Monday, 22 May 2023

អ្នកឃ្លាំមើលបារម្ភពី​ករណី​រដ្ឋាភិបាល​បន្ត​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ស្ងាត់ៗ


Khmer Circle

Hundreds of thousands of ethnic Khmers of Kampuchea Krom or Southern Vietnam have been fleeing their native land and many of them have ended up overseas or neighbouring countries like Cambodia and Thailand owing to systematic discrimination and persecution by Vietnamese authorities since at least 1979, the year Communist North Vietnam took over the rest of Vietnam and installed its satellite regime in Cambodia.

Meanwhile, that regime in Cambodia has been obliged to keep Cambodia's borders open for Vietnamese immigration and legal settlement in even larger numbers in the same period.

^^^

ដោយ ថា ថៃ
2023.05.21
អ្នកឃ្លាំមើលបារម្ភពី​ករណី​រដ្ឋាភិបាល​បន្ត​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ស្ងាត់ៗ  
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១២ កុម្ភៈ ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
 

អ្នក​សិក្សា​ផ្នែក​កិច្ចការ​សង្គម​ព្រួយបារម្ភ​ករណី​រដ្ឋាភិបាល​បន្ត​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ស្ងាត់ៗ អាច​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​នាំ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក ពីព្រោះ​ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​ដែល​មក​តាំង​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​កម្ពុជា បាន​ទិញ​ផ្ទះ ដីធ្លី និង​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ។ ការ​លើក​ឡើង​នេះ​គឺ​បន្ទាប់​ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម​៥​នាក់។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍ និង​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ឡើងវិញ​អំពី​ការ​ផ្ដល់​សញ្ជាតិ​ដល់​ជនបរទេស រួមមាន​ជនជាតិ​វៀតណាម​ជាដើម។

អ្នក​សិក្សា​ផ្នែក​កិច្ចការ​នយោបាយ និង​សង្គម លោក ប៉ោ មករា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ឧសភា ថា លំហូរ​ពលរដ្ឋ​វៀតណាម​មក​កម្ពុជា​ចេះតែ​កើន​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​បង្កើន​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ចៀសវាង បង្ក​ឱ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​បាត់បង់​ការងារ និង​ប្រាក់ចំណូល។ លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​វៀតណាម​មួយចំនួន​មក​រស់នៅ​កម្ពុជា​ភាគី​ច្រើន​ពួកគេ​ប្រកប​របរ​នេសាទ លក់​ចំណីអាហារ និង​ខ្លះទៀត​បាន​ក្លាយជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ។

លោក ប៉ោ មករា៖ «ការ​ផ្ដល់​សញ្ជាតិ​ហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា ដែល​ទាក់ទង​នឹង​មុខរបរ​មួយចំនួន​ឧទាហរណ៍​វៀតណាម​មួយ​ចំនួន គាត់​ចេះ​កាត់សក់​គាត់​រត់​ម៉ូតូឌុប​គាត់​ចេះ​លក់​បន្លែ មីឆា​តាម​ដងផ្លូវ ហើយ​មុខរបរ​ទាំង​ហ្នឹង​គឺជា​មុខរបរ​របស់​អ្នកស្រុក​អ្នកភូមិ​ដែល​ប្រជាជន​កម្ពុជា​ខ្វះ​លទ្ធភាព​ក្នុង​ការ​ប្រកប អ៊ីចឹង​គាត់​មានតែ​មុខរបរ​អ៊ីចឹងៗ​ជនបរទេស​ដូចជា​វៀតណាម​អី​ចូល​មក​ធ្វើ​ឱ្យ​កម្ពុជា​យើង​ខ្វះខាត​នៅមុខ​របរ​ហ្នឹង​បន្ថែម​ទៀត»

 

