ដោយ ជាតិ ចំណាន
2023.01.07
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរ ថ្ងៃ៧ មករា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកថ្ងៃអបអរនៃការផ្ដួលរំលំរបបខ្មែរក្រហមថា លោកបន្តតាមកម្ចាត់លោក សម រង្ស៊ី និងបក្ខពួកឱ្យអស់ពីសង្គមជាតិ។ អ្នកវិភាគរិះគន់ថា លោក ហ៊ុន សែន កំពុងយកមនោគមវិជ្ជារបស់ ប៉ុល ពត គឺទ្រឹស្ដី ជីកស្មៅ ត្រូវជីកទាំងឫស មកអនុវត្តលើខ្មែរអ្នកប្រជាធិបតេយ្យ ដែលទង្វើនេះ មិនផ្ដល់ផលចំណេញដល់សង្គមជាតិឡើយ។
លោក សម រង្ស៊ី និងបក្ខពួកកំពុងក្លាយជាក្រុមគោលដៅទី២ បន្ទាប់របបខ្មែរក្រហម ដែលលោក ហ៊ុន សែន ប្រកាសតាមកម្ចាត់។ ទោះយ៉ាងណា អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងថា ការដែលលោក ហ៊ុន សែន ប្រឹងយកឈ្នះខ្មែរគ្នាឯងដូចសព្វថ្ងៃនេះ មិនបានធ្វើឱ្យជាតិរីកចម្រើនឡើយ ប៉ុន្តែ ត្រឹមធ្វើឱ្យពលរដ្ឋខ្មែររងទុក្ខប៉ុណ្ណោះ។
លោក ហ៊ុន សែន ថ្លែងថា លោកបន្តកម្ចាត់នយោបាយទណ្ឌិតក្បត់ជាតិ និងបក្ខពួកដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសឱ្យអស់ពីសង្គមជាតិ ដែលលោកចោទប្រកាន់ថា ជានយោបាយជ្រុលនិយម។ ទោះលោក ហ៊ុន សែន មិនបញ្ចេញឈ្មោះមេដឹកនាំនយោបាយទណ្ឌិតក្បត់ជាតិ ថា ជាអ្នកណាក្ដី ប៉ុន្តែ ទំនងគ្មានអ្នកណាក្រៅពីលោក សម រង្ស៊ី ទេ ដែលត្រូវបានតុលាការរបស់រដ្ឋាភិបាល លោក ហ៊ុន សែន កាត់ទោស ពីបទក្បត់ជាតិ និងបទឧក្រិដ្ឋ ជាច្រើនករណីផ្សេងទៀត។លោក ហ៊ុន សែន ក៏តែងហៅលោក សម រង្ស៊ីំ ថា ជាមេទណ្ឌិតក្បត់ជាតិផងដែរ។ លោក ហ៊ុន សែន ក៏ព្រមានគណបក្សនយោបាយ ឬជនណាដែលបម្រើនយោបាយលោក សម រង្ស៊ី ត្រូវកែប្រែខ្លួនឡើងវិញ ឱ្យបានទាន់ពេលវេលា បើពុំនោះទេនឹងត្រូវប្រឈមវិធានការច្បាប់។
លោក ហ៊ុន សែន៖ «មិនត្រូវទុកឱ្យវាបន្តបំពុលសង្គម បំផ្លាញដំណើរការរីកចម្រើន និងបង្កការបែកបាក់ជាតិដែលនឹងនាំទៅដល់គ្រោះមហន្តរាយជាថ្មីទៀតសម្រាប់ប្រជាជាតិយើង។ យើងទាំងអស់គ្នាត្រូវតែប្ដូរផ្ដាច់កម្ចាត់ចោលនូវនយោបាយជ្រុលមិនថាឆ្វេង មិនថាស្ដាំឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីធានាថា កម្ពុជាគ្មានសង្គ្រាមនិងការបែកបាក់ជាតិតទៅទៀត»។
លោក ហ៊ុន សែន ព្រមានកម្ទេចលោក សម រង្ស៊ី ជាថ្មីពេលនេះ ក្នុងពេល ចូលរួមអបអរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃជ័យជម្នះ ៧ មករា នៅរាជធានី ភ្នំពេញ ដែលមានអ្នកចូលរួមរាប់ពាន់នាក់ ថ្ងៃទី៧ ខែមករា។
មុនពេលព្រមានកម្ទេចលោក សម រង្ស៊ី លោក ហ៊ុន សែន លើកឡើងពីស្នាដៃរបស់លោក ក្នុងការផ្ដួលរំលំរបបខ្មែរក្រហម ដែលមានកងទ័ពវៀតណាមជួយយ៉ាងពេញទំហឹង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ លោកថា បើគ្មានការសង្គ្រោះទាន់ពេលទេ ប្រទេសកម្ពុជានឹងត្រូវក្រឡាប់ចាក់ ចំណែកសិទ្ធិសេរីភាពរបស់ពលរដ្ឋក៏ត្រូវបាត់បង់ទាំងស្រុង។ លោកថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ធ្វើឱ្យកម្ពុជាពីទឹកដីមរណៈ មកជាទឹកដី លូតលាស់ ស្រស់បំព្រង។
