Sunday, 28 May 2023

លោក ហ៊ុន សែន រង​ការរិះគន់​រឿង​ជេរ​ប្រមាថ​សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី


ដោយ ​ម៉ៅ សុធានី
2023.05.27

លោក ហ៊ុន សែន រង​ការរិះគន់​រឿង​ជេរ​ប្រមាថ​សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី

កញ្ញា សេង ធារី ស្លៀកពាក់សំលៀកបំពាក់ រូប​សំណាក​សេរីភាព នៅ​មុខសាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មិថុនា ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ


មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ចាត់ទុក​សម្ដី​អសុរោះ​របស់​លោក ហ៊ុន សែន មិន​សក្ដិសម​ជា​មេដឹកនាំ និង​បង្ហាញ​គំរូ​អាក្រក់​ដល់​សង្គម​។ ការរិះគន់​នេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន សែន ជេរ​ប្រមាថ​សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​កញ្ញា សេង ធារី ដែល​តស៊ូ​មតិ និង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​ក្នុង​ពន្ធនាគារ​កន្លង​មក។

បើ​ទោះបី​ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា​សម្ដែង​មតិ ផ្អែកលើ​មូលដ្ឋាន​ច្បាប់​កំពូល និង​ច្បាប់​អន្តរជាតិ​ជាច្រើន​ក្តី ក៏​លោក ហ៊ុន សែន ព្យាយាម​ចោទប្រកាន់​អ្នក​ចេញ​តវ៉ា ឬ​អ្នកធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ទាមទារ​យុត្តិធម៌​កន្លង​ម​ថា​ធ្វើ​ឱ្យ​ប៉ះពាល់​ស្ថិរភាព​ក្នុង​ប្រទេស​ទៅវិញ។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ថែមទាំង​ប្រើប្រាស់​វេទិកាសាធារណៈ ប្រមាថ​កិត្តិយស​របស់​កញ្ញា សេង ធារី ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។



ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ថ្ងៃទី​២៦ ខែឧសភា លោក ហ៊ុន សែន ថា អាជ្ញាធរ​របស់​លោក​ចាប់​វាយ​ខ្នោះ​ដាក់​គុក​កញ្ញា សេង ធារី ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ខេត្តព្រះវិហារ​ដោយ​មិន​ស្គាល់​អ្នកច្បាប់​មាន​សញ្ជាតិ​ខ្មែរ​-​អាមេរិក​នោះ​ទេ។ លោក ហ៊ុន សែន ហៅ​អ្នកជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ កញ្ញា សេង ធារី ថា​ជា​អប្សរា​ក្បាល​ត្រងោល​ដែល​បាន​ធ្វើ​កូដកម្ម​បង្អត់អាហារ​ពេល​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden)​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា។

    លោក ហ៊ុន សែន៖ «អប្សរា​ក្បាល​ត្រងោល អាង​ខ្លួនឯង​សញ្ជាតិ​អាមេរិក​បណ្ឌិត​ច្បាប់​ឯណា អឺ​មី​នាង​មិន​ទាន់​ដល់​ពេល​ទេ មី​នាង​ធ្វើ​ជា​អប្សរា​ក្បាល​ត្រងោល ពាក់​ឯណា តា​ដល់​ម៉ោង​សាលក្រម​ចេញ​ហើយ​វាយ​ខ្នោះ នោះ​ព្រះវិហារ ពេល​ប្រធានាធិបតី​អាមេរិក​មក គេ​ធ្វើ​ជា​កូដកម្ម​អត់​បាយ អើ​អត់បាយ​វា​អត់​ទៅ មិន​ដែល​យើង​ជា​អ្នក​ឃ្លាន​ជំនួស​ទេ​វើយ ឥឡូវ​ច្រាស​វិញ​ហើយ​ហាស កុំ​និយាយ​ស៊ី ឬ​ញាំ​វិញ​ហើយ​នាង បើ​អីចឹង​ឱ្យ​វា​អត់​រហូត​តែម្តង​ទៅ»។

ឆ្លើយតប​រឿង​នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ំ សំអាន សោកស្តាយ​ចំពោះ​លោក ហ៊ុន សែន បន្ត​គំរាមកំហែង មាក់ងាយ​លើ​ស្ត្រី និង​អ្នកតស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា។ លោក​ចាត់ទុក​ទង្វើ​របស់​លោក ហ៊ុន សែន នេះ​ថា​ផ្តល់​គំរូ​អាក្រក់ និង​បង្ហាញ​ពី​ការ​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ។ លោក អ៊ំ សំអាន មើល​ឃើញ​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន តាម​រករឿង​កញ្ញា សេង ធារី និង​អ្នក​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត​ដោយសារ​ពួកគេ​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​ពលរដ្ឋ​ងើប​តវ៉ា​ប្រឆាំង​អំពើ​អយុត្តិធម៌។

    លោក អ៊ំ សំអាន៖ «ភាព​អយុត្តិធម៌​នៅ​ក្នុង​វា​មាន​ច្រើន​រាប់មិនអស់ រាប់​លាន​នាក់​នេះ​គ្រោះថ្នាក់​ដល់​ការ​ផ្ទេរអំណាច​ផ្ដាច់ការ​ត​ពូជ​របស់​គាត់​បានជា​គាត់​ព្រួយ​បារម្ភ​។ អ្នក​ចេញ​តវ៉ា អ្នកធ្វើ​កូដកម្ម​បង្អត់​អាហារ​ជា​សិទ្ធិ​តស៊ូ​មតិ​ដោយ​អហិង្សា ស្របតាម​រដ្ឋធម្មនុញ្ញ​ដែល​ប្រជាពលរដ្ឋ​បញ្ចេញមតិ តស៊ូ​មតិ ធ្វើ​បាន​បាតុកម្ម​ដោយ​អហិង្សា​បានជា​គាត់​ចង់​បំបិទ​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​សិទ្ធិមនុស្ស​ហ្នឹង គឺ​មានន័យថា​គាត់​កំពុង​កាន់​អំណាច​ផ្ដាច់ការ​ត​ត្រកូល​ហើយ​បាទ»។

