2023.12.25

មន្ត្រីអង្គការសង្គមស៊ីវិលចង់ឃើញសមត្ថកិច្ចនិងតុលាការអនុវត្តច្បាប់លើ ជនបង្កដែលបើកឡានបុកមនុស្សស្លាប់ ដោយមិនចាំបាច់មានបញ្ជាពីថ្នាក់លើ ដើម្បីបង្ហាញថា ការអនុវត្តច្បាប់គ្មានស្តង់ដារពីរ និងបញ្ចៀសការរិះគន់ ពីសាធារណជន។ ការលើកឡើងនេះ បន្ទាប់ពីតុលាការឃុំខ្លួនឈ្មោះព្រហ្ម វិចិត្រសុសក្ដា បើករថយន្តបុកបុរសម្នាក់ស្លាប់ កាលពីថ្ងៃទី១៤ ធ្នូ។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនេះ បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ធ្នូ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន អ្នកបើកបររថយន្ត Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលបើករថយន្ត បុកជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅពន្ធនាគារបណ្ដោះអាសន្ន។
ការឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ជនសង្ស័យ ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ធ្នូ និងស្ថាប័នក្រសួងយុត្តិធម៌។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រពន្ធជនរងគ្រោះ គឺលោកស្រី គ្រុយ ឈិញលាំង ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៥ ធ្នូ។
កាលពីយប់ថ្ងៃទី១៤ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយកូនប្រុសរបស់មេធាវី ព្រហ្ម វិចិត្រសុភា គឺលោក ព្រហ្ម វិចិត្រសុសក្ដា ដែលបានបើកឡានទំនើប (Jeep) ប្រណាំងជាមួយឡានទំនើបមួយផ្សេងទៀត រួចក៏ ជ្រុលទៅបុកលោក សៀង គីមហុង នៅសង្កាត់បឹងកក់២ បណ្ដាលឱ្យស្លាប់។
លោក សៀង គីមហុង គឺជាកីឡាករវាយសី ដែលបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង កាលពីខែឧសភា ឆ្នាំ២០២៣ ។ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍រួច ឪពុកជនបង្កបានគំរាមកំហែង និងព្យាយាមផ្ដល់លុយ១ពាន់ដុល្លារ ឱ្យគ្រួសារជនរងគ្រោះក្នុងពិធីបុណ្យសព ជាថ្នូរនឹងការដកពាក្យបណ្ដឹងវិញ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរី ថ្ងៃទី ២៥ ធ្នូ ថា កន្លងមកមានគ្រោះថ្នាក់ចរាចរណ៍ ដូចគ្នានេះដែរ ប៉ុន្តែដោយសារតែ ជនបង្កជាអ្នកមានប្រាក់ បុណ្យស័ក្ដិ និងគ្មាន អន្តរាគមន៍ ពីនាយករដ្ឋមន្ត្រី គឺបុគ្គលនោះមិនត្រូវបានចាប់ខ្លួនឡើយ។
ប៉ុន្តែករណីនេះ ជាសញ្ញាមួយ ដែលបង្ហាញថា តុលាការបានអនុវត្តច្បាប់ដោយសម្រេចឱ្យជនបង្កទទួលខុសចំពោះមុខច្បាប់។
លោកកត់សម្គាល់ថា ករណីនេះ បើគ្មានបញ្ជាពីនាយករដ្ឋមន្ត្រីទេប្រហែលជាជនបង្ក ក៏មិនទាន់ត្រូវបានចាប់ ឬឃុំខ្លួនឡើយ ដែលនេះបង្ហាញថា មិនទាន់មានការពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងរង់ចាំ តែមានបទបញ្ជាពីថ្នាក់លើទើបអនុវត្ត។
លោក នី សុខា៖ «ការអនុវត្តច្បាប់ចំពោះជនបង្កមានកម្រិតប៉ុណ្ណា តើស្របនឹងនីតិវិធីច្បាប់ដែរឬអត់? ឬគ្រាន់តែជាការអនុវត្តមួយម្ដងម្ដាលឬ គេហៅវាមិនអចិន្ត្រៃយ៍ ឬគ្រាន់តែការអនុវត្តមួយដើម្បីបន្ធូរបន្ថយឬបង្ហាញសាធារណជនដោយសារតែមានមតិរិះគន់ច្រើន ហើយចាប់ហើយឃុំខ្លួនមិនទាន់បានប៉ុន្មានដោះលែងទៅវិញទៅ។ អាហ្នឹងជារឿងមួយដែលយើងកំពុងរង់ចាំមើលថា តើតុលាការពិតជាបានអនុវត្តច្បាប់ត្រឹមត្រូវដូចសមាសភាពចំពោះមុខច្បាប់ដូចប្រជាពលរដ្ឋដ៏ទៃទៀតដែរឬក៏អត់?»។
