ដោយ យ៉ង ចាន់តារា
2023.01.03
រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថតជាមួយគ្រួសារលោក ហ៊ុន ជា (ឈរខាងក្រោយ) ក្មួយរបស់លោក ដែលលោកបង្ហោះលើហ្វេសប៊ុក កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា រឿងរ៉ាវអាស្រូវស្នេហារបស់ត្រកូល ហ៊ុន ហាក់ដូចទៅនឹងសុភាសិតខ្មែរពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ ការលើកឡើងដូច្នេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាសាធារណៈថា ក្មួយប្រុសរបស់លោកម្នាក់គឺ លោក ហ៊ុន ជា លួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ទាំងពេលដែលលោក ហ៊ុន ជា មិនទាន់លែងលះប្រពន្ធនៅឡើយ។
ក្រុមអ្នកឃ្លាំមើលលើកឡើងថា សំណុំរឿងអាស្រូវស្នេហារបស់លោក ហ៊ុន ជា ក៏មិនខុសរឿងស្នេហាលួចលាក់របស់ពូលោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលជាង ២០ឆ្នាំមុននោះដែរ។ ពួកគេថារិះគន់ថា លោក ហ៊ុន សែន បានត្រឹមតែលាតត្រដាងរឿងអាស្រូវស្នេហារបស់ក្មួយលោកប៉ុណ្ណោះ ប៉ុន្តែលោក គ្មានចិត្តក្លាហានលាតត្រដាងបញ្ហារបស់ខ្លួន និងរឿងអាស្រូវស្នេហាកូនៗរបស់លោកទេ។
អ្នកវិភាគនយោបាយ លោក គឹម សុខ សង្កេតឃើញថា លោក ហ៊ុន សែន បានប្រកាសថា ក្មួយប្រុសរបស់លោកគឺ លោក ហ៊ុន ជា ខូចណាស់ ប៉ុន្តែ លោកហាក់ធ្វើភ្លេចមិនហ៊ាននិយាយរឿងអាស្រូវស្នេហាក្រុមគ្រួសាររបស់លោកទេ។ លោក គឹម សុខ កត់សម្គាល់ថា ក្រុមសាច់ញាតិរបស់លោក ហ៊ុន សែន ជាច្រើននាក់ ជាប់ជំពាក់រឿងស្នេហាលួចលាក់នេះ។ លោករិះគន់ថា ក្នុងនាមលោក ហ៊ុន សែន ជាអ្នកដឹកនាំប្រទេស មិនគួរលើកបញ្ហានេះឡើងជាសាធារណៈទេ ហើយបើលោក ហ៊ុន សែន មានឆន្ទៈចង់ដោះស្រាយបញ្ហានេះមែន លោកគួរបញ្ជូនសំណុំរឿងនេះទៅតុលាការ។
«តាមពិត ហ៊ុន ជា ពិតជាខូចអ៊ីចឹង មែន ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ភ្លេចប្រកាសអំពីមិនត្រឹមត្រូវជាជាបុរសខូច របស់គាត់ ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី ហើយហ្នឹងក្មួយៗ ប្រុសរបស់គាត់ជាច្រើនទៀត មានរឿងអាស្រូវខ្លាំងណាស់ទាក់ទងនឹងរឿងអាស្រូវការគំរាមកំហែងនារីភេទដើម្បីបម្រើតណ្ហារបស់ខ្លួន ហើយនារីទាំងនោះសុទ្ធតែក្លាយទៅជាជនរងគ្រោះ»។
