Sunday, 25 June 2023

លោក ហ៊ុន សែន ព្រមាន​ប្រើ​បន្លា​លួស​បង្ក្រាប​កូដករ​ណាហ្គាវើលដ៍ បើ​ពួកគេ​តវ៉ា​បិទផ្លូវ

 

ដោយ ជាតិ ចំណាន
2023.06.25
 
លោក ហ៊ុន សែន ព្រមាន​ប្រើ​បន្លា​លួស​បង្ក្រាប​កូដករ​ណាហ្គាវើលដ៍ បើ​ពួកគេ​តវ៉ា​បិទផ្លូវ  
 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពីថ្ងៃទី១៥ មិថុនា ២០២៣។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
 

លោក ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រើប្រាស់​បន្លា​លួស​ព័ទ្ធ​ឃុំ​ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) នៅ​នឹង​កន្លែង ប្រសិនបើ​ពួកគេ​ហ៊ាន​តវ៉ា​បិទផ្លូវ​។ ការ​ចេញ​បញ្ចា​នេះ ស្រប​ពេល​លោក ហ៊ុន សែន បន្ត​ចោទប្រកាន់​ក្រុម​កូដករ​ថា ជា​អ្នកស៊ីឈ្នួល​ធ្វើ​បាតុកម្ម​។ ប៉ុន្តែ​ក្រុម​កូដករ​ហួស​ចិត្តនឹង​ការ​ចោទប្រកាន់​ជាថ្មី​របស់​លោក ហ៊ុន សែន ខណៈ​ពួកគេ​ជា​អ្នករងគ្រោះ​ពី​ការ​រំលោភបំពាន​សិទ្ធិ​ពី​ថៅកែ។

ពន្លឺយុត្តិធម៌​សម្រាប់​ក្រុម​កូដករ​ខ្មែរ ដែល​ត្រូវ​បាន​រំលោភបំពាន​សិទ្ធិ​ការងារ ពី​ថៅកែ​ជនបរទេស​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ហាក់​កាន់តែ​រសាត់​ឆ្ងាយ​ទៅ បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​ជាថ្មី​ថា នឹង​មិន​ជួយ​រក​ដំណោះស្រាយ​ឡើយ ហើយ​លោក​ថែមទាំង​បញ្ជា​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ប្រើប្រាស់​វិធានការ​បង្ក្រាប ប្រសិន​ពួកគេ​ហ៊ាន​តវ៉ា​បិទផ្លូវ។

អំឡុង​ពេល​ចុះ​ជួប​រក​សំឡេងឆ្នោត​ពី​ក្រុម​កម្មករ​នៅ​ខេត្ត​កណ្ដាល​នៅ​ថ្ងៃទី​២៤ មិថុនា លោក ហ៊ុន សែន លើកឡើង​ថា លោក​នឹង​មិន​ខ្វល់​ចំពោះ​ការ​តវ៉ា​ស្វែងរក​យុត្តិធម៌​ពី​ក្រុម​កូដករ​ណាហ្គាវើលដ៍​ឡើយ ដោយសារ​លោក​ចោទ​ប្រកាន់​ថា ពួកគេ​មាន​អ្នក​នៅ​ពីក្រោយ​ផ្ដល់​លុយ​ឱ្យ​ចេញ​ធ្វើ​បាតុកម្ម​រយៈពេល​២​ឆ្នាំ​មកនេះ ដើម្បី​កេង​ចំណេញ​នយោបាយ។

លោក ហ៊ុន សែន៖ «មាន​មនុស្ស​(​កូដ​ករ​)​ខ្លះ ក៏​ត្រូវ​បាន​ក្រសួង​ការងារ ជួយ​ដោះស្រាយ​ការងារ​ធ្វើ នៅ​កន្លែង​ផ្សេង​។ ប៉ុន្តែ មនុស្ស​ប៉ុន្មាន​នាក់​នេះ អត់​ព្រមៗ។ ឥឡូវ​! អ៊ីចេះ សូម​អញ្ជើញ​ធ្វើ​(​កូដកម្ម​)៥​ឆ្នាំ​ទៀត​ចុះ បើ​អូស​បាន​៥​ឆ្នាំ​ទៀត ក៏​ល្អមើល​ដែរ សូម​អញ្ជើញ​ទៅ​។ តែ​សុំ​កុំ​បិទផ្លូវ​ឱ្យ​សោះ តែ​បិទផ្លូវ​ហើយ គឺ​យក​អា​បន្លា​លួស​ទៅ​ព័ទ្ធជុំវិញ ឱ្យ​ដេក​នៅត្រង់​នុ៎ង រួច​យក​ភួយ​យក​ខ្នើយ​ឱ្យ​គាត់​ដេក​ទៅ​។ បិទផ្លូវ​អត់​បាន​ទេ ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​អ្នកដទៃ ក្នុង​ការ​ធ្វើ​ចរាចរណ៍»

