Sunday, 7 March 2021

សហភាពអន្តរសភា ​(IPU) ​អំពាវនាវឲ្យ​បក្ស​កាន់​អំណាច​​បន្តសន្ទនា​នយោបាយ​ជាមួយ​បក្សប្រឆាំង


ដោយ យន់ សាមៀន
2021-03-06
សហភាពអន្តរសភា ​(IPU) ​អំពាវនាវឲ្យ​បក្ស​កាន់​អំណាច​​បន្តសន្ទនា​នយោបាយ​ជាមួយ​បក្សប្រឆាំង 

ទិដ្ឋភាពមួយជ្រុង ជាផ្នែកមួយនៃ​មហាសន្និបាតរបស់​សហភាព​អន្តរសភា(IPU)។
រូបភាព​ពីហ្វេសប៊ុក​របស់​ IPU។


សហភាពអន្តរសភា​ហៅកាត់ថា ​អាយ.​ភី.យូ ​(IPU) ​ព្រួយបារម្ភ​ស្ថានភាព​នយោបាយអាក្រក់​នៅក្នុងប្រទេសកម្ពុជា។​ អាយ.ភី.យូ ​​(IPU) អំពាវ​នាវឲ្យរបប​លោក ​ហ៊ុន សែន ​បន្ត​​កិច្ចសន្ទនា​នយោបាយ​​ជាមួយ​​គណបក្ស​សង្គ្រោះជាតិឡើង​វិញ ដើម្បីកសាងទំនុកចិត្ត និង​ដោះ​ស្រាយ​បញ្ហា​នយោបាយ​​ក្នុង​​ពេល​បច្ចុប្បន្ន​។

សេចក្តីសម្រេចរបស់​គណៈកម្មាធិការសិទ្ធិមនុស្ស​នៃសមាជិកសភា​របស់​អាយ.ភី.យូ ​(IPU )​​ ក្រោយបញ្ចប់​សម័យ​ប្រជុំលើក​ទី​១៦៣​ កាលពី​ដើមខែកុម្ភៈ​ បង្ហាញថា​ អាយ.ភី.យូ ​(IPU) ព្រួយបារម្ភជាខ្លាំង​ចំពោះ​ថ្នាក់ដឹកនាំ​និងជា​តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ​យ៉ាង​ហោច​ណាស់ ​១២រូប​ ដែលរង​ការចោទ​ប្រកាន់​ដ៏ធ្ងន់ធ្ងរ​ជាច្រើនករណី​​ជាមួយ​សកម្មជន​រាប់​សិប​នាក់ទៀត​ ដោយ​សារតែ​សកម្មភាព​នយោបាយ ​និង​ការអនុវត្តសិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន។ អាយ.ភី.យូ ​(IPU) បន្តទៀតថា កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ អាជ្ញាធរ​​ថែមទាំង​​រារាំង​​ជនជាប់ចោទ​​ដែល​កំពុង​​និរទេស​ខ្លួន​​នៅ​ក្រៅ​​ប្រទេស​​មិន​ឲ្យ​​វិល​ចូល​​កម្ពុជា​​ដើម្បី​ការពារ​ខ្លួន​​ក្នុង​​តុលាការ​​ទាំង​ដែល​ច្បាប់​សិទ្ធិ​មនុស្ស​​អន្តរជាតិ ​​ចែងថា ​​មនុស្ស​គ្រប់រូបមានសិទ្ធិ​ត្រឡប់ចូល​ប្រទេស​កំណើត​របស់​ខ្លួនក្តី។ អាយ.ភី.យូ ​(IPU) ​ក៏ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្យល់លម្អិត​ចំពោះ​អង្គហេតុដែ​ល​បាន​ចោទប្រកាន់ ​និងដំណើរ​ជំនុំជម្រះ​ទ្រង់ទ្រាយធំ​លើថ្នាក់ដឹក​នាំ​និងសកម្មជន​បក្ស​ប្រឆាំង​ជាបន្ត​បន្ទាប់ ​និង​ត្រូវ​ធានា​សិទ្ធិ​ចូលរួម​សវនាការ​របស់ជន​ជាប់ចោទ​ ព្រមទាំងធានា​ឲ្យសាធារជន​អាចតាម​ដាន​សវនា​ដោយ​សេរី។ ​ចំពោះ​ករណី​លោក កឹម សុខា វិញ ​ស្ថាប័ន​អន្តរជាតិមួយនេះ ​ពិនិត្យ​ឃើញថា ​ការចោទ​លោក កឹម សុខា ​ពីបទ​ក្បត់ជាតិ​ គឺ​គ្មាន​មូលដ្ឋាន​ទាល់តែ​សោះ ដោយសារតែ​តុលាការ​ពន្យាពេល​​ជំនុំ​ជម្រះ​ដោយ​​គ្មាន​​កំណត់​​ពេល​ជាក់លាក់។​


