Monday, 7 March 2022

លោក​ ហ៊ុន សែន បន្ត​អះអាង​​ថា ​មាន​​តែ​​សន្តិភាព​​ទេ​​ដែល​​អាច​​​​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់​នៅ​បាន​​សុខសាន្ត


ដោយ សន ចាន់រដ្ឋា
2022-03-07
លោក​ ហ៊ុន សែន បន្ត​អះអាង​​ថា ​មាន​​តែ​​សន្តិភាព​​ទេ​​ដែល​​អាច​​​​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់​នៅ​បាន​​សុខសាន្ត 

លោក ហ៊ុន សែន ពេលសម្ពោធដាក់ឱ្យប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ត្បូងឃ្មុំ នៅព្រឹក​ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP

 

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​​តែ​​បន្ត​​លើក​​ឡើង​​ថា​ មាន​តែ​​សន្តិភាព​​ទេ​ដែល​​អាច​​ធ្វើ​ឱ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​និង​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់​នៅ​បាន​សុខសាន្ត។ ប៉ុន្តែ​​មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​ចាត់​ទុក​ការ​លើក​​ឡើង​នេះ​ថា ​ជា​សារ​នយោបាយ​ប្រជាភិថុតិ ដើម្បី​​គេង​ចំណេញ​នយោបាយ​ពី​​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។

លោក​ ហ៊ុន​ សែន​ បាន​​យក​​ទ្រឹស្ដី​របស់​​​ប្រធានាធិបតី​អ៊ុយក្រែន​ (Ukraine)​​ លោក វ៉ូឡូឌីមា ហ្សេឡេនស្កី ​(Volodymyr Zelenskyy)​ ​​ដែល​​ថា ​អត្ថិភាព​របស់​អ៊ុយក្រែន​នៅ​​ពេល​នេះ ​គឺ​សន្តិភាព ​ហើយ​យក​មក​ប្រដូច​នឹង​​​គំនិត​របស់​លោក​​។ ​

លោក​ ហ៊ុន សែន​ មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរ​ពេទ្យ​​មិត្តភាព​កម្ពុជា​​-​ចិន នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មីនា​ថា ​លោក​បាន​​អនុវត្ត​​ទ្រឹស្ដី​សន្តិភាព​នេះ​​​ជាង​២០​ឆ្នាំ​មក​ហើយ​ រហូត​​​លោក​យល់​ថា ​ធ្វើ​ឱ្យ​​​កម្ពុជា​​មាន​សុខ​សន្តិភាព​​មក​ដល់​សព្វ​ថ្ងៃ​។ លោក ហ៊ុន សែន ​​បន្ត​អះអាង​ជា​ថ្មី​ថា អត្ថិភាព​កំពូល​របស់​កម្ពុជា​សព្វ​ថ្ងៃ​នេះ​ គឺ​សន្តិភាព​ ហើយ​មាន​សន្តិភាព​​ទើប​មាន​សិទ្ធិ​រស់​រាន​មានជីវិត​របស់​ពលរដ្ឋ​។



​​មេ​ដឹក​នាំ​ដែល​គេ​ចាត់​ទុកជា​ជន​ផ្ដាច់​ការ​រូប​នេះបញ្ជាក់​ថា​ មាន​តែ​សិទ្ធិ​រស់​រាន​មានជីវិត​​​​នេះ​ទេ​ ទើប​​​មាន​សិទ្ធិ​ការ​បញ្ចេញមតិ​ ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ ពី​ព្រោះ​​​​លោក​​​ថា ប្រសិន​បើ​​មនុស្ស​ស្លាប់​​ តើ​មាន​សិទ្ធិ​​មក​ពី​ណា​​។​ ទន្ទឹម​នេះ​​លោក ហ៊ុន សែន ក៏​បន្ត​ព្រមាន​នឹង​​ចាត់​វិធាន​ការ​កម្ទេច​ក្រុម​មនុស្ស​​​​ទាំង​ឡាយ​ណា​ដែល​ប្រឆាំង​នឹង​ការ​ដឹក​នាំ​របស់​លោក​ ដែល​​លោក​ចាត់​ទុក​ថា​ ជា​ក្រុម​​ឧទ្ទាម​ក្រៅ​ច្បាប់​ និង​ជា​ក្រុម​អ្នក​​បំផ្លាញ​សន្តិភាព​៖ «​តែ​បើ​ឧទ្ទាម​ក្រៅ​ច្បាប់​នៅ​ក្នុង​ប្រទេស​អ្នក​មិន​អាច​រត់​រួច​ទេ​ ព្រោះ​ស្រុក​ឥឡូវ​អត់​មាន​កន្លែង​ជម្រក​ទេ​។​ ពី​ដើម​​មាន​ជម្រក​វា​មាន​ខ្មែរ​ក្រហម​ផង​ មាន​ខ្មែរ​ខៀវ​ផង​មាន​ខ្មែរ​ស​ផង​ ដែល​សុទ្ធតែ​មាន​ប្រដាប់​អាវុធ​ តើ​ទាស់​ខុស​អី​រត់​​ទៅ​ចូល​ខាង​ហ្នឹង។​ តែ​ឥឡូវ​អត់​មាន​ទេ មាន​តែ​ជុំ​គ្នា​នៅ​ព្រៃ​ស អាហ្នឹង​អាច​ អីចឹង​បាន​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​អត្ថិភាព​ខ្ពស់​ជាង​គេ​គឺ​សន្តិភាព​»។

