ដោយ សន ចាន់រដ្ឋា
2022-03-07
លោក ហ៊ុន សែន ពេលសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តលើកឡើងថា មានតែសន្តិភាពទេដែលអាចធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅបានសុខសាន្ត។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគចាត់ទុកការលើកឡើងនេះថា ជាសារនយោបាយប្រជាភិថុតិ ដើម្បីគេងចំណេញនយោបាយពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។
លោក ហ៊ុន សែន បានយកទ្រឹស្ដីរបស់ប្រធានាធិបតីអ៊ុយក្រែន (Ukraine) លោក វ៉ូឡូឌីមា ហ្សេឡេនស្កី (Volodymyr Zelenskyy) ដែលថា អត្ថិភាពរបស់អ៊ុយក្រែននៅពេលនេះ គឺសន្តិភាព ហើយយកមកប្រដូចនឹងគំនិតរបស់លោក។
លោក ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមីនាថា លោកបានអនុវត្តទ្រឹស្ដីសន្តិភាពនេះជាង២០ឆ្នាំមកហើយ រហូតលោកយល់ថា ធ្វើឱ្យកម្ពុជាមានសុខសន្តិភាពមកដល់សព្វថ្ងៃ។ លោក ហ៊ុន សែន បន្តអះអាងជាថ្មីថា អត្ថិភាពកំពូលរបស់កម្ពុជាសព្វថ្ងៃនេះ គឺសន្តិភាព ហើយមានសន្តិភាពទើបមានសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ។
មេដឹកនាំដែលគេចាត់ទុកជាជនផ្ដាច់ការរូបនេះបញ្ជាក់ថា មានតែសិទ្ធិរស់រានមានជីវិតនេះទេ ទើបមានសិទ្ធិការបញ្ចេញមតិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពីព្រោះលោកថា ប្រសិនបើមនុស្សស្លាប់ តើមានសិទ្ធិមកពីណា។ ទន្ទឹមនេះលោក ហ៊ុន សែន ក៏បន្តព្រមាននឹងចាត់វិធានការកម្ទេចក្រុមមនុស្សទាំងឡាយណាដែលប្រឆាំងនឹងការដឹកនាំរបស់លោក ដែលលោកចាត់ទុកថា ជាក្រុមឧទ្ទាមក្រៅច្បាប់ និងជាក្រុមអ្នកបំផ្លាញសន្តិភាព៖ «តែបើឧទ្ទាមក្រៅច្បាប់នៅក្នុងប្រទេសអ្នកមិនអាចរត់រួចទេ ព្រោះស្រុកឥឡូវអត់មានកន្លែងជម្រកទេ។ ពីដើមមានជម្រកវាមានខ្មែរក្រហមផង មានខ្មែរខៀវផងមានខ្មែរសផង ដែលសុទ្ធតែមានប្រដាប់អាវុធ តើទាស់ខុសអីរត់ទៅចូលខាងហ្នឹង។ តែឥឡូវអត់មានទេ មានតែជុំគ្នានៅព្រៃស អាហ្នឹងអាច អីចឹងបានកម្ពុជាយកចិត្តទុកដាក់អត្ថិភាពខ្ពស់ជាងគេគឺសន្តិភាព»។
ជុំវិញការលើករបស់លោក ហ៊ុន សែន នេះ ត្រូវបានអ្នកវិភាគនយោបាយនិងមន្ត្រីអង្គការសង្គមស៊ីវិលប្រតិកម្មថា គ្រាន់តែជាលេសប្រជាភិថុតិដើម្បីកេងចំណេញនយោបាយពីប្រជាពលរដ្ឋនៅមុខការបោះឆ្នោតឃុំសង្កាត់តែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយដែលកំពុងរស់នៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ មើលឃើញថា ទ្រឹស្ដីមេដឹកនាំប្រទេសអ៊ុយក្រែននិងលោក ហ៊ុន សែន មានលក្ខណៈខុសគ្នាដាច់ស្រលះ និងមិនអាចប្រៀបគ្នាបាននោះទេ។ លោកបន្តថា លោក ហ្សេឡេនស្កី ជាមេដឹកនាំដែលទទួលខុសត្រូវខ្ពស់ដល់ពលរដ្ឋ និងប្រទេសអ៊ុយក្រែនដែលពិភពលោកគួរតែយកគំរូតាម។ អ្នកវិភាគរូបនេះបន្ថែមថា ការដែលប្រធានាធិបតីអ៊ុយក្រែនលើកឡើងថា អត្ថិភាពកំពូលរបស់ជាតិខ្លួននៅពេលនេះគឺសន្តិភាពជារឿងត្រឹមត្រូវ ដោយលោកហ៊ានតតាំងជាមួយប្រទេសជិតខាងដែលបានឈ្លានពានប្រទេសរបស់ខ្លួន។ ចំណែកកម្ពុជាវិញលោក គឹម សុខ មើលឃើញថា លោកហ៊ុន សែន យកពលរដ្ឋខ្លួនឯងដែលហ៊ានរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលឯកបក្សធ្វើជាចំណាប់ខ្មាំង