Khmer Circle:
If life is a dream, then tyranny is a bad one; a nightmare for the Khmer people and one that may drag on indefinitely with no end in sight. After his eventual death this odious dictator will likely prolong his odious legacy through his chosen successor, and no doubt, those scheming minds in Hanoi who put him there in the first place would already have prepared their roadmap ahead for the country to perpetually remain in their shadow.
^^^
2022.12.23
បើទោះបីជាលោកប្រធានាធិបតីអាមេរិក លោក ចូ បាយឌិន (Joe Biden) បានស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកលំហលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សឡើងវិញ កាលពីជំនួបទ្វេភាគីក្នុងពេលកិច្ចប្រជុំកំពូលអាស៊ានកាលពីខែវិច្ឆិកា នោះយ៉ាងណាក្ដី ក៏រដ្ឋាភិបាល លោក ហ៊ុន សែន បានធ្វើផ្គើនចំពោះការស្នើសុំទាំងនោះទៅវិញ។ អ្នកសិក្សាផ្នែកច្បាប់ និងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ដើម្បីទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាតិ លោក ហ៊ុន សែន គួរបើកលំហប្រជាធិបតេយ្យឡើងវិញ ទើបជាការប្រសើរ។
ផ្គើនទៅនឹងការចង់ឃើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) រដ្ឋាភិបាលលោក ហ៊ុន សែន នារយៈពេលចុងក្រោយនេះ មិនត្រឹមតែមិនឆ្លើយតបដោយវិជ្ជមាននោះទេ ប៉ុន្តែថែមទាំងគំរាមកំហែង និងបន្តរឹតត្បិតលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាទៀតផង។
មិនយូរប៉ុន្មានក្រោយការបញ្ចប់ទៅនៃកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ រដ្ឋាភិបាលលោក ហ៊ុន សែន បានឃាត់ខ្លួនប្រធានសហជីពកម្មករណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ និងបញ្ជូនកញ្ញាទៅឃុំឃាំងនៅពន្ធនាគារព្រៃសឡើងវិញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។ លើសពីនេះទៀត សេរីភាពបញ្ចេញមតិ និងលំហការងាររបស់អង្គការសង្គមស៊ីវិលក៏ត្រូវបានគេមើលឃើញថា នៅតែបន្តរឹតត្បិត ក្នុងនោះសមត្ថកិច្ចនៅតែបន្តរារាំងដល់សកម្មជនបរិស្ថាន ធ្វើការតស៊ូតាមទីសាធារណៈជាដើម។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ឃើញថា មូលហេតុដែលលោកនាយករដ្ឋមន្ត្រីមិនព្រមបើកលំហប្រជាធិបតេយ្យយ៉ាងដូច្នេះ គឺបណ្ដាលមកពីរដ្ឋាភិបាលកម្ពុជាមានប្រទេសចិនជាខ្នងបង្អែក។ លោកបន្ថែមថា បើទោះបីជារដ្ឋាភិបាលមិនបារម្ភចំពោះវិបត្តិសេដ្ឋកិច្ចយ៉ាងណាក្ដី ក៏ការរឹតត្បិតលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា នឹងបន្តនាំឱ្យនយោបាយនៅកម្ពុជាគ្មានស្ថិរភាព និងនាំឱ្យកើតមានបញ្ហានៅក្នុងសង្គមកើតមានឡើងកាន់តែច្រើន។ លោក វ៉ន ចាន់ឡូត និយាយថា ដើម្បីទទួលបានការអនុគ្រោះពន្ធពីបណ្ដាប្រទេសប្រជាធិបតេយ្យ និងកាត់បន្ថយវិបត្តិនៅក្នុងសង្គម រដ្ឋាភិបាលគួរតែលើកកម្ពស់នីតិរដ្ឋ ជាជាងបន្តរឹតត្បិតលំហប្រជាធិបតេយ្យ។
