2023.11.26
ក្រុមយុវជនរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP ខកចិត្តចំពោះអាជ្ញាធរ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបានព្យាយាមរារាំងពួកគេ មិនឲ្យផ្សព្វផ្សាយអប់រំអំពីបរិស្ថាន និងសីលធម៌សង្គមនៅក្នុងមូលដ្ឋាន។ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធសហការនិងលើកទឹកចិត្តដល់ក្រុមយុវជនទាំងនោះ។
អាជ្ញាធរស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានហាមឃាត់ ក្រុមយុវជនស្ម័គ្រចិត្តដែលមានគ្នា ប្រមាណ២៥ នាក់ រួមទាំងព្រះសង្ឃផង មិនឲ្យធ្វើធម្មយាត្រាផ្សព្វផ្សាយ អប់រំដល់ពលរដ្ឋ អំពីសីល៥ បរិស្ថាន និង បញ្ហាសុខភាព បើទោះបីពួកគេបានដាក់លិខិតទៅអាជ្ញាធរឃុំ មុនមួយសប្ដាហ៍យ៉ាងណាក្ដី។
ព្រះអង្គ តេង ចាន់ឌី មានថេរដីកា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែវិច្ឆិកាថា អាជ្ញាធរស្រុកបានព្យាយាមរារាំងដល់ក្រុមនិស្សិត ដែលមកទីក្រុងភ្នំពេញមិនឲ្យធ្វើការចែករំលែកចំណេះដឹងអំពីបរិស្ថាន និងសីលធម៌សង្គម ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតំបន់នោះឡើយ ដោយអាជ្ញាធរនៅតំបន់នោះសំអាងថា ក្រុមសកម្មជន មិនបានជូនដំណឹងជាមុន ។ ទោះបីយ៉ាងណា ព្រះតេជព្រះគុណបន្តថា ក្រុមយុវជនបានដាក់លិខិតជូនដំណឹងទៅអាជ្ញាធរឃុំរួចហើយ ដោយគ្មានបំណងអ្វីក្រៅពីអប់រំចែករំលែកអំពីសិទ្ធិពលរដ្ឋ ចេះស្រឡាញ់ធនធានធម្មជាតិ អនាម័យ និងចេះយោគយល់ ដល់គ្នាទៅវិញទៅមក ដោយប្រកាន់ភ្ជាប់នូវសីល៥ឡើយ។
ព្រះអង្គ តេង ចាន់ឌី ចាត់ទុកទង្វើរបស់អាជ្ញាធរធ្វើបែបនេះ វាគឺជាការរឹតត្បិត សិទ្ធិ សេរីភាព របស់ប្រជាពលរដ្ឋ ក្នុងការជួបជុំចែករំលែក ចំណេះដឹង ដែលបានដើរ ផ្ទុយ ពីច្បាប់កំពូលរបស់កម្ពុជា។
ព្រះអង្គ តេង ចាន់ឌី៖ «ការរារាំងយុវជនអត់ឱ្យទៅចូលរួមផ្សព្វផ្សាយសីលប្រាំ អត់ឱ្យចូលរួមថែរក្សាធនធានធម្មជាតិហ្នឹងវាជាការរំលោភសិទ្ធិរបស់យុវជន ឬក៏ប្រជាពលរដ្ឋយើង យើងធ្វើបែបជាប្រយោជន៍រួម តែត្រូវបានហាមឃាត់។ អ៊ីចឹងអាត្មាភាពសូមសំណូមពរទៅដល់អាជ្ញាធរទាំងអស់ឱ្យលើកទឹកចិត្តជំរុញឱ្យយុវជនយើងដែលគាត់អត់បានយល់ដឹងអំពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ ដើម្បីលើកទឹកចិត្តគាត់ឱ្យគាត់ងាកមកចូលរួមការពារធនធានធម្មជាតិយើងទាំងអស់គ្នា»។
ក្រៅពីធ្វើកម្មវិធីដើរបង្ហែធម្មយាត្រាផ្សព្វផ្សាយអំពីសីល៥ បរិស្ថាននិងសុខភាព ក្រុមយុវជនក៏បានចុះល្បាតព្រៃ និងស្វែងយល់អំពីបរិស្ថាន នៅក្នុងព្រៃ សហគមន៍អូរដាស់ស្គរផងដែរ។ ពួកគេរកឃើញថា ដីព្រៃឈើនៅតំបន់មួយនេះ កំពុងតែរងការកាប់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ ប្រមាណជាង៣០០ហិកតារ ដែលជាដីព្រៃបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋជាប់តំបន់ព្រៃឡង់។ ក្រុមយុវជនថា អាជ្ញាធរគួរយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើ ប្រសើរជាងមករារាំងក្រុមយុវជន។
