Sunday 1 May 2022

សកម្មជន​ព្រៃឈើ និង​ពលរដ្ឋ​ប្រតិកម្ម​ចំពោះ​គម្រោង​ឆ្វៀល​តំបន់​អភិរក្ស​សួនសត្វ​ភ្នំ​តា​ម៉ៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន


ដោយ សេក បណ្ឌិត
2022.04.30
សកម្មជន​ព្រៃឈើ និង​ពលរដ្ឋ​ប្រតិកម្ម​ចំពោះ​គម្រោង​ឆ្វៀល​តំបន់​អភិរក្ស​សួនសត្វ​ភ្នំ​តា​ម៉ៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន 

តំបន់​អភិរក្ស​សួនសត្វ​ភ្នំ​តា​ម៉ៅ ក្នុង​ខេត្តតាកែវ។
Photo Courtesy of Wildlife Care


សកម្មជន​ព្រៃឈើ ក្រុម​យុវជន និង​ពលរដ្ឋ​ប្រតិ​ម្ម​ចំពោះ​គម្រោង​កាត់​ឆ្វៀល​តំបន់​អភិរក្ស​សួនសត្វ​ភ្នំ​តា​ម៉ៅ ក្នុង​ខេត្តតាកែវ​ទ្រង់ទ្រាយ​ធំ ដើម្បី វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន ប៉ះពាល់​ជម្រក​សត្វព្រៃ និង ទីកន្លែង​សង្គ្រោះ​សត្វព្រៃ​កម្រ​តែមួយគត់ នៅ​កម្ពុជា​ដែល​បង្ក​កំណើត​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ ការ​លើក​ឡើង​នេះ ក្រោយពី​មាន​សកម្មភាព​ឈូស​ឆាយ​ព្រៃ និង បាញ់ថ្នាំ​ក្រហម ហ៊ុមព័ទ្ធ​ដី​ព្រៃ​នៅ​ជុំវិញ​នោះ មួយ​ផ្នែក​ធំ ដើម្បី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន។

សកម្មជន​ព្រៃឈើ ក្រុម​យុវជន និង​ពលរដ្ឋ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្តតាកែវ និង រដ្ឋាភិបាល​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ ពី​គម្រោង ឈូស​ឆាយ​ដី​ព្រៃភ្នំ​តា​ម៉ៅ​ទ្រង់ទ្រាយ​ធំ ដែល​បច្ចុប្បន្ន​នេះ ដី​ព្រៃ​នៅ​ជុំវិញ​តំបន់​អភិរក្ស​នេះ ត្រូវ​បាន​ឈូស​ឆាយ​ដោយ​អន្លើៗ អស់​ជាច្រើន​ហិកតារ។

ពួកគេ​មាន​មន្ទិល​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​នេះ​ថា បង្កប់​អាថ៌កំបាំង និង​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដែល​អាជ្ញាធរ​ខេត្តតាកែវ នៅ​មិន​ទាន់​បង្ហាញ​ព័ត៌មាន​លម្អិត ពី​ផែនការ​វិនិយោគ និង​ទំហំ​ផ្ទៃដី​អភិរក្ស​ដែល​ត្រូវ​កាត់​ឆ្វៀល​ឱ្យ​ច្បាស់​លាស់​នៅឡើយ​ទេ។


មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក អូត ឡាទីន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ មេសា​ថា រដ្ឋាភិបាល​គួរតែ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ឱ្យ​ពលរដ្ឋ និង​សាធារណជន​បានដឹង និង​ចូលរួម​តាមដាន ចំពោះ​គម្រោង​អភិវឌ្ឍន៍​នេះ​។ លោក​បារម្ភ​ថា ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ ក្រៅពី​មាន​សក្ដានុពល សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ កំពុង​រស់នៅ អម​ដោយ​ព្រៃឈើ និង​ធនធានធម្មជាតិ​ស្រស់បំព្រង អាច​នឹង​បាត់បង់ ប្រសិនបើ​គម្រោង​វិនិយោគ​នេះ លេច​ចេញ​ជា​រូបរាង​៖ «ដើម្បី​បង្ហាញ​ពី​តម្លាភាព​ក្នុង​ការ​សម្រេចចិត្ត​ជួល​ដី​ឱ្យ​ក្រុមហ៊ុន ឯកជន អភិវឌ្ឍន៍​ភ្នំ​តា​ម៉ៅ រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ព័ត៌មាន​តំបន់​នោះ ដើម្បី​ឱ្យ​យើង​ដឹង​កុំឱ្យ​មន្ទិលសង្ស័យ»។

