Sunday, 8 October 2023

អ្នកឃ្លាំមើល​ថា តំណាងរាស្ត្រ​នីតិកាល​ទី​៧​អសកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ម្ចាស់​ឆ្នោត


Khmer Circle
 
How are 'capital gains taxes' to be collected off these individuals when they are not even accountable to their electorate? Such people swarm to the ruling CPP for essentially two things: a) personal wealth; b) assurances that the wealth and personal gains acquired - mostly through informal network or other illicit means - will be secure and protected even from the law while they continue to show allegiance to the party. 
 
The moment that loyalty is in question that is when their assets are at risk as witnessed in recent time.
 
^^^ 

ដោយ ទីន ហ្សាការីយ៉ា
2023.10.08
sharethis sharing button
អ្នកឃ្លាំមើល​ថា តំណាងរាស្ត្រ​នីតិកាល​ទី​៧​អសកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ម្ចាស់​ឆ្នោត  
 
កិច្ចប្រជុំសភានីតិកាលទី៧ កាលពីថ្ងៃទី២២ សីហា ២០២៣។
រូប៖ តេឡេក្រាមលោក ហ៊ុន សែន

អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា តំណាងរាស្ត្រ​នៅ​នីតិកាល​ទី​៧ នេះ នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​មិន​អើពើ​ដោះស្រាយ​បញ្ហា​ដែល​រាស្ត្រ​ដង្ហោយហៅ​ឱ្យ​អន្តរាគមន៍​ឡើយ។ ពួកគាត់​ថា ភាព​អសកម្ម​នេះ​កើតឡើង​ដោយសារ​ឥទ្ធិពល​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​ច្រើន​លើសលប់​នៅក្នុង​សភា ដែល​ពួកគេ​អង្គុយ​នៅ​លើ​កៅអី​ចាំតែ​គាំទ្រ​មេដឹកនាំ​បក្ស​កាន់អំណាច​មួយ​ប៉ុណ្ណោះ។

ទោះបីជា រដ្ឋសភា​អាណត្តិ​ថ្មី​នេះ មាន​គណបក្ស​២ ដែល​ខុសប្លែក​កាល​ពី​អាណត្តិ​ចាស់​ក្ដី ក៏​អ្នក​តាមដាន​បញ្ហា​សង្គម​មើល​ឃើញ​ថា តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ថ្មី​នេះ អសកម្ម​មិន​បាន​ប្រើប្រាស់​តួនាទី ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នោះ​ឡើយ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត មើលឃើញ​ថា តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅតែ​អសកម្ម​ដូច​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែរ ដោយសារតែ​ពួកគេ​កើត​ចេញ​ពី​ការបោះឆ្នោត​គ្មាន​ភាព​សេរី និង​យុត្តិធម៌ មិន​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា ប្រសិនបើ​តំណាងរាស្ត្រ​កើត​ចេញ​ពី​បំណង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ពិតមែន​នោះ​ពួកគាត់​នឹង​ធ្វើ​អ្វីៗ​ដែល​បម្រើ​ប្រយោជន៍ និង​ចាំ​ទទួលយក​ការ​ពឹង​ពាក់​ពី​ប្រជាពលរដ្ឋ។

លោក វ៉ន ចាន់ឡូត៖ «ហើយ​ធ្វើ​យ៉ាងម៉េច កុំឱ្យ​ប្រជាពលរដ្ឋ មាន​អារម្មណ៍​ថា ពេល​ដែល​ត្រូវការ​ពឹងពាក់​តំណាងរាស្ត្រ​ទាំងអស់​ហ្នឹង វា​ពិបាក​ដូច​អូស​ឫសី​បញ្ច្រាស​ចុង។ បើ​ថា​តំណាងរាស្ត្រ​គាត់​ក្លាហាន​មែន​ហ្នឹង អា​របង​ខាងក្រៅ​ហ្នឹង​គឺ​គាត់​ដកចេញ​ហើយ គឺ​មិនមែន​ទៅ​ទុក​ដូច​របង​គុក​អ៊ីចឹង​ទេ ដែល​យើង​មើលទៅ​ដូច​អត់​សម​ភ្នែក​ទាល់តែសោះ»

 

