2023.06.20
មេដឹកនាំក្រុងភ្នំពេញលោក ហ៊ុន សែន យល់ស្របតាមការស្នើសុំរបស់រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ក្នុងការរៀបចំបង្កើតសួនតេជោសន្តិភាពនៅតាមបណ្ដាខេត្ត ដើម្បីបង្ហាញពីនយោបាយឈ្នះ-ឈ្នះរបស់លោក ដែលបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ប៉ុន្តែមន្ត្រីបក្សជំទាស់ និងអ្នកឃ្លាំមើលចាត់ទុកគម្រោងនេះថា ជាការបង្ហិនថវិកាជាតិ ដើម្បីបំភ្លៃប្រវត្តិសាស្ត្រពិតសម្រាប់កេងចំណេញនយោបាយផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន។
ការបង្កើតសួនច្បារនៅតាមបណ្ដាខេត្តទូទាំងប្រទេស ដើម្បីកេងចំណេញនយោបាយសម្រាប់ក្រុមគ្រួសាររបស់លោក ហ៊ុន សែន នឹងលេចចេញជារូបរាងជាបន្តបន្ទាប់។
\
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្លៀកពាក់ខោអាវយោធាថ្លែងនៅក្នុងពិធីអបអរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ នៅក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ មិថុនាថា លោក ពេញចិត្តចំពោះការផ្ដួចផ្ដើមឲ្យមានការសាងសង់សួនតេជោសន្តិភាពនៅតាមខេត្តនានា។ អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ អះអាងថា ការស្ថាបនាសួនច្បារសាធារណៈ ដើម្បីបង្ហាញនយោបាយឈ្នះឈ្នះរបស់លោក ដោយយកលំនាំតាមវិមានឈ្នះឈ្នះ ដែលបានចំណាយលុយសាងសងអស់ ១២លានដុល្លារ នៅខាងជើងរាជធានីភ្នំពេញនេះ ក៏មានប្រយោជន៍សម្រាប់ឲ្យពលរដ្ឋទៅកម្សាន្តនិងហាត់ប្រាណដែរ។
លោក ហ៊ុន សែន៖ «ការសុំអនុសាសន៍ចំពោះសួនប្រវត្តិកាលនៃវិមានឈ្នះឈ្នះ សម្រាប់ផ្ដល់ជូនបណ្ដាខេត្ត ត្រូវការសាងសង់ យើងអាចធ្វើបាន។ខេត្តនីមួយៗ គប្បីគួរធ្វើ ព្រោះវាជាទីកន្លែងកម្សាន្តសម្រាកសប្បាយរបស់ប្រជាពលរដ្ឋ ហើយក៏វាមិនថ្លៃហួសទៅដល់ដែលយើងមិនអាច នឹងធ្វើកើតនោះទេ គឺជាតំបន់ហាត់ប្រាណ និងជាតំបន់ដែលប្រជាជន នាំកូនចៅទៅលេងនៅទីនោះ»។
ក្រៅពីនេះ លោក ហ៊ុន សែន ណែនាំឱ្យសិក្សាលម្អិតជាមួយអ្នកច្បាប់ចំពោះគម្រោងបង្កើតច្បាប់ស្តីពីប្រវត្តិសាស្ត្រយោធា។
ការលើកឡើងរបស់លោក ហ៊ុន សែននេះ គឺតបតាមសំណើរបស់រដ្ឋមន្ត្រីក្រសួង ការពារជាតិ លោក ទៀ បាញ់ ដែលចង់ឲ្យក្រសួងស្ថាប័ននិងអង្គភាពនានា សាងសង់សួនតេជោសន្តិភាពក្នុងគោលបំណងឲ្យប្រជាពលរដ្ឋខ្មែរ ចងចាំ និងដឹងគុណដល់ស្នាដៃរបស់លោក ហ៊ុន សែន។
លោក ទៀ បាញ់៖ «និយាយម៉ាបែបខ្លីថា សន្តិភាពបានពីណា? អ្នកណាធ្វើឱ្យមានសន្តិភាព? នេះជាបញ្ហាដែលស្នូលបំផុតដែលយើងចង់កសាងសួនតេជោសន្តិភាពនេះ គឺសំដៅថា សន្តិភាពដែលយើងឲ្យតម្លៃធំធេងរបៀបនេះ តើយើងបានពីណា?»។