 

ជារឿយៗ​លោក ហ៊ុន សែន តែង​ចោទប្រកាន់​ក្រុម​កូដករ​ណាហ្គាវើលដ៍ ថា​ជា​ក្រុម​ស៊ីឈ្នួល​ធ្វើ​បាតុកម្ម ដោយ​ម្ដង​លោក​អះអាង​ថា លោក​ដឹង​ពី​ទីតាំង​និង​អ្នកផ្ដល់​លុយ​ទៅ​ឱ្យ​កូដ​ករ ប៉ុន្តែ​ចុងក្រោយ​នេះ លោក​បែរជា​ចោទ​សួរ​ថា តើ​អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ផ្ដល់​លុយ​ទៅ​ឱ្យ​ក្រុម​កូដករ​នោះ​ទៅ​វិញ។

នៅពេល​លោក ហ៊ុន សែន ហាក់​ចោទប្រកាន់​ត្រឡប់ត្រឡិន​ថា ក្រុម​កូដករ​សម្ដែង​ធ្វើបាតុកម្ម​នោះ មាន​ក្រុម​កូដករ​មួយចំនួន​ដែល​ភាគច្រើន​ជា​ស្ដ្រី ត្រូវ​បាន​ចាប់ចង​ដាក់​ពន្ធនាគារ ខណៈ​ខ្លះទៀត​បាន​បែក​មុខ​បែក​មាត់ និង​រលូត​កូន ដោយសារ​រង​អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់ពី​កងកម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​។ ចំណែក​ក្រុម​សហជីព​និង​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស តែង​ទទូច​ឱ្យ​រដ្ឋាភិបាល​ជួយ​ដំណោះស្រាយ ខណៈ​ពួកគេ​ចាត់ទុក​ក្រុម​កូដ​ករ ថា​ជា​ជនរងគ្រោះ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​ការងារ​ទាំង​អយុត្តិធម៌ ពី​សំណាក់​ម្ចាស់​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្រួសារ​របស់​លោក ហ៊ុន សែន។

កូដករ​ណាហ្គាវើលដ៍​លោកស្រី សុខ រតនា ដែល​រលូត​កូន​ដោយសារ​រង​អំពើ​ហិង្សា​ពី​កម្លាំង​សមត្ថកិច្ច​លើកឡើង​ថា អំឡុង​ពេល​តវ៉ា ២​ឆ្នាំ​មកនេះ លោកស្រី​ឆ្លៀត​ពេល​ធ្វើការ​ក្រៅ​ម៉ោង ជា​អ្នកស៊ីឈ្នួល​លក់ដូរ​ប្រហិត​ឱ្យ​គេ មួយថ្ងៃ​បាន​២ ទៅ​៤​ម៉ឺន​រៀល ដើម្បី​ជួយ​ទប់​ទល់នឹង​ការ​ចំណាយ​ចាំបាច់​ប្រចាំថ្ងៃ។

លោកស្រី សុខ រតនា៖ «និយាយ​ពី​អ្នក​នៅ​ពីក្រោយ អត់​មាន​នរណា​នៅ​ពីក្រោយ​ទេ គឺ​មាន​តែ​គ្រួសារ​របស់ខ្ញុំ។ ជាក់ស្ដែង គ្រួសារ​របស់ខ្ញុំ គាត់​អ្នក​ធ្វើស្រែ មិន​អត់​ទេ ត្រឹម​អង្ករ​ផ្ដល់​ឱ្យ​ពួក​ខ្ញុំ​ហូប ត្រឹម​មួយ​ខែ​មួយ​ការុង​អីៗ ឱ្យ​ពួក​យើង​ញ៉ាំ​។ ហើយ​អា​ប្រាក់​ជំនួយ​អី ក៏​ខ្ញុំ​អត់​ដែល​ទទួល​បាន​ដែរ​។ ខ្ញុំ​រកស៊ី​ខ្លួនឯង ដើម្បី​យក​លុយ​ហ្នឹង មក​តស៊ូ​មតិ​ជាដើម ព្រោះ​ខ្ញុំ​ឈឺចាប់​ណាស់»

