2025.01.15
ក្រុមស៊ើបអង្កេតរបស់ប៉ុស្តិ៍នគរបាលតំបន់ឆាណាក់ សុងក្រាម (Chana Songkhram) នៃទីក្រុងបាងកក បានរាយការណ៍ប្រាប់សារព័ត៌មានថៃ នៅថ្ងៃទី១៥ ខែមករា ថា តុលាការព្រហ្មទណ្ឌនៅទីក្រុងបាងកក បានចេញដីកាចាប់ខ្លួនលោក លី រតនរស្មី ដែលមានឈ្មោះនៅប្រទេសថៃថា ស៊ុមវ៉ាំង បាមរុងគីត (Somwang Bamrungkit) អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ។ តុលាការព្រហ្មទណ្ឌបានចោទប្រកាន់ឈ្មោះ លី រតនរស្មី ចំនួន ៣ គឺ ទី១ បទឃាតកម្មគិតទុកជាមុន ទី២ ការកាន់អាវុធនៅទីសាធារណៈដោយខុសច្បាប់ និងទី៣ ការបាញ់កាំភ្លើងនៅក្នុងក្រុង។
បទចោទទាំងនេះ គឺពាក់ព័ន្ធនឹងករណីឃាតកម្មនៅបាងកក កាលពីថ្ងៃទី៧ ខែមករា ដែលខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) បាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ម្នាក់ នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ មករា។
ក្នុងករណីឃាតកម្មលើ លោក លិម គិមយ៉ា ទោះបីខ្មាន់កាំភ្លើងមិនសារភាពប្រាប់ពីអ្នក ពាក់ព័ន្ធក្ដី ក៏ក្រុមស៊ើបអង្កេតរបស់ប៉ុស្តិ៍នគរបាល នៃតំបន់ឆាណាក់សុងក្រាម បានបើកការស៊ើបអង្កេតជាលក្ខណៈទ្រង់ទ្រាយធំ ដោយចំណាយពេលត្រឹមតែ ១សប្ដាហ៍ ក្រុមអ្នកស៊ើបអង្កេតថៃប្រមូលបានភស្តុតាងដ៏សម្បូរបែប រហូតឈានដល់ការស្នើសុំដីកាពីតុលាការចាប់ខ្លួនជនជាតិថៃចំនួន ២នាក់ដែលជាខ្មាន់កាំភ្លើង គឺលោក អេកាឡាក់ ផែណយ និងអ្នកបើករថយន្តភីកអាប់ (Pick Up) ដឹកជញ្ជូនខ្មាន់កាំភ្លើងរត់គេចខ្លួន ឈ្មោះ ឆាឃីត ប៊ួប្លី (Chakit Buaplee) និង ២នាក់ទៀតគឺជាជនជាតិខ្មែរ រួមមានអ្នកចង្អុលបង្ហាញគោលដៅ លោក ពេជ្រ គឹមស្រ៊ិន និងអ្នកបញ្ជាឱ្យសម្លាប់ គឺលោក លី រតនរស្មី ដែលមានឈ្មោះជាភាសាថៃ ថា ស៊ុមវ៉ាំង បាំរុងគីត។
ទោះជាបែបនេះក្ដី ក្នុងសំណុំរឿងឧក្រិដ្ឋកម្មនេះ ប៉ូលិសថៃបានចាប់ខ្លួនជនជាតិថៃ ២នាក់ ដែលជាអ្នកទទួលបញ្ជា ឬស៊ីឈ្នួល ខណៈអ្នកបញ្ជា និងអ្នកប្រាប់ពី
គោលដៅ ដែលជាជនសង្ស័យសំខាន់ក្នុងករណីឃាតកម្ម ហើយបានរត់គេចខ្លួនទៅកម្ពុជានោះ អាជ្ញាធរកម្ពុជានៅមិនទាន់ចាប់ខ្លួនប្រគល់ឱ្យប៉ូលិសថៃតាមការស្នើសុំបាននៅឡើយ៕
1 comment:
Ah Chas Tum Ting Moung Hun Manet.
Post a Comment