Thursday, 3 February 2022

អាជ្ញាធរ​ខេត្តបាត់ដំបង ​រារាំង​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន​លើក​ស្លាក​គណបក្ស


ដោយ ម៉ៅ សុធានី
2022-02-03
អាជ្ញាធរ​ខេត្តបាត់ដំបង ​រារាំង​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន​លើក​ស្លាក​គណបក្ស

ការ​លើក​ស្លាក​គណបក្ស​ភ្លើងទៀន នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
រូប៖ សកម្មជនផ្តល់ឱ្យ


អាជ្ញាធរ​ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង រារាំង​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន លើក​ស្លាក​គណបក្ស​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​នៅថ្ងៃទី​២ ខែកុម្ភៈ​។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​ខេត្តបាត់ដំបងលោក ភូ សុវណ្ណថា ឲ្យ​វិទ្យុអាស៊ីសេរី​ដឹង​ថា គណបក្ស​លោក​បានដាក់លិខិត​ជូនដំណឹង​ទៅ​មេឃុំ​រួច​ហើយ​​កាលពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែដល់​ថ្ងៃ​លើក​ស្លាក អាជ្ញាធរ​ឃុំ បាន​មករារាំង ដោយ​បង្ខំឲ្យ​ម្ចាស់​ផ្ទះ និង​គណបក្ស​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ឃុំជា​មុន​សិន។

លោក ភូ សុវណ្ណថា ចាត់ទុក​ករណីនេះ​ជាការ​រិតត្បិត​សិទ្ធិ​សេរីភាព​ខាង​នយោបាយ​ ច្បាប់​បោះឆ្នោត ដោយ​បង្កការ​លំបាក​មិន​ឲ្យ​គណបក្ស​នយោបាយ​ ជាពិសេស​គណបក្ស​គូប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​ធ្វើ​សកម្មភាព​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​បាន​ត្រឹម​ត្រូវ​នោះ​ឡើយ៖ «ហើយ​អត់​ស្មើ​ភាព​គ្នា​ជាមួយ​គណបក្ស​នយោបាយ​ដែល​មាន​ច្បាប់​ធ្វើ​នយោបាយ ​ដោយ​គណបក្ស​ផ្សេង​គេ​អាច​លើក​ស្លាក​បាន​ដោយ​សេរី​ទាក់​ទង​នឹង​ផ្ទះ​ឯកជន​ក៏​ដោយ​ផ្ទះ ឬ​នៅតាម​ផ្លូវ​សាធារណៈ​ក៏​ដោយ​ រីឯ​គណបក្ស​ភ្លើង​ទៀន​មានការ​រិតត្បិត សូម្បី​តែ​ការ​លើក​ស្លាក​នៅ​មុខ​ផ្ទះ​សកម្មជន​ក៏ដោយ»។


វិទ្យុអាស៊ីសេរីមិនទាន់​អាចទាក់ទង​ អាជ្ញាធរ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​ទេ​បាន​ទេ នៅថ្ងៃទី២ ខែកុម្ភៈ។

គណបក្ស​ភ្លើងទៀន​ខេត្តបាត់ដំបង​ឲ្យ​ដឹង​ថា នេះ​ជា​លើកទី៣ ហើយ​ដែល​អាជ្ញាធរ​ខេត្ត​នេះ រារាំង​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន លើក​ស្លាក​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់។

កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង បានបញ្ជា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យបង្ក​លក្ខណៈ​ងាយស្រួល​ដល់​គ្រប់​សកម្មភាព​គណបក្ស​នយោបាយ ដោយ​គ្មានការ​រើសអើង និង​ប្រកាន់​បក្ខ​ពួក ​ដើម្បី​ជំរុញ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នា​ពេល​ខាងមុខ​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ក៏ប៉ុន្តែ សារ​របស់​លោក ស ខេង នេះ មិនត្រូវបាន​មន្ត្រីក្រោមឱវាទ​គោរពតាមនោះទេ ហើយ​ករណី​រើសអើង​សកម្មភាព​គណបក្ស​នយោបាយ​នៅឯ​ថ្នាក់​មូលដ្ឋាន​ នៅតែបន្ត​កើត​មាន​ឡើង​ដដែល៕

2 comments:

Anonymous said...

The Candle light party's reactivation produces a new foundation for Khmer people, especially for the CNRP's members to count on.

Best wishes and good luck to the Candle Light party !!

Anonymous said...

Whatever you do, just try not to become too popular or dictator Hun Sen will abolish your party.