2023.05.15
លទ្ធផលបោះឆ្នោតបឋមនៅប្រទេសថៃ បង្ហាញថា គណបក្សប្រឆាំងចំនួនពីរ កំពុងនាំមុខគេ ក្នុងការដណ្តើមយកអាសនៈសភាសរុបចំនួន ៥០០ អាសនៈ។ នោះគឺគណបក្សភឿ ថៃ (Pheu Thai) ដឹកនាំដោយកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) ដែលត្រូវបានក្រុមយោធាមានទំនោរទៅរករបបរាជានិយមធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចកាលពីឆ្នាំ២០០៦។
គណបក្សដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបន្ទាប់ គឺគណបក្សឆ្ពោះទៅមុខ (Move Forward Party) ដឹកនាំដោយក្រុមយុវជនដែលចង់បានការផ្លាស់ប្តូរ និងចង់ឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញដែលមានទំនោរទៅរកក្រុមយោធា។
នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) របស់អង់គ្លេស គិតត្រឹមម៉ោង ១១យប់ ថ្ងៃទី១៤ ខែឧសភា។
លទ្ធផលបឋមនេះ បង្ហាញថា គណបក្សកាន់អំណាច គឺគណបក្សរួបរួមជាតិថៃ (United Thai Nation Party) របស់នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) កំពុងចាញ់ឆ្នោត និងឈរនៅលំដាប់ទី៥ គឺនៅពីក្រោយគណបក្សអភិរក្សនិយមដែលគាំទ្រដោយក្រុមយោធា គឺគណបក្ស ផ្លាំង ប្រាក់ឆារ៉ាត៍ (Palang Pracharat Party) ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីផុតអាណត្តិ លោក ប្រាវីត វង់សុវណ្ណ (Prawit Wongsuwan) នៅលេខរៀងទី៤ និងគណបក្សសម្ព័ន្ធភាពប្រចាំតំបន់ គឺគណបក្ស ភូមិចៃថៃ (Bhumjaithai Party) នៅលេខរៀងទី៣។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់ប្រទេសថៃ ព្យាករណ៍ថា មានពលរដ្ឋថៃចេញមកបោះឆ្នោតសរុបប្រមាណ ៨០% នៃចំនួនពលរដ្ឋមានសិទ្ធិបោះឆ្នោតសរុបចំនួន ៥២លាននាក់។
ក្នុងចំណោមអាសនៈសភារបស់ប្រទេសថៃសរុប ៥០០អាសនៈ គឺមានអាសនៈចំនួន ៣៥០ ត្រូវបានពលរដ្ឋថៃបោះឆ្នោតជ្រើសរើសតំណាងពួកគេដោយផ្ទាល់។ រីឯអាសនៈចំនួន ១៥០ ទៀត គឺពលរដ្ឋថៃបោះឆ្នោតជ្រើសរើសតាមប្រព័ន្ធសមាមាត្រដែលជាការបោះឆ្នោតឱ្យគណបក្សដែលពួកគេពេញចិត្ត។
បើទោះបីជាលទ្ធផលបឋមបង្ហាញថា គណបក្សប្រឆាំងចំនួនពីរកំពុងនាំមុខគណបក្សកាន់អំណាចក្តី ក៏គណបក្សទាំងពីរនេះអាចពិបាកនឹងទទួលបានសំឡេងឆ្នោតច្រើនលើសលប់ ជាពិសេសសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភា ដើម្បីបង្កើតរដ្ឋាភិបាល និងតែងតាំងនាយករដ្ឋមន្ត្រីថ្មីដោយខ្លួនឯង។ រដ្ឋធម្មនុញ្ញថៃដែលតាក់តែងដោយក្រុមយោធាថៃឆ្នាំ២០១៧ ក្រោយពីធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត តម្រូវឱ្យសមាជិកព្រឹទ្ធសភាសរុប ២៥០នាក់ តែងតាំងដោយក្រុមយោធាថៃដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោត មានអំណាចក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជាមួយនឹងគណបក្សទទួលបានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋ។ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីថៃបាន បេក្ខជនត្រូវតែទទួលបានសំឡេងគាំទ្រយ៉ាងហោចណាស់ ៣៧៦ សំឡេង ដែលជាសំឡេងបូកបញ្ចូលគ្នាពីស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា។
ជុំវិញរឿងនេះមន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន សង្កេតឃើញថា ការឆ្នោតនៅប្រទេសថៃជារៀងរាល់អាណត្តិ គឺពលរដ្ឋចូលរួមបោះឆ្នោតដោយសេរីក្នុងការជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត។ លោកបន្តថា នៅប្រទេសថៃពុំមានអាជ្ញាធរណាដើរថតរូប ឬបង្កឱ្យមានបរិយាកាសអាប់អួរឡើយ។ លោកបន្ថែមថា ផ្ទុយពីកម្ពុជានៅពេលជិតបោះឆ្នោតម្តងៗ ពលរដ្ឋនាំគ្នាភ័យដោយសារអាជ្ញាធរគំរាមកំហែង ធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្ស និងប្រើសារនយោបាយដែលប៉ះពាល់សុវត្ថិភាពពលរដ្ឋ។
លោក លឹង សុផុន៖ «ចង់ឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមប្រើប្រាស់សិទ្ធិរបស់ខ្លួន ពីព្រោះថាចាំបាច់ណាស់ដែលសិទ្ធិរបស់ខ្លួនដែលយើងចង់ដឹង យើងចង់បានអ្នកតំណាងដឹកនាំរបស់យើងហ្នឹងឱ្យបានល្អប្រសើរ ហើយសូមឱ្យប្រជាពលរដ្ឋខ្មែរយើងចូលរួមឱ្យបានកុះករនៅពេលបោះឆ្នោតខាងមុខនេះ»។
ទោះបីជាយ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះចង់ឃើញការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរីយុត្តិធម៌ និងត្រឹមត្រូវ ដោយគ្មានការគំរាមកំហែងពលរដ្ឋនៅពេលទៅបោះឆ្នោត។ លោកបន្តថា កម្ពុជាគួរតែរៀនសូត្រពីប្រទេសថៃក្នុងរៀបចំការបោះឆ្នោតជាតិខាងមុខដើម្បីធានាថា គណបក្សនយោបាយនីមួយៗបានសិទ្ធិគ្រប់គ្រាន់ក្នុងការឈរឈ្មោះឱ្យពលរដ្ឋបោះឆ្នោតឱ្យ។
នៅក្នុងការបោះឆ្នោតនៅប្រទេសថៃ រដ្ឋាភិបាលថៃយកចិត្តដាក់ចំពោះពលរដ្ឋជាពិសេសគឺសម្រួលដល់ជនពិការភាព នៅកន្លែងបោះឆ្នោត និងពុំមានការយាមល្បាតពីសំណាក់អាជ្ញាធរ ឡើយដែលធ្វើពលរដ្ឋចូលរួមបោះឆ្នោតដោយភាពរីករាយ៕
No comments:
Post a Comment