ក្រោម​ការ​ដឹកនាំ​ប្រទេស​បែប​ឯក​បក្ស​មក រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​បង្កើន​ការ​ផ្ដល់​សញ្ជាតិ​ដល់​ជនជាតិ​វៀតណាម​ជា​បន្តបន្ទាប់​។ ថ្មីៗ​នេះ អាស៊ីសេរី​ទទួល​បាន​ឯកសារ​ចំនួន ៥ ដែល​បង្ហាញ​ថា លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ ឲ្យ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​បុរស​ជនជាតិ​វៀតណាម​ចំនួន ៥​នាក់ កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ។ ជនជាតិ​វៀតណាម​៥​នាក់​នោះ​រួមមាន លោក ហ្វៀង តិនអាន់ (Nguyen Tuan Anh) មកពី​ខេត្ត​ណាំឌិញ នៃ​ប្រទេស​វៀតណាម (Nam Dinh) បាន​ដូរ​ឈ្មោះ​ជា លោក តាំង សុភ័ក្ក្រ លោក ហ្វី ទៀនថាញ់ (Phi Tien Thanh) មកពី​ខេត្ត​ថាយង្វៀន (Thai Nguyen) បាន​ប្ដូរ​ឈ្មោះ​ជា សេង សុទ្ធី លោក ង្វៀន ហ័នវីញ (Nguyen Hoan Vinh) មកពី​ទីក្រុង​ហូជីមិញ (Ho Chi Minh) បាន​ប្ដូរ​ឈ្មោះ​ជា សុខ បញ្ញា លោក ជាវ វៀតហ្វឿង (Dao Viet Phuong) មកពី​ខេត្ត​ដុងណាយ (Dong Nai) បាន​ប្តូរ​ឈ្មោះ​ជា គីម ប៊ុនណា និង​លោក ង្វៀង ហុងហ្ស៊ុង (Nguyen Hong Dung) មកពី​ទីក្រុង​តៃនិញ (Dai Loan) បាន​ប្ដូរ​ឈ្មោះ ជា សុខ តារា។

ក្រៅពី​ជនជាតិ​វៀតណាម​ទាំង​៥​នាក់​នេះ កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ លោក ហ៊ុន សែន ក៏​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​បុរស​ជនជាតិ​វៀតណាម​ពីរ​នាក់​ផ្សេងទៀត​ដែរ គឺ លោក ង្វៀន វណ្ណឌ័ន (Nguyen Van Doan) រស់នៅ​ខេត្ត​នីញប៊ីញ បាន​ប្ដូរ​ឈ្មោះ​ជា លោក ប៊ុន សំណាង និង​លោក វណ្ណហ្ស៊ុង រស់នៅ​ខេត្ត​នីញប៊ីញ បាន​ដាក់​ជំនួស​មក​វិញ​នូវ​ឈ្មោះ លឹម វាសនា។

កាន់តែ​ភ្ញាក់ផ្អើល​ជាង​នេះឧកញ៉ា ថោង សារ៉ាត ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​តុលាការ​ឧទ្ធរណ៍​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ស្ងាត់ៗ និង​តែងតែ​ថតរូប​ជាមួយ​កូនៗ​របស់​លោក ហ៊ុន សែន ព្រមទាំង​បរិច្ចាគ​លុយ​ម៉ឺនៗ​ដុល្លារ​ដល់ លោក ហ៊ុន សែន នោះ ក៏​មាន​ឪពុកម្ដាយ​ជនជាតិ​វៀតណាម ទើប​ទទួល​បាន​សញ្ជាតិ​ខ្មែរ។ ប៉ុន្តែ​រឿង​ចម្លែក​នោះ នៅ​ត្រង់​ថា ឪពុក​របស់ លោក ថោង សារ៉ាត់ មានឈ្មោះ យឿង ថេគឿង ( Duong The Cuong ) រស់នៅ​ខេត្ត​ឡាងសិន (Lang Son) ដោយ​ប្ដូរ​ឈ្មោះ​ជា ថោង ចំរើន និង​ម្ដាយ​ឈ្មោះ ចិន ធីឡុក (Tran Thi Loc) ប្ដូរ​ឈ្មោះ​មក​ជា កែវ សារី ទើប​ទទួល​បាន​សញ្ជាតិ​នៅ​ខែកក្កដា ឆ្នាំ​២០២២ តែ​បែរជា​លោកស្រី កែវ សារី មាន​ក្របខ័ណ្ឌ​ជា​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួង​ការពារ​ជាតិ ឋានន្តរស័ក្ដិ ថ្នាក់​វរសេនីយ៍ទោ តាំងពី​អំឡុង​ឆ្នាំ​២០១០ និង​ធ្លាប់​មាន​មុខតំណែង​ជា​ទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​របស់​ប្រទេស​កម្ពុជា មាន​ឋានៈ​ជា «ជំទាវ» ទៀត​ផង។ លើស​ពី​នេះ ក្រោយ​មានរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ កាល​ពី​ឆ្នាំ​២០១៤​នោះ ឪពុកម្ដាយ​របស់​លោក ថោង សារ៉ាត់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​លាក់​ទុក និង​ប្រើប្រាស់​អាវុធ​ជាច្រើន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ តែបើ​ទោះបីជា​ឪពុកម្ដាយ​លោក ថោង សារ៉ាត់ ធ្លាប់​មាន​ទោស​ជាប់​ពន្ធនាគារ និង​ក្រោយមក​រង​ការ​ចោទ​ថា បាន​ផ្ដល់​សំណូក​ដល់​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​ក្ដី ក៏​ពួកគាត់​ទាំងពីរ មានសំណាង​ដោយសារ​លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​ផ្ដល់​សញ្ជាតិ​ដល់​ពួកគេ នៅ​ឆ្នាំ​២០២២។

