ដោយ ខែ សុណង
2022.05.05
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
រូប៖ ហ្វេសប៊ុកលោកទាំងពីរ។
លោក ហ៊ុន ណេង ដែលជាបងប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលមរណភាព ដោយជំងឺគាំងបេះដូង កាលពីរសៀលថ្ងៃទី៥ ខែឧសភា ម្សិលមិញ ក្នុងអាយុ ៧២ឆ្នាំ។ លោក ហ៊ុន ណេង ធ្លាប់ជាសមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមនៃគណបក្សប្រជាជនកម្ពុជា និងជាអតីតអភិបាលខេត្ត កំពង់ចាម។
លិខិតរបស់ភរិយាលោក ហ៊ុន ណេង គឺលោកស្រី លាង វួចឆេង ដែលជូនដំណឹងពីមរណភាពនេះ ឱ្យដឹងថា សពរបស់លោក ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម រួចដង្ហែរទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម នៅថ្ងៃទី៩ ខែឧសភា។
ទាក់ទងនឹងរឿងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយឆ្លងថ្លែងអំណរគុណមេបក្សប្រឆាំងលោក កឹម សុខា ដែលបានផ្ញើសារចូលរួមរម្លែកទុក្ខមរណភាពបងប្រុសរបស់លោក ហ៊ុន សែន នេះ។ សារព័ត៌មាន ស្និទនឹងលោក ហ៊ុន សែន បានស្រង់អត្ថន័យលិខិតរបស់ លោក កឹម សុខា មកចុះផ្សាយថា លោក កឹម សុខា និងភរិយាសោកស្ដាយ និងចូលរួមរម្លែកទុក្ខ ព្រមទាំងបួងសួងឱ្យវិញ្ញាណក្ខន្ធលោក ហ៊ុន ណេង បានដល់សុគតិភព។
សារព័ត៌មានដដែលបានស្រង់ពាក្យពេចន៍អរគុណរបស់លោក ហ៊ុន សែន មកចុះផ្សាយដែរថា តាងនាមគ្រួសារទាំងមូល លោកថ្លែងអំណរគុណជ្រាលជ្រៅបំផុតចំពោះសាររបស់លោក កឹម សុខា និងសូមលោក កឹម សុខា ទទួលការស្រឡាញ់រាប់អានពី លោក និងគ្រួសារ។
នេះជាការឆ្លើយឆ្លងគ្នាជាថ្មីមួយទៀតរវាងលោក ហ៊ុន សែន និងលោក កឹម សុខា នៅក្រោយអាជ្ញាធរបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានរម្លាយគណបក្សសង្រ្គោះជាតិ និងចាប់ខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារ កាលពីចុងឆ្នាំ២០១៧មក។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ុន សែន និងលោក កឹម សុខា ធ្លាប់បានជជែកគ្នារយៈពេលជិត១ម៉ោង នៅពេលលោក កឹម សុខា ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ថ្ងៃបុណ្យសព ម្តាយក្មេក លោក ហ៊ុន សែន។ កាលណោះអ្នកវិភាគនយោបាយសុទ្ធតែបានមើលឃើញថា កិច្ចសន្ទានានៅពេលនោះទំនងអាចឈានទៅដោះស្រាយការជាប់គាំងនយោបាយ ឬបញ្ចប់ជម្លោះនយោបាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំង។ តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះវិបត្តិនយោបាយនៅតែបន្តអូសបន្លាយ ហើយមេបក្សប្រឆាំងនៅតែជាបបណ្ដឹងនៅតុលាការ រីឯមន្រ្តីជាន់ខ្ពស់ជាច្រើនរួមទាំងលោក សម រង្ស៊ី នៅតែមិនអាចវិលចូលស្រុក រួមនឹងសកម្មជនជាច្រើនត្រូវចាប់ដាក់ពន្ធនាគារ។
ពាក់ព័ន្ធនឹងការសម្រុះសម្រួលបញ្ហានយោបាយក្នុងពេលមានពិធីបុណ្យសពបែបនេះ កាលពីខែកក្កដា ឆ្នាំ២០១៣ នៅពេលលោក ហ៊ុន សែន កំពុងធ្វើបុណ្យសពឳពុក គឺ លោក ហ៊ុន នាង នោះ លោក ហ៊ុន សែន បានសរសេរលិខិតថ្វាយព្រះមហាក្សត្រសុំព្រះរាជទាន លើកលែងទោស ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី។ ការសម្រុះសម្រួលនៅពេលនោះត្រូវមន្រ្តីបក្សកាន់អំណាចអះអាងថា ដោយសារ លោក សម រង្ស៊ី បន្ទន់ឥរិយាបទចង់ឱ្យមានដំណោះស្រាយនយោបាយរវាងខ្មែរ និងខ្មែរ និងក្រោយពេលលោក សម សង្ស៊ី ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ៕
2 comments:
Why did the sex maniac Kem Sokha never extend his condolences to the CNRP's members?
Ah Kanteur Kdor Kley Kem Sokha Euy, you should resign from the useless post of the CNRP's Prison Dent.
Hun Sen is next, and very soon.
Post a Comment