​​ជុំ​វិញ​ការ​​លើក​របស់​លោក​ ហ៊ុន សែន​ នេះ ត្រូវ​បាន​​​​​អ្នក​វិភាគ​នយោបាយ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​​ប្រតិកម្ម​​ថា ​​គ្រាន់​តែ​ជា​លេស​ប្រជាភិថុតិ​ដើម្បី​​កេង​ចំណេញ​នយោបាយ​ពី​ប្រជាពលរដ្ឋ​​នៅ​មុខ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​តែ​ប៉ុណ្ណោះ​។

​អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​រស់​នៅ​ប្រទេស​ហ្វាំងឡង់ ​(Finland) លោក គឹម សុខ ​មើលឃើញ​ថា ​ទ្រឹស្ដី​​មេ​ដឹក​នាំ​ប្រទេស​អ៊ុយក្រែន​និង​​លោក​ ហ៊ុន សែន ​មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ស្រលះ និង​មិន​អាច​ប្រៀប​គ្នា​បាន​នោះ​ទេ។ លោក​បន្ត​ថា ​លោក​ ហ្សេឡេនស្កី ​ជា​មេ​ដឹក​នាំ​​ដែល​ទទួល​ខុស​ត្រូវ​​​​ខ្ពស់​​ដល់​ពលរដ្ឋ​ និង​ប្រទេស​អ៊ុយក្រែន​ដែល​ពិភព​លោក​គួរ​តែ​យក​គំរូ​តាម។ ​​អ្នក​វិភាគ​រូប​នេះ​​បន្ថែម​ថា ការដែល​​ប្រធានាធិបតី​អ៊ុយក្រែន​លើក​ឡើង​ថា អត្ថិភាព​កំពូល​របស់​​ជាតិ​ខ្លួន​នៅ​ពេល​នេះ​គឺ​សន្តិភាព​ជា​រឿង​ត្រឹមត្រូវ ដោយ​លោក​ហ៊ាន​តតាំង​ជា​មួយ​​ប្រទេស​ជិត​ខាង​ដែល​បាន​​ឈ្លានពាន​ប្រទេស​របស់​ខ្លួន​។​ ចំណែក​​កម្ពុជា​វិញ​លោក គឹម សុខ មើលឃើញ​ថា ​​លោក​ហ៊ុន​ សែន​​ យក​ពលរដ្ឋ​ខ្លួន​ឯង​ដែល​​ហ៊ាន​រិះគន់​​ភាព​អសកម្ម​​របស់​រដ្ឋាភិបាល​ឯក​បក្ស​ធ្វើ​ជា​ចំណាប់​ខ្មាំង ហើយ​ងាក​ទៅ​ការពារ​ផលប្រយោជន៍​​​​វៀតណាម​ដែល​បាន​​លើក​បន្តុប​លោក​ឱ្យ​គ្រប់គ្រង​កម្ពុជា​៖ «ពីព្រោះ​ប្រទេស​សន្តិភាព​ត្រូវ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ ស្រប​តាម​គោលការណ៍​ច្បាប់​យុត្តិធម៌​។ ​ទី​២​ គឺ​ជាតិ​ហ្នឹង​ហ៊ាន​អនុវត្ត​ការពារ​ខ្លួន​ ជា​ពិសេស​អធិបតេយ្យ​ជាតិ​ខ្លួន​ ប៉ុន្តែ​លោក​ ហ៊ុន សែន​ បែរ​ជា​បណ្ដោយ​ឱ្យ​​អនុវត្ត​រណសិរ្ស​ឈ្លានពាន​ ហើយ​ជួយ​ប្រតិបត្តិ​រណសិរ្ស​ឈ្លានពាន​របស់​វៀតណាម​ត​ទៅ​​ទៀត​។ ដោយ​​វៀតណាម​មាន​មហិច្ឆតា​ក្នុង​ការ​លេប​ទឹក​ដី​​​ប្រទេស​កម្ពុជា​ ហើយ​លោក​ ហ៊ុន សែន និយាយ​ការពារ​វៀតណាម​នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់​»។