កាលពី​ថ្ងៃទី​២៦ មេសា កន្លង​ទៅ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Care) បាន​ផ្សាយ​វីឌីអូ​ឃ្លីប​ជាង ៤​នាទី បង្ហាញ​ពី​ក្ដី​បារម្ភ​ខ្លាច​បាត់បង់​សួនសត្វ​ភ្នំ​តា​ម៉ៅ ក្រោយពី​ទទួល​ព័ត៌មាន​ថា គេ​នឹង​មាន​គម្រោង​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​អភិរក្ស​តំបន់​ភ្នំ​តា​ម៉ៅ ឋិត​នៅ​ខែត្រ​តាកែវ។

អ្នកជំនាញ​អភិរក្ស​សត្វព្រៃ​នៅ​អង្គការ​នេះ លោក នីច ម៉ាក (Nick Marx) បាន​ថ្លែង​ក្នុង​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា លោក​បាន​ទទួល​ព័ត៌មាន​អត់​ល្អ និង​ព្រួយបារម្ភ​អំពី​គម្រោង​ឈូស​ឆាយ​ដី​ព្រៃភ្នំ​តាម៉ៅ ដែល​ពេល​នេះ ដី​ព្រៃ​នៅ​ជាប់ និង​នៅ​ជុំវិញ​តំបន់​អភិរក្ស​នេះ ត្រូវ​បាន​ឈូស​ឆាយ​ខ្លះ​រួច​ទៅ​ហើយ។

អ្នកជំនាញ​សត្វព្រៃ​ដែល​បាន​ធ្វើ​ការ​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុ​ជាជាង ២០​ឆ្នាំ​រូប​នេះ​អំពាវនាវ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ជួយ​ការពារ​សួនសត្វ និង​ព្រៃ​ជុំវិញ​ភ្នំ​តា​ម៉ៅ៖ «ខ្ញុំ​បាន​ធ្វើ​ការ​អភិរក្ស​សត្វ​ព្រៃ ២០​ឆ្នាំ​ហើយ ខ្ញុំ​អ្នក​តូច​អត់​មានអំណាច តែ​ខ្ញុំ​មាន​បេះដូង​ស្រឡាញ់​សត្វ និង​រឿង ធម្មជាតិ​។ សំណូមពរ​លោក ហ៊ុន សែន ជួយ​ការពារ​ភ្នំ​តា​ម៉ៅ​ដដែល ដើម្បី​ជម្រក​សុវត្ថិភាព​សត្វព្រៃ និង​ជា​កន្លែង​កម្សាន្ត​ទេសភាព​ដ៏​ល្អ សម្រាប់​ប្រជាជន​នៅ​ជិត​ក្រុងភ្នំពេញ។

ពលរដ្ឋ​រស់នៅ​ខេត្តតាកែវ ដែល​ធ្វើដំណើរ​កម្សាន្ត​នៅ​តំបន់​ភ្នំ​តា​ម៉ៅ កាល​ពី​ពេល​ថ្មី​នេះ បាន​ប្រទះឃើញ​គ្រឿងចក្រ​ជាច្រើន​គ្រឿង និង​ថ្នាំ​ក្រហម បាញ់​ជុំវិញ​ជើងភ្នំ​តាម៉ៅ ដើម្បី​ត្រៀម​ឈូស​ឆាយ​ព្រៃ អភិរក្ស​មួយ​នេះ។ លោក រី ដា ប្រាប់​វិទ្យុ​អាស៊ីសេរី ថា បច្ចុប្បន្ន​មាន​ព្រៃឈើ​ផ្នែក​ខ្លះ​ត្រូវ​បាន​ឈូស​ឆាយ និង​មាន​ផ្នែក​ខ្លះ​មាន​ការ​កំណត់​ព្រំ ដើម្បី​ត្រៀម​ឈូស​ឆាយ យ៉ាងហោចណាស់​ទំហំ ៣០០ ហិកតារ។ លោក​មិន​ទាន់​ដឹង​ច្បាស់​ថា ព្រៃ​នៅ​ជើងភ្នំ​តា​ម៉ៅ ត្រូវ​គេ​ឈូស​ឆាយ​អស់​ទំហំ​ប៉ុន្មាន​ហិកតារ​នោះ​ទេ ព្រោះ​គម្រោង​នេះ​ធ្វើឡើង​ដោយ​លាក់លៀម​៖ «សម្រាប់​អភិរក្ស​សត្វ​ដល់ពេល​ឥឡូវ​ឃើញ​មាន ក្រុមហ៊ុន​រៀបចំ​មក​វិនិយោគ​យ៉ាងម៉េច​? ឆ្ងល់​ដែរ ការ​ឈូស​ឆាយ គឺ​មាន​ការ​ឈូស​ឆាយ»។

