Sunday, 8 January 2023

លោក ហ៊ុន សែន ព្រមាន​​តាម​កម្ចាត់​លោក សម រង្សី និង​បក្ខពួក​ដែល​កំពុង​រត់​គេច​​ឱ្យ​អស់​ពី​សង្គម​ជាតិ


ដោយ ជាតិ ចំណាន
2023.01.07
លោក ហ៊ុន សែន ព្រមាន​​តាម​កម្ចាត់​លោក សម រង្សី និង​បក្ខពួក​ដែល​កំពុង​រត់​គេច​​ឱ្យ​អស់​ពី​សង្គម​ជាតិ 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុងពិធី​អបអរសាទរ​ ថ្ងៃ​៧ មករា ២០២៣។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​យក​​ថ្ងៃ​អបអរ​នៃ​ការ​​ផ្ដួលរំលំ​របប​ខ្មែរក្រហម​​ថា លោក​បន្ត​តាម​កម្ចាត់​លោក សម រង្ស៊ី និង​បក្ខពួក​ឱ្យ​អស់​ពី​សង្គម​ជាតិ។ អ្នក​វិភាគ​រិះគន់​ថា​ លោក ហ៊ុន សែន កំពុង​យក​មនោគមវិជ្ជា​របស់ ប៉ុល ពត គឺ​ទ្រឹស្ដី​ ​ជីក​ស្មៅ​ ត្រូវ​ជីក​ទាំង​ឫស​ មក​អនុវត្ត​លើ​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ ​ដែល​ទង្វើ​នេះ​ ​មិន​ផ្ដល់​ផល​​ចំណេញ​ដល់​សង្គមជាតិ​ឡើយ។

លោក សម រង្ស៊ី និង​បក្ខពួក​កំពុង​ក្លាយ​ជា​​ក្រុម​គោលដៅ​ទី២ បន្ទាប់​របប​ខ្មែរ​ក្រហម​ ដែល​លោក ហ៊ុន សែន ប្រកាស​តាម​កម្ចាត់។ ទោះ​យ៉ាងណា អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ដែល​លោក ហ៊ុន សែន ប្រឹង​យក​ឈ្នះ​ខ្មែរ​គ្នា​ឯង​ដូច​សព្វ​ថ្ងៃ​នេះ​ មិន​បាន​ធ្វើ​ឱ្យ​ជាតិ​រីក​ចម្រើន​ឡើយ ប៉ុន្តែ ត្រឹម​ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរ​រង​ទុក្ខ​ប៉ុណ្ណោះ។



លោក ហ៊ុន សែន ថ្លែង​ថា លោក​បន្ត​កម្ចាត់​នយោបាយ​​ទណ្ឌិត​ក្បត់​ជាតិ និង​បក្ខពួក​ដែល​កំពុង​រត់​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ឱ្យ​អស់​ពី​សង្គមជាតិ ដែល​លោក​ចោទ​ប្រកាន់​ថា ជា​នយោបាយ​ជ្រុល​និយម។ ទោះ​លោក ហ៊ុន សែន មិន​បញ្ចេញ​ឈ្មោះ​មេដឹកនាំ​នយោបាយ​ទណ្ឌិត​ក្បត់​ជាតិ ថា ជា​អ្នកណា​ក្ដី ប៉ុន្តែ ទំនង​គ្មាន​អ្នក​ណា​ក្រៅ​ពី​លោក សម រង្ស៊ី ទេ ដែល​ត្រូវ​បាន​តុលាការ​របស់​​រដ្ឋាភិបាល​ លោក ហ៊ុន សែន ​កាត់​ទោស ពី​បទ​ក្បត់​ជាតិ និង​បទឧក្រិដ្ឋ ​​ជា​ច្រើន​ករណី​ផ្សេង​ទៀត។​លោក ហ៊ុន សែន ក៏​តែង​ហៅ​លោក សម រង្ស៊ីំ ​​ថា ជា​មេ​ទណ្ឌិត​ក្បត់​ជាតិ​ផង​ដែរ។ លោក ហ៊ុន សែន ក៏​​ព្រមាន​គណបក្ស​នយោបាយ​ ឬ​ជន​ណា​ដែល​បម្រើ​នយោបាយ​លោក សម រង្ស៊ី ត្រូវ​កែប្រែ​ខ្លួន​ឡើងវិញ ​​ឱ្យ​បាន​ទាន់​ពេលវេលា ​បើ​ពុំនោះទេ​នឹង​ត្រូវ​ប្រឈម​វិធានការ​ច្បាប់។

