Sunday, 8 January 2023

អ្នក​វិភាគ​ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា រឿងរ៉ាវ​អាស្រូវ​ស្នេហា​ត្រកូល​ហ៊ុន ដូច​នឹង​ករណី​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់


ដោយ យ៉ង ចាន់តារា
2023.01.03
អ្នក​វិភាគ​ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា រឿងរ៉ាវ​អាស្រូវ​ស្នេហា​ត្រកូល​ហ៊ុន ដូច​នឹង​ករណី​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ 

រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថត​ជាមួយ​គ្រួសារ​លោក ហ៊ុន ជា (ឈរ​ខាង​ក្រោយ) ក្មួយ​របស់​លោក ដែល​លោក​បង្ហោះ​លើ​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​ទី១ ខែមករា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


អ្នក​វិភាគ​ និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា រឿងរ៉ាវ​អាស្រូវ​ស្នេហា​របស់​ត្រកូល ហ៊ុន ហាក់​ដូច​ទៅ​នឹង​សុភាសិត​ខ្មែរ​ពោល​ថា ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់។ ការ​លើកឡើង​ដូច្នេះ ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ថា ក្មួយ​ប្រុស​របស់​លោក​ម្នាក់​គឺ លោក ហ៊ុន ជា លួច​លាក់​​មាន​​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ទាំង​ពេល​ដែល​លោក ហ៊ុន ជា មិន​​ទាន់​លែងលះ​ប្រពន្ធ​នៅឡើយ។

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា សំណុំរឿង​អាស្រូវ​ស្នេហា​របស់​លោក ហ៊ុន ជា ក៏​មិន​ខុស​រឿង​ស្នេហា​លួចលាក់​របស់​ពូ​លោក គឺ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ជាង ២០​ឆ្នាំ​មុន​នោះ​ដែរ។ ពួកគេ​ថា​រិះគន់​ថា លោក ហ៊ុន សែន បាន​ត្រឹមតែ​លាតត្រដាង​រឿងអាស្រូវ​ស្នេហា​របស់​ក្មួយ​លោក​ប៉ុណ្ណោះ ប៉ុន្តែ​លោក គ្មាន​ចិត្ត​ក្លាហាន​លាតត្រដាង​បញ្ហា​របស់​ខ្លួន និង​រឿងអាស្រូវ​ស្នេហា​កូនៗ​របស់​លោក​ទេ។



អ្នក​វិភាគ​នយោបាយ លោក គឹម សុខ សង្កេត​ឃើញ​ថា លោក ហ៊ុន សែន បាន​ប្រកាស​ថា ក្មួយ​ប្រុស​របស់​លោក​គឺ លោក ហ៊ុន ជា ខូច​ណាស់ ប៉ុន្តែ លោក​ហាក់​ធ្វើ​ភ្លេច​​មិន​ហ៊ាន​និយាយ​រឿងអាស្រូវ​ស្នេហា​ក្រុម​គ្រួសារ​របស់​លោក​ទេ។ លោក គឹម សុខ កត់សម្គាល់​ថា ក្រុម​សាច់ញាតិ​របស់​លោក ហ៊ុន សែន ជា​ច្រើន​នាក់ ជាប់​ជំពាក់​រឿង​​ស្នេហា​លួចលាក់​នេះ។ លោក​រិះគន់​ថា ក្នុង​នាម​លោក ហ៊ុន សែន ជា​អ្នក​ដឹកនាំ​​ប្រទេស ​មិន​គួរ​លើក​បញ្ហា​នេះ​ឡើង​ជា​សាធារណៈ​ទេ ហើយ​បើ​លោក ហ៊ុន សែន មាន​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា​នេះ​មែន លោក​គួរ​បញ្ជូន​​សំណុំរឿង​នេះ​ទៅ​តុលាការ។

