ដោយ សេក បណ្ឌិត
2024.12.19
រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា ទៅវៀតណាម ដើម្បីរឹតចំណងវិស័យការពារជាតិ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ (កណ្ដាល) ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាមលើកទី៨០ និងខួបលើកទី៣៥ ឆ្នាំ ទិវាបុណ្យការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប្រទេសវៀតណាម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកក្រសួងការពារជាតិ
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា កំពុងមានវត្តមាននៅប្រទេសវៀតណាម (Vietnam) និងដឹកនាំមន្ត្រីគ្រាក់ៗ ដើម្បីជជែកពិភាក្សាក្នុងរឹតចំណងលើវិស័យការពារជាតិជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិវៀតណាម។ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងថា វៀតណាមនៅតែចង់ព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជា ហើយការហៅប្រមុខការពារជាតិកម្ពុជាទៅជជែកលើការពង្រឹងវិស័យការពារជាតិនេះ គឺជាយុទ្ធសាស្ត្រវៀតណាមទប់ទល់នឹងឥទ្ធិពលចិន (China) នៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ហ្វាន វ៉ាន់យ៉ាង (Phan Van Giang) អញ្ជើញរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា ទៅបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ គឺដើម្បីបញ្ជាក់ជំហរជាថ្មីទៀតនៃចំណងមិត្តភាពសាមគ្គីភាព ដ៏យូរអង្វែង និងការប្ដេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពប្រជាជនវៀតណាម ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត។
ក្រៅពីនេះ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ទៅវៀតណាមលើកនេះ ក៏ដើម្បីចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ការពារជាតិវៀតណាម និងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍កំណើតកងទ័ពប្រជាជនវៀតណាមលើកទី៨០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី១៧ ខែធ្នូ។
ប្រមុខការពារជាតិកម្ពុជាលោក ទៀ សីហា នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ដើម្បីជជែកអំពីក្នុងការបន្តធ្វើការងារលើវិស័យការពារជាតិរួមគ្នាឱ្យកាន់តែស៊ីជម្រៅដោយផ្ដោតលើទំនាក់ទំនងកម្រិតខ្ពស់ ពិសេសយន្តការនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដូចជា ការធ្វើសមយុទ្ធ និងបណ្ដុះបណ្ដាលជំនាញសមត្ថភាពយោធាជាដើម ដែលស្របនឹងខ្លឹមសារស្ដីពីផែនការ ៥ឆ្នាំនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរួមគ្នា។ ជាមួយគ្នានេះ លោកក៏នឹងគ្រោងជួបពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់មកពីបណ្ដាប្រទេសមួយចំនួនដូចជា អាមេរិក ចិន និងឡាវ ក្នុងក្របខ័ណ្ឌបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា មូលហេតុលោក ទៀ សីហា ទៅបំពេញទស្សនកិច្ចនៅវៀតណាមញឹកញាប់នោះ គឺដោយសារតែកម្ពុជាក្រោមការដឹកនាំរបស់ត្រកូល ហ៊ុន ចង់ស្អំចិត្តវៀតណាមឱ្យបន្តមានឥទ្ធិពលវិស័យការពារជាតិនៅកម្ពុជា ជាថ្នូរនឹងការរក្សាបានអំណាចបែបគ្រួសារបក្ខពួកនិយម។ លោកបន្ថែមទៀតថា វៀតណាមអាចនឹងមិនពេញចិត្តនៅពេលដែលរដ្ឋាភិបាលកម្ពុជាបង្កើនភាពល្អូកល្អិនជាមួយចិន ហើយយុទ្ធសាស្ត្រវៀតណាមដែលខិតខំពង្រឹងទំនាក់ទំនងយោធាជាមួយកម្ពុជា និងឡាវនោះ គឺវៀតណាមចង់រក្សាអំណាចជាបងធំក្នុងមហិច្ឆតាចង់គ្រប់គ្រងតំបន់ឥណ្ឌូចិន និងទប់ទល់នឹងឥទ្ធិពលចិនដែលកំពុងមានជម្លោះដណ្ដើមដែនសមុទ្រជាមួយវៀតណាមនៅសមុទ្រចិនខាងត្បូង។