ចំណែក​កូដករ​ម្នាក់ទៀត​លោកស្រី ម៉ម សុវឌ្ឍិន លើកឡើង​ថា ការ​តវ៉ា​កន្លង​មក​នេះ គ្រាន់តែ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​ដែល​មាន​ចែង​នៅក្នុង​ច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌ នៅពេល​រង​ទុក្ខ​លំបាក​ពី​ការ​រំលោភបំពាន​ពី​ថៅកែ។ ប៉ុន្តែ​លោកស្រី​ហាក់​និយាយ​មិន​ចេញ ដោយ​មិនដឹង​ទៅ​ពឹង​អ្នកណា​ឡើយ នៅ​ពេល​លោក ហ៊ុន សែន បន្ត​ចោទប្រកាន់​មក​លើ​ក្រុម​កូដករ​បែបនេះ។

លោកស្រី​ថា៖ «ខ្លួន​ខ្ញុំ​ផ្ទាល់ ការ​ធ្វើ​កូដកម្ម​ហ្នឹង គឺជា​ការ​ធ្វើ​ស្រប​ទៅ​តាម​នីតិវិធី​ដែល​មាន​ចែង នៅក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​យើង ហើយ​នៅពេល​កម្មករ​អនុវត្ត​អ៊ីចឹង ត្រូវ​បាន​ចោទប្រកាន់​ហ្នឹង ខ្ញុំ​មិនដឹង​ថា តើ​កម្មករ​មាន​សិទ្ធិ​ធ្វើ​អ្វីខ្លះ។ ឥឡូវ​! ខ្ញុំ​ចោទ​ជា​សំណួរ​ថា តើ​កម្មករ​មាន​សិទ្ធិ​តវ៉ា​អត់»

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ចាត់ទុក ការ​បន្ត​ចោទប្រកាន់​ក្រុម​កូដករ​ណាហ្គាវើលដ៍ ជា​ក្រុម​ស៊ីឈ្នួល​ធ្វើ​បាតុកម្ម ថា ជា​វោហារសាស្ត្រ​ទម្លាក់​កំហុស និង​ខ្វះ​ការ​ទទួលខុសត្រូវ ពីព្រោះ​លោក​យល់ថា គ្មាន​អ្នកណាម្នាក់​ទៅ​សម្ដែង​តវ៉ា រហូត​ទទួលរង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ។

លោក នី សុខា៖ «សុខចិត្ត​ដើរ​ហាលថ្ងៃ ហាលភ្លៀង ហាល​ក្ដៅ ហើយដោយ​មានការ​គំរាមកំហែង​ផង មានការ​បំភិតបំភ័យ​ផង មានការ​រារាំង​ផង ហើយ​ចេះតែ​បន្ត​ធ្វើ​កូដកម្ម ដោយ​សម្ដែង​មិនកើត​ទេ​។ វា​ទាល់តែ​អ្នក​នុ៎ង​ឯង ទទួលរង​នូវ​ផល​ប៉ះពាល់ និង​ការឈឺចាប់។ ខ្ញុំ​គិត​ថា យើង​គួរ​កុំ​យក​ការ​ឈឺចាប់​របស់​ក្រុម​កូដករ មក​ទម្លាក់​កំហុស​លើ​គ្នា។ យើង​គួរ​ណាស់​តែ​ខិតខំ​រក​មធ្យោបាយ ធ្វើការ​ដោះស្រាយ»

ក្រុម​កូដករ​ណាហ្គាវើលដ៍​ចង់​ជួប​លោក ហ៊ុន សែន ផ្ទាល់​ដើម្បី​បកស្រាយ ថា ពួកគេ​គ្មាន​អ្នកណា​ញុះញង់​ឱ្យ​ចេញ​តវ៉ា​ឡើយ ហើយ​ការកាត់បន្ថយ​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ អំឡុង​ពេល​កូវីដ ដោយសារ​ថៅកែ មិន​ចង់​ឱ្យ​មាន​សហជីព​ជួយ​ការពារ​សិទ្ធិ​ដល់​បុគ្គលិក និង​មិនមែន​ដោយសារ​រកស៊ី​មិន​ចំណេញ ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន ឡើយ​។ នៅ​អំឡុង​វិបត្តិ​កូវីដ​រាតត្បាត​ខ្លាំង​ក្នុង​ឆ្នាំ​២០២១ ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅតែ​អាច​រក​ប្រាក់​ចំណេញ​បាន​ជាង ១​រយ​លាន​ដុល្លារ ហើយ​ក្រោយ​មក ថែម​ទាំង​ប្រកាស​ជ្រើសរើស​បុគ្គលិក​ថ្មី​ចូល បន្ទាប់ពី​ការ​បណ្ដេញ​បុគ្គលិក​ដែល​ជា​សមាជិក​សហជីព៕

1 comment:

Anonymous said...

Blast them with your BM21 to show them who is the boss. You've killed so many Khmer people already.