Tuesday, 24 October 2017

អ្នកឃ្លាំមើល​ចាត់​ទុក​ការ​ប្រកាស​បញ្ចុះបញ្ចូល​របស់​លោក ហ៊ុន សែន ជា​ការ​គំរាមកំហែង


ដោយ ទីន ហ្សាការីយ៉ា
2017-10-23 


អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ក្នុង​កម្មវិធី​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Van Vanndeth
អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ក្នុង​កម្មវិធី​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Van Vanndeth



អ្នកច្បាប់ និង​អ្នកឃ្លាំមើល​ការបោះឆ្នោត​ចាត់​ទុក​ការ​អំពាវនាវ​ឲ្យ​សមាជិក ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នឹង​ទុក​ដំណែង​ក្រុមប្រឹក្សា ឃុំ-សង្កាត់​ឲ្យ​ដដែល​នោះ​ថា ជា​ការ​គំរាមកំហែង និង​ជា​ការ​ប្លន់​អំណាច។



អ្នកឃ្លាំមើល​ការបោះឆ្នោត លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រើ​យុទ្ធសាស្ត្រ​បំបែកបំបាក់​កម្លាំង​គណបក្ស​ប្រឆាំង​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម ក្រោយពី​រៀបចំ​ផែនការ​ដណ្ដើម​យក​អាសនៈ​របស់​គណបក្ស​នេះ​រួច​ហើយ​នោះ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ តុលា ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​នេះ ជា​ការ​បំភិតបំភ័យ និង​មិន​ឆ្លុះបញ្ចាំង​ពី​ការប្រកួតប្រជែង​មួយ​ដោយ​មិន​ស្មើភាព​គ្នា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២២ តុលា នៅ​ចំពោះ​មុខ​កម្មករ​រាប់ពាន់​នាក់​ថា លោក​អំពាវនាវ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ រួម​ទាំង​តំណាងរាស្ត្រ​ផង បើ​អ្នកណា​មក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក លោក​នឹង​រក្សាទុក​តំណែង​ឲ្យ​នៅ​ដដែល។ លោក​អះអាង​ថា នេះ​ជា​ការ​អនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក។

ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ នៅ​ស្រប​ពេល​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ មណ្ឌល​ព្រៃវែង លេខ​រៀង​ទី​៦ លោក ឡុង ប៊ុន្នី ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២២ តុលា។

អាស៊ីសេរី​មិន​អាច​ទាក់ទង លោក ឡុង ប៊ុន្នី និង​មន្ត្រី​គណបក្សប្រឆាំង​ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២២ តុលា។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យ​អាស៊ីសេរី​ដឹង​កន្លងមក​ថា សមាជិក​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ មិន​ងាយ​លក់ខ្លួន ឬ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​កំពុងតែ​ប្លន់​អំណាច​របស់​គណបក្ស​សង្គ្រោះជាតិ​ឡើយ។ លោក អេង ឆៃអ៊ាង បញ្ជាក់​ទៀត​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ កន្លងមក គឺជា​ការ​ប្លន់​អំណាច និង​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា តំណាងរាស្ត្រ​ឯក​បក្ស​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត កាន់តែ​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ថា លោក ហ៊ុន សែន ចង់​ក្រសោប​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន កំពុងតែ​ស្ទាប​ស្ទង់​កម្លាំង​របស់​គណបក្ស​សង្គ្រោះជាតិ ថា រឹងមាំ​បាន​កម្រិត​ណា។ ហើយ​លោក ហ៊ុន សែន ក៏​កំពុងតែ​ប្រើ​វិធី​បំបែកបំបាក់​កម្លាំង​គណបក្ស​ប្រឆាំង​នៅ​មូលដ្ឋាន និង​ថ្នាក់លើ​របស់​គណបក្សប្រឆាំង។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ កាលពី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ មាន​ជាង ៥​ពាន់​នាក់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង​រាជធានី មាន ៧៦៤​នាក់ តំណាងរាស្ត្រ​មាន ៥៥​រូប និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី មាន​ចំនួន ១១​រូប។

ទោះបីជា​បែប​ណា​ក៏ដោយ ទាំង​អ្នកច្បាប់ និង​អ្នកឃ្លាំមើល​ការបោះឆ្នោត​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​ធ្វើ​បក្ស​ប្រហារ ដើម្បី​ប្លន់​អំណាច​ពី​បក្ស​ប្រឆាំង​យក​ចែក​ឲ្យ​បក្ស​តូចៗ គ្មាន​អាសនៈ​ក្នុង​សភា​ផង និង​យក​អាសនៈ​បក្ស​ប្រឆាំង​ដើម្បី​ខ្លួន​ឯង ដើម្បី​បន្ត​និរន្តរភាព​អំណាច​របស់​ក្រុម​បក្ស​ពួក​លោក​ទៅ​មុខ​ទៀត នៅ​គ្រា​ដែល​លោក​ដឹកនាំ​ប្រទេស​ជាង ៣០​ឆ្នាំ​មកនេះ មានរឿង​អាស្រូវ​ជាច្រើន​កើតឡើង ដែល​លោក​ដោះស្រាយ​មិនបាន​ដូចជា អំពើពុករលួយ អំពើ​យុត្តិធម៌ ការរំលោភ​ដីធ្លី និង​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញពី​លំនៅឋាន និង​បញ្ហា​ជាច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​គណបក្ស​របស់​លោក នឹង​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខ។

បញ្ហា​ទាំងអស់​នេះ​ហើយ ដែល​លោក ហ៊ុន សែន រក​វិធី​ទប់ស្កាត់ និង​បំផ្លាញ​បក្ស​ប្រឆាំង​ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់ ថា លោក ហ៊ុន សែន កំពុងតែ​រំលោភ​រដ្ឋធម្មនុញ្ញ មើលងាយ និង​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ព្រមទាំង​មិន​ខ្វល់​ពី​ការ​ថ្កោលទោស ពី​សហគមន៍​អន្តរជាតិ ជា​បន្តបន្ទាប់​ផង​ដែរ។ តែ​យុទ្ធសាស្ត្រ​បែបនេះ អ្នកវិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន នឹង​មិន​ទទួល​បាន​ជោគជ័យ​យូរ​អង្វែង​ឡើយ៕

1 comment:

Anonymous said...

Well, looks like everybody in Cambodia [the little people, young and old, and every rank and file of the Hun Sen regime included] has just had it with the HUN SEN Viet/CPP's oppression of the Khmer people in favor of the Viet/YUON. Down with the HUN SEN/Viet CPP regime in Phnom Penh!!! Bravo and long live the Khmer people!!!