ស្រដៀងគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសណ័រវ៉េ (Norway) លោក ម៉ែន ណាត សង្កេតឃើញថា កូនៗ របស់លោក ហ៊ុន សែន រួមមានកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត ធ្លាប់បែកធ្លាយរឿងស្នេហាលួចលាក់ជាមួយអតីតអ្នកយកព័ត៌មានទូរទស្សន៍អប្សរាម្នាក់ ហើយកូនប្រុសពៅរបស់លោកគឺលោក ហ៊ុន ម៉ានី ក៏ធ្លាប់បែកធ្លាយតាមហ្វេសប៊ុកនូវរឿងអាស្រូវស្នេហាជាមួយតារាភាពភាពយន្តម្នាក់ដែរ។ លោកបន្តទៀតថា មានរូបភាពបែកធ្លាយជាច្រើនបង្ហាញថា តារាភាពយន្តស្រីរូបនោះ ជាំសាច់ពេញខ្លួន ព្រោះការខាំរបស់លោក ហ៊ុន ម៉ានី។ អ្នកឃ្លាំមើលរូបនេះ បន្តទៀតថា សូម្បីលោក ហ៊ុន សែន ក៏ធ្លាប់មានរឿងស្នេហាលួចលាក់ជាមួយតារាភាពយន្តដ៏ល្បីឈ្មោះក្នុងទសវត្សទី៩០ អ្នកស្រី ពិសិដ្ឋ ពិលីកា រហូតមានការសម្លាប់អ្នកស្រី នៅពេលរឿងនេះបែកការដឹងដល់អ្នកស្រី ប៊ុន រ៉ានី។
លោក ម៉ែន ណាត៖ «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែនទែនទៅនិយាយពូពូជអំបូរពូជអំបូរឡប់ឡែច្របូកច្របល់ ឪពុកក៏អ៊ីចឹង កូនកើតមកឆ្លងអ៊ីចឹង ព្រោះគាត់ព្រមាន ហ៊ុន ជា ណោះករណី ហ៊ុន ម៉ាណែត ប៉ុន្មានឆ្នាំមុន ជាមួយនាង... ករណី ហ៊ុន ម៉ានី យកតួស្រីក្មេងៗ តួកុនអីមកខាំលេង ដូច្នេះគ្រួសារគឺវ៉ល់ទាំងអស់»។
ទាក់ទងការលើកឡើងនេះដែរ ទស្សនាវដ្ដីបារាំងមួយ ឈ្មោះលិចប្រេស (L'Express) បានចុះផ្សាយ ដោយផ្អែកលើភស្តុតាងមួយចំនួនថា ភរិយារបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន តែម្ដងជាអ្នកនៅពីក្រោយការបញ្ជាអោយបាញ់សម្លាប់ អ្នកស្រី ពិសិដ្ឋ ពិលីកា ដោយសារភ្លើងប្រច័ណ្ឌស្នេហាត្រីកោណ ដែលលោក ហ៊ុន សែន លួចលាក់ស្នេហាជាមួយអ្នកស្រី ពិសិដ្ឋ ពិលីកា។
ក្រុមអ្នកឃ្លាំមើលលើកឡើងដូច្នេះ ក្រោយពេលលោក ហ៊ុន សែន ព្រមានដកស័ក្ដិក្មួយប្រុសរបស់លោកគឺលោក ហ៊ុន ជា និងជាមេប៉ូលិសជាន់ខ្ពស់ពាក់ផ្កាយបី ដែលមានរឿងអាស្រូវស្នេហាជាមួយស្ត្រីម្នាក់ទាំងដែលលោកមិនទាន់លែងលះប្រពន្ធនៅឡើយ។ លោក ហ៊ុន សែន ថា លោកហែកកេរ្តិ៍ក្មួយប្រុសពេលនេះ ដើម្បីការពារត្រកូល។
លោក ហ៊ុន សែន៖ «ស្រីដែលកំពុងបង្ហោះជាមួយហ្វេសប៊ុកជាមួយអាជា មិនមែនជាប្រពន្ធអាជា គឺជាស្រីរបស់អាជាត្រង់អ្នកឯងមានកូនមានចៅ ខ្ញុំមិនដឹងទេ ខ្ញុំសួរបញ្ជាក់ស្រាវជ្រាវយប់ម៉ិញនេះអាជាអត់ទាន់លែងលះគ្នាជាមួយប្រពន្ធហ្នឹងឯងណា។ អ្ហែងចង់ពាក់ផ្កាយហ្នឹងតទៅទៀត ឬអ្ហែងចង់អស់ផ្កាយ»។
លោក ហ៊ុន សែន លើកឡើងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេ មេគង្គខេត្តក្រចេះកាលពីថ្ងៃទី២ ខែមករា។ ទោះយ៉ាងណា លោក ហ៊ុន សែន ក៏មិនបានព្រមានប្រើច្បាប់ឯកពន្ធភាព ស្ដីពីប្ដីមួយប្រពន្ធលើក្មួយប្រុសរបស់លោកដែរ។
លោក ហ៊ុន សែន រំលឹកថា កាលពីឆ្នាំ១៩៩៥ លោក ហ៊ុន ជា បានពង្រត់ប្រពន្ធរបស់ខ្លួនសព្វថ្ងៃ ហើយបញ្ហានេះទាល់តែលោកចេញសម្របសម្រួលទើបអាចបញ្ចប់រឿងនេះបាន។