លោក វ៉ន ចាន់ឡូត៖ «ការដែលយើងមិនអាចដោះស្រាយបញ្ហាជូនចំពោះប្រជាពលរដ្ឋ ហើយយើងនៅតែធ្វើទុក្ខបុកម្នេញបន្ថែម និងបញ្ហាថ្មីៗបន្ថែមទៀតហ្នឹង នៅពេលណាមួយវាអាចនឹងក្លាយទៅជាវិបត្តិសង្គម ហើយក្លាយទៅជាវិបត្តិសង្គម យើងត្រូវដឹងថា ចលនាមហាជនអីអាចនឹងមានការផុលផុស ឬក៏ផ្ទុះឡើងហើយ ហើយដូចករណីនៅស្រីលង្កា (Sri Lanka) ជាដើម យើងឃើញថាមានចិនជាបង្អែក គ្រាន់តែរយៈពេល និងអាយុនៃរបបណាមួយដែលគ្មាននូវយុត្តិធម៌ ពោរពេញដោយអំពើពុករលួយគឺមិនអាចរស់នៅបានវែងនោះទេ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា អ្នកនាង ស្តេហ្វានី អារហ្សាត (Stephanie Arzate) ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិចថា សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាគាំទ្របំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា ដែលចង់ឃើញកម្ពុជាមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យកាន់តែល្អប្រសើរ ខណៈមតិពីគ្រប់ភាគីត្រូវបានស្ដាប់ និងគោរព។អ្នកនាំពាក្យរូបនេះ បន្ថែមថា សហរដ្ឋអាមេរិកនៅតែជំរុញឱ្យអាជ្ញាធរកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយអនុញ្ញាតឱ្យមានទស្សនៈនយោបាយផ្ទុយពីរដ្ឋាភិបាល ជំរុញឱ្យមានការប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ពិតប្រាកដ និងលើកកម្ពស់ការផ្លាស់ប្តូរគំនិតដោយសេរី និងបើកចំហ។ អ្នកនាង ស្តេហ្វានី អារហ្សាត បន្ថែមថា សហរដ្ឋអាមេរិកក៏ចង់ឃើញរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យសមាគម អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ អាចធ្វើការបានដោយមិនមានការរឹតត្បិត។
ក្រៅពីការរឹតត្បិតលំហសេរីភាពរបស់អង្គការសង្គមស៊ីវិល ប្រព័ន្ធតុលាការនៅកម្ពុជា ក៏នៅតែត្រូវបានរដ្ឋាភិបាលប្រើប្រាស់ ដើម្បីធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សដែលមាននិន្នាការប្រឆាំងដែរ។ រដ្ឋាភិបាលលោក ហ៊ុន សែន មិនបានដោះលែងអ្នកទោសនយោបាយឱ្យមានសេរីភាពវិញឡើយ ក្នុងនោះរួមទាំងមេធាវីសញ្ជាតិខ្មែរអាមេរិកកាំង កញ្ញា សេង ធារី ដែលប្រធានាធិបតីលោក ចូ បៃឌិន (Joe Biden) បានលើកឡើងចំឈ្មោះក្នុងជំនួបទ្វេភាគីជាមួយលោក ហ៊ុន សែន ផង។ ទន្ទឹមគ្នានេះ អតីតសមាជិកគណបក្សសង្គ្រោះជាតិជាច្រើននាក់ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ក៏ត្រូវបានតុលាការក្រុងភ្នំពេញកោះហៅ ឱ្យចូលបំភ្លឺឡើងវិញក្រោមបទចោទញុះញង់ ឬរួមគំនិតក្បត់ជាបន្តបន្ទាប់ដែរ។
ជុំវិញរឿងនេះ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ចាត់ទុកថា ការដែលតុលាការសម្រេចឱ្យលោកចាញ់ក្ដីគណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ហើយតម្រូវឱ្យសងប្រាក់ជំងឺចិត្តរហូតដល់ទៅជិត១លានដុល្លារអាមេរិក (៨០០.០០០ដុល្លារ) កាលពីពេលថ្មីៗនេះ គឺជាការគំរាមកំហែងថ្មីមួយទៀតដល់អ្នកនយោបាយដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។ លោកបន្ថែមថា ការដែលបណ្ដាប្រទេសដែលមានភាពចាស់ទុំខាងលទ្ធិប្រជាធិបតេយ្យដាស់តឿនដល់រដ្ឋាភិបាលកម្ពុជាឱ្យលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ មិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុង ឬធ្វើឱ្យរដ្ឋាភិបាលបាត់បង់ឯករាជ្យនោះឡើយ។