ទោះជាយ៉ាងណាទាំងលោក ហ៊ុន សែន និងលោក ទៀ បាញ់ មិនបានបញ្ជាក់ទេថា តើពួកគេ នឹងប្រើប្រាស់ថវិកាជាតិ ឬថវិកាបក្សដើម្បីសាងសួនលើកតម្កើង លោកហ៊ុន សែន នេះ។ ទាក់ទងនឹងរឿងថវិកាចំណាយនេះ ប្រធានអង្គភាពអ្នកនាំ ពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មិនទាន់ដឹងច្បាស់នៅឡើយទេ។ ប៉ុន្តែលោក សុខ ឥសាន បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាល ត្រូវការប្រើប្រាស់កញ្ចប់លុយថវិកាជាតិនោះ ក៏មិនចាំបាច់ឆ្លង ការជជែកដេញដោលនៅក្នុងរដ្ឋសភាដែរ។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ថ្លែងថា ប្រសិនបើរដ្ឋាភិបាល ចង់យកថវិកាជាតិ ដើម្បីសាងសងលើគម្រោងធំៗ បែបនេះ គួរតែជជែកដេញដោលនៅក្នុងរដ្ឋសភាឲ្យបានទូលំទូលាយ។ លោក កត់សម្គាល់ថា កន្លងមក គម្រោងចំណាយធំៗ របស់រដ្ឋាភិបាល គ្មានមានការជជែកគ្នាឡើយ ខណៈរដ្ឋសភាជាសភាឯកបក្ស។
លោក រ៉ុង ឈុន៖ «យើងមើលតាមច្បាប់ គឺត្រូវតែមានឆ្លងកាត់ការសួរដេញដោលដើម្បីរកការឯកភាពរួម មិនមែនតែស្ថាប័ននីតិប្រតិបត្តិ គ្រាន់តែជជែកគ្នាយើង ហើយយើងធ្វើដោយមិនមានឆ្លងកាត់ស្ថាប័ននីតិបញ្ញត្តិទេ។ យើងមានវិមានឯករាជ្យមួយហើយជាប្រវត្តិសាស្ត្រ ប៉ុន្តែ មកដល់រជ្ជកាលដឹកនាំពេលនេះ ទៅបង្កើតវិមានឈ្នះឈ្នះមួយទៀត តែបើយើងនិយាយពាក្យឈ្នះឈ្នះ ទាល់តែឈ្នះសម្រាប់ពលរដ្ឋទាំងអស់គ្នា។ តែបើយើងគ្រាន់តែឈ្នះក្រុមមួយ មកលើក្រុមមួយ ហើយក្រុមមួយទៀត រងភាពអយុត្តិធម៌ គួរតែយើងគិតមើលឡើងវិញ»។
កាលពីអាណត្តិទី៤ មន្ត្រីរដ្ឋាភិបាលមួយចំនួនចង់សាងសង់រូបសំណាករបស់លោកហ៊ុន សែន តម្កល់នៅតាមទីស្ដីការក្រសួងនានា ប៉ុន្តែគំនិតនេះបានបរាជ័យដោយសារតែសាធារណជនទូទៅរិះគន់ខ្លាំងក្លាពេក។ ទោះជាយ៉ាងណាក្ដី លោក ហ៊ុន សែន និងមន្ត្រីរបស់លោក បានចាប់ផ្ដើមសង់វិមានឈ្នះឈ្នះអស់ ១២លានដុល្លារ លើផ្ទៃដី ៨ហិកតារ នៅខណ្ឌជ្រោយចង្វារ ព្រមទាំងចំណាយថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់សាងសងស្តូបវិមានឈ្នះឈ្នះតាមខេត្តក្រុងនានា ដែលអ្នកឃ្លាំមើល រិះគន់ថា ការដឹងគុណវៀតណាមដែលលើកបន្តុបលោក ហ៊ុន សែន ឲ្យកាន់អំណាច។រីឯគម្រោងបង្កើតសួនតេជោសន្តិភាពនៅពេលនេះវិញ អ្នកឃ្លាំមើល យល់ថា លោក ហ៊ុន សែន ធ្វើដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ ព្រោះកន្លងមក រដ្ឋាភិបាលរបស់លោក មិនដែលផ្តល់តម្លៃលើបង្កើតនិងថែទាំសួនសាធារណៈដើម្បីសុខមាលភាពប្រជាជនឡើយ សូម្បីតែដីសួនច្បារសាធារណៈទំហំ៨ពាន់(៨.០០០)ម៉ែត្រក្រឡានៅជិតកាស៊ីណូណាហ្គាវើលដ៍ ក៏រដ្ឋាភិបាល ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ ដែលជាអ្នកជំនួញស្និទ្ធនឹងគ្រួសារលោក ហ៊ុន សែន គ្រប់គ្រងដែរ។បន្ថែមពីនេះ ទីតាំងសំខាន់ៗ មួយចំនួនដែលអំណោយផលឲ្យពលរដ្ឋលំហែកាយដូចជានៅតំបន់បឹងតាមោក និងឧទ្យានជាតិធំៗ ក៏រដ្ឋាភិបាល ពុះលក់ឲ្យក្រុមអ្នកមានលុយមានអំណាចក្ដោបក្ដាប់ជាបន្តបន្ទាប់។
