Tuesday, 4 January 2022

លោក​ហ៊ុន សែន​ ប្រកាស​​ជា​ថ្មី​ថា​​ នឹង​​ទៅ​​ទស្សនៈ​កិច្ច​នៅ​ភូមា​​​​ចុង​សប្ដាហ៍​នេះ​ ទោះ​បី​​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​​នៅ​​ក្បែរ​ស្ថាន​ទូត​​ខ្មែរ​


Khmer Circle

What can one dictator possibly know that another doesn't? 

Or is it a case of  'All dictators of the world unite. You have nothing to lose'?

🔼🔼🔼

ដោយ មាន ឫទ្ធិ
2022-01-03
លោក​ហ៊ុន សែន​ ប្រកាស​​ជា​ថ្មី​ថា​​ នឹង​​ទៅ​​ទស្សនៈ​កិច្ច​នៅ​ភូមា​​​​ចុង​សប្ដាហ៍​នេះ​ ទោះ​បី​​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​​នៅ​​ក្បែរ​ស្ថាន​ទូត​​ខ្មែរ​ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​​បើក​ការដ្ឋាន​​សាងសង់ និង​​លើក​កម្រិត​គុណភាព​​ផ្លូវ​​ជាតិ​​លេខ​៤៨ តភ្ជាប់​ខេត្តព្រះសីហនុ ទៅ​កាន់​​ខេត្តកោះកុង​ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP


សកម្មជន​គណបក្ស​ប្រឆាំង​រិះគន់​​គម្រោង​ទស្សនៈ​កិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​​ ​ទៅ​ប្រទេស​ភូមា​ថា ​ជា​ការ​​​ធ្វើ​ដើម្បី​តែ​អំណាច​ផ្ទាល់​ខ្លួន​ ដោយ​មិន​គិត​ពី​ប្រយោជន៍​រួម​​របស់​ជាតិ​។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ថា លោក​នឹង​ទៅ​ភូមា​នៅ​ចុង​សប្ដាហ៍​នេះ បើ​ទោះ​បី​មាន​​ការ​​បំផ្ទុះ​គ្រាប់​បែក​​នៅ​ក្បែរ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​នេះ​ក៏​ដោយ។

សកម្មជន​គណបក្ស​ប្រឆាំង​និង​អ្នក​តាម​ដាន​ស្ថានការណ៍​​សង្គម​រិះគន់​ថា ​ដំណើរ​ទស្សនៈ​កិច្ច​របស់​មេ​ដឹក​នាំ​រដ្ឋាភិបាល​ឯក​បក្ស​នេះ នឹង​​ធ្វើ​ឱ្យ​កម្ពុជា​​​មាន​កេរ្តិ៍ឈ្មោះ​​កាន់​​តែ​​អាក្រក់​នៅ​លើ​​ឆាក​អន្តរជាតិ ដោយសារ​​​ទៅ​ជួយ​​ទំនុក​បម្រុង​របប​សឹក​យោធា​ភូមា ឬ​មីយ៉ាន់ម៉ា​ (Myanmar) ​ដែល​​បាន​​​សម្លាប់​​ប្រជាធិបតេយ្យ​នៅ​ក្នុង​​ប្រទេស​​នេះ​។


