Sunday, 26 November 2023

លោក សម រង្ស៊ី ថា ជីវភាព​ពលរដ្ឋ​និង​ស្ថានភាព​សិទ្ធិមនុស្ស​ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ ក្រោយ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង


ដោយ ខាន់ លក្ខិណា
2023.11.25

លោក សម រង្ស៊ី ថា ជីវភាព​ពលរដ្ឋ​និង​ស្ថានភាព​សិទ្ធិមនុស្ស​ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ ក្រោយ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ។
AFP


ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ថា រយៈពេល​ជិត ១០០ ថ្ងៃ ដែល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា នាយករដ្ឋមន្ត្រី ជំនួស​លោក ហ៊ុន សែន មិនបាន​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ ប្រសើរ​ឡើង​ទេ ខណៈ​អយុត្តិធម៌ ការ​គំរាម នយោបាយ និង​សេដ្ឋកិច្ច​កាន់តែ​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ទៅវិញ​។ ប៉ុន្តែ​អ្នក​នាំ​គណបក្សកាន់អំណាច​ចាត់ទុក​ការ​លើកឡើង​នេះ​ថា មិន​ឆ្លុះ​បញ្ចាំង​ការពិត​។ តែ​យ៉ាងណា អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង យល់ស្រប​ចំពោះ ការ​លើកឡើង​របស់​លោក សម រង្ស៊ី។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ថ្លែង​ថា ប្រជារាស្ត្រ​គួរតែ​នាំគ្នា​កាន់ទុក្ខ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី ជំនួស​ឪពុក ពីព្រោះ​ជិត​១០០​ថ្ងៃ​ដែល​លោក​តំណែង​នេះ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ អយុត្តិធម៌​សង្គម និង​បញ្ហា​សេដ្ឋកិច្ច រួម​ទាំង​ការ​គំរាមកំហែង លើ​អ្នក នយោបាយ​កាន់តែ​អាក្រក់​ទៅ​។​

លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី២៤ វិច្ឆិកា ថា នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត របប​ទីក្រុង​ភ្នំពេញ នឹង​ធ្វើ "​បុណ្យ​គម្រប់ ១០០ ថ្ងៃ​" តាំងពី​ថ្ងៃ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ជំនួស​ឪពុក​គាត់ កាលពី​ថ្ងៃ​ទី​២២ សីហា ២០២៣។



លោក សម រង្ស៊ី បន្ត​ថា គ្មានអ្វី​គួរ​អបអរសាទរ​ទេ​។ ប្រជារាស្ត្រ​ខ្មែរ គួរតែ​កាន់ទុក្ខ​ទៅវិញ ពីព្រោះ​លោក​សង្កេត​ឃើញ​ថា តាំងពី​លោក ហ៊ុន ម៉ាណែត ឡើង​មក​កាន់​តំណែង អយុត្តិធម៌​សង្គម​កាន់ តែ​ធ្ងន់​ទៅៗ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​តូចតាច កាន់តែ​ពិបាកទៅៗ។

ចំពោះ​វិស័យ​នយោបាយ​វិញ មេ​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា ពុំ​មាន​ភាពល្អ​ប្រសើរ​ឡើយ ដោយសារ​ថា មាន​អ្នក​ទោស​នយោបាយ កាន់តែ​ច្រើនឡើង ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង ហើយ​អំណាច​ផ្ដាច់ការ​កាន់តែ​អាក្រក់​ទៅៗ។

រីឯ​ក្នុង​វិស័យសេដ្ឋកិច្ច និង​សង្គមកិច្ច​វិញ​នោះ លោក​មើលឃើញ​ថា ការបំផ្លាញ​ជាតិ ដូច​ជា​ការ​កាប់​ព្រៃឈើ នៅតែ​បន្ត ការ​លក់​ទ្រព្យ សម្បត្តិ​ជាតិ ទ្រព្យសម្បត្តិ​រដ្ឋ និង​ទ្រព្យសម្បត្តិ​រាស្ត្រ ឲ្យ​ទៅ​ក្រុមហ៊ុន​និង​ជនបរទេស​មាន​កាន់ តែ​ច្រើនឡើង។

លើស​ពី​នេះ លោក សម រង្សី ក៏​បង្ហាញ​ការ​ហួសចិត្ត​ដែរ​ចំពោះ​រឿង​ពន្ធដារ ដែល​ជម្រិត​ពី​ប្រជារាស្ត្រ កាន់តែ​ធ្ងន់​ទៅៗ ក្នុង​ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ ស្ទើរ​គ្រប់​គ្រួសារ ជំពាក់​លុយ​ធនាគារ​វ័ណ្ឌក ដោយ​រើខ្លួន​មិន​រួច ខណៈ​អន្តោប្រវេសន៍​ខុសច្បាប់ និង​គ្រឿងញៀន កាន់តែ​ច្រើន​ឡើង។

ការ​លើកឡើង​របស់​លោក សម រង្ស៊ី នេះ ស្រប​ពេល​ដែល​ក្រុម​អ្នកនាំពាក្យ រដ្ឋាភិបាល បាន​នាំ​គ្នា​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដោយ​អបអរសាទរ និង​អួត​អំពី​ជោគជ័យ​នៃ​ការ​ដឹកនាំ​រយៈពេល ៩០​ថ្ងៃ​របស់​លោក ហ៊ុន ម៉ាណែត ថា ហួស​ពី​ការ​រំពឹង​ទុក។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយតប​ថា សារ​ដែល​លោក សម រង្ស៊ី លើកឡើង​នេះ គ្រាន់តែ​ជា​ការ​វាយប្រហារ​លើ​រដ្ឋាភិបាល​តែប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត នៅ​កម្ពុជា​បច្ចុប្បន្ន​ឡើយ។

