសួងការបរទេស និងអង្គការ (Human Rights Watch)ដើម្បីឲ្យប្រទេសទាំងនោះ ដែលមានទំនាក់ទំនងខាងពាណិជ្ជកម្មហ្នឹង ដើម្បីដាក់គំនាម និងធ្វើអន្តរាគមន៍ករណីវៀតណាមរារាំងមិនឲ្យកសិករខ្មែរក្រោមធ្វើស្រែចំការនិងករណីចាប់ពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារផងដែរ»។
កាលពីខែធ្នូកន្លងទៅ អង្គការសិទ្ធិមនុស្ស (Human Rights Watch) រកឃើញថា យ៉ាងហោចណាស់ក៏មានមនុស្សជាងមួយរយនាក់ កំពុងជាប់ពន្ធនាគារ ដោយសារតែការប្រើប្រាស់ សិទ្ធិមូលដ្ឋាន និងការប្រើប្រាស់បណ្ដាញសង្គម។ វៀតណាម ក្រៅពីធ្វើទុក្ខបុកម្នេញពលរដ្ឋខ្លួនឯង រដ្ឋាភិបាលកុម្មុយនិស្តមួយនេះ ក៏បានធ្វើទុក្ខបុកម្នេញជនជាតិដើមខ្មែរក្រោមផងដែរ។ មន្ត្រីអង្គការ (Human Rights Watch) ថា វៀតណាមធ្វើបាបពលរដ្ឋខ្មែរក្រោម ដោយគាបសង្កត់ខ្មែរក្រោមមិនឲ្យសំដែងមតិរឿងវប្បធម៌ជនជាតិដើម សិទ្ធិសាសនា និងគាបឲ្យខ្មែរក្រោម ទទួលយកនិងសម្របសម្រួល ការរស់នៅតាមបែបជនជាតិវៀតណាមទៀតផង៕
2 comments:
How about staging a peaceful march against the evil Yuon for autonomous state in Kampuchea Krom.
Defensive gesture has not given Khmer Krom anything.
Khmers have to unite and rise up otherwise they will share the same fate. Khmers will lose everything to the evil Yuon.
Post a Comment