    លោក ហ៊ុន សែន៖ «មិន​ត្រូវ​ទុក​ឱ្យ​វា​បន្ត​បំពុល​សង្គម បំផ្លាញ​ដំណើរការ​រីកចម្រើន​ និង​បង្ក​ការ​បែកបាក់​ជាតិ​​ដែល​នឹង​នាំ​ទៅ​ដល់​គ្រោះមហន្តរាយ​ជា​ថ្មី​ទៀត​សម្រាប់​ប្រជាជាតិ​យើង។ យើង​ទាំង​អស់​គ្នា​ត្រូវតែ​ប្ដូរផ្ដាច់​កម្ចាត់​ចោល​នូវ​នយោបាយ​ជ្រុល​មិន​ថា​ឆ្វេង មិន​ថាស្ដាំ​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា ដើម្បី​ធានា​ថា កម្ពុជា​គ្មាន​សង្គ្រាម​និង​ការ​បែកបាក់​ជាតិ​តទៅ​ទៀត»។

លោក ហ៊ុន សែន ព្រមាន​កម្ទេច​លោក សម រង្ស៊ី ជា​ថ្មី​ពេល​នេះ ក្នុង​ពេល​ ​ចូលរួម​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ថ្ងៃ​ជ័យជម្នះ​ ៧ មករា​ នៅ​រាជធានី ភ្នំពេញ ដែល​មាន​អ្នក​ចូលរួម​រាប់​ពាន់​នាក់ ថ្ងៃ​ទី៧ ខែ​មករា។

មុន​ពេល​ព្រមាន​កម្ទេច​លោក សម រង្ស៊ី លោក ហ៊ុន សែន លើកឡើង​ពី​ស្នាដៃ​របស់​លោក​ ក្នុង​ការ​ផ្ដួល​រំលំ​របប​ខ្មែរក្រហម ដែល​មាន​កង​ទ័ព​វៀតណាម​ជួយ​យ៉ាង​ពេញ​ទំហឹង ​កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​១៩៧៩។ លោក​ថា បើ​គ្មាន​ការ​សង្គ្រោះ​ទាន់ពេល​ទេ ប្រទេស​កម្ពុជា​នឹង​ត្រូវ​ក្រឡាប់​ចាក់ ​ចំណែក​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក៏​ត្រូវ​បាត់បង់​ទាំងស្រុង។ លោក​ថា ថ្ងៃ​៧ មករា ឆ្នាំ១៩៧៩ ធ្វើ​ឱ្យ​កម្ពុជា​ពី​ទឹកដី​មរណៈ មក​ជា​ទឹក​ដី ​លូតលាស់​ ស្រស់​បំព្រង។

ទោះ​យ៉ាងណា​ មន្ត្រី​បក្ស​ប្រឆាំង និង​សិក្សា​ប្រវត្តិសាស្ត្រ ថា ថ្ងៃ​៧ មករា កាល​ពី ៤៤​ឆ្នាំ​មុន ជា​ថ្ងៃ​ដែល​វៀតណាម​ចូល​ឈ្លានពាន​ទឹកដី​ខ្មែរ និង​មាន​បំណង​គ្រប់គ្រង​ប្រទេស​កម្ពុជា ហើយ​វៀតណាម​បាន​រៀបចំ​ផែនការ​ក៥​ ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាន់​មីន​ស្លាប់​ជាង ២សែន​នាក់​បង់​ជីវិត និង​មនុស្ស​រាប់​ម៉ឺន​នាក់​ទៀត របួស​ពិការ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។

ទាក់ទង​ការ​ព្រមាន​របស់​លោក​ ហ៊ុន សែន ពេល​នេះ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ជា ជីវ យល់​ថា សម្ដី​លោក ហ៊ុន សែន​ គ្រាន់តែ​ជា​ការ​បន្លាច​បំភិតបំភ័យ សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​យល់ថា ពលរដ្ឋ​ឈប់​ខ្លាច​លោក ហ៊ុន សែន ទៀត​ហើយ​។ លោក ជា ជីវ យល់​ថា​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ មិនមែន​ជា​ជន​ក្បត់ជាតិ​ដូច​ការ​ចោទ​ប្រកាន់​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ រិះគន់​ថា សារ​ព្រមាន​របស់​លោក ហ៊ុន សែន មិន​បាន​ធ្វើ​ប្រទេស​​ជាតិ​រីក​ចម្រើន​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​ការ​បែកបាក់​ជាតិ​ថែម​ទៀត។