ច្បាប់​ស្ដីពី​សញ្ជាតិ​របស់​កម្ពុជា បាន​កំណត់​អំពី​មធ្យោបាយ​នៃ​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នោះ គឺ​ការ​ទទួល​បាន​សញ្ជាតិ​តាមរយៈ​កំណើត​ការ​ទទួល​បាន​សញ្ជាតិ​ដោយ​អាពាហ៍ពិពាហ៍ និង​ការ​ទទួល​បាន​សញ្ជាតិ​តាមរយៈ​សញ្ជាតូបនីយកម្ម។

មាត្រា​១៩​នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ ជនបរទេស ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ ហើយ​បង្ហាញ​ភស្តុតាង​ច្បាស់​ថា ខ្លួន​អាច​រស់នៅ​ក្នុង​សង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួល​បាន​នូវ​ទំនៀមទម្លាប់ និង​ប្រពៃណី​របស់​ខ្មែរ​មាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឱ្យ​មាន​បន្ទុក​ដល់​ជាតិ។

ជុំវិញ​រឿង​នេះ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង កត់​សំគាល់​ឃើញ​ថា ប្រទេស​វៀតណាម និង​កម្ពុជា​មាន​ព្រំប្រទល់​ជាប់​គ្នា​មិន​គួរ​ពិបាក​ដល់​ធ្វើដំណើរ​នោះ​ឡើយ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បែរជា​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ពួកគេ​ទៅវិញ។ លោក​បន្ត​រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​មុន​ពេល​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យទៅ​ជនបរទេស​ណា​ម្នាក់​ពីព្រោះ​អាច​ធ្វើ​ឱ្យ​កម្ពុជា បាត់បង់​អធិបតេយ្យភាព និង​ប៉ះពាល់​ដល់​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍។

លោក យង់ គិមអេង៖ «ច្បាប់​អន្តោ​ប្រវេសន៍​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ បើសិន​ជា​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​ទេ អ្នក​ដែល​ទទួលរង​បញ្ហា អ្នក​ដែល​ចាំ​ដោះស្រាយ​បញ្ហា​គឺ​មាន​តែ​កម្ពុជា​ហ្នឹងឯង អ៊ីចឹង​បានទេ​បណ្ដាល​ប្រទេស​ផ្សេងៗ គេ​អនុវត្ត​នៅ​ច្បាប់​អន្តោប្រវេសន៍​ហ្នឹង​តឹងរ៉ឹង ហើយ​ការដែល​អនុវត្ត​តឹងរ៉ឹង​នេះ​គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ឆ្លងដែន​ចូល​មក​ស្រុក​ខ្មែរ​ហ្នឹង​ទទួល​អ្នក​ដែល​គេ​ចូល​មក​ល្អៗ»

