ដោយ ខាន់ លក្ខិណា
2023.11.25
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ។
AFP
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ថា រយៈពេលជិត ១០០ ថ្ងៃ ដែលលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រី ជំនួសលោក ហ៊ុន សែន មិនបានធ្វើឱ្យជីវភាពពលរដ្ឋ ប្រសើរឡើងទេ ខណៈអយុត្តិធម៌ ការគំរាម នយោបាយ និងសេដ្ឋកិច្ចកាន់តែធ្លាក់ចុះធ្ងន់ធ្ងរទៅវិញ។ ប៉ុន្តែអ្នកនាំគណបក្សកាន់អំណាចចាត់ទុកការលើកឡើងនេះថា មិនឆ្លុះបញ្ចាំងការពិត។ តែយ៉ាងណា អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំង យល់ស្របចំពោះ ការលើកឡើងរបស់លោក សម រង្ស៊ី។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថ្លែងថា ប្រជារាស្ត្រគួរតែនាំគ្នាកាន់ទុក្ខ ក្រោយពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងនាយករដ្ឋមន្ត្រី ជំនួសឪពុក ពីព្រោះជិត១០០ថ្ងៃដែលលោកតំណែងនេះជីវភាពរស់នៅរបស់ពលរដ្ឋ អយុត្តិធម៌សង្គម និងបញ្ហាសេដ្ឋកិច្ច រួមទាំងការគំរាមកំហែង លើអ្នក នយោបាយកាន់តែអាក្រក់ទៅ។
លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៤ វិច្ឆិកា ថា នៅតែប៉ុន្មានថ្ងៃទៀត របបទីក្រុងភ្នំពេញ នឹងធ្វើ "បុណ្យគម្រប់ ១០០ ថ្ងៃ" តាំងពីថ្ងៃលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសឪពុកគាត់ កាលពីថ្ងៃទី២២ សីហា ២០២៣។
លោក សម រង្ស៊ី បន្តថា គ្មានអ្វីគួរអបអរសាទរទេ។ ប្រជារាស្ត្រខ្មែរ គួរតែកាន់ទុក្ខទៅវិញ ពីព្រោះលោកសង្កេតឃើញថា តាំងពីលោក ហ៊ុន ម៉ាណែត ឡើងមកកាន់តំណែង អយុត្តិធម៌សង្គមកាន់ តែធ្ងន់ទៅៗ ហើយជីវភាពរស់នៅរបស់ប្រជារាស្ត្រតូចតាច កាន់តែពិបាកទៅៗ។
ចំពោះវិស័យនយោបាយវិញ មេបក្សប្រឆាំងរូបនេះ អះអាងថា ពុំមានភាពល្អប្រសើរឡើយ ដោយសារថា មានអ្នកទោសនយោបាយ កាន់តែច្រើនឡើង ការគំរាមកំហែងកាន់តែខ្លាំងឡើង ហើយអំណាចផ្ដាច់ការកាន់តែអាក្រក់ទៅៗ។
រីឯក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចវិញនោះ លោកមើលឃើញថា ការបំផ្លាញជាតិ ដូចជាការកាប់ព្រៃឈើ នៅតែបន្ត ការលក់ទ្រព្យ សម្បត្តិជាតិ ទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិរាស្ត្រ ឲ្យទៅក្រុមហ៊ុននិងជនបរទេសមានកាន់ តែច្រើនឡើង។
លើសពីនេះ លោក សម រង្សី ក៏បង្ហាញការហួសចិត្តដែរចំពោះរឿងពន្ធដារ ដែលជម្រិតពីប្រជារាស្ត្រ កាន់តែធ្ងន់ទៅៗ ក្នុងខណៈដែលពលរដ្ឋខ្មែរ ស្ទើរគ្រប់គ្រួសារ ជំពាក់លុយធនាគារវ័ណ្ឌក ដោយរើខ្លួនមិនរួច ខណៈអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន កាន់តែច្រើនឡើង។
ការលើកឡើងរបស់លោក សម រង្ស៊ី នេះ ស្របពេលដែលក្រុមអ្នកនាំពាក្យ រដ្ឋាភិបាល បាននាំគ្នាធ្វើសន្និសីទសារព័ត៌មានដោយអបអរសាទរ និងអួតអំពីជោគជ័យនៃការដឹកនាំរយៈពេល ៩០ថ្ងៃរបស់លោក ហ៊ុន ម៉ាណែត ថា ហួសពីការរំពឹងទុក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបថា សារដែលលោក សម រង្ស៊ី លើកឡើងនេះ គ្រាន់តែជាការវាយប្រហារលើរដ្ឋាភិបាលតែប៉ុណ្ណោះ ប៉ុន្តែមិនបានឆ្លុះបញ្ចាំងពីការពិត នៅកម្ពុជាបច្ចុប្បន្នឡើយ។
