Sunday, 31 December 2023

លោក ហ៊ុន ម៉ាណែត ជំរុញ​បង្កើន​ការ​ផ្សព្វផ្សាយ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ឪពុក​លោក

 

ដោយ សេក បណ្ឌិត
2023.12.30
sharethis sharing button
លោក ហ៊ុន ម៉ាណែត ជំរុញ​បង្កើន​ការ​ផ្សព្វផ្សាយ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ឪពុក​លោក  
លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត (រូបកណ្ដាល) ចូលរួមពិធី​រំលឹកខួប​នយោបាយឈ្នះឈ្នះ នៅវិមានឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ធ្នូ ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​បង្កើន​ការ​ផ្សព្វផ្សាយ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ឪពុក​លោក ឱ្យ​កាន់តែ​ទូលាយ និង​ដាក់​បញ្ចូល​នយោបាយ​ឈ្នះ​ឈ្នះ ទៅ​ក្នុង​កម្មវិធីសិក្សា និង​គម្រោង​សាងសង់​ស្តូប​ឈ្នះ​ឈ្នះ​បន្ថែម​ទៀត​។ ការ​លើកឡើង​នេះ​ធ្វើឡើង​នៅក្នុង​ប្រារព្ធ​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ និង​ខួប ៥ ឆ្នាំ​នៃ​ការ​កសាង​វិមាន​ឈ្នះ​ឈ្នះ​។ អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​កំពុង​បំភ្លៃ​ប្រវត្តិសាស្ត្រ មក​កុហក​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ផលប្រយោជន៍​បក្ខពួក ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។

ក្នុង​ពិធី​ប្រារព្ធ​ខួប ២៥​ឆ្នាំ ទិវា​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ថ្ងៃទី​២៩ ធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​សរសើរ​ពី​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ឧត្ដម​ក្រុម​ព្រឹក្សា​ព្រះមហាក្សត្រ ដោយ​លោក​អះអាង​ថា ឪពុក​របស់​លោក​គឺជា​ស្ថាបនិក​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​ស្ដារ​ប្រទេស តាមរយៈ​ការ​បង្រួបបង្រួម​ជាតិ និង​បញ្ចប់​សង្គ្រាម​តស៊ូ​របស់​ខ្មែរក្រហម។ លើស​ពី​នេះ​ទៅ​ទៀត លោក ហ៊ុន ម៉ាណែត បាន​ណែនាំ​ឱ្យ​ផ្សព្វផ្សាយ​ខ្លឹមសារ​គោលនយោបាយ​ឈ្នះ​ឈ្នះ តាមរយៈ​ការ​ធ្វើ​សិក្ខាសាលា​នៅ​តាម​វេទិកា​ផ្សេងៗ និង​ដាក់បញ្ចូល​ទៅ​ក្នុង​កម្មវិធីសិក្សា ដើម្បី​ឱ្យ​សិស្សានុសិស្ស បាន​យល់​កាន់តែ​ស៊ីជម្រៅ និង​ស្គាល់​តម្លៃ នៃ​នយោបាយ​ឈ្នះ​ឈ្នះ និង​គម្រោង​សាងសង់​ស្តូប​ឈ្នះ​ឈ្នះ នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន ថែម​ទៀត​ផង។

លោក ហ៊ុន ម៉ាណែត៖ «ដោយសារ​អ្នក​សរសេរ និង​អ្នក​ដែល​ចងក្រង​នេះ គឺជា​អ្នកប្រតិបត្តិ​ផ្ទាល់ ហើយ​ដឹង​ព័ត៌មាន​ច្រើន ដែល​ត្រូវ​ការ​ប្រមូល​ធាតុ​ផ្សំ​បន្ថែម​ទៀត ដើម្បី​ចងក្រង​ទុក​ឱ្យ​កូនចៅ​រាប់រយ​ឆ្នាំ​ទៀត​។ បើ​មិន​អ៊ីចឹង​ទេ នៅក្នុង​រយៈពេល ២០​ឆ្នាំ ៣០​ឆ្នាំ ឬ​៥០​ឆ្នាំ​ខាងមុខ​ទៀត ឯកសារ​ថ្មី គឺ​បាន​ត្រឹម​តែ​អ្នក​សរសេរ​ពី​ការស្រាវជ្រាវ​បន្ត»

 

ទោះជា​បែបនេះ​ក្ដី អ្នកឃ្លាំមើល លើកឡើង​ថា ការ​យក​នយោបាយ​ឈ្នះ​ឈ្នះ ដាក់បញ្ចូល​ទៅ​ក្នុង​កម្មវិធីសិក្សា គឺជា​ការ​បើក​ផ្លូវ​ឱ្យ​បក្ស​កាន់អំណាច បំភ្លៃ​ប្រវត្តិសាស្ត្រ បោកប្រាស់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ភ័ន្តច្រឡំ និង​យល់​ខុស​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​ត្រកូល ហ៊ុន សែន គឺជា​អ្នក​រំដោះជាតិ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ធ្នូ ថា ពាក្យ​ឈ្នះ​ឈ្នះ របស់​លោក ហ៊ុន សែន គឺ​សំដៅលើ​ជ័យជម្នះ​រដ្ឋប្រហារ​ដើម្បី​ប្លន់​អំណាច​ពី សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ឆ្នាំ​១៩៩៧ ឈ្នះ​ក្នុង​ការ​លួច​បន្លំ​សំឡេងឆ្នោត​គ្រប់​អាណត្តិ ឈ្នះ​ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង និង​បិទផ្លូវ​មិន​ឱ្យ​ចូលរួម​បោះឆ្នោត និង​ឈ្នះ​ក្នុង​ការ​ផ្ទេរអំណាច ត​ពូជ ក្នុង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។