​​​​​ដោយឡែក​​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc) ​លោក​ នី សុខា ​វិញយល់​ថា ​កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពេញលេញ​​នោះ​ទេ ពី​ព្រោះ​បច្ចុប្បន្ន​រដ្ឋាភិបាល​ បាន​រឹត​ត្បិត​សិទ្ធិ​សេរីភាព​​​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ ​និង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​តវ៉ា​​ដោយ​សន្តិវិធី​​​​ដែល​ស្រប​តាម​ច្បាប់​ដាក់​ពន្ធនាគារ​​ជា​បន្ត​បន្ទាប់។ ​លោក​​ចាត់​ទុក​ទង្វើ​របស់​រដ្ឋាភិបាល​បែប​នេះ​ថា ជា​ការ​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​ ​និង​ធ្វើ​បាប​ប្រជាពលរដ្ឋ​​ខ្លួន​ឯង​ឱ្យ​មាន​ការ​ឈឺ​ចាប់ ដែល​ជា​ការ​​ធ្វើ​ឱ្យ​​បែកបាក់​សាមគ្គី​ជាតិ​​៖ «ពី​ព្រោះ​ហ្នឹង​ដែល​ប្រវត្តិសាស្ត្រ​កម្ពុជា​ធ្លាប់​មាន​បញ្ហា​ហ្នឹង​ច្រើន​ដង​ហើយ​ ដែល​ចោទ​ថា​ អ្នក​នេះ​ខ្មាំង​អ្នក​នេះ​សត្រូវ​អ្នក​នេះ​ ក្រុម​នេះ​អ្នក​នេះ​ក្រុម​នោះ​​លាប​ព័ណ៌​គ្នា​ទៅ​វិញ​ទៅ​មក​។ ​អាហ្នឹង​ ហើយ​ដែល​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ អាហ្នឹង​ហើយ​ដែល​បង្ក​ឱ្យ​មាន​សង្គ្រាម​ អាហ្នឹង​ហើយ​ដែល​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​។​ ដូច្នេះ​ហើយ​បាន​យើង​អត់​ចង់​ឃើញ​ទេ​ទិដ្ឋភាព​បែប​ហ្នឹង​ យើង​ចង់​ឃើញ​ខ្មែរ​ឈរ​នៅ​លើ​គោលការណ៍​ស្រុះ​ស្រួល​គ្នា​ ឈរ​នៅ​លើ​គោលការណ៍​​បង្រួប​បង្រួម​​ជាតិ​ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជា​មួយ​គ្នា​ គឺ​តាម​រយៈ​ការ​បោះ​ឆ្នោត​សេរី​ត្រឹម​ត្រូវ​នឹង​យុត្តិធម៌​ហ្នឹង​ឯង​បាទ​»។

​​​អ្នក​វិភាគ​និង​សង្គម​ស៊ីវិល​​យល់​ថា ដើម្បី​​ប្រទេស​មាន​សន្តិភាព​ពិត​ប្រាកដ​លុះ​ត្រា​តែ​​រដ្ឋាភិបាល​ ​​​បើក​ទូលាយ​ឱ្យ​ប្រជាពលរដ្ឋ​​មាន​សិទ្ធិ​សេរី​ភាព​​សម្ដែង​មតិ ​បើក​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ដោយ​ស្មើភាព​គ្នា​គ្រប់​គណបក្ស​នយោបាយ​ ​ប្រកប​ដោយ​​ភាព​សុក្រឹត​និង​យុត្តិធម៌​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​។ ជា​ពិសេស​លោក ហ៊ុន សែន ត្រូវ​ហ៊ាន​ឈរ​ដោយ​រឹងមាំ​ការពារ​អធិបតេយ្យភាព​​​​របស់​ជាតិ​ខ្លួន​​ពី​ការ​ឈ្លានពាន​គ្រប់​ទម្រង់​ពី​ប្រទេស​ជិត​ខាង​៕​​​

1 comment:

Anonymous said...

Ah fake peace Hun Sen,

If you are not a crazy dog and if you are a human being, you need to try to build peace among Khmer people first before you bark that Ukraine needs peace Ah Roleuy.

You have grabbed power any way you could: destroyed Khmer people and Cambodia to please your master Yuon, killed Khmer nationalists, dissolved the CNRP, etc...

You are just a Yuon's and Chen's puppet, and puppet cannot talk.

To prove that you are not a foreigner's puppet, you need to make peace among Khmer people, strengthening Khmer solidarity to build s solid foundation to prevent the evil Vietnam's future invasion.