លោក សុន ឆ័យ៖ «ហើយចំពោះ ចូ បៃឌិន (Joe Biden) ចំពោះយើងជារដ្ឋាភិបាលក៏យល់ដែរថា គាត់ជាប្រធានាធិបតីអាមេរិក ប្រទេសដែលចុះហត្ថលេខីលើកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ដែលធានានូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការគោរពសិទ្ធិមនុស្ស ដូច្នេះគាត់មក គាត់ត្រូវតែរំឭកយើងពីរឿងលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតត្រឹមត្រូវហ្នឹង គឺជាកាតព្វកិច្ច គឺជាតួនាទីរបស់គាត់ដែរ មិនមែនគាត់ចេះតែមកលូកដៃលើការងារយើងទេ»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន អះអាងថា រដ្ឋាភិបាលមិនបានរឹតត្បិត លំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដូចការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល និងអ្នកវិភាគនោះឡើយ។ លោកបន្ថែមថា ប្រទេសកម្ពុជាមានអធិបតេយ្យរបស់ខ្លួន និងមិនអាចធ្វើតាមចិត្តរបស់បណ្ដាប្រទេសមួយចំនួនចង់បាននោះទេ។
លោក កត្ដា អន៖ «កម្ពុជាយើងដើរតាមគន្លងប្រជាធិបតេយ្យត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ បែរទៅជាជនរងគ្រោះនៃលទ្ធិប្រជាធិបតេយ្យ ទៅជាជនរងគ្រោះនៃសិទ្ធិមនុស្ស អាហ្នឹងវាជារឿងបរិបទនយោបាយរបស់មហាអំណាច ដូច្នេះហើយវាមិនអាចមកវាយតម្លៃស្ថានការសិទ្ធិមនុស្សបានទេ»។
អ្នកវិភាគនយោបាយលើកឡើងថា បើទោះបីជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងរងការរិះគន់ពីបណ្ដាប្រទេសប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តរឹតត្បិតលំហលទ្ធិប្រជាធិបតេយ្យ ដើម្បីងាយស្រួលក្នុងការផ្ទេរអំណាចរបស់លោកទៅឱ្យលោក ហ៊ុន ម៉ាណែត។ លើសពីនេះទៀត ដើម្បីមានភាពងាយស្រូលក្នុងការផ្ទេរអំណាច កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ក៏បានស្នើសុំព្រះមហាក្សត្រដំឡើងតួនាទីកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានិត និងមនុស្សជំនិតរបស់លោកនៅទីស្ដីការគណៈរដ្ឋមន្ត្រី ៤នាក់ផ្សេងទៀត ឱ្យមានឋានៈស្មើរដ្ឋមន្ត្រីផង។
លោក ហ៊ុន សែន ក៏បានបង្ហាញជំហរកាន់តែច្បាស់ពីការមិនអើពើលើកកម្ពស់ការគោរពសិទ្ធិមនុស្សដែរ នៅពេលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ លោកបានថ្លែងនៅចំពោះមុខក្រុមអ្នកទៅហែហម និងក្រុមអ្នកគាំទ្រលោកនៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្សិក (Belgium) កាលពីថ្ងៃទី១២ ខែធ្នូ ថា លោកនឹងមិនស្នើសុំឱ្យសហភាពអឺរ៉ុប ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធណាមួយមកកម្ពុជាវិញ ជាថ្នូរនឹងការដោះដូរអធិបតេយ្យ ឬឯករាជ្យរបស់កម្ពុជានោះឡើយ។
