ដោយ សេក បណ្ឌិត
2022.04.30
តំបន់អភិរក្សសួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវ។
Photo Courtesy of Wildlife Care
សកម្មជនព្រៃឈើ ក្រុមយុវជន និងពលរដ្ឋប្រតិម្មចំពោះគម្រោងកាត់ឆ្វៀលតំបន់អភិរក្សសួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវទ្រង់ទ្រាយធំ ដើម្បី វិនិយោគឲ្យក្រុមហ៊ុនឯកជន ប៉ះពាល់ជម្រកសត្វព្រៃ និង ទីកន្លែងសង្គ្រោះសត្វព្រៃកម្រតែមួយគត់ នៅកម្ពុជាដែលបង្កកំណើតសត្វព្រៃជាច្រើនប្រភេទទាក់ទាញភ្ញៀវទេសចរ។ ការលើកឡើងនេះ ក្រោយពីមានសកម្មភាពឈូសឆាយព្រៃ និង បាញ់ថ្នាំក្រហម ហ៊ុមព័ទ្ធដីព្រៃនៅជុំវិញនោះ មួយផ្នែកធំ ដើម្បីវិនិយោគឱ្យក្រុមហ៊ុនឯកជន។
សកម្មជនព្រៃឈើ ក្រុមយុវជន និងពលរដ្ឋទាមទារឱ្យអាជ្ញាធរខេត្តតាកែវ និង រដ្ឋាភិបាលបង្ហាញព័ត៌មានឱ្យបានទូលំទូលាយ ពីគម្រោង ឈូសឆាយដីព្រៃភ្នំតាម៉ៅទ្រង់ទ្រាយធំ ដែលបច្ចុប្បន្ននេះ ដីព្រៃនៅជុំវិញតំបន់អភិរក្សនេះ ត្រូវបានឈូសឆាយដោយអន្លើៗ អស់ជាច្រើនហិកតារ។
ពួកគេមានមន្ទិលចំពោះគម្រោងអភិវឌ្ឍន៍ខ្នាតធំនេះថា បង្កប់អាថ៌កំបាំង និងមានភាពមិនប្រក្រតីច្រើន ដែលអាជ្ញាធរខេត្តតាកែវ នៅមិនទាន់បង្ហាញព័ត៌មានលម្អិត ពីផែនការវិនិយោគ និងទំហំផ្ទៃដីអភិរក្សដែលត្រូវកាត់ឆ្វៀលឱ្យច្បាស់លាស់នៅឡើយទេ។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក អូត ឡាទីន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ មេសាថា រដ្ឋាភិបាលគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យពលរដ្ឋ និងសាធារណជនបានដឹង និងចូលរួមតាមដាន ចំពោះគម្រោងអភិវឌ្ឍន៍នេះ។ លោកបារម្ភថា ឧទ្យានជាតិភ្នំតាម៉ៅ ក្រៅពីមានសក្ដានុពល សត្វព្រៃកម្រជាច្រើនប្រភេទ កំពុងរស់នៅ អមដោយព្រៃឈើ និងធនធានធម្មជាតិស្រស់បំព្រង អាចនឹងបាត់បង់ ប្រសិនបើគម្រោងវិនិយោគនេះ លេចចេញជារូបរាង៖ «ដើម្បីបង្ហាញពីតម្លាភាពក្នុងការសម្រេចចិត្តជួលដីឱ្យក្រុមហ៊ុន ឯកជន អភិវឌ្ឍន៍ភ្នំតាម៉ៅ រដ្ឋាភិបាលត្រូវបង្ហាញព័ត៌មានតំបន់នោះ ដើម្បីឱ្យយើងដឹងកុំឱ្យមន្ទិលសង្ស័យ»។
កាលពីថ្ងៃទី២៦ មេសា កន្លងទៅ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Care) បានផ្សាយវីឌីអូឃ្លីបជាង ៤នាទី បង្ហាញពីក្ដីបារម្ភខ្លាចបាត់បង់សួនសត្វភ្នំតាម៉ៅ ក្រោយពីទទួលព័ត៌មានថា គេនឹងមានគម្រោងឈូសឆាយដីព្រៃនៅតំបន់អភិរក្សតំបន់ភ្នំតាម៉ៅ ឋិតនៅខែត្រតាកែវ។
អ្នកជំនាញអភិរក្សសត្វព្រៃនៅអង្គការនេះ លោក នីច ម៉ាក (Nick Marx) បានថ្លែងក្នុងវីដេអូបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា លោកបានទទួលព័ត៌មានអត់ល្អ និងព្រួយបារម្ភអំពីគម្រោងឈូសឆាយដីព្រៃភ្នំតាម៉ៅ ដែលពេលនេះ ដីព្រៃនៅជាប់ និងនៅជុំវិញតំបន់អភិរក្សនេះ ត្រូវបានឈូសឆាយខ្លះរួចទៅហើយ។