សហភាពអន្តរសភា​ អាយ.ភី.យូ ​(IPU) ​ទាម​ទារឲ្យ​អាជ្ញាធរ​ទម្លាក់​បទចោទ​ទាំង​ឡាយ ​និង​អនុញ្ញាតឲ្យ​លោក កឹម សុខា ​រួមទាំង​សមាជិកសភា​ទាំងអស់​នៃ​គណ​បក្ស​សង្រោះ​ជាតិ​​បន្ត​សកម្មភាព​​នយោ​បាយ​ពេញ​លេញ​ឡើងវិញ។ ជា​ចុងក្រោយ សហភាពអន្តរសភា​​អាយ​.​ភី​.​យូ ​សម្រេច​​ស្នើ​ឲ្យ​អគ្គ​លេខា​របស់​ស្ថាប័ន​នេះ បញ្ជូន​សេចក្ដី​សម្រេច​នេះទៅ​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ម្ចាស់​បណ្ដឹង និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់។

សហភាពអន្តរសភា​ អាយ.ភី.យូ ​គឺស្ថាប័នអន្តរជាតិមួយ​ដែល​មាន​សមាជិក​សភា​មក​ពីប្រទេស​ចំនួន​ ១៧៩​ប្រទេសនៅលើ​ពិភពលោក ហើយធ្វើការលើកស្ទួយ ប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព។

មន្រ្តីជាន់ខ្ពស់រដ្ឋសភាឯកបក្សបដិសេធមិនទទួលយកសេចក្តីសម្រេចរបស់សហភាពអន្តរសភា​នោះទេ។ អគ្គលេខាធិការ ​និង​ជាអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ​ឆ្លើយតបថា ​សេច​ក្តី​សម្រេច​របស់​សហភាពអន្តរសភា​ អាយ.ភី.យូ នេះ​មានភាពលម្អៀង​ទៅរក​គណបក្ស​ប្រឆាំង​ ហើយ​គ្មាន​ប្រយោជន៍អ្វី​យកមក​ពិចារណា​ឡើយ​៖ «អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើចលនា​សង្គ្រោះជាតិ ​ហើយ​សព្វថ្ងៃ​កំពុង​ធ្វើ​ចលនា​ឧបឃាត ​គឺថា ​ធ្វើចលនា​ប្រឆាំង​ជាមួយ​​រដ្ឋាភិបាល ​ដោយ​អំពាវនាវ​ឲ្យ​ប្រជាជន ​និង​កងកម្លាំង​ប្រដាប់​អាវុធ​លើកកាណុង​ប្រឆាំង​រដ្ឋាភិបាល ​បំផ្លាញ​ភាពសុខសាន្ត ​និង​សុខសន្តិភាព​របស់​ប្រជាជន។​ ​យើង​បានពន្យល់​ហើយ​តែ​គេមិន​ស្តាប់ ​ដូច្នេះ​គេលម្អៀងទៅខាង​គណបក្ស​នោះ ​ដូច្នេះ​សេចក្តីសម្រេច​នេះ​វា​គ្មាន​បានការអីទេ ​ហើយអ្វីដែល​គេចង់នោះចង់​ឲ្យ​គណបក្ស​ប្រឆាំង​ត្រឡប់​មកវិញដើម្បី​បំផ្លាញ​ក្តីសុខ​របស់​ប្រជាជន​យើង ​ដូច្នេះយើង​មិនអាច​ទទួលយក​បាន​ទេ»។