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ន ផល្លា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៣ ខែ​មករា​ថា ​​លោក​សោកស្ដាយ​ដែល​លោក ហ៊ុន សែន ​​នៅ​តែ​បន្ត​គម្រោង​ទៅ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​ភូមា ដែល​​ធ្វើ​ឱ្យ​សមាគម​អាស៊ាន​បែកបាក់​គ្នា​។ ​លោក​​បញ្ជាក់​ថា ​ទង្វើ​​បែប​នេះ​​ជា​ការ​គាំទ្រ​របប​រដ្ឋប្រហារ​យោធា​ភូមា​ ដែល​កំពុង​តែ​រងសម្ពាធ​ពី​សហគមន៍​អន្តរជាតិ ដូច្នេះ​នឹង​មិន​បាន​ផលប្រយោជន៍​អ្វី​ដល់​កម្ពុជា​នោះ​ទេ​ ក្រៅ​អំពី​​តែ​ការ​អោបក្រសោប​តាម​បំណង​របស់​ចិន​ ដើម្បី​ឱ្យ​​​ជួយ​​​​ក្រុម​គ្រួសារ​លោក ហ៊ុន សែន​ បាន​បន្ត​អំណាច​ផ្ដាច់​ការ​​ទៅ​មុខ​ទៀត​។ បន្ថែម​ពី​នេះ​លោក​ ​ជឿជាក់​ថា ពលរដ្ឋ​ភូមា ដែល​មាន​និន្នាការ​គាំទ្រ​ប្រជាធិបតេយ្យ​​នឹង​ផ្ទុះ​កំហឹង​មក​លើ​កម្ពុជា​កាន់​តែ​ខ្លាំង៖ «វា​រឹត​តែ​ទទួល​នូវ​ភាព​អាម៉ាស់ ហើយ​ហ្នឹង​ការ​ប្រមាថ​មើល​ងាយ​ពី​ប្រជាជន​របស់​ប្រទេស​ភូមា ក៏​ដូច​ជា​សមាជិក​អាស៊ាន​ទាំង​មូល​ផង​។​ ជា​ពិសេស​សមាជិក​អាស៊ាន​ដែល​គេ​ប្រកាន់​នូវ​និន្នាការ​ប្រជាធិបតេយ្យ ហើយ​ប្រទេស​គេ​មាន​ការ​គោរព​សិទ្ធិមនុស្ស។ ដូច្នេះ​ហើយ​មិន​ឆ្លុះ​បញ្ចាំង​អំពី​លទ្ធផល​វិជ្ជមាន​នឹង​ទទួល​បាន​ផលប្រយោជន៍​អ្វី​ទេ»។

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​​លោក ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​នៅ​ក្នុង​ពិធី​​បើក​ការដ្ឋាន​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ៤៨ ​នៅ​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា​នេះថា ​លោក​នឹង​ទៅប្រទេស​ភូមា​នៅ​ថ្ងៃ​ទី​៨ និង​​ទី​៩ ខែ​មករា​នៅ​ចុង​សប្ដាហ៍​នេះ ​ឱ្យ​ខាង​តែ​បាន​​​ បើ​ទោះ​​បី​ជា​រង​​ការ​រិះគន់​​ពី​​​សំឡេង​អ្នក​​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ក៏​ដោយ​៖ «ថ្ងៃទី​៨​ទី​៩​នេះ​ខ្ញុំ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា។ ​ព្រឹក​ស្អែក​ខ្ញុំ​នឹង​ប្រជុំ​ពិភាក្សា​ជា​មួយ​ប្រធានាធិបតី ​ឥណ្ឌូណេស៊ី​​តាម​ទូរស័ព្ទ រួច​ហើយ​ខ្ញុំ​ចេញ​ទៅ​មីយ៉ាន់ម៉ា»។