អ្នកជំនាញសត្វព្រៃដែលបានធ្វើការអភិរក្សសត្វព្រៃនៅកម្ពុជាជាង ២០ឆ្នាំរូបនេះអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយការពារសួនសត្វ និងព្រៃជុំវិញភ្នំតាម៉ៅ៖ «ខ្ញុំបានធ្វើការអភិរក្សសត្វព្រៃ ២០ឆ្នាំហើយ ខ្ញុំអ្នកតូចអត់មានអំណាច តែខ្ញុំមានបេះដូងស្រឡាញ់សត្វ និងរឿង ធម្មជាតិ។ សំណូមពរលោក ហ៊ុន សែន ជួយការពារភ្នំតាម៉ៅដដែល ដើម្បីជម្រកសុវត្ថិភាពសត្វព្រៃ និងជាកន្លែងកម្សាន្តទេសភាពដ៏ល្អ សម្រាប់ប្រជាជននៅជិតក្រុងភ្នំពេញ។
ពលរដ្ឋរស់នៅខេត្តតាកែវ ដែលធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំតាម៉ៅ កាលពីពេលថ្មីនេះ បានប្រទះឃើញគ្រឿងចក្រជាច្រើនគ្រឿង និងថ្នាំក្រហម បាញ់ជុំវិញជើងភ្នំតាម៉ៅ ដើម្បីត្រៀមឈូសឆាយព្រៃ អភិរក្សមួយនេះ។ លោក រី ដា ប្រាប់វិទ្យុអាស៊ីសេរី ថា បច្ចុប្បន្នមានព្រៃឈើផ្នែកខ្លះត្រូវបានឈូសឆាយ និងមានផ្នែកខ្លះមានការកំណត់ព្រំ ដើម្បីត្រៀមឈូសឆាយ យ៉ាងហោចណាស់ទំហំ ៣០០ ហិកតារ។ លោកមិនទាន់ដឹងច្បាស់ថា ព្រៃនៅជើងភ្នំតាម៉ៅ ត្រូវគេឈូសឆាយអស់ទំហំប៉ុន្មានហិកតារនោះទេ ព្រោះគម្រោងនេះធ្វើឡើងដោយលាក់លៀម៖ «សម្រាប់អភិរក្សសត្វដល់ពេលឥឡូវឃើញមាន ក្រុមហ៊ុនរៀបចំមកវិនិយោគយ៉ាងម៉េច? ឆ្ងល់ដែរ ការឈូសឆាយ គឺមានការឈូសឆាយ»។
ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកពុំទាន់ទទួលព័ត៌មាន ឬ សេចក្តីសម្រេចរបស់រដ្ឋាភិបាលណាមួយ ជុំវិញរឿងនេះឡើយទេ ហើយលោករុញឱ្យវិទ្យុអាស៊ីសេរី សួរអាជ្ញាធរខេត្តតាកែវវិញ។
ចំពោះសំណួរថា អ្នកជំនាញសត្វព្រៃ បានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយការពារសត្វព្រៃ និងព្រៃជុំវិញភ្នំតាម៉ៅ តើលោក យល់យ៉ាងណា? អ្នកនាំពាក្យរូបនេះឆ្លើយតបយ៉ាងខ្លីថា លោកទើបតែឮព័ត៌មាននេះ តាមរយៈវិទ្យុអាស៊ីសេរី តែការសម្រេចចិត្តបែបណានោះ លោកមិនទាន់ដឹងរឿងនៅឡើយទេ៖ «រហូតដល់ពេលនេះ ខ្ញុំអត់ទាន់បានដឹងការងារនេះនៅឡើយ។ តើការងារនេះ មានការប្រទាស់ជាមួយនឹងច្បាប់ទម្លាប់ដែលមានស្រាប់នៅឡើយទេ គឺយើងអត់ដឹង»។
វិទ្យុអាស៊ីសេរីនៅមិនទាន់សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តតាកែវ លោក អ៊ួច ភា បាននៅឡើយទេ នៅថ្ងៃ២៩ មេសា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ប៉ុន្តែប្រធានមន្ទីរកសិកម្មខេត្តតាកែវ លោក ញឹប ស្រ៊ន បានប្រាប់កាសែតក្នុងស្រុក (កោះសន្តិភាព) ថា ព័ត៌មានកាត់ឆ្វៀលដីនៅតំបន់ សួនសត្វភ្នំតាម៉ៅទំហំ ៣០០ហិកតារ គឺជារឿងពិត ព្រោះអ្នកវិនិយោគ កំពុងស្នើសុំស.ជ.ណពីថ្នាក់ជាតិ។ ប៉ុន្តែលោកមិនទាន់បញ្ជាក់លម្អិតថា តើថ្នាក់ជាតិសម្រេចបែបណានៅឡើយទេ។
អ្នកការពារព្រៃឈើ ត្រូវជាកូនប្រុសលោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្ដមរស្មី ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក ចាត់ទុកព័ត៌មាននេះ ជារឿងអកុសល និងហួសចិត្ត ប្រសិនបើរដ្ឋាភិបាលកាត់ឆ្វៀល ឧទ្យានជាតិភ្នំតាម៉ៅវិនិយោគឱ្យក្រុមហ៊ុនឯកជន។