ទោះយ៉ាងណា មន្ត្រីបក្សប្រឆាំង និងសិក្សាប្រវត្តិសាស្ត្រ ថា ថ្ងៃ៧ មករា កាលពី ៤៤ឆ្នាំមុន ជាថ្ងៃដែលវៀតណាមចូលឈ្លានពានទឹកដីខ្មែរ និងមានបំណងគ្រប់គ្រងប្រទេសកម្ពុជា ហើយវៀតណាមបានរៀបចំផែនការក៥ ឱ្យពលរដ្ឋខ្មែរជាន់មីនស្លាប់ជាង ២សែននាក់បង់ជីវិត និងមនុស្សរាប់ម៉ឺននាក់ទៀត របួសពិការរហូតមកទល់សព្វថ្ងៃនេះ។
ទាក់ទងការព្រមានរបស់លោក ហ៊ុន សែន ពេលនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ជា ជីវ យល់ថា សម្ដីលោក ហ៊ុន សែន គ្រាន់តែជាការបន្លាចបំភិតបំភ័យ សកម្មជនបក្សប្រឆាំង និងពលរដ្ឋប៉ុណ្ណោះ ប៉ុន្តែលោកយល់ថា ពលរដ្ឋឈប់ខ្លាចលោក ហ៊ុន សែន ទៀតហើយ។ លោក ជា ជីវ យល់ថាលោក សម រង្ស៊ី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មិនមែនជាជនក្បត់ជាតិដូចការចោទប្រកាន់ទេ។ មន្ត្រីបក្សប្រឆាំងរូបនេះ រិះគន់ថា សារព្រមានរបស់លោក ហ៊ុន សែន មិនបានធ្វើប្រទេសជាតិរីកចម្រើនឡើយ ផ្ទុយទៅវិញគឺមានតែការបែកបាក់ជាតិថែមទៀត។
លោក ជា ជីវ៖ «ដោយសារលោកប្រធានរបស់ខ្ញុំខ្លាំង ដោយសារគ្មានគូប្រជែងណាក្រៅពីលោកប្រធានមកប្រកួតជាមួយសម្ដេចនាយករដ្ឋមន្ត្រីនោះទេបាទ គូប្រកួតប្រជែងខ្លាំងទើបសម្ដេចនាយករដ្ឋមន្ត្រី គាត់មិនអនុញ្ញាតឱ្យចូលសង្វៀននយោបាយ»។
ចំណែក អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា លោក ហ៊ុន សែន ទៅវិញទេ ជាអ្នកបំពុលសង្គមឱ្យខ្មែរស្អប់គ្នា រហូតធ្វើឱ្យមានការបែកបាក់ជាតិធ្ងន់ធ្ងរ។ លោក គឹម សុខ បន្តថា លោក ហ៊ុន សែន កំពុងប្រើមនោគមន៍វិជ្ជារបស់ ប៉ុល ពត គឺជីកស្មៅ ត្រូវ ជីកទាំងឫស ដើម្បីបន្តផែនការដឹកនាំប្រទេស ដោយគ្មានការប្រកួតប្រជែងត្រឹមត្រូវ។ លោក គឹម សុខ រំលឹកទៅ លោក ហ៊ុន សែន ថា ប្រសិនបើលោក ហ៊ុន សែន ចង់ឱ្យស្មារតីថ្ងៃ៧ មករា អាចបន្តគង់វង្សបានយូរ គួរដល់ពេលមេដឹកនាំរូបនេះ ធ្វើឱ្យពលរដ្ឋខ្មែររស់នៅបានសុខ ដោយត្រូវគោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
លោក គឹម សុខ៖ «ដូច្នេះហើយអត់មានពេលដែលខ្មែរបានសុខក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នោះទេ កុំថា លោក ហ៊ុន សែន អស់ពីសករាជលោក ហ៊ុន សែន ឈានដល់ ហ៊ុន ម៉ាណែត ឱ្យតែប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ក្រុមគ្រួសារហ៊ុន គឺមានតែនយោបាយជ្រុលនិយមកម្ទេចខ្មែរបំបែកបំបាក់ខ្មែរ ហើយបែរទៅចោទខ្មែរផ្សេងថា ជ្រុលនិយមទៅវិញដើម្បីបំផ្លាញគេ»។
រាល់ពេលលោក ហ៊ុន សែន ប្រកាសកម្ចាត់លោក សម រង្ស៊ី និងបក្ខពួក តែងតែលេចមុខក្រុមមិនសម្គាល់មុខ ចេញមកវាយធ្វើបាបសកម្មជនបក្សប្រឆាំង បង្កឱ្យរងរបួស បើមិនដូច្នេះទេ ក៏តុលាការក្រុងភ្នំពេញ បង្កើនការចាប់ខ្លួនសកម្មជនបក្សប្រឆាំងដែរ។ លោក ហ៊ុន សែន ក៏ធ្លាប់ប្រកាសកាលពីឆ្នាំ២០១៨ ថា លោករៀបចំផែនការកម្ចាត់លោក សម រង្ស៊ី គឺដូចនឹងលោកកម្ទេច មេដឹកនាំខ្មែរក្រហម ប៉ុល ពត ដែរ៕
2 comments:
why does this bastard Hun Sen is son determined to destroy Khmer? At the same time, he is so afraid of Yuon.
Ah Roleuy Hun Sen is so cheap.
why does this bastard Hun Sen is so determined to destroy Khmer? At the same time, he is so afraid of Yuon.
Ah Roleuy Hun Sen is so cheap.
Post a Comment