ហើយងាកទៅការពារផលប្រយោជន៍វៀតណាមដែលបានលើកបន្តុបលោកឱ្យគ្រប់គ្រងកម្ពុជា៖ «ពីព្រោះប្រទេសសន្តិភាពត្រូវដោះស្រាយគ្នាដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់យុត្តិធម៌។ ទី២ គឺជាតិហ្នឹងហ៊ានអនុវត្តការពារខ្លួន ជាពិសេសអធិបតេយ្យជាតិខ្លួន ប៉ុន្តែលោក ហ៊ុន សែន បែរជាបណ្ដោយឱ្យអនុវត្តរណសិរ្សឈ្លានពាន ហើយជួយប្រតិបត្តិរណសិរ្សឈ្លានពានរបស់វៀតណាមតទៅទៀត។ ដោយវៀតណាមមានមហិច្ឆតាក្នុងការលេបទឹកដីប្រទេសកម្ពុជា ហើយលោក ហ៊ុន សែន និយាយការពារវៀតណាមនៅគ្រប់ដំណាក់កាលទាំងអស់»។
ដោយឡែកប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា វិញយល់ថា កម្ពុជាមិនទាន់មានសន្តិភាពពេញលេញនោះទេ ពីព្រោះបច្ចុប្បន្នរដ្ឋាភិបាល បានរឹតត្បិតសិទ្ធិសេរីភាពការសម្ដែងមតិរបស់ពលរដ្ឋ និងការចាប់ខ្លួនពលរដ្ឋដែលតវ៉ាដោយសន្តិវិធីដែលស្របតាមច្បាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់។ លោកចាត់ទុកទង្វើរបស់រដ្ឋាភិបាលបែបនេះថា ជាការដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ និងធ្វើបាបប្រជាពលរដ្ឋខ្លួនឯងឱ្យមានការឈឺចាប់ ដែលជាការធ្វើឱ្យបែកបាក់សាមគ្គីជាតិ៖ «ពីព្រោះហ្នឹងដែលប្រវត្តិសាស្ត្រកម្ពុជាធ្លាប់មានបញ្ហាហ្នឹងច្រើនដងហើយ ដែលចោទថា អ្នកនេះខ្មាំងអ្នកនេះសត្រូវអ្នកនេះ ក្រុមនេះអ្នកនេះក្រុមនោះលាបព័ណ៌គ្នាទៅវិញទៅមក។ អាហ្នឹង ហើយដែលបង្កឱ្យមានការឈឺចាប់ អាហ្នឹងហើយដែលបង្កឱ្យមានសង្គ្រាម អាហ្នឹងហើយដែលបង្កឱ្យមានអំពើហិង្សា។ ដូច្នេះហើយបានយើងអត់ចង់ឃើញទេទិដ្ឋភាពបែបហ្នឹង យើងចង់ឃើញខ្មែរឈរនៅលើគោលការណ៍ស្រុះស្រួលគ្នា ឈរនៅលើគោលការណ៍បង្រួបបង្រួមជាតិ ដើម្បីអភិវឌ្ឍន៍ប្រទេសជាមួយគ្នា គឺតាមរយៈការបោះឆ្នោតសេរីត្រឹមត្រូវនឹងយុត្តិធម៌ហ្នឹងឯងបាទ»។
អ្នកវិភាគនិងសង្គមស៊ីវិលយល់ថា ដើម្បីប្រទេសមានសន្តិភាពពិតប្រាកដលុះត្រាតែរដ្ឋាភិបាល បើកទូលាយឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពសម្ដែងមតិ បើកឱ្យមានការប្រកួតប្រជែងការបោះឆ្នោតដោយស្មើភាពគ្នាគ្រប់គណបក្សនយោបាយ ប្រកបដោយភាពសុក្រឹតនិងយុត្តិធម៌តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី។ ជាពិសេសលោក ហ៊ុន សែន ត្រូវហ៊ានឈរដោយរឹងមាំការពារអធិបតេយ្យភាពរបស់ជាតិខ្លួនពីការឈ្លានពានគ្រប់ទម្រង់ពីប្រទេសជិតខាង៕
1 comment:
Ah fake peace Hun Sen,
If you are not a crazy dog and if you are a human being, you need to try to build peace among Khmer people first before you bark that Ukraine needs peace Ah Roleuy.
You have grabbed power any way you could: destroyed Khmer people and Cambodia to please your master Yuon, killed Khmer nationalists, dissolved the CNRP, etc...
You are just a Yuon's and Chen's puppet, and puppet cannot talk.
To prove that you are not a foreigner's puppet, you need to make peace among Khmer people, strengthening Khmer solidarity to build s solid foundation to prevent the evil Vietnam's future invasion.
Post a Comment