លោក ហ៊ុន សែន៖ «ខ្ញុំមកអឺរ៉ុបនេះ ខ្ញុំអត់មាន ហើយខ្ញុំដាក់បម្រាមអត់មានឱ្យមន្ត្រីរបស់ខ្ញុំ សុំអីនរណាត្រឡប់មកវិញ ភាពអនុគ្រោះណា ខ្ញុំបាននិយាយហើយ ថាខ្ញុំមិនអាចយកភាពឯករាជ្យ អធិបតេយ្យភាពទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់ អ្នកឯងចង់ឱ្យ ឱ្យ រកស៊ីជាមួយគ្នា រកស៊ី។ ឥឡូវយើងនាំមកដល់អឺរ៉ុបកើន១៨ភាគរយ ទំហំទឹកលុយជាង៤ពាន់លាន (ដុល្លារអាមេរិក) នាំទៅអាមេរិក។ គេរកស៊ីជាមួយគ្នា រកស៊ី អ្នកឯងអនុគ្រោះ ខ្ញុំក៏អរ អ្នកឯងមិនអនុគ្រោះ ខ្ញុំក៏មិនដឹងធ្វើម៉េច អាហ្នឹងទុកសិទ្ធិឱ្យអ្នកឯងនិយាយចុះ»។
លោក ហ៊ុន សែន ថែមទាំងបានគំរាមចេញពីទឹកដីអឺរ៉ុបថតរូបក្រុមអ្នកធ្វើបាតុកម្មប្រឆាំងនឹងលោក ទុកយកទៅបិទផ្សាយនៅប្រលានយន្តហោះពោធិ៍ចិនតុង និងគំរាមស្វែងរកសាច់ញាតិក្រុមគ្រួសាររបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាទៀតផង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា លំហប្រជាធិបតេយ្យនៅតែមានភាពរឹតត្បិត គឺបណ្ដាលមកពីអ្នកនយោបាយគិតគូរពីផលប្រយោជន៍បុគ្គល ឬគណបក្សនយោបាយរបស់ខ្លួន ជាជាងគិតគូរពីផលប្រយោជន៍ជាតិជាធំ។ លោកបន្ថែមថា ការស្នើឱ្យបើកលំហប្រជាធិបតេយ្យពីបណ្ដាប្រទេសនានាកន្លងមកនេះ មិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុង ឬធ្វើឱ្យកម្ពុជាបាត់បង់ឯករាជ្យនោះទេ។ ប៉ុន្តែក្រុមប្រទេសនិយមប្រជាធិបតេយ្យទាំងនេះធ្វើឡើងដើម្បីលើកកម្ពស់ស្មារតីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ដែលប្រទេសទាំងនោះគឺជាភាគីហត្ថលេខីតែប៉ុណ្ណោះ។ លោកបន្ថែមថា រដ្ឋាភិបាលគួរលើកកម្ពស់លំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យបានល្អ ដើម្បីបញ្ចៀសការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ជី អេស ភី (GSP) របស់សហរដ្ឋអាមេរិក និងប្រព័ន្ធអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ (EBA) ទាំងស្រុងពីសហគមន៍អឺរ៉ុប។
លោក អំ សំអាត៖ «អ៊ីចឹងបើសិនជាអ្នកនយោបាយតម្កល់ឧត្ដមប្រយោជន៍ជាតិ ឧត្ដមប្រយោជន៍ប្រជាពលរដ្ឋជាធំ អាហ្នឹងអាចទទួលផលចំណេញច្រើនហើយ ហើយបើសិនជាអ្នកនយោបាយ គិតតម្កល់អំពីផលប្រយោជន៍នយោបាយ ផលប្រយោជន៍បក្សជាធំ ការកែប្រែ ការកែលំអក៏វាអាចនឹងមានការជះឥទ្ធិពល និងការថ្លឹងថ្លែង ហើយវាធ្វើឱ្យប៉ះពាល់នៅក្នុងការវិវត្តនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សហ្នឹងផងដែរបាទ»។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិរកឃើញថា លំហលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស កាន់តែរឹតត្បិតពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។ ក្រុមអ្នកវិភាគនយោបាយព្រមានថា ប្រសិនបើលោក ហ៊ុន សែន នៅតែមិនបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅមុនការបោះឆ្នោតក្នុងឆ្នាំ២០២៣ ខាងមុខទេនោះ នោះប្រជាពលរដ្ឋនឹងកាន់តែប្រឈមបញ្ហាជីវភាព ដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមពីបណ្ដាប្រទេសប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលកម្ពុជានឹងកាន់តែបាក់មុខបាក់មាត់លើឆាកអន្តរជាតិថែមទៀត៕
1 comment:
Look at the face face of the evil Hun Sen aka Hun Shit.
Post a Comment