ដោយ មាន ឫទ្ធិ
2023.01.16
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពេលអាជ្ញាធរកម្ពុជាចាប់ខ្លួន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
រូបពីពលរដ្ឋ
អ្នកវិភាគនយោបាយ និងអ្នកឃ្លាំមើលកិច្ចការបោះឆ្នោត លើកឡើងថា ការចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ធ្វើឱ្យល្អក់កករដល់ស្ថានការណ៍នយោបាយនៅកម្ពុជានៅមុនការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ខែកក្កដាខាងមុខនេះ។ ពួកគេបារម្ភថា ការចាប់ខ្លួននេះ អាចប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតជាតិនាពេលខាងមុខនេះ។
អស់ពីវេនលោក សុន ឆ័យ និងលោក គង់ គាំ ដែលសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ក្នុងជួរក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សភ្លើងទៀន ទទួលរងនូវការធ្វើទុក្ខបុកម្នេញក្នុងរឿងរ៉ាវបណ្តឹងរឹបអូសយកទ្រព្យសម្បត្តិ ឥឡូវនេះដល់វេនអនុប្រធានគណបក្សភ្លើងទៀនម្នាក់ទៀត គឺ លោក ថាច់ សេដ្ឋា វិញម្តង។ លោកត្រូវបានអាជ្ញាធររបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែមករា ម្សិលម៉ិញ ក្រោយរងការចោទប្រកាន់ថា បានចេញសែកអត់លុយ ឬសែកស្អុយកាលពីអំឡុងឆ្នាំ២០១៩។
អ្នកវិភាគនយោបាយ លោក មាស នី មើលឃើញថា ការចាប់ខ្លួននេះជានិន្នាការមួយបង្ហាញថា អ្នកនយោបាយបក្សប្រឆាំងទំនងជាពិបាកគេចរួចពីការតាមធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររដ្ឋាភិបាល។
លោក មាស នី៖ «ឥទ្ធិពលរបស់ភ្លើងទៀនហាក់ដូចជានៅក្នុងក្រសែភ្នែករបស់រដ្ឋាភិបាល។ បើយើងមើលពីយុទ្ធសាស្ត្រដែលយើងឃើញពីមុនមក វាដូចកញ្ច្រែងរែងអង្ករអ៊ីចឹង។ ដូចយើងឃើញស្រាប់ហើយថា ឥឡូវវាមានទាំងការរឹបអូសទ្រព្យសម្បត្តិ ការប្តឹងក្នុងរឿងផ្ទាល់ខ្លួន ហើយរឿងផ្ទាល់ខ្លួននេះ បើសិនជាមិនមានរឿងបច្ចុប្បន្ន ក៏យករឿងអតីតកាលមកដែរ។ ដូច្នេះ យើងមើលទៅក្នុងច្រកទាំងអស់នេះ ខ្ញុំគិតថាអ្នកធ្វើនយោបាយនៅស្រុកខ្មែរ មិនមានអ្នកណាមួយគេចរួចទេ។ តិចណាស់ដែលគេចរួច»។
លោក មាស នី បារម្ភថា ចំណាត់ការនេះ នឹងធ្វើឱ្យស្ថានការណ៍នយោបាយនៅកម្ពុជាកាន់តែអាប់អួរ ដែលអាចប៉ះពាល់ដល់ដំណើរការបោះឆ្នោតជាតិខែកក្កដាខាងមុខ។
លោក មាស នី៖ «សម្រាប់ប៉ះពាល់ គឺវាប៉ះពាល់ហើយ បើកាលណាដំណើរការនៃការបោះឆ្នោត វាមិនសេរី មិនយុត្តិធម៌។ កាលណាយើងនិយាយពីរឿងបោះឆ្នោត យើងមិនមែននិយាយតែពីរឿងដើរទៅបោះឆ្នោតតែមួយថ្ងៃនោះទេ។ យើងមើលពីដំណើរទូទៅតាំងពីឥឡូវនេះទៅថាតើការប្រកួតហ្នឹង វាបានស្មើភាពគ្នាដែរឬអត់។ ករណីដែលយើងសង្កេតឃើញ យើងឃើញហើយកន្លងមក ប៉ុន្មានឆ្នាំហ្នឹង អ្នកនយោបាយខ្មែរយើង មានខ្លះចងដៃគ្នាហើយ បានបបួលគ្នាលោតទៅហែលទឹក។ បានន័យថា គូរបក្ខដិបក្ខម្ខាងចងដៃឱ្យអស់ទៅក្រោយទៅ ហើយបបួលទៅលោតទឹក ហែលទាំងអស់គ្នាអីទៅ។ ឬមួយទៀតគេហៅថា របៀបរត់ប្រណាំងគ្នាតាមបែបរាប់ មួយ ពីរ បី ទៅ ប៉ុន្តែ បាញ់កាំភ្លើងឱ្យបាក់ជើងសិន ហើយចាំបបួលគ្នាប្រណាំងរត់។ ដល់តែរត់ទៅ មានតែម្នាក់ហ្នឹងឯងដែលទៅដល់ទីដៅ ដល់អ្នកដទៃទៀត នៅខ្វិនខ្វង់តាមផ្លូវ»។
ស្រដៀងគ្នាទៅនឹងការលើកឡើងនេះ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស វាយតម្លៃថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា នាពេលនេះ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការបោះឆ្នោតខាងមុខ។
លោក កន សាវាង្ស៖ «ខ្ញុំនៅមើលឃើញថា វាពាក់ព័ន្ធនឹងអ្នកនយោបាយច្រើនណាស់។ ខ្ញុំមិនវាយតម្លៃថាតើដំណើរការនេះ វាពាក់ព័ន្ធនឹងវិបត្តិនយោបាយយ៉ាងម៉េចទេ ប៉ុន្តែ ខ្ញុំមើលឃើញថា សុទ្ធតែសកម្មជន ឬក៏ថ្នាក់ដឹកនាំនៃគណបក្សនយោបាយដែលដំណើរការនេះ វាអាចមានផលជះសម្រាប់ដំណើរការនៃការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ សម្រាប់គណបក្សប្រកួតប្រជែង។ យើងដឹងហើយថា គណបក្សភ្លើងទៀន គឺជាគណបក្សដែលមានការគាំទ្រខ្លាំងទីពីរ»។
ជុំវិញការចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញឈ្មោះ ទិត ដាលីន កាលពីថ្ងៃទី១៦ ខែមករា បានចេញដីកាសម្រេចឱ្យឃុំខ្លួន លោក ថាច់ សេដ្ឋា បណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ ឬគុកព្រៃស។ លោក ថាច់ សេដ្ឋា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានផ្សាយនៅថ្ងៃទី១៦ ខែមករា ដដែល ថា តំណាងអយ្យការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប ដែលបានប្តឹងលោក ថាច់ សេដ្ឋា ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬចេញសែកដោយគ្មានសាច់ប្រាក់ ចំនួន៥សន្លឹក កាលពីអំឡុងឆ្នាំ២០១៩។ សេចក្តីប្រកាសព័ត៌មានដដែលអះអាងថា លោក ថាច់ សេដ្ឋា បានខកខានមិនបានចូលខ្លួនបំភ្លឺតាមដីកាបង្គាប់ឱ្យចូលខ្លួនចំនួនពីរលើករបស់ចៅក្រមស៊ើបសួរចុះកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយពុំមានមូលហេតុ ទើបបានជាឈានទៅដល់ការចាប់ខ្លួន និងបញ្ជូនលោកទៅឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ដើម្បីសុំការពន្យល់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៦ ខែមករា ម្សិលម៉ិញ។
ទោះយ៉ាងណា មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក សំ សុខគង់ ពន្យល់ប្រាប់ វិទ្យុអាស៊ីសេរី កាលពីល្ងាចថ្ងៃទី១៦ ខែមករា ថា ទាំងលោក និងកូនក្តីលោក សុទ្ធតែពុំបានដឹងអំពីរឿងហេតុពាក់ព័ន្ធនឹងការប្តឹងផ្តល់ជុំវិញរឿងចេញសេកស្អុយនេះ។
លោក សំ សុខគង់៖ «យើងអត់បានដឹង។ ខ្ញុំមេធាវីនៅក្នុងគណបក្សហ្នឹង គឺអត់បានដឹង ហើយសាម៉ីខ្លួនហ្នឹងក៏មិនបានដឹងអំពីរឿងហេតុដែលមានការប្តឹងផ្តល់ទៅដល់តុលាការទាក់ទងទៅនឹងសំណុំរឿងនេះ។ យើងឃើញនៅក្នុងដីកាបង្គាប់ឱ្យនាំខ្លួនហ្នឹង ឃើញថា គេយើងទៅលើដីកាបង្គាប់ឱ្យចូលខ្លួនពីរដង។ ប៉ុន្តែ ខ្ញុំយល់ថា កូនក្តី គឺឯកឧត្តម ថាច់ សេដ្ឋា ដែលជាអនុប្រធានគណបក្សភ្លើងទៀន ប្រហែលជាមិនបានទទួលដីកា ឬមិនបានទទួលដំណឹងទៅតាមអ្វីដែលជាការយោងនៅក្នុងដីកាហ្នឹងទេ។ បើសិនជា ឯកឧត្ដមបានទទួលដីកាពិតមែននោះ ប្រហែលជាឯកឧត្ដមនឹងមិនគេចវេសទៅនឹងការអនុវត្តច្បាប់ទេ ហើយក៏អាចនឹងពឹងពាក់មេធាវីដើម្បីដំណើរការលើសំណុំរឿងនេះ កាលពីឆ្នាំ២០១៩ហ្នឹងហើយ»។
ផ្អែកតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ លោក ថាច់ សេដ្ឋា អាចប្រឈមនឹងជាប់ពន្ធនាគារពីពីរឆ្នាំ ទៅ ប្រាំឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ១០លានរៀល ប្រសិនបើតុលាការរកឃើញថា លោកពិតជាមានកំហុសមែន។
គណបក្សភ្លើងទៀន បានថ្កោលទោសចំពោះអាជ្ញាធរក្រុងភ្នំពេញដែលបានចាប់ និងឃុំខ្លួនលោក ថាច់ សេដ្ឋា នេះ។ សេចក្តីថ្លែងការណ៍ផ្សាយកាលពីថ្ងៃទី១៦ ខែមករា គណបក្សនេះថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា នេះកើតមានឡើងក្រោយពីមានចលនាបំភិតបំភ័យ និងការគំរាមកំហែងជាបន្តបន្ទាប់ក្នុងពេលថ្មីៗនេះ ពីសំណាក់អ្នកមានអំណាច មកលើថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន ចាត់ទុកការចាប់ និងឃុំខ្លួនលោក ថាច់ សេដ្ឋា នេះ គឺជារឿងនយោបាយ និងជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្ស។ គណបក្សភ្លើងទៀន អំពាវនាវដល់រដ្ឋាភិបាល និងតុលាការក្រុងភ្នំពេញ ឱ្យដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ដោយឥតលក្ខខណ្ឌ ដើម្បីធានាបរិយាកាសល្អប្រសើរសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ខាងមុខ៕
1 comment:
Ah Hun Sen is fully and officially insane. They must take him to see the mental Doctor before he cuts his own penis off.
Right now, everything that moves is a threat to Hun Sen.
Post a Comment