ដោយ ម៉ៅ សុធានី
2023.05.27
កញ្ញា សេង ធារី ស្លៀកពាក់សំលៀកបំពាក់ រូបសំណាកសេរីភាព នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មិថុនា ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលចាត់ទុកសម្ដីអសុរោះរបស់លោក ហ៊ុន សែន មិនសក្ដិសមជាមេដឹកនាំ និងបង្ហាញគំរូអាក្រក់ដល់សង្គម។ ការរិះគន់នេះ គឺបន្ទាប់ពីលោក ហ៊ុន សែន ជេរប្រមាថសកម្មជនសិទ្ធិមនុស្ស និងអ្នកជំនាញផ្នែកច្បាប់កញ្ញា សេង ធារី ដែលតស៊ូមតិ និងធ្វើកូដកម្មដោយសន្តិវិធីនៅក្នុងពន្ធនាគារកន្លងមក។
បើទោះបីពលរដ្ឋមានសិទ្ធិពេញលេញក្នុងការប្រមូលផ្តុំគ្នាសម្ដែងមតិ ផ្អែកលើមូលដ្ឋានច្បាប់កំពូល និងច្បាប់អន្តរជាតិជាច្រើនក្តី ក៏លោក ហ៊ុន សែន ព្យាយាមចោទប្រកាន់អ្នកចេញតវ៉ា ឬអ្នកធ្វើកូដកម្មដោយសន្តិវិធីទាមទារយុត្តិធម៌កន្លងមថាធ្វើឱ្យប៉ះពាល់ស្ថិរភាពក្នុងប្រទេសទៅវិញ។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ថែមទាំងប្រើប្រាស់វេទិកាសាធារណៈ ប្រមាថកិត្តិយសរបស់កញ្ញា សេង ធារី ដែលត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារខេត្តព្រះវិហារ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅថ្ងៃទី២៦ ខែឧសភា លោក ហ៊ុន សែន ថា អាជ្ញាធររបស់លោកចាប់វាយខ្នោះដាក់គុកកញ្ញា សេង ធារី ហើយបញ្ជូនទៅឃុំខ្លួននៅខេត្តព្រះវិហារដោយមិនស្គាល់អ្នកច្បាប់មានសញ្ជាតិខ្មែរ-អាមេរិកនោះទេ។ លោក ហ៊ុន សែន ហៅអ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិ កញ្ញា សេង ធារី ថាជាអប្សរាក្បាលត្រងោលដែលបានធ្វើកូដកម្មបង្អត់អាហារពេលប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden)ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។
លោក ហ៊ុន សែន៖ «អប្សរាក្បាលត្រងោល អាងខ្លួនឯងសញ្ជាតិអាមេរិកបណ្ឌិតច្បាប់ឯណា អឺមីនាងមិនទាន់ដល់ពេលទេ មីនាងធ្វើជាអប្សរាក្បាលត្រងោល ពាក់ឯណា តាដល់ម៉ោងសាលក្រមចេញហើយវាយខ្នោះ នោះព្រះវិហារ ពេលប្រធានាធិបតីអាមេរិកមក គេធ្វើជាកូដកម្មអត់បាយ អើអត់បាយវាអត់ទៅ មិនដែលយើងជាអ្នកឃ្លានជំនួសទេវើយ ឥឡូវច្រាសវិញហើយហាស កុំនិយាយស៊ី ឬញាំវិញហើយនាង បើអីចឹងឱ្យវាអត់រហូតតែម្តងទៅ»។
ឆ្លើយតបរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន សោកស្តាយចំពោះលោក ហ៊ុន សែន បន្តគំរាមកំហែង មាក់ងាយលើស្ត្រី និងអ្នកតស៊ូទាមទារសិទ្ធិសេរីភាពនៅកម្ពុជា។ លោកចាត់ទុកទង្វើរបស់លោក ហ៊ុន សែន នេះថាផ្តល់គំរូអាក្រក់ និងបង្ហាញពីការដឹកនាំប្រទេសបែបផ្ដាច់ការ។ លោក អ៊ំ សំអាន មើលឃើញថា មូលហេតុដែលលោក ហ៊ុន សែន តាមរករឿងកញ្ញា សេង ធារី និងអ្នកប្រជាធិបតេយ្យមួយចំនួនទៀតដោយសារពួកគេមានឥទ្ធិពលធ្វើឱ្យពលរដ្ឋងើបតវ៉ាប្រឆាំងអំពើអយុត្តិធម៌។
លោក អ៊ំ សំអាន៖ «ភាពអយុត្តិធម៌នៅក្នុងវាមានច្រើនរាប់មិនអស់ រាប់លាននាក់នេះគ្រោះថ្នាក់ដល់ការផ្ទេរអំណាចផ្ដាច់ការតពូជរបស់គាត់បានជាគាត់ព្រួយបារម្ភ។ អ្នកចេញតវ៉ា អ្នកធ្វើកូដកម្មបង្អត់អាហារជាសិទ្ធិតស៊ូមតិដោយអហិង្សា ស្របតាមរដ្ឋធម្មនុញ្ញដែលប្រជាពលរដ្ឋបញ្ចេញមតិ តស៊ូមតិ ធ្វើបានបាតុកម្មដោយអហិង្សាបានជាគាត់ចង់បំបិទសិទ្ធិដែលមានចែងក្នុងច្បាប់សិទ្ធិមនុស្សហ្នឹង គឺមានន័យថាគាត់កំពុងកាន់អំណាចផ្ដាច់ការតត្រកូលហើយបាទ»។
មុនពេលអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនកញ្ញា សេង ធារី ដាក់ពន្ធនាគារ កញ្ញាបានរៀបចំយុទ្ធនាការតស៊ូមតិ ប្លែកៗ ដូចជាកញ្ញាកោរសក់ស្លៀកឈុតអប្សរា ស្លៀកសម្លៀកបំពាក់អ្នកទោសដោយជើងជាប់ខ្នោះ ស្លៀកសារុងពង់ជួតក្បាលក្រមា មានកណ្ដៀតកញ្ច្រែងបន្លែ និងស្លៀកសម្លៀកបំពាក់រ៉ូបពណ៌ស កាន់ជញ្ជីងតំណាងឲ្យស្ត្រីយុត្តិធម៌ (Lady Justice) ជាដើម។ សកម្មភាពតស៊ូមតិនេះដើម្បីឆ្លើយតបនឹងប្រព័ន្ធតុលាការស្ថិតក្រោមអ្នកនយោបាយ ។ កញ្ញាធ្លាប់បញ្ជាក់ថា កញ្ញាដឹងច្បាស់ក្នុងចិត្តថា អាជ្ញាធរលោក ហ៊ុន សែន នឹងចាប់ខ្លួន តែដើម្បីបុព្វហេតុសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម គឺកញ្ញាមិនខ្លាចនឹងពលិកម្មនោះទេ។
ទោះបីកញ្ញាបាត់បង់សេរីភាពក្តី ប៉ុន្តែអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានកាលពីវិច្ឆិកា ឆ្នាំ២០២២ កញ្ញា សេង ធារី បានធ្វើកូដកម្មបង្អត់អាហាររយៈពេល ១សប្តាហ៍ទាមទារឱ្យតុលាការដោះលែងកញ្ញាឱ្យមានសេរីភាព។
ជុំវិញរឿងនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា មានប្រសាសន៍ថា ភាពក្លាហានរបស់កញ្ញា សេង ធារី គួរតែទទួលបានការកោតសរសើរ និងលើកទឹកចិត្តពីរដ្ឋាភិបាល ពីព្រោះសង្គមប្រជាធិបតេយ្យចាត់ទុកការសម្តែងមតិ ការតវ៉ា ការធ្វើបាតុកម្ម ការធ្វើកូដកម្មដោយអហិង្សាជាការអនុវត្តសិទ្ធិដែលធានាដោយច្បាប់កំពូលរបស់ជាតិ។
លោក នី សុខា៖ «ខ្ញុំយល់ថា រដ្ឋាភិបាលគួរតែស្តាប់នូវអ្វីដែលជាការទាមទាររបស់គាត់ (កញ្ញា សេង ធារី) ដើម្បីយកទៅពិចារណា ដោយជៀសវាង ជាជាងបន្តុះបង្អាប់ការទាមទាររបស់គាត់ ហើយនិយាយក្នុងន័យលែបខាយ ក្នុងន័យមិនផ្តល់តម្លៃ ខ្ញុំយល់ថា អាហ្នឹងវាមិនត្រឹមត្រូវទេ មិនមែនជាប្រទេសរបស់យើងដែលគោរពសិទ្ធិបុគ្គលទេ ពីព្រោះបុគ្គលម្នាក់មានសិទ្ធិសេរីភាពក្នុងការរស់នៅ សិទ្ធិក្នុងសេចក្តីថ្លៃថ្នូរ សិទ្ធិក្នុងការធ្វើសកម្មភាពផ្សេងៗដែលមិនខុសនឹងច្បាប់បាទ»។
សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនកញ្ញា សេង ធារី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅខាងមុខតុលាការក្រុងភ្នំពេញ ក្រោយតុលាការប្រកាសសាលក្រមកាត់ទោសឲ្យកញ្ញាជាប់ពន្ធនាគារ៦ឆ្នាំ ពីបទចោទរួមគំនិតក្បត់ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ មួយថ្ងៃបន្ទាប់មក តុលាការបានបញ្ជូនកញ្ញាទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ រហូតមកទល់នឹងបច្ចុប្បន្ននេះ។
កន្លងទៅសហគមន៍ជាតិ និងអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកបានថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់ ដោយចាត់ទុកការឃុំខ្លួនកញ្ញា សេង ធារី ថា ជាការបំពានសិទ្ធិមនុស្ស ហើយទាមទាររដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងកញ្ញាឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ៕
1 comment:
This devil Hun Sen is a special kind of animal who was born to make Cambodia a part of the evil Vietnam. He is so rude only against Khmer people but he is so gentle toward his master Yuon.
Post a Comment