យុវតីម្នាក់ មកពីខេត្តបន្ទាយមានជ័យ ដែលបានចូលរួមកម្មវិធីធម្មយាត្រានេះ សុំមិនបញ្ចេញឈ្មោះ ដោយព្រួយបារម្ភពីសុវត្ថិភាព បានឲ្យដឹងថា អាជ្ញាធរគួរសហការ និងលើកទឹកចិត្តដល់យុវជន ដែលស្ម័គ្រចិត្តចុះជួយអប់រំពលរដ្ឋដល់មូលដ្ឋាន និងជាប្រយោជន៍ រួមសម្រាប់សង្គម។
យុវតីថ្លែងមិនបញ្ចេញឈ្មោះ៖ «ប្រជាពលរដ្ឋឈឺឆ្អាលអំពីបញ្ហាសង្គមចេះជួយ មិនថារឿងព្រៃឈើមិនថាអ្វីទេ ពួកគាត់គួរណាតែជួយសម្របសម្រួលផ្លូវក្នុងការធម្មយាត្រាហ្នឹង ប៉ុន្តែដោយឡែកគាត់បែរជាមករារាំងរំខាន អ៊ីចឹងអ្វីដែលជាសំណូមពររបស់ខ្ញុំ សូមសំណូមពរដល់អាជ្ញាធរ ឬក៏មានភូមិ មេឃុំ សំខាន់បំផុតគឺស្គាល់នូវតួនាទីរបស់គាត់ គាត់មានតួនាទីធ្វើអី?»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលស្រុកសណ្ដាន់ លោក លោក អ៊ុក វណ្ណរ៉ា និងមេឃុំមានរិទ្ធ លោក ស្រី សៀក បានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកា ដោយ ទូរស័ព្ទចូលច្រើនដងគ្មានអ្នកលើក។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ឃើញថា ប្រសិនអាជ្ញាធររារាំងបែបនេះ គឺកំពុងតែដើរ ផ្ទុយពីច្បាប់កំពូលរបស់កម្ពុជា និងជាសង្គមលទ្ធិប្រជាធិបតេយ្យ។ លោកជំរុញឲ្យរដ្ឋាភិបាលពិនិត្យមើលមន្ត្រីថ្នាក់ក្រោម និងដាក់ពិន័យទៅលើមន្ត្រីទាំងនោះ ដែលធ្វើ ឲ្យមានការបន្ទច់បង្អាក់និងធ្វើឲ្យប៉ះពាល់ដល់ការពង្រឹងចំណេះដឹងរបស់ពលរដ្ឋក្នុងការអភិវឌ្ឍសង្គមជាតិ។
លោក លោក អ៊ុក វណ្ណរ៉ា៖ «មិនគួរមានការព្រងើយកន្តើយទេក្នុងរឿងនេះ គួរតែមានវិធានការ ដើម្បីទប់ស្កាត់កុំឱ្យបញ្ហាហ្នឹងចេះតែកើតមានឡើងដែលអាចរងការរិះគន់ពីមជ្ឈដ្ឋាននានាថា ប្រទេសកម្ពុជាយើងហ្នឹងជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែផ្ទុយទៅវិញសកម្មភាពទាំងឡាយរបស់អាជ្ញាធរបែរទៅជាប្រើប្រាស់ឥរិយាបថទៅរឹតត្បិតរារាំងអ្វីទាំងអស់ហ្នឹងវាហាក់ដូចជាមិនមែនជាប្រទេសប្រជាធិបតេយ្យទៅវិញ»។
ក្រុមយុវជនអះអាងថា ក្នុងរយៈពេល ៣យប់៤ថ្ងៃ នៃដំណើររបស់ពួកគេ សកម្មជន បានរកឃើញនៃការកើនឡើងនៃការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ការប្រើប្រាស់ គ្រឿងញៀននាំឲ្យប៉ះពាល់និងបញ្ហាអសន្តិសុខនៅក្នុងភូមិឃុំ កុមារបោះបង់ការសិក្សាត្រឹមថ្នាក់បឋមសិក្សា ប្រជាពលរដ្ឋ ជំពាក់បំណុលធនាគារ នាំគ្នាចំណាកស្រុក កង្វះអាហារូបត្ថម្ភ ខ្វះទីផ្សារសម្រាប់លក់កសិផលរបស់ពលរដ្ឋ និងតម្លៃមិនសមរម្យជាដើម៕
No comments:
Post a Comment