លោក ហ៊ុន ជា ជាកូនប្រុសរបស់លោក ហ៊ុន សាន។ លោក ហ៊ុន សាន ជាបងប្រុសទីមួយរបស់លោក ហ៊ុន សែន។ លោក ហ៊ុន ជា មានស្រុកកំណើតនៅខេត្តកំពង់ចាម កើតឆ្នាំ១៩៧៦ មានតួនាទីជាឧត្ដមសេនីយ៍ពាក់ផ្កាយ ៣ នៅក្រសួងមហាផ្ទៃ។ ទោះយ៉ាងណា លោក ហ៊ុន ជា មិនសូវបង្ហាញពីការបំពេញការងារក្នុងនាមជាមន្ត្រីរាជការទេ ប៉ុន្តែលោកចូលចិត្តបង្ហាញជីវិតផឹកស៊ីច្រៀងរាំង ដើរព្រៃ ហើយលោកក៏មានជំនឿលើខ្សែកបន្តោងខ្នាយតាន់ផងដែរ។ លោក ហ៊ុន ជា ធ្លាប់ជាប់ពន្ធនាគាររយៈពេល ១៨ ខែ ករណីបាញ់បោះបង្កឱ្យមានមនុស្សរងរបួសពីឆ្នាំ ២០១៨ ប៉ុន្តែជាប់ឃុំមិនបានប៉ុន្មានខែផង លោក ហ៊ុន ជា បានចេញពីពន្ធនាគារមកវិញ។
លោក ហ៊ុន ជា ក្មួយប្រុសរបស់លោក ហ៊ុន សែន និងស្ត្រីម្នាក់ក្នុងរូបនេះ នាំលោក ហ៊ុន សែន ចោទសួរដោយមន្ទឹលថា តើជាស្រីកំណាន់ ឬជាប្រពន្ធរបស់លោក ហ៊ុន ជា ខណៈលោកមិនទាន់លែងលះប្រពន្ធនៅឡើយ។ រូបពីហ្វេសប៊ុកលោក ហ៊ុន សែន
ទាក់ទងករណីរឿងអាស្រូវស្នេហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយពីលោក ហ៊ុន ជា បានទេ ដោយទូរស័ព្ទចូល តែគ្មានអ្នកទទួល។
ក៏ប៉ុន្តែពូរបស់លោក គឺលោក ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃទី ០៣ ខែមករាថា លោក ហ៊ុន ជា បានត្រឡប់ជួបប្រពន្ធកូនវិញហើយ ក្រោយមានការសម្របសម្រួលពីអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន ដែលជាក្មួយប្រសារបស់លោក ហ៊ុន សែន ដែរនោះ។
ទោះយ៉ាងណា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង យល់ថា លោក ហ៊ុន សែន មិនគួរផ្ដោតរឿងនេះពេកទេ ដោយគួរយកពេលដោះស្រាយបញ្ហាជាតិនិងបញ្ហារបស់ពលរដ្ឋវិញ។
លោក អេង ឆៃអ៊ាង៖ «យើងមិនចាំបាច់យករឿងហ្នឹងមកធ្វើជាអ្នកដើរតួទេ ព្រោះយើងមានច្បាប់ ប្រទេសមានច្បាប់ដូចច្បាប់ឯកពន្ធភាព អនុវត្តទៅមិនមែនក្មួយក្ដី ស្អីក្ដី មេដឹកនាំត្រូវគិតរឿងធំៗ ដែលកសិករអត់ទីផ្សារ រឿងប្រព័ន្ធយុត្តិធម៌ ដែលតុលាការមិនឯករាជ្យ ត្រូវដោះស្រាយរឿងហ្នឹង»។
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងរិះគន់ថា លោក ហ៊ុន សែន ទំនងមិនហ៊ាននិយាយរឿងភ្លើងឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត និងការកាត់ដីឧទ្យានជាតិជាង ២០០ហិកតារទៅឱ្យឈ្មួញដែលស្និទ្ធនឹងគ្រួសារលោក ទើបលោកយកបញ្ហាលោក ហ៊ុន ជា មកនិយាយដើម្បីបង្វែរស្ថានការណ៍៕
1 comment:
Ah Chea emulated Ah Sen's choy style, but Ah Chea is better because he did not kill any girl yet.
Post a Comment