កន្លង​មក​លោក ហ៊ុន សែន អះអាង​ថា លោក​​ធ្វើ​ដូច្នេះ​ ដើម្បី​បើកផ្លូវ​ឱ្យ​មាន​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​ភូមា។ ក៏​ប៉ុន្តែ​លោក​ពុំដែល​បង្ហាញ​ពី​ចេតនា​ណាមួយ​ចង់​​ជួប​​មេដឹកនាំ​ស្របច្បាប់​របស់​ប្រទេស​នេះ គឺ​អ្នកស្រី អ៊ុង សាងស៊ូជី (Aung San Suu Kyi) ដែល​ត្រូវ​បាន​មេដឹកនាំ​យោធា​ទម្លាក់​ចេញ​ពី​អំណាច​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ២០២១​កន្លង​ទៅ និង​ចាប់​ដាក់គុក​នោះ​ទេ។ លោក ហ៊ុន សែន ដែល​ជា​អតីត​មេដឹកនាំ​រដ្ឋប្រហារ​បង្ហូរឈាម​កាលពី​ឆ្នាំ១៩៩៧​ នៅ​ក្នុង​ប្រទេស​ខ្លួន​ឯង ហើយ​ត្រូវ​សហគមន៍​ជាតិ និង​អន្តរជាតិ​មើលឃើញ​ថា ​ជា​អ្នក​រម្លាយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងនោះ ក៏​ពុំ​ដែល​ថ្លែង​ថ្កោល​ទោស​​ជា​សាធារណៈ​ចំពោះ​អំពើ​រដ្ឋប្រហារ​យោធា​នៅ​ភូមា​នោះ​ដែរ ស្របពេល​ដែល​មេដឹកនាំ​រដ្ឋប្រហារ​យោធា​នៅ​ភូមា​អាច​ប្រឈម​នឹង​បណ្តឹង​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ​នៅ​ទី​ក្រុង​អា​ឡេ (The Hague) ប្រទេស​ហូល្លង់ដ៏​ (Netherlands)។​

​​ជុំ​វិញ​រឿង​នេះ​ អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​លោក​ រ៉ុង ឈុន​ យល់​ថា​ គម្រោង​ទស្សនៈ​កិច្ច​របស់​លោក​ហ៊ុន​ សែន​​ នេះ​នឹង​មិន​អាច​ជួយ​ដោះស្រាយ​​វិបត្តិ​នយោបាយ​​នៅ​ប្រទេស​ភូមា​បាន​​ទេ ​ស្របពេល​ដែល​កម្ពុជា​​ខ្លួន​ឯង​​​កំពុងតែ​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​និង​ញាំញី​ទៅ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ដូច​សព្វ​ថ្ងៃ​នោះ។ ជាង​នេះ​ទៅ​ទៀត​ លោក​​ថា ​​​​ប្រសិន​បើ​លោក ហ៊ុន សែន ​ជួប​តែ​មេ​ដឹក​នាំ​រដ្ឋប្រហារ​យោធា​លោក​ មីន អ៊ុងហ្លាំង (Min Aung Hlaing) ដោយ​មិន​បាន​ជួប​​​មេ​ដឹក​នាំ​ស្របច្បាប់​គឺ​អ្នកស្រី អ៊ុង សាងស៊ូជី (Aung San Suu Kyi)ទេ​នោះ នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្តរ​ជាតិថ្កោលទោស​ដល់​កម្ពុជា​បន្ថែម​ទៀត​៖ «ខ្ញុំ​មើល​រូប​ភាព​ប្រទេស​ភូមា​ហើយ​រូប​ភាព​កម្ពុជា វា​ប្រហាក់ប្រហែល​គ្នា​ទេ ​ប៉ុន​គ្រាន់​តែ​មួយ​ប្រើ​កម្លាំង​យោធា​ធ្វើ​ការ​បណ្ដេញ​ចេញ​ពី​អំណាច​តែ​ម្ដង​។ ​តែ​មួយ​គ្រាន់​ប្រើប្រាស់​យន្តការ​តុលាការ គឺ​មួយ​វិធី​ក្ដៅ​មួយ​វិធី​ត្រជាក់ ក្នុង​ន័យ​ដូច​តែ​គ្នា​ទេ។ កម្ទេច​គណបក្ស​ប្រឆាំង​ចេញ​ពី​តំណែង​អាហ្នឹង យើង​មើល​ឃើញ​វា​ទ្រង់ទ្រាយ​នៃ​កម្ពុជា​ហើយ​​ហ្នឹង​ភូមា​ហ្នឹង​ប្រហាក់​ប្រហែល​គ្នា គឺ​រំលាយ​បក្ស​ដូច​តែ​គ្នា​ទេ»។