    លោក ជា ជីវ៖ «ដោយសារ​លោក​ប្រធាន​របស់​ខ្ញុំ​ខ្លាំង​ ដោយសារ​គ្មាន​គូ​ប្រជែង​ណា​ក្រៅពី​លោក​ប្រធាន​មក​ប្រកួត​ជាមួយ​សម្ដេច​នាយករដ្ឋមន្ត្រី​នោះ​ទេ​បាទ គូ​ប្រកួតប្រជែង​ខ្លាំង​ទើប​សម្ដេច​នាយករដ្ឋមន្ត្រី គាត់​មិន​អនុញ្ញាត​ឱ្យ​ចូល​សង្វៀន​នយោបាយ»។

ចំណែក អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា លោក ហ៊ុន សែន ទៅ​វិញ​ទេ ជា​អ្នក​បំពុលសង្គម​​ឱ្យ​ខ្មែរ​ស្អប់​គ្នា​ រហូត​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ​ធ្ងន់ធ្ងរ។ លោក គឹម សុខ បន្ត​ថា លោក ហ៊ុន សែន កំពុង​ប្រើ​មនោគមន៍វិជ្ជា​របស់ ប៉ុល ពត គឺ​ជីក​ស្មៅ ត្រូវ ជីក​ទាំង​ឫស ​ ដើម្បី​បន្ត​ផែនការ​ដឹកនាំ​ប្រទេស​ ដោយ​គ្មាន​ការ​ប្រកួតប្រជែង​ត្រឹមត្រូវ។ លោក គឹម សុខ រំលឹក​ទៅ​​ លោក ហ៊ុន សែន ថា ប្រសិនបើ​លោក ហ៊ុន សែន ចង់​ឱ្យ​ស្មារតី​ថ្ងៃ​៧ មករា អាច​បន្ត​គង់វង្ស​បានយូរ គួរ​ដល់​ពេល​មេដឹកនាំ​រូប​នេះ​ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​បាន​សុខ ដោយ​ត្រូវ​គោរព​​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

    លោក គឹម សុខ៖ «ដូច្នេះ​ហើយ​អត់​មាន​ពេល​ដែល​ខ្មែរ​បាន​សុខ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នោះ​ទេ កុំ​ថា លោក ហ៊ុន សែន អស់​ពី​សករាជ​លោក ហ៊ុន សែន ឈាន​ដល់​ ហ៊ុន ម៉ាណែត ឱ្យ​តែ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ក្រុម​គ្រួសារ​ហ៊ុន គឺ​មាន​តែ​នយោបាយ​ជ្រុល​និយម​កម្ទេច​ខ្មែរ​បំបែកបំបាក់​ខ្មែរ​ ហើយ​បែរ​ទៅ​ចោទ​ខ្មែរ​ផ្សេង​ថា ជ្រុល​និយម​ទៅ​វិញ​ដើម្បី​បំផ្លាញ​គេ»។

រាល់​ពេល​លោក ហ៊ុន សែន ប្រកាស​កម្ចាត់​លោក សម រង្ស៊ី និង​បក្ខពួក តែងតែ​លេចមុខ​ក្រុម​មិន​សម្គាល់​មុខ ​ចេញ​មក​វាយ​ធ្វើ​បាប​សកម្មជន​បក្ស​ប្រឆាំង បង្ក​​ឱ្យ​រង​របួស​ បើ​មិន​ដូច្នេះ​ទេ ក៏​តុលាការ​ក្រុង​ភ្នំពេញ បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​​បក្ស​ប្រឆាំង​​ដែរ។ លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​កាល​ពី​ឆ្នាំ​២០១៨ ថា លោក​រៀប​ចំ​ផែនការ​កម្ចាត់​លោក សម រង្ស៊ី គឺ​ដូច​នឹង​លោក​​កម្ទេច​ មេដឹកនាំ​ខ្មែរ​ក្រហម ប៉ុល ពត ដែរ៕

2 comments:

Anonymous said...

why does this bastard Hun Sen is son determined to destroy Khmer? At the same time, he is so afraid of Yuon.

Ah Roleuy Hun Sen is so cheap.

Anonymous said...

why does this bastard Hun Sen is so determined to destroy Khmer? At the same time, he is so afraid of Yuon.

Ah Roleuy Hun Sen is so cheap.