ប្រធានសមាគមខ្មែររដ្ឋវិចតូរីយ៉ា (Victoria) លោក ជា យូហ៊ន ថ្លែងថា គម្រោងរបស់លោក ហ៊ុន សែន គឺជាការខ្ជះខ្ជាយលុយជាតិដើម្បីបំភ្លៃប្រវត្តិសាស្ត្រសម្រាប់កេង ចំណេញនយោបាយផ្ទាល់ខ្លួន នៅមុនការបោះឆ្នោតជាតិ។ លោក បន្តថា នយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន មិនខុសពីនយោបាយខ្មែរក្រហមឡើយ ព្រោះលោក កម្ទេចគណបក្សជំទាស់ និងរារាំងបក្សភ្លើងទៀនមិនឲ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតតាមប្រជាធិបតេយ្យ ការរំលោភសិទ្ធិពលរដ្ឋ និងការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាងលើអ្នករិះគន់។
លោក ជា យូរហ៊ន៖ «លោក ហ៊ុន សែន ធ្វើរបៀបពួកខ្មែរក្រហមអ៊ីចឹង អំណាចផ្ដាច់ការធ្វើអីស្រេចតែចិត្ត។ ខ្ញុំសូមបញ្ជាក់ថា មិនមែនជាស្នាដៃរបស់លោក ហ៊ុន សែន តែម្នាក់ឯងទេ គឺមែនទែនទៅ មានខាងគណបក្សលោក ស៊ឺន សាន គណបក្សព្រះករុណា ទ្រង់ រណឫទ្ធិ ជាពិសេស ក្រុមខ្មែរក្រហម គេយល់ព្រមទាំង អស់គ្នានោះផង បានវាបានសន្តិភាពហ្នឹង។ ឥឡូវនេះ លោក ហ៊ុន សែន យកសន្តិភាព មកចាប់គេដាក់គុក ឲ្យតែអ្នកណាគណបក្សប្រឆាំង ចាប់គេដាក់គុក។ បើមិនចឹងទេ អ្នកណាដែលប្រឆាំង ត្រូវតែបាញ់គេចោល សម្លាប់ចោលដូចជា បណ្ឌិត កែម ឡី លោក ជា វិជ្ជា ព្រះតេជព្រះគុណ សំ ប៊ុនធឿន»។
លោក ហ៊ុន សែន តែងអះអាងថា នយោបាយ ឈ្នះ-ឈ្នះ ត្រូវបានដាក់ចេញតាំងពីឆ្នាំ១៩៨៧ ក្នុងពេលដែលលោកស្វែងរកកិច្ចចរចាជាមួយនឹងសម្ដេចក្រុមព្រះ នរោត្តម សីហនុ ហើយលោកបញ្ជាក់ថា មានតែនយោបាយ ឈ្នះ-ឈ្នះ តែមួយគត់ ដែលធ្វើឲ្យអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមរលំរលាយទាំងស្រុងនៅចុងទសវត្សទី៩០។ ទោះជាយ៉ាងណាក្ដី អ្នកជំនាញផ្នែកនយោបាយលើកឡើងថា ខ្មែរក្រហមរលំរលាយដោយសារកត្តាសំខាន់ៗ មួយចំនួន រួមមាន កិច្ចព្រមព្រៀងទីក្រុងប៉ារីស នាំឲ្យមានការបោះឆ្នោតឆ្នាំ១៩៩៣ ការដាក់ខ្មែរក្រហមឲ្យនៅក្រៅច្បាប់ នយោបាយឈ្នះ-ឈ្នះរបស់លោក ហ៊ុន សែន ថៃឈប់ផ្ដល់ទឹកដីឲ្យជ្រកកោន ប្រទេសចិន ឈប់ផ្ដល់ជំនួយជាអាវុធ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិផ្សេងទៀតលែងគាំទ្រជាដើម៕
1 comment:
Hun Sen should keep this project to do in hell. His stomach is going to explode anytime.
Post a Comment