Tuesday, 17 January 2023

អ្នកវិភាគ​ថា ការចាប់ខ្លួន​លោក ថាច់ សេដ្ឋា អាច​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខាងមុខ


ដោយ មាន ឫទ្ធិ
2023.01.16
អ្នកវិភាគ​ថា ការចាប់ខ្លួន​លោក ថាច់ សេដ្ឋា អាច​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខាងមុខ 

លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ពេល​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២៣។
រូបពីពលរដ្ឋ


អ្នកវិភាគ​នយោបាយ និង​អ្នកឃ្លាំមើល​កិច្ចការ​បោះឆ្នោត លើកឡើងថា ការចាប់ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ធ្វើឱ្យ​ល្អក់កករ​ដល់​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នៅមុន​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិទី៧ ខែកក្កដា​ខាងមុខ​នេះ។ ពួកគេ​បារម្ភថា ការចាប់ខ្លួន​នេះ អាច​ប៉ះពាល់ដល់​ដំណើរការ​នៃ​ការបោះឆ្នោតជាតិ​នាពេល​ខាងមុខនេះ។

អស់ពី​វេន​លោក សុន ឆ័យ និង​លោក គង់ គាំ ដែល​សុទ្ធតែ​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​ភ្លើងទៀន ទទួល​រងនូវ​ការធ្វើទុក្ខបុកម្នេញ​ក្នុងរឿងរ៉ាវ​បណ្តឹង​រឹបអូស​យក​ទ្រព្យសម្បត្តិ ឥឡូវនេះ​ដល់វេន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ម្នាក់ទៀត គឺ លោក ថាច់ សេដ្ឋា វិញម្តង។ លោកត្រូវបាន​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី១៦ ខែមករា ម្សិលម៉ិញ ក្រោយរង​ការចោទប្រកាន់​ថា បាន​ចេញសែក​អត់លុយ ឬសែកស្អុយ​កាលពី​អំឡុងឆ្នាំ២០១៩។



អ្នកវិភាគ​នយោបាយ លោក មាស នី មើលឃើញថា ការចាប់ខ្លួន​នេះ​ជានិន្នាការ​មួយ​​បង្ហាញថា អ្នកនយោបាយ​បក្សប្រឆាំង​ទំនងជា​ពិបាក​គេចរួច​ពីការតាម​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល។

    លោក មាស នី៖ «ឥទ្ធិពល​របស់​ភ្លើងទៀន​ហាក់ដូចជា​នៅក្នុង​ក្រសែ​ភ្នែក​របស់​រដ្ឋាភិបាល។ បើយើង​មើល​ពី​យុទ្ធសាស្ត្រ​ដែលយើង​ឃើញ​ពីមុនមក វា​ដូច​កញ្ច្រែង​រែង​អង្ករ​អ៊ីចឹង។ ដូចយើង​ឃើញ​ស្រាប់ហើយ​ថា ឥឡូវ​វាមាន​ទាំងការ​រឹបអូស​ទ្រព្យសម្បត្តិ ការប្តឹង​ក្នុងរឿង​ផ្ទាល់ខ្លួន ហើយ​រឿងផ្ទាល់​ខ្លួន​នេះ បើសិនជា​មិនមាន​រឿងបច្ចុប្បន្ន ក៏​យករឿង​អតីតកាល​មកដែរ។ ដូច្នេះ យើងមើល​ទៅ​ក្នុងច្រក​ទាំងអស់នេះ ខ្ញុំ​គិតថា​អ្នកធ្វើ​នយោបាយ​នៅស្រុកខ្មែរ មិនមាន​អ្នកណាមួយ​គេចរួចទេ។ តិចណាស់​ដែល​គេចរួច»។

លោក មាស នី បារម្ភថា ចំណាត់ការ​នេះ នឹង​ធ្វើឱ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កាន់តែ​អាប់អួរ ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខែកក្កដា​ខាងមុខ។