«តាម​ពិត​ ហ៊ុន ជា ពិត​ជា​ខូច​អ៊ីចឹង មែន​ ក៏​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ភ្លេច​ប្រកាស​អំពី​មិន​ត្រឹមត្រូវ​ជា​ជា​បុរស​ខូច របស់​គាត់ ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី ហើយ​ហ្នឹង​ក្មួយៗ ប្រុស​របស់​គាត់​ជា​ច្រើន​ទៀត មាន​រឿង​អាស្រូវ​ខ្លាំង​ណាស់​ទាក់ទង​នឹង​រឿង​អាស្រូវ​ការ​​គំរាមកំហែង​នារី​ភេទ​ដើម្បី​បម្រើ​តណ្ហា​របស់​ខ្លួន​ ហើយ​នារី​ទាំង​នោះ​សុទ្ធ​តែ​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ណ័រវ៉េ (Norway) លោក ម៉ែន ណាត សង្កេតឃើញ​ថា កូនៗ របស់​លោក​ ហ៊ុន សែន រួមមាន​​កូន​ប្រុស​ច្បង​គឺ​លោក ហ៊ុន ម៉ាណែត ធ្លាប់​បែក​ធ្លាយ​រឿង​ស្នេហា​លួច​លាក់​ជាមួយ​អតីត​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​អប្សរា​ម្នាក់ ហើយ​កូន​ប្រុស​ពៅ​របស់​លោក​គឺ​លោក ហ៊ុន ម៉ានី ក៏​ធ្លាប់​​បែក​ធ្លាយ​តាម​ហ្វេសប៊ុក​នូវ​រឿងអាស្រូវ​ស្នេហា​ជាមួយ​​តារា​ភាព​ភាពយន្ត​​ម្នាក់​ដែរ។ លោក​បន្ត​ទៀត​ថា មាន​រូបភាព​បែក​ធ្លាយ​ជាច្រើន​បង្ហាញ​ថា តារាភាពយន្ត​ស្រី​រូប​នោះ ជាំ​សាច់​ពេញ​ខ្លួន ព្រោះ​ការ​ខាំ​របស់​លោក ហ៊ុន ម៉ានី។ អ្នក​ឃ្លាំមើល​រូប​នេះ បន្ត​ទៀត​ថា សូម្បី​លោក ហ៊ុន សែន ក៏​ធ្លាប់​មានរឿង​ស្នេហា​លួចលាក់​ជាមួយ​តារាភាពយន្ត​ដ៏​ល្បី​ឈ្មោះ​ក្នុង​ទសវត្ស​ទី​៩០ អ្នកស្រី ពិសិដ្ឋ ពិលីកា រហូត​មាន​ការ​សម្លាប់​អ្នកស្រី នៅ​ពេល​រឿង​នេះ​បែកការ​ដឹង​ដល់​អ្នកស្រី ប៊ុន រ៉ានី។

លោក ម៉ែន ណាត៖ «ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែនទែន​ទៅ​និយាយ​ពូ​ពូជ​អំបូរ​ពូជ​អំបូរ​ឡប់ឡែ​ច្របូកច្របល់​ ឪ​ពុក​ក៏​អ៊ីចឹង កូន​កើត​មក​ឆ្លង​អ៊ីចឹង ព្រោះ​គាត់​ព្រមាន​ ហ៊ុន ជា ណោះ​ករណី​ ហ៊ុន ម៉ាណែត ប៉ុន្មាន​ឆ្នាំ​មុន​ ជាមួយ​នាង... ករណី ហ៊ុន ម៉ានី យក​តួ​​ស្រី​ក្មេងៗ តួ​កុន​អី​មក​ខាំ​លេង ដូច្នេះ​គ្រួសារ​គឺ​វ៉ល់​ទាំង​អស់»។

ទាក់ទង​ការ​លើក​ឡើង​នេះ​ដែរ ទស្សនាវដ្ដី​បារាំង​មួយ ឈ្មោះ​លិចប្រេស (L'Express) បាន​ចុះផ្សាយ ដោយ​ផ្អែកលើ​ភស្តុតាង​មួយ​ចំនួន​ថា ភរិយា​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន តែម្ដង​ជា​អ្នក​នៅ​ពីក្រោយ​ការ​បញ្ជា​អោយ​បាញ់សម្លាប់ អ្នកស្រី ពិសិដ្ឋ ពិលីកា ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ស្នេហា​ត្រីកោណ ដែល​លោក ហ៊ុន សែន លួចលាក់​ស្នេហា​ជាមួយ​អ្នកស្រី ពិសិដ្ឋ ពិលីកា។