លោក អ៊ុំ សំអាន៖ «សុបិនរបស់ហូ ជីមិញ (Ho Chi Minh) គឺចង់បង្កើតកម្ពុជា វៀតណាម ឡាវ ទៅជាប្រទេសតែមួយ ទៅជាសហព័ទ្ធឥណ្ឌូចិនដែលគ្រប់គ្រងដោយវៀតណាម ដើម្បីឱ្យវៀតណាមមានឥទ្ធិពលទប់នឹងមហាអំណាចចិន។ លោក ហ៊ុន សែន បើទោះបីជាទៅចាប់ចិន ប៉ុន្តែគាត់មិនចោលវៀតណាមនោះទេ។ វៀតណាមនៅតែមានឥទ្ធិពលមកលើកម្ពុជាតាមរយៈផ្នែកយោធា តាមរយៈការវិនិយោគ ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនៅទូទាំងប្រទេស ក៏ដូចជាតំបន់ (CLV) ហ្នឹងគឺជាកន្លែងដែលលំហូរចូលនៃជនអន្តោប្រវេសន៍វៀតណាមមកធ្វើការ មករស់នៅលើដីសម្បទានសេដ្ឋកិច្ចហ្នឹងកើតកូនពូនជាចៅទៅថ្ងៃក្រោយ គឺវាប៉ះពាល់ដល់បូរណភាពទឹកដីរបស់កម្ពុជា និងឈានដល់ការបាត់បង់កម្ពុជាដូចដែលកម្ពុជាបាត់បង់ទឹកដីកម្ពុជាក្រោមអ៊ីចឹង»។
រីឯ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ វាយតម្លៃថា ភាគីវៀតណាមហៅលោក ទៀ សីហា ទៅបំពេញទស្សនកិច្ចលើនេះ ពុំមានអ្វីក្រៅពីពង្រឹងទំនាក់ទំនងផ្នែកយោធា និងចង់ស្ទាបស្ទង់ជំហររដ្ឋាភិបាលត្រកូល ហ៊ុន ក្នុងគ្រាបង្កើនទំនាក់ទំនងស្អិតល្មួតជាមួយចិន និងការកែប្រែស្ថានការណ៍ខ្លះក្នុងទំនាក់ទំនងជាមួយអាមេរិក ដើម្បីវៀតណាមបន្តរៀបចំយុទ្ធសាស្ត្រថ្មី ក្នុងមហិច្ឆតាចង់ត្រួតត្រា និងមានឥទ្ធិពលនៅកម្ពុជា។
លោក គឹម សុខ៖ «គោលដៅធំរបស់វៀតណាមគឺការពង្រឹងឥទ្ធិពលយោធាជាមួយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទីមួយទប់ទល់នឹងឥទ្ធិពលរបស់ចិនផង ហើយគោលដៅមួយទៀតគឺវៀតណាមនៅតែចិញ្ចឹមចិត្តក្នុងការឈ្លានពានប្រទេសកម្ពុជា ម្ល៉ោះហើយការពង្រឹងយុទ្ធសាស្ត្រយោធាជាមួយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាគឺជារឿងចាំបាច់ណាស់។ គ្រាន់តែថា ក្នុងដំណាក់កាលនេះ ដោយសារតែមានការប្រែប្រួលខ្លះនៃទំនាក់ទំនងយោធាកម្ពុជា-អាមេរិក និងយោធាកម្ពុជា-ចិន វៀតណាមត្រូវស្ទង់ឱ្យដឹងថា តើគេត្រូវធ្វើក្នុងកម្រិតណា ដើម្បីឱ្យយុទ្ធសាស្ត្រសមយុទ្ធយោធាកម្ពុជាជាមួយវៀតណាមកាន់តែមានប្រសិទ្ធភាពក្នុងការអនុវត្តនយោបាយឈ្លានពាន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា និងលោក ឈុំ សុជាត ដើម្បីប្រតិកម្មជុំវិញនឹងការលើកឡើងនេះបានទេនៅថ្ងៃទី១៩ ខែធ្នូ។
ស្របពេលមានការព្រួយបារម្ភពីកំណើនឥទ្ធិពលយោធាចិនក្នុងតំបន់ និងការបង្ហាញជំហររបស់កម្ពុជាដែលបន្តរឹតចំណងជាមួយមិត្តដែកថែបចិនលើវិស័យការពារជាតិនោះ វៀតណាមដែលជាចៅហ្វាយចាស់កម្ពុជាបានផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាមួយប្រមុខការពារជាតិ និងប្រមុខស្ថាប័នរដ្ឋសភាកម្ពុជា ជាញឹកញាប់ក្នុងរយៈពេលចុងក្រោយនេះ ក្នុងគោលដៅសំខាន់ជំរុញឱ្យកាន់តែមានភាពស៊ីជម្រៅក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងយោធារវាងកម្ពុជា និងវៀតណាម។
កាលពីខែវិច្ឆិកា លោក ទៀ សីហា ក៏បានទៅបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចុះហត្ថលេខាស្ដីពីផែនការ ៥ឆ្នាំនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរួមគ្នា។ ទោះជាយ៉ាងណា តាមរយៈកិច្ចសហប្រតិបត្តិការនេះរងការរិះគន់ថា វៀតណាមនៅតែមានឥទ្ធិពល និងមហិច្ឆតាចង់ត្រួតត្រាកម្ពុជា ដោយសារតែផែនការ ៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរួមគ្នានោះ វៀតណាមតែងតែទាមទារឱ្យភាគីកម្ពុជាបន្តដឹងគុណវៀតណាម និងស្នើឱ្យជួយការពារជនជាតិវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជា៕
1 comment:
Tea Seyha needed to pay respect to his master and get new orders.
Post a Comment