    លោក មាស នី៖ «សម្រាប់​ប៉ះពាល់ គឺវា​ប៉ះពាល់ហើយ បើ​កាលណា​ដំណើរការ​នៃការបោះឆ្នោត វា​មិន​សេរី មិន​យុត្តិធម៌។ កាលណា​យើងនិយាយ​ពី​រឿងបោះឆ្នោត យើង​មិនមែន​និយាយ​តែពី​រឿង​ដើរទៅ​បោះឆ្នោត​តែមួយ​ថ្ងៃនោះទេ។ យើង​មើលពី​ដំណើរ​ទូទៅ​តាំងពី​ឥឡូវនេះទៅ​ថាតើ​ការប្រកួត​ហ្នឹង វា​បាន​ស្មើភាព​គ្នា​ដែរឬអត់។ ករណី​ដែល​យើង​សង្កេតឃើញ យើងឃើញ​ហើយ​កន្លងមក ប៉ុន្មាន​ឆ្នាំហ្នឹង អ្នកនយោបាយ​ខ្មែរ​យើង មាន​ខ្លះចងដៃ​គ្នា​ហើយ បាន​បបួល​គ្នា​លោត​ទៅហែលទឹក។ បានន័យថា គូរបក្ខដិបក្ខ​ម្ខាង​ចងដៃ​ឱ្យ​អស់​ទៅក្រោយទៅ ហើយ​បបួល​ទៅលោតទឹក ហែល​ទាំងអស់គ្នា​អីទៅ។ ឬមួយទៀត​គេហៅ​ថា របៀប​រត់ប្រណាំងគ្នា​តាមបែប​រាប់ មួយ ពីរ បី ទៅ ប៉ុន្តែ បាញ់​កាំភ្លើង​ឱ្យ​បាក់ជើង​សិន ហើយ​ចាំបបួលគ្នា​ប្រណាំង​រត់។ ដល់តែ​រត់ទៅ មានតែម្នាក់​ហ្នឹងឯង​ដែលទៅដល់​ទីដៅ ដល់អ្នកដទៃទៀត នៅ​ខ្វិនខ្វង់​តាមផ្លូវ»។

ស្រដៀងគ្នា​ទៅនឹង​ការលើកឡើងនេះ អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូមតិ​​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស វាយតម្លៃ​ថា ការចាប់ខ្លួន​លោក ថាច់ សេដ្ឋា នាពេលនេះ នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការបោះឆ្នោត​ខាងមុខ។

    លោក កន សាវាង្ស៖ «ខ្ញុំ​នៅ​មើលឃើញថា វា​ពាក់ព័ន្ធនឹង​អ្នកនយោបាយ​ច្រើនណាស់។ ខ្ញុំ​មិនវាយតម្លៃ​ថាតើ​ដំណើរការ​នេះ វា​ពាក់ព័ន្ធនឹង​វិបត្តិនយោបាយ​យ៉ាងម៉េចទេ ប៉ុន្តែ ខ្ញុំ​មើលឃើញ​ថា សុទ្ធតែ​សកម្មជន ឬក៏​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នយោបាយ​ដែល​ដំណើរការ​នេះ វា​អាច​មាន​ផលជះ​សម្រាប់​ដំណើរការ​នៃការ​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ២០២៣​ខាងមុខនេះ សម្រាប់​គណបក្ស​ប្រកួតប្រជែង។ យើងដឹងហើយថា គណបក្ស​ភ្លើងទៀន គឺជា​គណបក្ស​ដែលមាន​ការគាំទ្រ​ខ្លាំងទីពីរ»។

ជុំវិញ​ការចាប់ខ្លួន​អនុប្រធាន​គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឈ្មោះ ទិត ដាលីន កាលពី​ថ្ងៃទី១៦ ខែមករា បានចេញ​ដីកា​សម្រេច​ឱ្យ​ឃុំខ្លួន លោក ថាច់ សេដ្ឋា បណ្តោះ​អាសន្ន​នៅ​មណ្ឌល​អប់រំកែប្រែទី១ ឬគុកព្រៃស។ លោក ថាច់ សេដ្ឋា ត្រូវបាន​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការពិនិត្យ​ពីបទ «មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាចជួញ​ដូរបាន» ប្រព្រឹត្ត​នៅ​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ២០១៩។

អ្នកនាំពាក្យ​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ផ្សាយ​នៅថ្ងៃទី១៦ ខែមករា ដដែល ថា តំណាង​អយ្យការ​បាន​ទទួល​ពាក្យបណ្តឹង​ពីក្រុមហ៊ុន រិន ឆាយ ផនសប ដែល​បាន​ប្តឹង​លោក ថាច់ សេដ្ឋា ពីបទ «មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាចជួញ​ដូរបាន» ឬ​ចេញសែក​ដោយគ្មាន​សាច់ប្រាក់ ចំនួន៥សន្លឹក កាលពី​អំឡុង​ឆ្នាំ២០១៩។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​អះអាងថា លោក ថាច់ សេដ្ឋា បាន​ខកខាន​មិនបាន​ចូលខ្លួន​បំភ្លឺ​តាម​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ចំនួន​ពីរលើក​របស់​ចៅក្រមស៊ើបសួរ​ចុះកាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និង​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយ​ពុំមាន​មូលហេតុ ទើបបាន​ជា​ឈានទៅដល់​ការចាប់ខ្លួន និង​បញ្ជូន​លោក​ទៅឃុំខ្លួន​បណ្តោះអាសន្ន​នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

វិទ្យុអាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​នៃ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សុំ​ការពន្យល់​បន្ថែម​ជុំវិញ​រឿងនេះ​បានទេ នៅថ្ងៃទី១៦ ខែមករា ម្សិលម៉ិញ។

