2023.10.08

អ្នកឃ្លាំមើលសង្កេតឃើញថា តំណាងរាស្ត្រនៅនីតិកាលទី៧ នេះ នៅតែរក្សាភាពស្ងៀមស្ងាត់ និងមិនអើពើដោះស្រាយបញ្ហាដែលរាស្ត្រដង្ហោយហៅឱ្យអន្តរាគមន៍ឡើយ។ ពួកគាត់ថា ភាពអសកម្មនេះកើតឡើងដោយសារឥទ្ធិពលតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាមានចំនួនច្រើនលើសលប់នៅក្នុងសភា ដែលពួកគេអង្គុយនៅលើកៅអីចាំតែគាំទ្រមេដឹកនាំបក្សកាន់អំណាចមួយប៉ុណ្ណោះ។
ទោះបីជា រដ្ឋសភាអាណត្តិថ្មីនេះ មានគណបក្ស២ ដែលខុសប្លែកកាលពីអាណត្តិចាស់ក្ដី ក៏អ្នកតាមដានបញ្ហាសង្គមមើលឃើញថា តំណាងរាស្ត្រក្នុងអាណត្តិថ្មីនេះ អសកម្មមិនបានប្រើប្រាស់តួនាទី ដើម្បីបម្រើប្រជាពលរដ្ឋនោះឡើយ។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត មើលឃើញថា តំណាងរាស្ត្រនីតិកាលទី៧ នៅតែអសកម្មដូចតំណាងរាស្ត្រនីតិកាលទី៦ ដែរ ដោយសារតែពួកគេកើតចេញពីការបោះឆ្នោតគ្មានភាពសេរី និងយុត្តិធម៌ មិនបង្ហាញពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ប្រសិនបើតំណាងរាស្ត្រកើតចេញពីបំណងឆន្ទៈរបស់ប្រជាពលរដ្ឋពិតមែននោះពួកគាត់នឹងធ្វើអ្វីៗដែលបម្រើប្រយោជន៍ និងចាំទទួលយកការពឹងពាក់ពីប្រជាពលរដ្ឋ។
លោក វ៉ន ចាន់ឡូត៖ «ហើយធ្វើយ៉ាងម៉េច កុំឱ្យប្រជាពលរដ្ឋ មានអារម្មណ៍ថា ពេលដែលត្រូវការពឹងពាក់តំណាងរាស្ត្រទាំងអស់ហ្នឹង វាពិបាកដូចអូសឫសីបញ្ច្រាសចុង។ បើថាតំណាងរាស្ត្រគាត់ក្លាហានមែនហ្នឹង អារបងខាងក្រៅហ្នឹងគឺគាត់ដកចេញហើយ គឺមិនមែនទៅទុកដូចរបងគុកអ៊ីចឹងទេ ដែលយើងមើលទៅដូចអត់សមភ្នែកទាល់តែសោះ»។
អាណត្តិទី៧នេះ រដ្ឋសភាមានគណបក្សនយោបាយតែ២ ប៉ុណ្ណោះ ដែលទទួលបានអាសនៈក្រោយការបោះឆ្នោតថ្នាក់ជាតិ ដែលគ.ជ.បមិនឱ្យគណបក្សប្រឆាំងចូលរួមប្រកួតប្រជែង កាលពី ថ្ងៃទី២២ ខែកក្កដា គឺគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ទទួលបានអាសនៈចំនួន១២០ និងគណបក្សហ៊្វុនស៊ិនប៉ិច របស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ទទួលបានតែអាសនៈចំនួន៥ប៉ុណ្ណោះ។ តែទោះយ៉ាងណាតាំងពីជាប់ឆ្នោតរហូតមកដល់ពេលនេះ មិនទាន់ឃើញមានតំណាងរាស្ត្រណាម្នាក់ចេញមុខដោះស្រាយ ឬមានយោបល់ជុំវិញបញ្ហាប្រឈមធំៗ របស់ប្រជាពលរដ្ឋនោះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង និងប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី ដើម្បីសុំសួរពីបញ្ហានេះបានទេ នៅថ្ងៃទី៧ តុលា។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច និងជាតំណាងរាស្ត្រ លោក ញឿន រ៉ាដែន បដិសេធចំពោះការលើកឡើងថា គណបក្សហ៊្វុនស៊ិនប៉ិច ចាំតែលើកដៃគាំទ្រ តាមការសម្រេចរបស់គណបក្សកាន់អំណាចប៉ុណ្ណោះ។
លោក ញឿន រ៉ាដែន៖ «ចំពោះមតិដែលលើកឡើងថា យើងចាំតែហៃអើ លើកដៃអនុម័តនោះ គឺមិនមែនទេ ដោយសារកន្លងមក បន្ទាប់ពីការបង្កើតសភា ជាពិសេសការតាក់តែងច្បាប់ហ្នឹង តើមានច្បាប់មួយណា ដែលធ្វើឱ្យខូចប្រយោជន៍ជាតិ? ប្រសិនបើច្បាប់ទាំងនោះ ធ្វើឱ្យខូចប្រយោជន៍ជាតិ គឺតំណាងរាស្ត្រ និងគណបក្សហ៊្វុនស៊ិនប៉ិច យើង ក៏មិនព្រងើយកន្តើយដែរ»។
ទោះជាយ៉ាងនេះក្ដី កន្លងមកគណបក្សហ៊្វុនស៊ិនប៉ិច បានចេញមុខប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ដែលជាគូប្រជែងដ៏មានឥទ្ធិពលជាងគេរបស់គណបក្សកាន់អំណាច ដែលធ្វើឱ្យប្រទេសលោកសេរី ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងកាត់ផ្ដាច់ជំនួយមួយចំនួន។ ក្រោយរំលាយគណបក្សសង្គ្រោះជាតិហើយ គណបក្សហ៊្វុនស៊ិនប៉ិច ហាក់មិនមានការអៀនខ្មាសឡើយ ក្នុងការទទួលយកអាសនៈ របស់គណបក្សសង្គ្រោះជាតិ ទាំងដែលពលរដ្ឋម្ចាស់ឆ្នោតមិនបានគាំទ្រនោះ។
