2022.12.30
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ រក្សាជំហរចូលបំភ្លឺនៅតុលាការកំពូលនាពេលខាងមុខ ក្នុងសវនាការលើបណ្ដឹងសាទុក្ខ ដែលតុលាការថ្នាក់ក្រោមបានកាត់ក្ដីឱ្យលោកចាញ់គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ មន្ត្រីសង្គមស៊ីវិលដែលតាមដានដំណើររឿងនេះ យល់ថា ប្រសិនបើស្ថានភាពនយោបាយដូចសព្វថ្ងៃនេះ លោក សុន ឆ័យ ពិបាកនឹងទទួលបានយុត្តិធម៌ពីតុលាការណាស់។
តុលាការកំពូលជាកន្លែងយុត្តិធម៌ចុងក្រោយសម្រាប់ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ស្វែងរកយុត្តិធម៌។ ប្រសិនតុលាការកំពូលនៅតែសម្រេចក្ដីដូចតុលាការជាន់ទាបដដែល លោក សុន សែន នឹងត្រូវបង់ប្រាក់ជំងឺចិត្តទៅបក្សកាន់អំណាចប្រាក់១លានដុល្លារ ប៉ុន្តែប្រសិនបើតុលាការកំពូលសម្រេចទាត់ចោលការសម្រេចរបស់តុលាការជាន់ទាប នោះលោក សុន ឆ័យ អាចរួចផុតការចោទប្រកាន់។
ថ្លែងឱ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី២៩ ខែធ្នូ លោក សុន ឆ័យ ថា លោកគ្មានជំងឺលើប្រព័ន្ធយុត្តិធម៌សព្វថ្ងៃនេះទេ ប៉ុន្តែលោកនឹងព្យាយាម ទាមទារយុត្តិធម៌ពីតុលាការគ្រប់ជាន់ថ្នាក់ឱ្យអស់ពីលទ្ធភាព។ អ្នកនយោបាយជើងចាស់លោក សុន ឆ័យ ក៏ត្រៀមខ្លួនចូលបំភ្លឺក្នុងសវនាការនៅតុលាការកំពូលនាពេលខាងនេះដែរ។
លោក សុន ឆ័យ៖ «មិនមានជំនឿទេ ប៉ុន្តែគ្រាន់តែធ្វើឱ្យអស់នីតិវិធី បាទខ្ញុំនឹងចូល(ចូលបំភ្លឺនៅតុលាការកំពូល) ខ្លួនខ្ញុំបានសម្រេចចិត្តហើយ ថាយើងចូលប្រឡូកក្នុងការងារនយោបាយនៅក្នុងប្រទេសជាតិរបស់យើងហើយអ្វីដែលច្បាប់បានកំណត់ទោះបីអាក្រក់ឬល្អនឹងខិតខំធ្វើទៅតាមគោលការណ៍ច្បាប់ទាំងដើម្បីឱ្យដំណើរការចូលរួមរបស់យើងប្រព្រឹត្តិទៅបានចប់ចុងចប់ដើម។ »)
លោក សុន ឆ័យ ប្រាប់ដែរថា លោកបានប្រគល់ការងារនេះ ទៅមេធាវីការពាររបស់លោក រួចហើយ ដើម្បីឱ្យប្ដឹងសាទុក្ខទៅតុលាការ។
ចំពោះការសម្រេច របស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែលបង្គាប់ទៅលោក សុន ឆ័យ ត្រូវបង់ប្រាក់ជំងឺចិត្តប្រាក់១លានដុល្លារ ទៅគណបក្សកាន់អំណាច លោក សុន ឆ័យ ថា លោកមិនគិតគូររឿងនេះនៅឡើយទេ ដោយរង់ចាំមើលការសម្រេចក្ដីរបស់តុលាការកំពូលនាពេលខាងមុខសិន។
មេធាវីការពារក្ដីឱ្យលោក សុន ឆ័យ គឺលោកមេធាវី ជូង ជូងី បានសម្រេចប្ដឹងសាទុក្ខការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ពាក់ព័ន្ធការធ្វើអត្ថាធិប្បាយរបស់លោក សុន ឆ័យ ដែលបានរិះគន់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី០៥កន្លងទៅនេះថា មិនបានឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ និងការលូចបន្លំសន្លឹកឆ្នោតជាដើម។
សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ បានរក្សាការសម្រេចរបស់តុលាការក្រុងភ្នំពេញទុកជាបានការ។ តុលាការជាន់ខ្ពស់មួយនេះ នៅតែសម្រេចឱ្យគណបក្សប្រជាជនកម្ពុជា និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បន្តឈ្នះក្ដីលោក សុន ឆ័យ ដដែល និងបានបង្គាប់ទៅលោក សុន ឆ័យ ត្រូវបង់ថ្លៃជំងឺចិត្តទៅបក្សកាន់អំណាចពី៧៥ម៉ឺនដុល្លារ ឡើងទៅ ១លានដុល្លារ។