មុន​ពេល​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​កញ្ញា សេង ធារី ដាក់​ពន្ធនាគារ កញ្ញា​បាន​រៀបចំ​យុទ្ធនាការ​តស៊ូ​មតិ ប្លែកៗ ដូចជា​កញ្ញា​កោរ​សក់​ស្លៀក​ឈុត​អប្សរា ស្លៀក​សម្លៀកបំពាក់​អ្នកទោស​ដោយ​ជើង​ជាប់​ខ្នោះ ស្លៀក​សារុងពង់​ជួតក្បាល​ក្រមា មាន​កណ្ដៀត​កញ្ច្រែង​បន្លែ និង​ស្លៀក​សម្លៀកបំពាក់​រ៉ូប​ពណ៌​ស កាន់​ជញ្ជីង​តំណាង​ឲ្យ​ស្ត្រី​យុត្តិធម៌ (Lady Justice) ជាដើម​។ សកម្មភាព​តស៊ូ​មតិ​នេះ​ដើម្បី​ឆ្លើយតប​នឹង​ប្រព័ន្ធ​តុលាការ​ស្ថិត​ក្រោម​អ្នកនយោបាយ ។ កញ្ញា​ធ្លាប់​បញ្ជាក់​ថា កញ្ញា​ដឹង​ច្បាស់​ក្នុង​ចិត្ត​ថា អាជ្ញាធរ​លោក ហ៊ុន សែន នឹង​ចាប់ខ្លួន តែ​ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម គឺ​កញ្ញា​មិន​ខ្លាច​នឹង​ពលិកម្ម​នោះ​ទេ។

ទោះបី​កញ្ញា​បាត់បង់​សេរីភាព​ក្តី ប៉ុន្តែ​អំឡុង​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​វិច្ឆិកា ឆ្នាំ​២០២២ កញ្ញា សេង ធារី បាន​ធ្វើ​កូដកម្ម​បង្អត់អាហារ​រយៈពេល ១​សប្តាហ៍​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា​ឱ្យ​មាន​សេរីភាព។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ភាព​ក្លាហាន​របស់​កញ្ញា សេង ធារី គួរតែ​ទទួល​បាន​ការ​កោត​សរសើរ និង​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល ពីព្រោះ​សង្គម​ប្រជាធិបតេយ្យ​ចាត់ទុក​ការ​សម្តែង​មតិ ការ​តវ៉ា ការ​ធ្វើ​បាតុកម្ម ការ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ជា​ការ​អនុវត្ត​សិទ្ធិ​ដែល​ធានា​ដោយ​ច្បាប់​កំពូល​របស់​ជាតិ។

    លោក នី សុខា៖ «ខ្ញុំ​យល់​ថា រដ្ឋាភិបាល​គួរតែ​ស្តាប់​នូវ​អ្វី​ដែល​ជា​ការ​ទាមទារ​របស់​គាត់ (កញ្ញា សេង ធារី) ដើម្បី​យក​ទៅ​ពិចារណា ដោយ​ជៀសវាង ជា​ជាង​បន្តុះបង្អាប់​ការ​ទាមទារ​របស់​គាត់ ហើយ​និយាយ​ក្នុង​ន័យ​លែបខាយ ក្នុង​ន័យ​មិន​ផ្តល់​តម្លៃ ខ្ញុំ​យល់​ថា អាហ្នឹង​វា​មិន​ត្រឹមត្រូវ​ទេ មិនមែន​ជា​ប្រទេស​របស់​យើង​ដែល​គោរព​សិទ្ធិ​បុគ្គល​ទេ ពីព្រោះ​បុគ្គល​ម្នាក់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ សិទ្ធិ​ក្នុង​សេចក្តី​ថ្លៃថ្នូរ សិទ្ធិ​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​មិន​ខុស​នឹង​ច្បាប់​បាទ»។

សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​កញ្ញា សេង ធារី កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ នៅ​ខាង​មុខ​តុលាការ​ក្រុងភ្នំពេញ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​កាត់ទោស​ឲ្យ​កញ្ញា​ជាប់ពន្ធនាគារ​៦​ឆ្នាំ ពី​បទ​ចោទ​រួមគំនិត​ក្បត់​ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩។ មួយថ្ងៃ​បន្ទាប់​មក តុលាការ​បាន​បញ្ជូន​កញ្ញា​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ។

កន្លងទៅ​សហគមន៍​ជាតិ និង​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​បាន​ថ្កោល​ទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ដោយ​ចាត់ទុក​ការ​ឃុំខ្លួន​កញ្ញា សេង ធារី ថា ជា​ការ​បំពាន​សិទ្ធិមនុស្ស ហើយ​ទាមទារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​កញ្ញា​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​ឥត​លក្ខខណ្ឌ៕

1 comment:

Anonymous said...

This devil Hun Sen is a special kind of animal who was born to make Cambodia a part of the evil Vietnam. He is so rude only against Khmer people but he is so gentle toward his master Yuon.