ឆ្លើយ​តប​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន ឬ សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ណាមួយ ជុំវិញ​រឿង​នេះ​ឡើយ​ទេ ហើយ​លោក​រុញ​ឱ្យ​វិទ្យុ​អាស៊ីសេរី សួរ​អាជ្ញាធរ​ខេត្ត​តាកែវ​វិញ។

ចំពោះ​សំណួរ​ថា អ្នកជំនាញ​សត្វព្រៃ បាន​អំពាវនាវ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ការពារ​សត្វព្រៃ និង​ព្រៃ​ជុំវិញ​ភ្នំ​តា​ម៉ៅ តើ​លោក យល់​យ៉ាងណា​? អ្នកនាំពាក្យ​រូប​នេះ​ឆ្លើយតប​យ៉ាង​ខ្លី​ថា លោក​ទើបតែ​ឮ​ព័ត៌មាន​នេះ តាមរយៈ​វិទ្យុ​អាស៊ីសេរី តែ​ការសម្រេចចិត្ត​បែប​ណា​នោះ លោក​មិន​ទាន់​ដឹង​រឿង​នៅឡើយ​ទេ​៖ «រហូតដល់​ពេលនេះ ខ្ញុំ​អត់​ទាន់​បាន​ដឹង​ការងារ​នេះ​នៅឡើយ​។ តើ​ការងារ​នេះ មាន​ការ​ប្រទាស់​ជាមួយនឹង​ច្បាប់ទម្លាប់​ដែល​មាន​ស្រាប់​នៅ​ឡើយ​ទេ គឺ​យើង​អត់​ដឹង»។

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្តតាកែវ លោក អ៊ួ​ច ភា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​២៩ មេសា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

ប៉ុន្តែ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ លោក ញឹប ស្រ៊ន បាន​ប្រាប់​កាសែត​ក្នុងស្រុក (កោះសន្តិភាព​) ថា ព័ត៌មាន​កាត់​ឆ្វៀល​ដី​នៅ​តំបន់ សួនសត្វ​ភ្នំ​តា​ម៉ៅ​ទំហំ ៣០០​ហិកតារ គឺ​ជា​រឿង​ពិត ព្រោះ​អ្នក​វិនិយោគ កំពុង​ស្នើសុំ​ស.ជ.ណ​ពី​ថ្នាក់​ជាតិ​។ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​លម្អិត​ថា តើ​ថ្នាក់​ជាតិ​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ។

អ្នកការពារ​ព្រៃឈើ ត្រូវ​ជា​កូនប្រុស​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្ដម​រស្មី ដែល​កំពុង​ស្នាក់នៅ​សហរដ្ឋអាមេរិក ចាត់ទុក​ព័ត៌មាន​នេះ ជា​រឿង​អកុសល និង​ហួសចិត្ត ប្រសិនបើ​រដ្ឋាភិបាល​កាត់​ឆ្វៀល ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន។

លោក​បញ្ជាក់​ថា ពួក​លោក​នឹង​មិន​នៅ​ស្ងៀម​ឡើយ ដរាបណា​គម្រោង​អភិវឌ្ឍន៍ ដែល​បង្ក​គ្រោះថ្នាក់​ដល់​សត្វព្រៃ និង​ព្រៃឈើ​ទាំងនេះ មិន​បញ្ឈប់​នោះ​ទេ​៖៖ «ខ្មាស​ជនបរទេស​ដែល​គាត់​បាន​មក​ថែទាំ​សត្វព្រៃ​របស់​យើង បែរជា​ចុងក្រោយ​ទៅ​លក់​កន្លែង​ដែល​គាត់​បាន​ថែទាំ ហើយ​ក្នុងនាម​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល និង​យុវជន ខ្ញុំ​ប្រហែល​ជា​មាន ចំណាត់ការ​ដាក់​ញត្តិ ឬក៏​មាន​ការ​តវ៉ា​ណាមួយ តាម​ការ​សមស្រប»។

ខ្ទីង.JPG 

សត្វខ្ទីង និង​កូនតូច រស់នៅ​តំបន់​អភិរក្ស​សួនសត្វ​ភ្នំតាម៉ៅ ខេត្ត​តាកែវ។ Photo Courtesy of Wildlife Care

