ដោយ ឡេង ម៉ាលី
2022-02-11
លោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការកងអង្គរក្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុកនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ ០៣-២០-២១
ក្រុមអ្នកវិភាគលើកឡើងថា សំណុំរឿងគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ ដែលតុលាការបារាំង សម្រេចចោទប្រកាន់ក្រុមមេកងអង្គរក្សលោក ហ៊ុន សែនពីបទ "សមគំនិត ប៉ុនប៉ងសម្លាប់មនុស្ស "ក្នុងករណីបោកគ្រាប់បែកកាលពីឆ្នាំ១៩៩៧ ធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន អាម៉ាស់មុខលើឆាកអន្តរជាតិថែមទៀត។ ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាច នៅតែអះអាងថា លោក សម រង្ស៊ី កំពុងប្រឌិតរឿង។
អ្នកវិភាគនយោបាយ ដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ យល់ថា សេចក្ដីសម្រេចរបស់តុលាការបារាំងមានឥទ្ធិពលអាចបកស្បែកមុខលោក ហ៊ុន សែន ឲ្យសហគមន៍អន្តរជាតិដឹងថា លោក ហ៊ុន សែន ជាមេដឹកនាំមានបាតដៃប្រឡាក់ឈាម។ លោកយល់ថា សំណុំរឿងនេះ អាចនឹងត្រូវតុលាការអន្តរជាតិផ្សេងៗ ទៀត ចាត់ការបន្ត ដើម្បីផ្ដល់យុត្តិធម៌ពលរដ្ឋខ្មែរស្លូតត្រង់ដែលបានបាត់បង់ជីវិតក្នុងករណីគប់គ្រាប់បែកសម្លាប់បាតុករកាលពីឆ្នាំ១៩៩៧៖ «បានន័យថា បង្កើតនូវសក្ដានុពលកាន់តែខ្លាំងក្នុងការជំរុញឲ្យសហគមន៍អន្តរជាតិមើលឃើញពីរបៀបដឹកនាំបែបភេរវកម្មរដ្ឋរបស់លោក ហ៊ុន សែន ប្រើកណ្ដាប់ដៃធ្ងន់បង្ហូរឈាមប្រជាពលរដ្ឋ បង្ហូរទឹកភ្នែករបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា»។
ស្រដៀងគ្នានេះដែរ អ្នកសិក្សាការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី យល់ថា ទោះតុលាការបារាំង កាត់ទោសលើឲ្យក្រុមមេកងអង្គរក្សលោក ហ៊ុន សែន ក្ដី ប៉ុន្តែ ករណីនេះ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។ លោកយល់ថា បុគ្គលដែលរងការចោទប្រកាន់ពីតុលាការបារាំង គួរហ៊ានចេញមុខទទួលខុសត្រូវ ឬហ៊ានតតាំងក្ដីតាមនីតិវិធីតាមផ្លូវតុលាការបារាំង៖ «បើយើងមើលក្នុងកម្រិតជាតិយើងមានអារម្មណ៍ថា ប៉ះពាល់កិត្តិយសជាតិ ប៉ុន្តែសម្រាប់បុគ្គល អ្នកណាប្រព្រឹត្តិខុសអី ទទួលខុសហ្នឹងទៅ ហើយកំហុស ដែលទទួលហ្នឹងគឺយើងតវ៉ាតាមប្រព័ន្ធតុលាការ ព្រោះខ្ញុំគិតថា តុលាការនៅប្រទេសណាដូចគ្នាទេ ត្រូវមានច្រកក្នុងតវ៉ារកយុត្តិធម៌សម្រាប់ខ្លួនឯង»។
ការលើកឡើងរបស់ក្រុមអ្នកវិភាគបែបនេះ ធ្វើឡើងក្រោយពេលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកលោកកាលពីថ្មីៗ នេះ (ថ្ងៃទី៧ កុម្ភៈ) ថា "តុលាការបារាំង កំពុងតែឈានទៅចាប់ខ្លួន នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន។ លោកឲ្យដឹងទៀតថា មេធាវីការពារក្ដីរបស់លោកអះអាងថា បើលោក ហ៊ុន សែន មិនមានអភ័យឯកសិទ្ធិការទូតទេ គាត់នឹងចូលក្រចកសេះ ជំនួសលើមេបញ្ជាការកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង និងអតីតមេបញ្ជាការរងកងអង្គរក្ស លោក ហ៊ុយ ពិសិដ្ឋ និងសព្វថ្ងៃជា រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលត្រូវតុលាការបារាំងចោទប្រកាន់ពីបទ "សមគំនិត ប៉ុនប៉ងសម្លាប់មនុស្ស"។