លោក នី សុខា ថា បើសិនជាមានការអនុវត្តច្បាប់ត្រឹមត្រូវ គឺមិនចាំបាច់ មានបញ្ជាពីថ្នាក់លើទេ ពីព្រោះស្ថាប័ននីមួយៗមានយុត្តាធិការ ទទួលខុស ត្រូវតួនាទី ឬភារកិច្ចរបស់ខ្លួន ក្នុងការចាត់វិធានការចំពោះបទល្មើសព្រហ្មទណ្ឌ។
លោក នី សុខា៖ «យើងនៅរង់ចាំមើលករណីផ្សេងទៀត ករណីបទល្មើសប្រហាក់ប្រហែលសមត្ថកិច្ចនឹងមានវិធានការ ដោយមិនចាំបាច់រង់ចាំបញ្ជាដែលមិនចាំបាច់មានបញ្ជាដែរឬអត់? អានេះ ជារឿងមួយដែលយើងកំពុងរង់ចាំហើយអ្វីដែលយើងចង់ឃើញទៅថ្ងៃអនាគត»។
ប្រធានអង្គការសម្ព័ន្ធភាព ការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា បើការអនុវត្តច្បាប់នៅតែមានស្តង់ដារពីរ ដោយកូនអ្នកមានប្រាក់ និងមានអំណាចបង្កគ្រោះថ្នាក់ហើយរួចខ្លួននោះ នឹងបង្កើតឱ្យមានភាពទំនើងនៅក្នុងសង្គម ធ្វើឱ្យមនុស្សមួយចំនួនក្នុង ត្រកូលអ្នកមាន លុយមានអំណាច គ្មានការប្រុងប្រយ័ត្ន ហើយប្រជាពលរដ្ឋស្លូត ត្រង់ចេះតែ បន្តរងគ្រោះ និងមិនទទួលបានយុត្តិធម៌។
លោកចាត់ទុកការឃុំខ្លួននេះ ថា ជារឿងត្រឹមត្រូវ ដើម្បីពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា ដោយគ្មានស្តង់ដារពីរ ខណៈប្រសិនបើជានាយករដ្ឋមន្ត្រីមិនអន្តរាគមន៍ទេ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍មិនក៏ត្រូវបានចាប់ខ្លួនដែរ។
លោក រស់ សុដ្ឋា៖ «ចំពោះបញ្ហានេះកើតឡើងដដែលៗជាច្រើនដងហើយ ដែលជារឿងអយុត្តិធម៌ ពាក់ ព័ន្ធនឹងសិទ្ធិពាក់ព័ន្ធមនុស្សធម៌ជាមនុស្សគ្មានសេចក្ដីមេត្តា គ្មានអាសូរដល់ជីវិតគេជីវិតឯង។ យើងគិតតែការពារអំណាចខ្លួនឯងភ្លេចជីវិតអ្នកដទៃ ត្រូវគិតថា អ្នកដទៃក៏គេស្រឡាញ់ជីវិតគេ ស្រឡាញ់សាច់ញាតិរបស់គេផងដែរ។ យើងស្រឡាញ់ជីវិតយើងប៉ុណ្ណាឬកូនចៅសាច់ញាតិប៉ុណ្ណា គេក៏ស្រឡាញ់ប៉ុណ្ណឹងដូចគ្នាហេតុអ្វីមនុស្សមិនគិតឃើញ មិនយល់ក្នុងនាមជាមនុស្សដែលមានបញ្ញាដែរ ហើយមកលេងសើចអ៊ីចឹង»។
ទាក់ទងនឹងរឿងនេះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ នៅថ្ងៃទី២៥ ធ្នូ បានបញ្ជាសមត្ថកិច្ចឱ្យស្រាវជ្រាវស្វែងរកចាប់ខ្លួន អ្នកបើករថយន្តស៊េរីទំនើបម៉ាក ហាំម័រ (Hummer) ដែលបើកបរក្នុងល្បឿនលឿន និងជ្រុលបុកអ្នកជិះម៉ូតូ បណ្តាលឱ្យស្ត្រីម្នាក់ និងកុមារតូច ម្នាក់ស្លាប់ ហើយបុរស ដែលជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ កាលពីថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ធ្នូ។
វិធានការអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនេះ ធ្វើឡើងបន្ទាប់ពីមានការដាក់បញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងស្ថាប័ន ក្រសួងយុត្តិធម៌ ក្រោយពីមានការរិះគន់ពី ប្រជាពលរដ្ឋរឿង អយុត្តិធម៌ក្នុងសង្គម៕
1 comment:
The culture of impunity will cease spontaneously when Ah Roleuy Hun Sen goes to hell and the Prime Minister is selected freely by the people, not through rigged election.
Post a Comment