អាណត្តិ​ទី៧​នេះ រដ្ឋសភា​មាន​គណបក្ស​នយោបាយ​តែ​២ ប៉ុណ្ណោះ ដែល​ទទួល​បាន​អាសនៈ​ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ដែល​គ..ប​មិន​ឱ្យ​គណបក្សប្រឆាំង​ចូលរួម​ប្រកួតប្រជែង កាលពី ថ្ងៃទី​២២ ខែ​កក្កដា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ទទួល​បាន​អាសនៈ​ចំនួន​១២០ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ទទួល​បានតែ​អាសនៈ​ចំនួន​៥​ប៉ុណ្ណោះ។ តែ​ទោះ​យ៉ាងណា​តាំងពី​ជាប់ឆ្នោត​រហូតមកដល់​ពេលនេះ មិន​ទាន់​ឃើញ​មាន​តំណាងរាស្ត្រ​ណា​ម្នាក់​ចេញមុខ​ដោះស្រាយ ឬ​មាន​យោបល់​ជុំវិញ​បញ្ហា​ប្រឈម​ធំៗ របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង និង​ប្រធាន​រដ្ឋសភា អ្នកស្រី ឃួន សុដារី ដើម្បី​សុំ​សួរ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី៧ តុលា។

ទាក់ទិន​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​តំណាងរាស្ត្រ លោក ញឿន រ៉ាដែន បដិសេធ​ចំពោះ​ការ​លើកឡើង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាំតែ​លើកដៃ​គាំទ្រ តាម​ការសម្រេច​របស់​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ។

លោក ញឿន រ៉ាដែន៖ «ចំពោះ​មតិ​ដែល​លើកឡើង​ថា យើង​ចាំតែ​ហៃអើ លើកដៃ​អនុម័ត​នោះ គឺ​មិនមែន​ទេ ដោយសារ​កន្លងមក បន្ទាប់​ពី​ការ​បង្កើត​សភា ជាពិសេស​ការ​តាក់តែង​ច្បាប់​ហ្នឹង តើ​មានច្បាប់​មួយ​ណា ដែល​ធ្វើ​ឱ្យ​ខូចប្រយោជន៍​ជាតិ​? ប្រសិនបើ​ច្បាប់​ទាំងនោះ ធ្វើ​ឱ្យ​ខូចប្រយោជន៍​ជាតិ គឺ​តំណាងរាស្ត្រ និង​គណបក្សហ៊្វុនស៊ិនប៉ិច យើង ក៏​មិន​ព្រងើយ​កន្តើយ​ដែរ»

ទោះជា​យ៉ាងនេះ​ក្ដី កន្លង​មក​គណបក្សហ៊្វុនស៊ិនប៉ិច បាន​ចេញមុខ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាលពី​ឆ្នាំ​២០១៧ ដែល​ជា​គូប្រជែង​ដ៏​មាន​ឥទ្ធិពល​ជាងគេ​របស់​គណបក្ស​កាន់អំណាច ដែល​ធ្វើ​ឱ្យ​ប្រទេស​លោក​សេរី ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​កាត់​ផ្ដាច់ជំនួយ​មួយ​ចំនួន។ ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ហើយ គណបក្សហ៊្វុនស៊ិនប៉ិច ហាក់​មិន​មាន​ការ​អៀនខ្មាស​ឡើយ ក្នុង​ការ​ទទួល​យក​អាសនៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ដែល​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មិន​បាន​គាំទ្រ​នោះ។

ចំណែក​តំណាងរាស្ត្រ ខេត្តបាត់ដំបង លេខ​រៀង​ទី​៥ មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​នោះ​ឡើយ។

លោក ឈាង វុន៖ «ខ្ញុំ​អត់​ឆ្លើយ​ទេ​ក្មួយ​។ ខ្ញុំ​អត់​និយាយ​អ្វី​ទាំងអស់ ប្រាក់ខែ មិន​ប្រាក់​ខែ​អីហ្នឹង​។ ឆ្លើយ​ក៏​អត់​បានការ​អី​ដែរ ក្មួយ​ឯង​នោះ»

ការ​បដិសេធ​របស់​លោក ឈាង វុន នេះ​ហាក់​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​តួនាទី​របស់​តំណាងរាស្ត្រ ដែល​មាន​ភារកិច្ច​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​នោះ។