លោក អ៊ុំ សំអាន៖ «ជា​ការ​ពិត​ហើយ នយោបាយ​ឈ្នះ​ឈ្នះ របស់​គណបក្ស​ប្រជាជន​របស់​លោក ហ៊ុន សែន ហ្នឹង គឺ​គ្រាន់តែ​ជា​លេស គ្រាន់តែ​ជា​អាវុធ​មួយ ដើម្បី​ការពារ​អំណាច​ផ្ដាច់ការ​របស់​ខ្លួន ក្នុង​ការ​ប្រព្រឹត្ត​អំពើពុករលួយ និង​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ ហើយ​និង​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម រស់នៅ​កម្ពុជា​ពេញ​ទឹក​ពេញ​ដី ហើយ​និង​បន្ត​កាត់​ទឹកដី​ខ្មែរ​សងគុណ​វៀតណាម​ដែល​លើក​បន្តុប​លោក ហ៊ុន សែន ដែល​បាន​កាន់អំណាច​ដោយសារ​វៀតណាម​លើក​បន្តុប»

ពិធី​រម្លឹក​ខួប​២៥​ឆ្នាំ នយោបាយ​ឈ្នះ​ឈ្នះ មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩ ដល់ ថ្ងៃទី​៣១ ធ្នូ នៅ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ពិធី​នេះ ក៏​មាន​ការ​បើក​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ថតរូប និង​ទស្សនា​ការ​តាំង​បង្ហាញ​រូបភាព និង​ស្នាដៃ​ផ្សេងៗ​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថែមទាំង​មានការ​ប្រគំ​តន្ត្រី ប្រៀប​បាន​ទៅ​នឹង​កម្មវិធី​បុណ្យជាតិ​ដ៏​ធំ​របស់​កម្ពុជា​ដូច្នោះ​ដែរ។

ទាក់ទិន​រឿង​នេះ អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​លោក មាស នី សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​គោលនយោបាយ​ឈ្នះ​ឈ្នះ នេះ ដើម្បី​ឃោសនា នយោបាយ និង​ទាញ​យក​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ ខណៈ​យុវជន​ជំនាន់​ក្រោយ​ភាគច្រើន មិនបាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​ក្នុង​របប​ខ្មែរក្រហម ឱ្យ​បាន​ស៊ីជម្រៅ​នោះ​ឡើយ​។ លោក​បន្ត​ថា ប្រសិនបើ​ប្រៀបធៀប​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​វិញ​នោះ នយោបាយ​ឈ្នះ​ឈ្នះ នេះ ហាក់​មាន​សម្រាប់​តែ​មន្ត្រី​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ​។ ផ្ទុយ​ពី​នេះ អ្នកនយោបាយ​របស់​គណបក្សប្រឆាំង និង​សកម្មជន​សង្គម អ្នក​លើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅតែ​ទទួលរង​គ្រោះ​ពី​សំណាក់​រដ្ឋាភិបាល។

បណ្ឌិត មាស នី៖ «កាលណា​យើង​និយាយ​អំពី​ភាគី​ពីរ គឺ​ភាគី​ឈ្នះ និង​ភាគី​ចាញ់ ភាគី​ទាំង​ពីរ​ហ្នឹង គឺ​បាន​ទទួល​ប្រយោជន៍​ស្មើគ្នា​។ បើ​មាន​នរណា​មួយ​បាត់បង់​ប្រយោជន៍ ហើយ​មក​និយាយ​ថា នេះ​គឺ​នយោបាយ​ឈ្នះ​ឈ្នះ គឺ​មិន​បាន​ទេ​។ ឥឡូវនេះ​គឺ​មាន ខ្មែរ​អ្នក​ចាញ់ និង​ខ្មែរ​អ្នកឈ្នះ»

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​យក​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ ថ្ងៃទី​២៩ ធ្នូ ដាក់​ចូល​ទៅ​ក្នុង​ប្រតិទិន​ប្រចាំឆ្នាំ កាល​ពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ឈប់​សម្រាក​ឡើយ ខណៈ​ទិវា​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ដក​ចេញពី​ពិធី​បុណ្យជាតិ​នៅ​ឆ្នាំ​២០២០ ទៅវិញ ដែល​ធ្វើ​ឱ្យ​អ្នកឃ្លាំមើល យល់​ថា រដ្ឋាភិបាល កំពុង​បំភ្លេច​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា និង​លើក​តម្កើង​នយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​កេង​ចំណេញ​នយោបាយ៕

1 comment:

Anonymous said...

Win Win = Nguyen Nguyen

That means the winner is Yuon.