ក្រៅពី​ផ្ដល់​សញ្ជាតិ​ឱ្យ​ពលរដ្ឋ​វៀតណាម​មក​រស់នៅ​កម្ពុជា រដ្ឋាភិបាល​ក៏បាន​បង្ហាញ​ពី​ការ​យក​ចិត្តទុក​ដាក់​ចំពោះ ជនជាតិ​វៀតណាម​បន្ត​បន្ទាប់​ដែរ ។ កាលពី​ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ដី​៤០​ហិកតារ សម្រាប់​ទទួល​ជនជាតិ​វៀតណាម​នៅក្នុង​ទន្លេ​ខេត្តកំពង់ឆ្នាំង ឱ្យ​ពួកគេ​ឡើង​មក​រស់នៅ​លើ​ដី​គោក​វិញ​។ ក្រៅ​ពី​នេះ រដ្ឋាភិបាល ក៏​ថែមទាំង​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ឱ្យ​ជន​អន្តោប្រវេសន៍​បរទេស​រស់នៅ​កម្ពុជា​ស្រប​ច្បាប់​ថែម​ទៀត។ របាយការណ៍​ក្រសួង​មហាផ្ទៃ​ដែល​ចេញផ្សាយ​កាលពី​ឆ្នាំ​២០២០ បង្ហាញ​ថា គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១៩ កម្ពុជា​បាន​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជូន​ជនជាតិ​វៀតណាម​ចំនួន​ជិត​៩​ម៉ឺន​នាក់ (៨៩.៤៧១​នាក់​) រួច​ទៅ​ហើយ និង​នៅសល់​រាប់​ម៉ឺន​នាក់​ទៀត។

ក្រៅពី​ជនជាតិ​វៀតណាម​នោះ លោក ហ៊ុន សែន ក៏​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជន​ជាតិចិន​មួយចំនួន ដែល​ធ្លាប់​មាន​ប្រវត្តិ​ជាប់​ពន្ធនាគារ និង​រឿងអាស្រូវ​ពុករលួយ​កម្រិត​អន្តរជាតិ​ដែរ។ មិន​ត្រឹមតែ​ផ្ដល់​សញ្ជាតិ​ទេ លោក ហ៊ុន សែន ថែមទាំង​តែងតាំង​ជា​មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​មាន​លិខិតឆ្លងដែន​ការទូត​កាន់​នៅក្នុង​ដៃ​ទៀត​ផង ដូចជា ករណី​បុរស​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ វ៉ាង យ៉ាវហ៊ុយ (Wang Yaohui)

អ្នកឃ្លាំមើល​បញ្ហា​សង្គម​មួយ​ចំនួន យល់​ថា រដ្ឋាភិបាល លោក ហ៊ុន សែន គួរតែ​មាន​ការ​ដាក់​កំហិត និង​រឹត​បន្តឹង​ចំពោះ​ការ​ផ្ដល់​សញ្ជាតិ​ដល់​ជនបរទេស ជាពិសេស​នាយករដ្ឋមន្ត្រី មិន​ត្រូវ​ប្រើ​អំណាច​លើសលប់​ក្នុង​ការ​សម្រេច​ផ្ដល់​សញ្ជាតិ​ដោយ​គ្មាន​យន្តការ​ត្រួត​ពិនិត្យមើល​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ ព្រោះ​ករណី​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដ៏​ធំធេង​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃក្រោយ៕

1 comment:

Anonymous said...

The war in Cambodia has been largely initiated by the evil Vietnam.

Vietnam put this dumbass Hun Sen in power to execute Vietnam's plan to Vietnamize Cambodia.

So, Vietnam gave Cambodia peace because Hun Sen has been the most faithful servant of Vietnam. Hun Sen boasts himself for having peace in Cambodia while Vietnam is implementing the Vietnamization of Cambodia such as quietly bestowing Khmer citizenship upon illegal Vietnamese.

Finally, at the end, the so called thank you peace will make the present Cambodia a second Kampuchea Krom.