មាត្រា ៧៧ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ពុំ​មែន​គ្រាន់តែ​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ឡើយ​។ រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ទៀត​ថា ភារកិច្ច​ចម្បង​របស់​រដ្ឋសភា និង​តំណាងរាស្ត្រ គឺ​ការ​តាក់តែង​ច្បាប់ តាមដាន​ការអនុវត្ត​ច្បាប់ និង​ចុះ​ជួប​ពលរដ្ឋ ដើម្បី​ស្វែងយល់​ពី​បញ្ហា​និង​ផ្ដល់​ដំណោះស្រាយ​ទៅ​ឱ្យ​ពួកគាត់។

ក៏ប៉ុន្តែ នៅ​លើ​គេហទំព័រ និង​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​រដ្ឋសភា មិនបាន​ឆ្លុះបញ្ចាំង​ពី​ការ​ចូល​រួច​ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម មាន​ដូចជា វិវាទ​ដីធ្លី ការរំលោភ​សិទ្ធិ​ការងារ ការរំលោភ​សិទ្ធិមនុស្ស និង​អំពើ​អយុត្តិធម៌​សង្គម របស់​តំណាងរាស្ត្រ​នោះ​ទេ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​សភា បង្ហាញ​តែ​សកម្មភាព​ឯកជន​របស់​តំណាងរាស្ត្រ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ លិខិត​អបអរសាទរ កិច្ច​សន្ទនា​ជាមួយ​តំណាង​ការ​ទូត​បរទេស និង​ការប្រជុំ​ពិភាក្សា​អនុម័ត​សេចក្ដីព្រាងច្បាប់​ចំនួន​តែប៉ុណ្ណោះ។

ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា តំណាងរាស្ត្រ ដែល​អង្គុយ​នៅក្នុង​សភា​នីតិកាល​ទី៧ នេះ ហាក់​អសកម្ម ក្នុង​ការ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​សង្គម និង​ប្រជាពលរដ្ឋ ដែល​បន្សល់ទុក​ពី​រដ្ឋាភិបាល​អាណត្តិ​ចាស់​។ លោក​បន្តថា ខុសពី​រដ្ឋសភា​នីតិកាល​ទី​៥ ដែល​មាន​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម ដែល​ធ្វើ​ឱ្យ​មាន​ការ​តស៊ូ​មតិ និង​លើកយក​បញ្ហា​សង្គម​មក​ពិភាក្សា​ក្នុង​អង្គប្រជុំ ប៉ុន្តែ​ពេលនេះ ៥​អាសនៈ​របស់​តំណាងរាស្ត្រ​មកពី​គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុង​រដ្ឋសភា​ពេល​នេះ ហាក់​មិនបាន​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​តំណាងរាស្ត្រ ដោយ​ស្របតាម​រដ្ឋធម្មនុញ្ញ​ឡើយ។

លោក រស់ សុដ្ឋា៖ «ស្ថាប័ន​រដ្ឋសភា​ហ្នឹង ដូច​មិន​ទាន់​មាន​ឯករាជ្យ​ទេ​។ ហើយ​ធ្វើការ​លក្ខណៈ​ជា​ប្រព័ន្ធ ទៅតាម​គោលនយោបាយ​បក្ស»

អ្នក​តាមដាន​បញ្ហា​សង្គម លើកឡើង​ថា មូលហេតុ​សំខាន់ ដែល​ធ្វើ​ឱ្យ​តំណាងរាស្ត្រ​អសកម្ម និង​មិន​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន គឺ​ដោយសារ​គ្មាន​សំឡេង​របស់​គណបក្ស​ប្រឆាំង ដែល​មាន​ឥទ្ធិពល​ចូលរួម ដើម្បី​រិះគន់ និង​លើកយក​បញ្ហា​សង្គម​មក​ពិភាក្សា ដើម្បី​រក​ដោះស្រាយ​នោះ​ឡើយ៕

 

1 comment:

Anonymous said...

Those MPs are inactive because the were not elected by the people, but they were appointed by their crooks father's fuckers. They are incompetent. Khmer people must not expect to get anything from them.