កាលពីជាង ២០ឆ្នាំមុន លោក សម រង្ស៊ី និងភរិយាបានដាក់បណ្ដឹងមួយ នៅតុលាការប្រទេសបារាំងក្នុងក្រុងប៉ារីស ដោយសារតែអ្នកទាំងពីរមានសញ្ជាតិបារាំង។ លោកថាបណ្ដឹងនោះ គឺស្នើសុំវែកមុខឧក្រិដ្ឋជន ដែលគប់គ្រាប់បែកចូលហ្វូងមនុស្សកំពុងធ្វើបាតុកម្មដោយសន្តិវិធី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅក្រុងភ្នំពេញ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ១៦នាក់ និងអ្នករបួសធ្ងន់ជាង ១០០នាក់ ក្នុងនោះរួមមានទាំងរូបលោក និងភរិយា ព្រមទាំងលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកបន្តថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ តុលាការទីក្រុងប៉ារីស បានសម្រេចចោទប្រកាន់លើមេបញ្ជាការកងអង្គរក្ស លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និងអតីតមេបញ្ជាការរងកងអង្គរក្ស លោក ហ៊ុយ ពិសិដ្ឋ និងសព្វថ្ងៃជារដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកប្រចាំការអចិន្ត្រៃយ៍នៅបញ្ជាការដ្ឋានអង្គរក្ស ពីបទ "សមគំនិត ប៉ុនប៉ងសម្លាប់មនុស្ស" ដែលជាអ្នកទទួលខុសត្រូវ ធំជាងគេ ក្នុងអង្គភាពអង្គរក្ស លោក ហ៊ុន សែន។ តុលាការ ក៏បានសម្រេចយកបុគ្គលពីរនាក់នេះ ទៅកាត់ទោស នៅចំពោះមុខតុលាការព្រហ្មទណ្ឌ ដែលផ្ដន្ទាទោសឧក្រិដ្ឋជន (Cour d'Assises)។
ជុំវិញការលើកឡើងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំប្រតិកម្មតបពី អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានទេ នៅថ្ងៃទី១១ កុម្ភៈ។
ចំណែកអ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា ថា លោកមិនទាន់ទទួលបានព័ត៌មានទាក់ទងការសម្រេចរបស់តុលាការបារាំងលើក្រុមមេទ័ពកម្ពុជានេះនៅឡើយទេ។
ទោះបីជាយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងដែរថា លោកមិនបានដឹងពីសេចក្ដីសម្រេចតុលាការបារាំងទេ ប៉ុន្តែ លោកថ្លែងការពារលោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង និង លោក ហ៊ុយ ពិសិដ្ឋថា មិនជាប់ពាក់ព័ន្ធករណីគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧នោះទេ៖ «ទណ្ឌិតមានកុំព្យូទ័រនៅបន្ទប់សរសេរបានទេតើ ធ្វើបានទេតើ យល់ទេ? ជំហររបស់ខ្ញុំ គឺច្បាស់អ៊ីចឹង គ្មានជឿទណ្ឌិតនិយាយតែពីសតែពាសទេ ខ្ញុំអត់ដឹងទេ មិនគេ (តុលាការបារាំង) ផ្ញើទៅណា អ៊ីចឹងទេ ខ្ញុំនិយាយតាមខ្ញុំដឹង»។
ពាក់ព័ន្ធនឹងករណីបោកគ្រាប់បែកនេះដែរ មេធាវីការពារក្ដីលោក សម រង្ស៊ី នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៥ ក៏បានប្ដឹងករណីនៅតុលាការទីក្រុង (New York)ដែរ។ កាលនោះ លោក ហ៊ុន សែន ដែលមានវត្តមាននៅកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ មិនបានចូលខ្លួនទៅបំភ្លឺនៅតុលាការនោះទេ ទើបតុលាការបានចេញដីកាសម្រេចយោងទៅតាមបណ្ដឹងរបស់ លោក សម រង្ស៊ី៕
4 comments:
This animal probably has slept with countless of khmer virgins over the years and has stolen millions of US dollars from corruption to fund his 4-star life style.
This fat pig looks very evil and stupid.
How many innocent khmers has he killed or imprisoned? If GOD exists, why did HE allow such an evil person to live a joyous life while so many kind heart khmers live in misery everyday?
He looks exactly like HING.
Post a Comment