    លោក​ សុខ ឥសាន៖ «ដូច្នេះ ការ​និយាយ​របស់​គាត់​មិន​បាន​ផ្សារភ្ជាប់​ការពិត ជាក់ស្ដែង​ទេ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​នៅ​ក្រៅ​ប្រទេស នៅ​អាមេរិក​ក្ដី នៅ​បារាំង ដែល​បាន​អញ្ជើញ​ទៅលេង​ស្រុកកំណើត គឺ​សុទ្ធតែ​មានការ​កោត​សរសើរ​ពី​ការ​រីកចម្រើន​របស់​ប្រទេសជាតិ»។

តែ​យ៉ាងណា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​បង្ហាញ​ការ​យល់​ស្រប ទៅ​នឹង​ការ​លើកឡើង​របស់​លោក សម រង្ស៊ី។

អ្នកវិភាគ​រូប​នេះ ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស គួរ​នាំគ្នា​ដង្ហែ​ក្បួន​ចេញ​តវ៉ា អំពី​គំនរ​អយុត្តិធម៌ ក្នុង​សង្គម ដើម្បី​ស្វាគមន៍​ការដឹកនាំ ១០០​ថ្ងៃ របស់​លោក ហ៊ុន ម៉ាណែត ដោយ​លោក គឹម សុខ ពន្យល់​ថា លោក ហ៊ុន ម៉ាណែត ធ្វើ​ត្រឹមតែ​ទេសចរណ៍​ការទូត និង​ជ្រមុជ​កម្ពុជា​ទៅ​ក្នុង​វិបត្តិ​ផង​ដែរ។

    លោក គឹម សុខ៖ «ពិត​ណាស់​វា គួរតែ​ជា​ពេលវេលា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នាំចេញ​តវ៉ា អំពី​ទុក្ខសោក អយុត្តិធម៌​ទាំងឡាយ ស្វាគមន៍​ការដឹកនាំ​១០០ ថ្ងៃ របស់​លោក ហ៊ុន ម៉ាណែត ពីព្រោះ​ក្រោម​ការដឹកនាំ​របស់​គាត់ គាត់​គ្រាន់តែ​ធ្វើ​ទេសចរណ៍​ការទូត ហើយ​ជ្រមុជ​កម្ពុជា​ទៅ​ក្នុង​វិបត្តិ​លម្អៀង​នយោបាយ​ការបរទេស​ជ្រុល​ពេក។ បញ្ហា​ការងារ វិបត្តិ​បំណុល ទាំង​បំណុល​របស់​ប្រជាពលរដ្ឋ បំណុល​រដ្ឋ បញ្ហា​គ្រឿងញៀន មិន​ព្រម​ដោះស្រាយ ហើយ​កើត​មានតែ​វិបត្តិ​បំពុលសង្គម ជំនឿ​ផ្ដេសផ្ដាស ចម្លែកៗ»។

ស្រដៀង​គ្នា​នេះ​ដែរ ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រយៈពេល ជិត​១០០​ថ្ងៃ​នេះ លោក ហ៊ុន ម៉ាណែត មិន​បាន​ដោះស្រាយ បញ្ហា​កម្មករ វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​ជាក់ស្ដែង​ឡើយ ផ្ទុយទៅវិញ រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ បែរជា ប្រើ​សារ​នយោបាយ​បោក​ពលរដ្ឋ ដើម្បី​កេង​ចំណេញ​នយោបាយ​ទៅវិញ។

    លោក រ៉ុង ឈុន៖ «យើង​មិនទាន់​ឃើញ​អ្វី​ជា​ដំ​កំភួន​នៅឡើយ​ទេ ពី​បញ្ហា​ដោះស្រាយ ប៉ុន្តែ​បើ​យើង​ស្ដាប់​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហាក់បីដូចជា ធ្វើការ ទូត​សម្បើម​ណាស់ ទាក់ទាញ​ទេសចរណ៍ ប៉ុន្តែ​ធាតុ​ពិត យើង​អត់​មាន​ឃើញ អ្វី​ឆ្លើយតប​ទៅ​នឹង​អ្វី​ដូចដែល​លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​តាម​វេទិកា​ទេ​ទេសចរណ៍​នៅ​ស្ងាត់​ជ្រងំ​ដដែល​ទេ មិនទាន់​មានការ​ងើបឡើង​វិញ​ទេ»។

លោក រ៉ុង ឈុន ថា បើ​ប្រៀបធៀប​ទៅ​នឹង​រដ្ឋាភិបាល​ថៃ​ថ្មី ដែល​មាន​អាយុ​ការ​ស្មើគ្នា​វិញ គឺ​បាន​ដាក់ចេញ​នូវ​ផែនការ​ជាក់ស្ដែង ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ដូចជា​ការ​ផ្ដល់​ប្រាក់ ការ​អនុគ្រោះ​ពន្យារ​ពេល​បង់ប្រាក់​ទៅ​ធនាគារ​រយៈពេល​៣​ឆ្នាំ និង​ការ​ដាក់​កំហិត​ឱ្យ​បញ្ចុះតម្លៃ​ទំនិញ​ជាដើម។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​អ្នកជំនាញ ស្នើ​ទៅ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មើល​ពី​គំរូ​នៃ​ការ​ដោះស្រាយ​បញ្ហា​ជាតិ របស់​រដ្ឋាភិបាល​ថៃ ជា​ជាង​ប្រើ​សារ​នយោបាយ​ប្រជាភិថុតិ៕

1 comment:

Anonymous said...

The problems stemmed from Ah Press Puos Hun Sen. Cambodia will run into deep trouble: financial collapse.