លោកបញ្ជាក់ថា ពួកលោកនឹងមិននៅស្ងៀមឡើយ ដរាបណាគម្រោងអភិវឌ្ឍន៍ ដែលបង្កគ្រោះថ្នាក់ដល់សត្វព្រៃ និងព្រៃឈើទាំងនេះ មិនបញ្ឈប់នោះទេ៖៖ «ខ្មាសជនបរទេសដែលគាត់បានមកថែទាំសត្វព្រៃរបស់យើង បែរជាចុងក្រោយទៅលក់កន្លែងដែលគាត់បានថែទាំ ហើយក្នុងនាមខ្ញុំជាអង្គការសង្គមស៊ីវិល និងយុវជន ខ្ញុំប្រហែលជាមាន ចំណាត់ការដាក់ញត្តិ ឬក៏មានការតវ៉ាណាមួយ តាមការសមស្រប»។
សត្វខ្ទីង និងកូនតូច រស់នៅតំបន់អភិរក្សសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ។ Photo Courtesy of Wildlife Care
ជុំវិញរឿងនេះ អ្នកសិក្សាផ្នែកច្បាប់ កញ្ញា វ៉ាន់នី ទេវី ព្រួយបារម្ភយ៉ាងខ្លាំង ពីគម្រោងវិនិយោគនេះ សូម្បីតែព្រៃឈើ ជម្រកសត្វព្រៃ កំពុងប្រឈមការឈូសឆាយ ដោយមិនគិតពីអាយុជីវិត សត្វព្រៃជាច្រើនប្រភេទ កំពុងរស់នៅយ៉ាងសុខសាន្ត នៅតំបន់នោះ។ កញ្ញាអំពាវនាវឱ្យរដ្ឋាភិបាល លុបគម្រោងវិនិយោគទាំងនេះ និងផ្តល់ជម្រើសវិនិយោគនៅតំបន់ផ្សេង៖ «សូមឱ្យរដ្ឋាភិបាលមានចំណាត់ការបញ្ឈប់ឈូសឆាយដីទាំងនោះ វាជាតំបន់នោះអភិរក្សសត្វព្រៃ ហើយក៏ជាតំបន់មួយធំជាងគេបំផុតនៅកម្ពុជា»។
ឧទ្យានជាតិសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មានផ្ទៃដី ២ ពាន់ ៣រយ ហិកតារ (២៣០០) ត្រូវបានចុះបញ្ជីជាតំបន់អភិរក្សពីក្រសួងកសិកម្ម កាលពីឆ្នាំ ១៩៩៥ ឋិតក្នុង ខេត្តតាកែវ ។ តំបន់អភិរក្សនេះ មានសត្វព្រៃកម្រជាច្រើនប្រភេទកំពុងរស់នៅ និងបង្កកំណើត រួមមាន ខ្លាឃ្មុំច្រើនជាងគេ លើពិភពលោក ដោយមានកម្មវិធីបង្កាត់កូនក្រពើភ្នំ ឱ្យរស់នៅក្នុងព្រៃ នៅតំបន់នោះ ដែលជាសត្វកម្រជិតផុតពូជ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចិញ្ចឹមសត្វស្វាព្រៃក្រវ៉ាត់ ដោយសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ ហើយបានដោះលែងសត្វព្រៃជាច្រើនប្រភេទ រួមមាន ទោចម្កុដ ស្វាព្រាម ប្រើស ឈ្លូស និងភេ ជាដើម ឱ្យរស់នៅក្នុងព្រៃជុំវិញភ្នំតាម៉ៅ។ ក្រៅពីនេះ ព្រៃនៅជុំវិញភ្នំតាម៉ៅ មានចំនួនសត្វ រមាំង និង ប្រើស ច្រើនជាងកន្លែងផ្សេងទៀតនៅកម្ពុជា ជាពិសេសមានសត្វស្លាបកម្រជាច្រើនប្រភេទ កំពុងធ្វើសំបុក និងបង្កកំណើត នៅលើដើមឈើ។
ឧទ្យានជាតិសួនសត្វភ្នំតាម៉ៅ ឋិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ឆ្ងាយពីរាជធានីភ្នំពេញ ៤០គ.ម។ តំបន់អភិរក្សមួយនេះ មានប្រាង្គប្រាសាទបុរាណ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា ដោយមានផ្ទៃដី អមដោយព្រៃព្រឹក្សា បឹង និងអូរធម្មជាតិ ផ្តល់អំណោយផលគាប់ប្រសើរឱ្យសត្វព្រៃរស់នៅ និងចិញ្ចឹមជីវិត។ សួនសត្វទីនោះ បានតាំងបង្ហាញ ប្រភេទសត្វកម្រជាច្រើនប្រភេទ ឱ្យអ្នកទេសចរទស្សនារួមមាន ពស់ថ្លាន់ ក្រពើ ខ្លា តោ ដំរី ស្វា និងខ្លាឃ្មុំជាដើម៕
1 comment:
Saey Kor Roleuy Deh under Ah Lngi Lngeu Hun Sen
Ah Hun Sen and Ah dach Chkuot Sihanouk both have very low education. And the result of their leadership was catastrophic.
Post a Comment