ទាក់ទងរឿងនេះដែរមន្ត្រីសិទ្ធិមនុស្សដែលតាមដានដំណើររឿងនេះ យល់ថា ការសម្រេចក្ដីរបស់តុលាការកន្លងមក ហាក់ដើម្បីបំពេញចិត្តគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប ដែលភាគីដើមបណ្ដឹង។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលជាភាគីឈ្នះក្ដី យល់ថា មតិរបស់មន្ត្រីអង្គការសង្គមស៊ីវិល គឺលំអៀងទៅលោក សុន ឆ័យ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះថ្លែងការពារកំណាត់របស់តុលាការថា បានកាត់ក្ដីត្រឹមត្រូវតាមនីតិវិធី។ លោក សុខ ឥសាន ចោទប្រកាន់ថា ការរិះគន់របស់លោក សុន ឆ័យ ពាក់ព័ន្ធរឿងបោះឆ្នោត គឺជានយោបាយធ្វើអត្តឃាតខ្លួនឯង។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដដែល ថា សំណុំរឿងនេះមិនអាចបញ្ចប់ដោយការចរចាបានទេ ខណៈសំណុំរឿងកំពុងស្ថិតក្នុងដៃតុលាការ។
លោក សុខ ឥសាន៖ «យើងត្រូវបន្ទោសខ្លួនឯងដែលយើងតាំងខ្លួនជាខ្លាំងនោះ មិនទទួលស្គាល់លទ្ធផលបោះឆ្នោតបោះឆ្នោតទេ ប៉ុន្តែ ទទួលយកអាសនៈដែលទទួលបាន២០ភាគរយផង ក៏ប៉ុន្តែធ្វើខ្លាំងប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត»។
ដូចគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈកាលពីថ្មីៗនេះ ខណៈសំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការ ថា លោករង់ចាំចាយលុយពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សុន ឆ័យ។
ទាក់ទងរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស រិះគន់ថា ការពិន័យថវិកា ១លានដុល្លារពីលោក សុន ឆ័យ គឺជាចំនួនច្រើនដ៏គួរឱ្យព្រួយបារម្ភ។ លោកបន្តថា ការពិន័យនិងតម្រូវឱ្សសងជំងឺចិត្តនេះ មិនបានចែងក្នុងច្បាប់បោះឆ្នោតនោះទេ ខណៈលោក សុន ឆ័យ រិះគន់បញ្ហាក្នុងអំឡុងពេលបោះឆ្នោត។
លោកយល់ថា វិធានការរបស់តុលាការបែបនេះ នឹងធ្វើឱ្យពលរដ្ឋមានការភ័យខ្លាចក្នុងការចូលរួមកិច្ចការបោះឆ្នោត។ លោកបន្តទៀតថា ករណីនេះក្រៅពីប៉ះពាល់ដល់សតិអារម្មណ៍របស់ពលរដ្ឋ ក៏នឹងធ្វើសហគមន៍អន្តរជាតិ រិះគន់ថា ដំណើរការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ ពោរពេញដោយការធ្វើទុក្ខបុកម្នេញលើគណបក្សនយោបាយ ដែលគូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
លោក កន សាវាង្ស៖ «ពីព្រោះអីនៅក្នុងច្បាប់អត់បានចែងស្ថាប័នជាតិណាមួយមានតួនាទីនៅក្នុងប្ដឹងអ្នកដែលលើកឡើងអំពីបញ្ហាការដាក់ទោសទណ្ឌដោយទារសំណងគឺអត់មានទេ អ៊ីចឹង ខ្ញុំយល់ឃើញនីតិវិធីទេ ដែលបានលើកឡើងអ៊ីចឹង ក្នុងច្បាប់បោះឆ្នោតមិនបានកំណត់ទេ កំណត់លក្ខខណ្ឌ ឬក៏ការកើតឡើងទាក់ទងជាមួយការបោះឆ្នោត»។
ទ្រព្យសម្បត្តិរបស់លោក សុន ឆ័យ ដែលបក្សកាន់អំណាចទន្ទឹងរង់ចាំលេបរឹបអូស គឺដីផ្ទះរបស់លោក សុន ឆ័យ ចំនួនពីរកន្លែង ក្នុងនោះមួយកន្លងនៅរាជធានី ភ្នំពេញ និងមួយកន្លែងទៀតនៅខេត្តសៀមរាប។ ទោះយ៉ាងណា លោក សុន ឆ័យ ថា បើតុលាការកំពូលមិនផ្ដល់យុត្តិធម៌ដល់រូបលោកនាពេលខាងមុខទេ លោកនឹងជជែកជាមួយមេធាវីការពារក្ដី និងជាមួយគណបក្សគណបក្សភ្លើងទៀន ដើម្បីដោះស្រាយបញ្ហាសំណងលុយ១លានដុល្លារនេះ ព្រោះអ្វីដែលលោកលើកឡើងក្នុងនាមជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងជាការនិយាយដើម្បីប្រយោជន៍ពលរដ្ឋ ដើម្បីឱ្យមានកែទម្រង់បញ្ហាបោះឆ្នោត៕
1 comment:
Thank you Son Chhay for standing on your principal.
We hope 2023 will be the last year on this earth of Ah Prett Hun Sen.
Post a Comment