លោក សុខ ឥសាន៖ «ដូច្នេះ ការនិយាយរបស់គាត់មិនបានផ្សារភ្ជាប់ការពិត ជាក់ស្ដែងទេ ហើយបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកនៅក្រៅប្រទេស នៅអាមេរិកក្ដី នៅបារាំង ដែលបានអញ្ជើញទៅលេងស្រុកកំណើត គឺសុទ្ធតែមានការកោតសរសើរពីការរីកចម្រើនរបស់ប្រទេសជាតិ»។
តែយ៉ាងណាអ្នកវិភាគនយោបាយ លោក គឹម សុខ បានបង្ហាញការយល់ស្រប ទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី។
អ្នកវិភាគរូបនេះ ថា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស គួរនាំគ្នាដង្ហែក្បួនចេញតវ៉ា អំពីគំនរអយុត្តិធម៌ ក្នុងសង្គម ដើម្បីស្វាគមន៍ការដឹកនាំ ១០០ថ្ងៃ របស់លោក ហ៊ុន ម៉ាណែត ដោយលោក គឹម សុខ ពន្យល់ថា លោក ហ៊ុន ម៉ាណែត ធ្វើត្រឹមតែទេសចរណ៍ការទូត និងជ្រមុជកម្ពុជាទៅក្នុងវិបត្តិផងដែរ។
លោក គឹម សុខ៖ «ពិតណាស់វា គួរតែជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរនាំចេញតវ៉ា អំពីទុក្ខសោក អយុត្តិធម៌ទាំងឡាយ ស្វាគមន៍ការដឹកនាំ១០០ ថ្ងៃ របស់លោក ហ៊ុន ម៉ាណែត ពីព្រោះក្រោមការដឹកនាំរបស់គាត់ គាត់គ្រាន់តែធ្វើទេសចរណ៍ការទូត ហើយជ្រមុជកម្ពុជាទៅក្នុងវិបត្តិលម្អៀងនយោបាយការបរទេសជ្រុលពេក។ បញ្ហាការងារ វិបត្តិបំណុល ទាំងបំណុលរបស់ប្រជាពលរដ្ឋ បំណុលរដ្ឋ បញ្ហាគ្រឿងញៀន មិនព្រមដោះស្រាយ ហើយកើតមានតែវិបត្តិបំពុលសង្គម ជំនឿផ្ដេសផ្ដាស ចម្លែកៗ»។
ស្រដៀងគ្នានេះដែរ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថា រយៈពេល ជិត១០០ថ្ងៃនេះ លោក ហ៊ុន ម៉ាណែត មិនបានដោះស្រាយ បញ្ហាកម្មករ វិបត្តិនយោបាយ និងសេដ្ឋកិច្ចជាក់ស្ដែងឡើយ ផ្ទុយទៅវិញ រដ្ឋាភិបាលអាណត្តិថ្មីនេះ បែរជា ប្រើសារនយោបាយបោកពលរដ្ឋ ដើម្បីកេងចំណេញនយោបាយទៅវិញ។
លោក រ៉ុង ឈុន៖ «យើងមិនទាន់ឃើញអ្វីជាដំកំភួននៅឡើយទេ ពីបញ្ហាដោះស្រាយ ប៉ុន្តែបើយើងស្ដាប់ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហាក់បីដូចជា ធ្វើការ ទូតសម្បើមណាស់ ទាក់ទាញទេសចរណ៍ ប៉ុន្តែធាតុពិត យើងអត់មានឃើញ អ្វីឆ្លើយតបទៅនឹងអ្វីដូចដែលលោកនាយករដ្ឋមន្ត្រីលើកឡើងតាមវេទិកាទេទេសចរណ៍នៅស្ងាត់ជ្រងំដដែលទេ មិនទាន់មានការងើបឡើងវិញទេ»។
លោក រ៉ុង ឈុន ថា បើប្រៀបធៀបទៅនឹងរដ្ឋាភិបាលថៃថ្មី ដែលមានអាយុការស្មើគ្នាវិញ គឺបានដាក់ចេញនូវផែនការជាក់ស្ដែង ជួយប្រជាពលរដ្ឋក្រីក្រ ដូចជាការផ្ដល់ប្រាក់ ការអនុគ្រោះពន្យារពេលបង់ប្រាក់ទៅធនាគាររយៈពេល៣ឆ្នាំ និងការដាក់កំហិតឱ្យបញ្ចុះតម្លៃទំនិញជាដើម។
ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអ្នកជំនាញ ស្នើទៅឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មើលពីគំរូនៃការដោះស្រាយបញ្ហាជាតិ របស់រដ្ឋាភិបាលថៃ ជាជាងប្រើសារនយោបាយប្រជាភិថុតិ៕
1 comment:
The problems stemmed from Ah Press Puos Hun Sen. Cambodia will run into deep trouble: financial collapse.
Post a Comment