ចំណែកតំណាងរាស្ត្រ ខេត្តបាត់ដំបង លេខរៀងទី៥ មកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បដិសេធមិនធ្វើការអត្ថាធិប្បាយនោះឡើយ។
លោក ឈាង វុន៖ «ខ្ញុំអត់ឆ្លើយទេក្មួយ។ ខ្ញុំអត់និយាយអ្វីទាំងអស់ ប្រាក់ខែ មិនប្រាក់ខែអីហ្នឹង។ ឆ្លើយក៏អត់បានការអីដែរ ក្មួយឯងនោះ»។
ការបដិសេធរបស់លោក ឈាង វុន នេះហាក់ផ្ទុយពីរដ្ឋធម្មនុញ្ញ និងតួនាទីរបស់តំណាងរាស្ត្រ ដែលមានភារកិច្ចធ្វើការបម្រើប្រជាពលរដ្ឋនោះ។
មាត្រា ៧៧ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាចែងថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែតំណាងប្រជាពលរដ្ឋខ្មែរក្នុងមណ្ឌលរបស់ខ្លួននោះឡើយ។ រដ្ឋធម្មនុញ្ញកម្ពុជា ចែងទៀតថា ភារកិច្ចចម្បងរបស់រដ្ឋសភា និងតំណាងរាស្ត្រ គឺការតាក់តែងច្បាប់ តាមដានការអនុវត្តច្បាប់ និងចុះជួបពលរដ្ឋ ដើម្បីស្វែងយល់ពីបញ្ហានិងផ្ដល់ដំណោះស្រាយទៅឱ្យពួកគាត់។
ក៏ប៉ុន្តែ នៅលើគេហទំព័រ និងទំព័របណ្ដាញសង្គមផ្លូវការរបស់រដ្ឋសភា មិនបានឆ្លុះបញ្ចាំងពីការចូលរួចចំណែកក្នុងការដោះស្រាយបញ្ហាសង្គម មានដូចជា វិវាទដីធ្លី ការរំលោភសិទ្ធិការងារ ការរំលោភសិទ្ធិមនុស្ស និងអំពើអយុត្តិធម៌សង្គម របស់តំណាងរាស្ត្រនោះទេ ដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់សភា បង្ហាញតែសកម្មភាពឯកជនរបស់តំណាងរាស្ត្រចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ លិខិតអបអរសាទរ កិច្ចសន្ទនាជាមួយតំណាងការទូតបរទេស និងការប្រជុំពិភាក្សាអនុម័តសេចក្ដីព្រាងច្បាប់ចំនួនតែប៉ុណ្ណោះ។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញថា តំណាងរាស្ត្រ ដែលអង្គុយនៅក្នុងសភានីតិកាលទី៧ នេះ ហាក់អសកម្ម ក្នុងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាសង្គម និងប្រជាពលរដ្ឋ ដែលបន្សល់ទុកពីរដ្ឋាភិបាលអាណត្តិចាស់។ លោកបន្តថា ខុសពីរដ្ឋសភានីតិកាលទី៥ ដែលមានតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិចូលរួម ដែលធ្វើឱ្យមានការតស៊ូមតិ និងលើកយកបញ្ហាសង្គមមកពិភាក្សាក្នុងអង្គប្រជុំ ប៉ុន្តែពេលនេះ ៥អាសនៈរបស់តំណាងរាស្ត្រមកពីគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងរដ្ឋសភាពេលនេះ ហាក់មិនបានបំពេញកាតព្វកិច្ចក្នុងនាមជាតំណាងរាស្ត្រ ដោយស្របតាមរដ្ឋធម្មនុញ្ញឡើយ។
លោក រស់ សុដ្ឋា៖ «ស្ថាប័នរដ្ឋសភាហ្នឹង ដូចមិនទាន់មានឯករាជ្យទេ។ ហើយធ្វើការលក្ខណៈជាប្រព័ន្ធ ទៅតាមគោលនយោបាយបក្ស»។
អ្នកតាមដានបញ្ហាសង្គម លើកឡើងថា មូលហេតុសំខាន់ ដែលធ្វើឱ្យតំណាងរាស្ត្រអសកម្ម និងមិនអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន គឺដោយសារគ្មានសំឡេងរបស់គណបក្សប្រឆាំង ដែលមានឥទ្ធិពលចូលរួម ដើម្បីរិះគន់ និងលើកយកបញ្ហាសង្គមមកពិភាក្សា ដើម្បីរកដោះស្រាយនោះឡើយ៕
1 comment:
Those MPs are inactive because the were not elected by the people, but they were appointed by their crooks father's fuckers. They are incompetent. Khmer people must not expect to get anything from them.
Post a Comment