កាលពី​ថ្ងៃទី៣១ ខែធ្នូ មាន​ករណី​ផ្ទុះ​គ្រាប់បែក​កែច្នៃ​ចំនួន ២គ្រាប់ នៅ​ក្បែរ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ភូមា ប៉ុន្តែ​ពុំ​បង្ក​ឱ្យ​ខូចខាត ឬ​របួស​ស្នាម​ដល់​មន្ត្រី​ការទូត​​កម្ពុជា​​នោះ​ទេ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជាលោក កុយ គួង អះអាង​ប្រាប់​វិទ្យុអាស៊ីសេរី តាមបណ្តាញ​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃទី៣ ខែមករាថា គម្រោង​ទស្សនកិច្ច​នេះ​នៅរក្សាដដែល​មិនមានអ្វី​ប្រែប្រួលទេ ព្រោះ​កម្ពុជា​ទុកចិត្ត​លើ​ភាគីម្ចាស់ផ្ទះ​ក្នុងការ​ការពារ​សុវត្ថិភាព​ជូនភ្ញៀវ។ លោកពន្យល់​ថា គោលបំណង​ចម្បងមួយ​ក្នុងចំណោម​គោលបំណង​ចម្បង​ដទៃទៀត​នៃ​គម្រោង​ទស្សនកិច្ច​នេះ គឺដើម្បី «ខិតខំ​រក​ដំណោះស្រាយ» ធ្វើឱ្យ​អាស៊ាន​មាន​រដ្ឋសមាជិក​​ចំនួន ១០ មិនមែន ៩ ឬតិច​ជាងនេះទេ។ យ៉ាងណាលោក កុយ គួង មិន​ឆ្លើយតប​ចំពោះ​សំណួរ​របស់​វិទ្យុអាស៊ីសេរី ថាតើ​កម្ពុជា​ព្រួយបារម្ភ​ដែរឬទេ ប្រសិន​បើ​​រដ្ឋសមាជិក​អាស៊ាន​មួយចំនួន​សម្រេចចិត្ត​ធ្វើពហិការ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដឹកនាំ​ដោយ​កម្ពុជា​ក្នុង​ឆ្នាំ២០២២នេះ ដោយសារ​បញ្ហាភូមា​នេះ។

កន្លងទៅ រដ្ឋសមាជិក​អាស៊ាន​មួយចំនួនមានដូចជា​ ប្រទេសឥណ្ឌូនេស៊ី ​(Indonesia)​ ម៉ាឡេស៊ី​ ​(Malaysia)​​ ហ្វីលីពីន​​ ​(Philippines)​ ​និង​​​សិង្ហបុរី (Singapore)​​​តែង​​តែ​​​ធ្វើ​យុទ្ធនាការ​​យ៉ាងខ្លាំងក្លា​ប្រឆាំង​នឹង​​វត្តមាន​មេដឹកនាំ​យោធាភូមា​មិនឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​បាន។ ប្រទេស​ទាំងនេះ​នៅរក្សា​ភាពស្ងៀមស្ងាត់​នៅឡើយ​ជុំវិញ​ចេតនា​ចុងក្រោយ​របស់​កម្ពុជា​នាពេលនេះ។ វិទ្យុអាស៊ីសេរី កំពុងព្យាយាម​សុំជំហរ​ជាក់លាក់​ពីបណ្តា​ប្រទេស​ទាំងនេះ ថាតើ​ពួកគេ​នឹងសម្រេចចិត្ត​បែបណា​បើ​កម្ពុជា​សម្រេច​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន​នាពេល​ខាងមុខនោះ។