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ កញ្ញា វ៉ាន់នី ទេវី ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ពី​គម្រោង​វិនិយោគ​នេះ សូម្បីតែ​ព្រៃឈើ ជម្រក​សត្វព្រៃ កំពុង​ប្រឈម​ការ​ឈូស​ឆាយ ដោយ​មិន​គិត​ពី​អាយុជីវិត សត្វព្រៃ​ជាច្រើន​ប្រភេទ កំពុង​រស់នៅ​យ៉ាង​សុខសាន្ត នៅ​តំបន់​នោះ​។ កញ្ញា​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល លុប​គម្រោង​វិនិយោគ​ទាំងនេះ និង​ផ្តល់​ជម្រើស​វិនិយោគ​នៅ​តំបន់​ផ្សេង​៖ «សូម​ឱ្យ​រដ្ឋាភិបាល​មាន​ចំណាត់ការ​បញ្ឈប់​ឈូស​ឆាយ​ដី​ទាំងនោះ វា​ជា​តំបន់​នោះ​អភិរក្ស​សត្វព្រៃ ហើយក៏​ជា​តំបន់​មួយ​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា»។

ឧទ្យាន​ជាតិ​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មាន​ផ្ទៃដី ២ ពាន់ ៣​រយ ហិកតារ (២៣០០) ត្រូវ​បាន​ចុះបញ្ជី​ជា​តំបន់​អភិរក្ស​ពី​ក្រសួង​កសិកម្ម កាល​ពី​ឆ្នាំ ១៩៩៥ ឋិត​ក្នុង ខេត្ត​តាកែវ ។ តំបន់​អភិរក្ស​នេះ មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ និង​បង្ក​កំណើត រួមមាន ខ្លាឃ្មុំ​ច្រើន​ជាងគេ លើ​ពិភពលោក ដោយ​មាន​កម្មវិធី​បង្កាត់​កូន​ក្រពើ​ភ្នំ ឱ្យ​រស់នៅ​ក្នុង​ព្រៃ នៅ​តំបន់​នោះ ដែល​ជា​សត្វ​កម្រ​ជិត​ផុត​ពូជ។

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ចិញ្ចឹមសត្វ​ស្វា​ព្រៃ​ក្រវ៉ាត់ ដោយ​សង្គ្រោះ​ពី​ការ​ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់ ហើយ​បាន​ដោះលែង​សត្វព្រៃ​ជាច្រើន​ប្រភេទ រួមមាន ទោច​ម្កុដ ស្វា​ព្រាម ប្រើស ឈ្លូស និង​ភេ ជាដើម ឱ្យ​រស់នៅ​ក្នុង​ព្រៃ​ជុំវិញ​ភ្នំ​តាម៉ៅ។ ក្រៅ​ពី​នេះ ព្រៃ​នៅ​ជុំវិញ​ភ្នំ​តា​ម៉ៅ មាន​ចំនួន​សត្វ រមាំង និង ប្រើស ច្រើនជាង​កន្លែង​ផ្សេងទៀត​នៅ​កម្ពុជា ជាពិសេស​មាន​សត្វ​ស្លាប​កម្រ​ជាច្រើន​ប្រភេទ កំពុង​ធ្វើ​សំបុក និង​បង្ក​កំណើត នៅ​លើ​ដើមឈើ។

ឧទ្យាន​ជាតិ​សួនសត្វ​ភ្នំ​តាម៉ៅ ឋិត​ក្នុង​ឃុំ​ត្រពាំងសាប ស្រុក​បាទី ខេត្ត​តាកែវ ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ៤០​គ.ម។ តំបន់​អភិរក្ស​មួយ​នេះ មាន​ប្រាង្គ​ប្រាសាទបុរាណ ព្រៃភ្នំ ធម្មជាតិ និង​ជា​សួនសត្វ​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា ដោយមាន​ផ្ទៃដី អម​ដោយ​ព្រៃ​ព្រឹក្សា បឹង និង​អូរ​ធម្មជាតិ ផ្តល់​អំណោយផល​គាប់​ប្រសើរ​ឱ្យ​សត្វព្រៃ​រស់នៅ និង​ចិញ្ចឹម​ជីវិត​។ សួនសត្វ​ទីនោះ បាន​តាំង​បង្ហាញ ប្រភេទ​សត្វ​កម្រ​ជាច្រើន​ប្រភេទ ឱ្យ​អ្នក​ទេសចរ​ទស្សនា​រួមមាន ពស់ថ្លាន់ ក្រពើ ខ្លា តោ ដំរី ស្វា និង​ខ្លាឃ្មុំ​ជាដើម៕

1 comment:

Anonymous said...

Saey Kor Roleuy Deh under Ah Lngi Lngeu Hun Sen

Ah Hun Sen and Ah dach Chkuot Sihanouk both have very low education. And the result of their leadership was catastrophic.