ទោះយ៉ាងណា មេធាវី​ការពារក្តីឱ្យ​លោក ថាច់ សេដ្ឋា គឺលោក សំ សុខគង់ ពន្យល់​ប្រាប់ វិទ្យុអាស៊ីសេរី កាលពី​ល្ងាចថ្ងៃទី១៦ ខែមករា ថា ទាំងលោក និង​កូនក្តីលោក សុទ្ធតែ​ពុំបាន​ដឹង​អំពីរឿងហេតុ​ពាក់ព័ន្ធនឹង​ការប្តឹងផ្តល់​ជុំវិញ​រឿងចេញ​សេកស្អុយ​នេះ។

    លោក សំ សុខគង់៖ «យើង​អត់បាន​ដឹង។ ខ្ញុំ​មេធាវី​នៅក្នុង​គណបក្ស​ហ្នឹង គឺអត់បាន​ដឹង ហើយ​សាម៉ីខ្លួន​ហ្នឹង​ក៏មិនបាន​ដឹង​អំពីរឿងហេតុ​ដែលមាន​ការប្តឹងផ្តល់​ទៅដល់​តុលាការ​ទាក់ទងទៅនឹង​សំណុំរឿងនេះ។ យើងឃើញ​នៅក្នុង​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ហ្នឹង ឃើញ​ថា គេយើង​ទៅលើ​ដីកា​បង្គាប់​ឱ្យចូលខ្លួន​ពីរដង។ ប៉ុន្តែ ខ្ញុំ​យល់ថា កូនក្តី គឺ​ឯកឧត្តម ថាច់ សេដ្ឋា ដែលជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន ប្រហែលជា​មិនបាន​ទទួលដីកា ឬមិនបាន​ទទួលដំណឹង​ទៅតាម​អ្វីដែល​ជា​ការយោង​នៅក្នុង​ដីកាហ្នឹង​ទេ។ បើសិនជា ឯកឧត្ដម​បាន​ទទួលដីកា​ពិតមែននោះ ប្រហែលជា​ឯកឧត្ដម​នឹង​មិនគេចវេស​ទៅនឹង​ការអនុវត្ត​ច្បាប់ទេ ហើយក៏​អាចនឹង​ពឹងពាក់​មេធាវី​ដើម្បី​ដំណើរការ​លើសំណុំរឿងនេះ កាលពី​ឆ្នាំ២០១៩​ហ្នឹងហើយ»។

ផ្អែកតាម​មាត្រា ២៣១ នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាចជួញដូរបាន និង​ប្រតិបត្តិការ​ទូរទាត់​សងប្រាក់ លោក ថាច់ សេដ្ឋា អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី​ពីរឆ្នាំ ទៅ ប្រាំឆ្នាំ និង​ពិន័យជា​ប្រាក់​ពី​៥លានរៀល ទៅ១០លាន​រៀល ប្រសិនបើ​តុលាការ​រកឃើញ​ថា លោកពិតជា​មាន​កំហុសមែន។

គណបក្ស​ភ្លើងទៀន បាន​ថ្កោលទោស​ចំពោះ​អាជ្ញាធរ​ក្រុងភ្នំពេញ​ដែលបាន​ចាប់ និង​ឃុំខ្លួន​លោក ថាច់ សេដ្ឋា នេះ។ សេចក្តីថ្លែងការណ៍​ផ្សាយកាលពី​ថ្ងៃទី១៦ ខែមករា គណបក្ស​នេះថា ការចាប់ខ្លួន​លោក ថាច់ សេដ្ឋា នេះ​កើតមានឡើង​ក្រោយពី​មាន​ចលនា​បំភិតបំភ័យ និង​ការគំរាមកំហែង​ជាបន្តបន្ទាប់​ក្នុងពេល​ថ្មីៗ​នេះ ពី​សំណាក់​អ្នកមាន​អំណាច មកលើ​ថ្នាក់ដឹកនាំ និង​សកម្មជន​របស់​គណបក្ស​ភ្លើងទៀន។ គណបក្ស​ភ្លើងទៀន ចាត់ទុក​ការចាប់ និង​ឃុំខ្លួន​លោក ថាច់ សេដ្ឋា នេះ គឺជា​រឿងនយោបាយ និង​ជារូបភាព​គំរាមកំហែង ដើម្បី​បំបាក់ស្មារតី​ប្រជាពលរដ្ឋខ្មែរ មិនឱ្យ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស។ គណបក្សភ្លើងទៀន អំពាវនាវ​ដល់​រដ្ឋាភិបាល និង​តុលាការ​ក្រុងភ្នំពេញ ឱ្យ​ដោះលែង​លោក ថាច់ សេដ្ឋា ឱ្យមាន​សេរីភាព​ឡើងវិញ​ជាបន្ទាន់​ដោយឥតលក្ខខណ្ឌ ដើម្បី​ធានា​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅខែ​កក្កដា ខាងមុខ៕

1 comment:

Anonymous said...

Ah Hun Sen is fully and officially insane. They must take him to see the mental Doctor before he cuts his own penis off.

Right now, everything that moves is a threat to Hun Sen.