អ្នកជំនាញ​កិច្ចការអន្តរជាតិ និង​ជាព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​រដ្ឋអារីហ្សូណា (Arizona State University) បណ្ឌិត អៀ សុផល ពន្យល់​ប្រាប់​វិទ្យុអាស៊ីសេរី​តាម​សារអេឡិចត្រូនិក​កាលពី​ពេលថ្មីៗនេះថា ក្នុងនាម​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន ប្រទេសកម្ពុជា​កំពុងតែ​ដឹកនាំ​សមាគម​នេះ​តាមលំនាំ​ខុស ដោយ​ធ្វើឱ្យ​សមាគម​​នេះ​​បែក​បាក់​គ្នា និង​ខ្មាសគេ។ លោក​ព្រមានថា ប្រសិនបើ​អាស៊ាន​មិនអាច​ទប់ទល់​នឹង​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​បានទេ នោះ​ក្រុមមេដឹកនាំ​នៃ​រដ្ឋសមាជិក​អាស៊ាន​មួយចំនួន អាច​នឹង​ជ្រើសរើស​មិនចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដឹកនាំ​ដោយ​កម្ពុជា។

ចាប់​តាំង​ពី​លោក​ ហ៊ុន សែន​ មាន​គម្រោង​ទៅ​​ជួប​មេដឹកនាំ​សឹក​យោធា​ភូមា​មក ពលរដ្ឋ​ប្រទេស​ភូមា​មួយចំនួន​​បាន​ប្រតិកម្ម​ថ្កោលទោស​ និង​ដុត​រូបថត​របស់​លោក​ ហ៊ុន សែន តាម​ទី​សាធារណៈ និង​នៅ​តាម​បណ្ដាញ​សង្គម ហើយ​ប្ដេជ្ញា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​​មេ​ដឹក​នាំ​រដ្ឋាភិបាល​ឯក​បក្ស​។

សកម្មជន​បក្ស​ប្រឆាំង​និង​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​ ​មើលឃើញ​ថា​ ​ប្រតិកម្ម​របស់​​ពលរដ្ឋ​ភូមា​នេះ​ ដោយសារ​ពួកគេ​​ខឹង​សម្បារ​នឹង​​លោក​ ហ៊ុន​ សែន​ទៅ​​គាំ​ទ្រ​​របប​​សឹក​យោធា​ភូមា​​ ដែល​បាន​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។ គិត​ត្រឹម​ចុង​ឆ្នាំ២០២១ យ៉ាងហោចណាស់ មាន​ពលរដ្ឋ​ភូមា​ជាង ១ពាន់​៣រយ​នាក់ ​(១.៣០៥​នាក់)​ ត្រូវ​បាន​​សម្លាប់ ក្នុង​នោះ​មាន​កុមារ​ជាង ៧៥នាក់។ លើសពីនេះទៀត ​មនុស្ស​ប្រមាណ​ជាង ១ម៉ឺននាក់ (១០.៧៥៦​នាក់) ​ត្រូវ​បាន​​ចាប់​ខ្លួន ដោយ​សារ​​ពួក​គេ ​តវ៉ា​​ប្រឆាំង​​នឹង​ការ​ដឹក​នាំ​ខុស​ច្បាប់​របស់​របប​សឹក​យោធា​នៅ​ភូមា៕

2 comments:

Anonymous said...

This idiot Hun Sen was so stupid. He was under the control of Vietcong masters in Hanoi. Vietcong masters are still protecting him in order for him to stay in power and mislead Cambodia. He was advised by his secret and hidden Vietcong advisors in his Palace in Phnom Penh, Cambodia. His son Hun Manet was a son of Vietcong father who was a ex-husband of Hun Sen's wife. The world leaders should know about stupid and blind-eyed Hun Sen who was a production of Vietcong or he was made in Vietnam.

Anonymous said...

Ms. Theary Seng and Khmer Thaovarak members,

Thank You for your courage to fight for social justice. You are our Khmer heroes.
During this critical time in our history, you have emerged as the noble role models for Khmer people, especially for Khmer women.