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ដូច្នេះ ក្រោយ​ពេល​លោក ហ៊ុន សែន ព្រមាន​ដក​ស័ក្ដិ​ក្មួយ​ប្រុស​របស់​លោក​គឺ​លោក ហ៊ុន ជា និង​ជា​មេ​ប៉ូលិស​ជាន់​ខ្ពស់​ពាក់​ផ្កាយ​បី​ ដែល​មាន​រឿង​អាស្រូវ​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ទាំង​ដែល​លោក​មិន​ទាន់​លែងលះ​ប្រពន្ធ​នៅឡើយ។ លោក ហ៊ុន សែន ថា លោក​ហែក​កេរ្តិ៍​ក្មួយប្រុស​ពេល​នេះ ដើម្បី​ការពារ​ត្រកូល​។

លោក ហ៊ុន សែន៖ «ស្រី​ដែល​កំពុង​បង្ហោះ​ជាមួយ​ហ្វេសប៊ុក​ជាមួយ​អា​ជា មិន​មែន​ជា​ប្រពន្ធ​អា​ជា គឺ​ជា​ស្រី​របស់​អា​ជា​ត្រង់​អ្នក​ឯង​មាន​កូន​មាន​ចៅ​ ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​សួរ​បញ្ជាក់​ស្រាវជ្រាវ​យប់​ម៉ិញ​នេះ​អា​ជា​អត់​ទាន់​លែងលះ​គ្នា​ជា​មួយ​ប្រពន្ធ​ហ្នឹង​ឯង​ណា។ អ្ហែង​ចង់​ពាក់​ផ្កាយ​ហ្នឹង​តទៅ​ទៀត ឬ​អ្ហែង​ចង់​អស់​ផ្កាយ»។

លោក ហ៊ុន សែន លើកឡើង​ដូច្នេះ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​ មេគង្គ​ខេត្ត​ក្រចេះ​កាល​ពី​ថ្ងៃ​ទី២ ខែ​មករា។ ទោះ​យ៉ាងណា លោក ហ៊ុន សែន ក៏​មិន​បាន​ព្រមាន​ប្រើ​ច្បាប់​ឯកពន្ធភាព ស្ដីពី​ប្ដី​មួយ​ប្រពន្ធ​​លើ​ក្មួយ​ប្រុស​របស់​លោក​ដែរ។

លោក ហ៊ុន សែន រំលឹក​ថា កាល​ពី​ឆ្នាំ១៩៩៥ លោក ហ៊ុន ជា បាន​ពង្រត់​ប្រពន្ធ​របស់​ខ្លួន​សព្វ​ថ្ងៃ ហើយ​បញ្ហា​នេះ​ទាល់តែ​លោក​ចេញ​សម្របសម្រួល​ទើប​អាច​បញ្ចប់​រឿង​នេះ​បាន។

លោក ហ៊ុន ជា ជា​កូន​ប្រុស​របស់​លោក ហ៊ុន សាន។ លោក ហ៊ុន សាន ជា​​បងប្រុស​ទី​មួយ​របស់​លោក ហ៊ុន សែន។ លោក ហ៊ុន ជា មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម កើត​ឆ្នាំ​១៩៧៦ មានតួនាទីជា​ឧត្ដមសេនីយ៍​ពាក់​ផ្កាយ ៣ នៅ​ក្រសួង​មហាផ្ទៃ។ ទោះ​យ៉ាងណា លោក ហ៊ុន ជា មិន​សូវ​បង្ហាញ​ពី​ការ​បំពេញ​ការងារ​ក្នុង​នាម​ជា​មន្ត្រី​រាជការ​ទេ ប៉ុន្តែ​លោក​ចូលចិត្ត​បង្ហាញ​ជីវិត​ផឹក​ស៊ី​ច្រៀង​រាំង​ ដើរ​ព្រៃ ហើយ​លោក​ក៏​មាន​ជំនឿ​លើ​ខ្សែ​ក​បន្តោង​ខ្នាយ​តាន់​ផង​ដែរ។ លោក ហ៊ុន ជា ធ្លាប់​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៨ ខែ ​ករណី​បាញ់​បោះ​បង្ក​ឱ្យ​មាន​មនុស្ស​រង​របួស​ពី​ឆ្នាំ ២០១៨ ប៉ុន្តែ​ជាប់​ឃុំ​មិន​បាន​ប៉ុន្មាន​ខែ​ផង លោក ហ៊ុន ជា បាន​ចេញ​ពី​ពន្ធនាគារ​មក​វិញ។
1_Hun_Chea_HS_FB_010123_1.jpg

លោក ហ៊ុន ជា ក្មួយ​ប្រុស​របស់​លោក ហ៊ុន សែន និង​ស្ត្រី​ម្នាក់ក្នុង​រូប​នេះ​ ​​នាំ​លោក ហ៊ុន សែន ចោទ​សួរ​ដោយ​មន្ទឹល​ថា តើជា​ស្រីកំណាន់ ឬ​ជា​ប្រពន្ធ​របស់​លោក ហ៊ុន ជា ខណៈ​លោក​មិន​​ទាន់​លែងលះ​ប្រពន្ធ​នៅឡើយ។ រូបពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

 

ទាក់ទង​ករណី​រឿង​អាស្រូវ​ស្នេហា​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​ពី​លោក ហ៊ុន ជា បាន​ទេ ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

ក៏ប៉ុន្តែ​ពូ​របស់​លោក គឺ​លោក ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ល្ងាច​ថ្ងៃ​ទី ០៣ ខែ​មករា​ថា លោក ហ៊ុន ជា​ បាន​ត្រឡប់​ជួប​ប្រពន្ធ​កូន​វិញ​ហើយ ក្រោយ​មាន​ការ​សម្របសម្រួល​ពី​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន ដែល​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន ដែរ​នោះ។

ទោះ​យ៉ាងណា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់ថា លោក ហ៊ុន សែន មិន​គួរ​ផ្ដោត​រឿង​នេះ​ពេក​ទេ ដោយ​គួរ​យក​ពេល​ដោះស្រាយ​បញ្ហា​ជាតិ​និង​បញ្ហា​របស់​ពលរដ្ឋ​វិញ។

លោក អេង ឆៃអ៊ាង៖ «យើង​មិន​ចាំបាច់​យក​រឿង​ហ្នឹង​មក​ធ្វើ​ជា​អ្នក​ដើរ​តួ​ទេ ព្រោះ​យើង​មាន​ច្បាប់​ ប្រទេស​មាន​ច្បាប់​ដូច​ច្បាប់​ឯកពន្ធភាព​ អនុវត្ត​ទៅ​មិនមែន​ក្មួយ​ក្ដី ស្អី​ក្ដី​ មេដឹកនាំ​ត្រូវ​គិត​រឿង​ធំៗ ដែល​កសិករ​អត់​ទីផ្សារ​ រឿង​ប្រព័ន្ធ​យុត្តិធម៌ ដែល​តុលាការ​មិន​ឯករាជ្យ​ ត្រូវ​ដោះស្រាយ​រឿង​ហ្នឹង»។

អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា លោក ហ៊ុន សែន ទំនង​មិន​ហ៊ាន​និយាយ​រឿង​ភ្លើង​ឆេះ​អគារ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត និង​ការ​កាត់​ដី​ឧទ្យាន​ជាតិ​ជាង ២០០​ហិកតារ​ទៅ​ឱ្យ​ឈ្មួញ​ដែល​ស្និទ្ធ​នឹង​គ្រួសារ​លោក ទើប​លោក​យក​បញ្ហា​លោក ហ៊ុន ជា មក​និយាយ​ដើម្បី​បង្វែរ​ស្ថានការណ៍៕

1 comment:

Anonymous said...

Ah Chea emulated Ah Sen's choy style, but Ah Chea is better because he did not kill any girl yet.