ផ្ទុយពី​ការការលើកឡើងនេះ​​ មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត​ និងតស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល ​(Comfrel) លោក ​កន ​សាវាង្ស ​មានប្រសាសន៍ថា សហគមន៍​អន្តរជាតិ​​ ​សុទ្ធតែ​​ព្រួយបារម្ភ​​ និង​​ទាមទារ​ដូចៗ​គ្នា​​ឲ្យ​រដ្ឋា​ភិបាល​​កម្ពុជា​​ងាកមក​​គោរពសិទ្ធិមនុស្ស​ ​និង​លទ្ធិប្រជាធិប​តេយ្យ​ឡើងវិញ​។​ លោកថា ​​កន្លងមក​​រដ្ឋាភិបាល​ ​ចេះ​តែ​​ប្រកែក​​តែ​មាត់​​ ប៉ុន្តែមិន​បាន​​បង្ហាញ​ភស្តុ​តាង​​រឹងមាំ​​ដែល​ធ្វើឲ្យ​​សហគមន៍ជាតិ​​និង​អន្តរជាតិ​អាច​ជឿបាន​​នោះ​ទេ​៖​ «​យើង​ដឹងហើយ​ពី​ឆ្នាំ២០១៨​​មក​​ទល់​ពេល​​នេះ ​ស្ថានភាព​យើងយ៉ាងម៉េច ​គឺទាំងអស់​ទាំងគ្នា​ឆ្លងកាត់​រឿង​អស់ហ្នឹង​ គឺថាយើង​អាច​យល់​ទាំងអស់គ្នា​ហើយ​គឺថា ​ភាព​លំបាក ​ឬ​ចម្រូងចម្រាស់​បែប​ម៉េច​អាហ្នឹង​វាមិនមែន​ជាការរីកចម្រើន​មួយ​សម្រាប់​ប្រទេស​យើងទេ ​ជារឿង​កេរ្តិ៍ឈ្មោះ​មួយ​ដែល​ធ្វើឲ្យយើង​​រឹតតែ​ពិបាក​ជាងហ្នឹង​ទៅមុខ​ទៀត។ ​រដ្ឋាភិបាល ​គួរតែ​ពិនិត្យមើល​ និង​ស្តារឡើងវិញ​នូវលទ្ធិប្រជាធិបតេយ្យ​យ៉ាងហោចណាស់​ឲ្យ​បាន​ត្រឡប់​ដូចឆ្នាំ​២០១៧ ​គឺជា​​រឿងមួយ​ដែលជាការ​ប្រសើរ​សម្រាប់ការប្រគួតប្រជែងខាង​ផ្នែក​នយោបាយ ​ឬ​ស្តារមុខមាត់​ប្រទេសយើង​​ឲ្យសមស្រប​តាមគោលការណ៍​ប្រជាធិបតេយ្យ»។

មន្រ្តីជាន់ខ្ពស់​គណបក្សប្រឆាំង​ក៏​ស្នើ​ឲ្យរដ្ឋាភិបាល​ពិចារណា​ដោះស្រាយ​វិបត្តិ​នយោបាយ​វិញ​ដើម្បី​ឲ្យ​កម្ពុជា​ងាកទៅរក​គន្លង​លទ្ធិប្រជាធិបតេយ្យវិញ​។​ អ្នកស្រី ​មូរ សុខហូរ ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ថា ​​សេចក្តីសម្រេច​​របស់​​សហភាព​អន្តរសភា​​អាយ.ភី.យូ នេះ​ត្រឹមត្រូវ​​ព្រោះ​​ពួកគេ​​ចង់​​ឲ្យ​របប​​លោក ហ៊ុន សែន​​ ស្តារ​សិទ្ធិមនុស្ស​​និង​​ប្រជាធិបតេយ្យ ​​រួមទាំង​​គោរព​សិទ្ធិ​​អ្នក​​តំណាង​រាស្ត្រ​ជាដើម​។​​ អ្នកស្រី​​បន្តថា ​​សហភាព​អន្ត​រសភា​​ អាយ.ភី.យូ ​​មិនមែន​​ល្ងង់ខ្លៅ​មិន​ដឹង​​អំពី​​ស្ថានភាព​ពិត​​នៅក្នុង​​ប្រទេស​​​កម្ពុជា​​នោះទេ​​ ដូច្នេះ​​របបក្រុង​ភ្នំពេញ ​​ត្រូវ​​តែ​ដោះស្រាយ​​វិបត្តិ​នយោបាយ ​​​ដើម្បី​ជៀស​វាង​ទណ្ឌកម្មបន្តទៀត​៖ ​«សេចក្តីសម្រេច​ផ្សេងៗ​​ទៀត​​ជាបន្តបន្ទាប់ពី​អង្គការ​សហប្រជាជាតិ ពី​IPU ​ពីសហភាពអឺរ៉ុប ​ពីសហរដ្ឋអាមេរិក ​នឹង​ជំរុញ​ឲ្យមាន​ទណ្ឌកម្មសេដ្ឋកិច្ច​និង​ទណ្ឌកម្មផ្សេងៗទៀត​ដល់ក​ម្ពុជា​ដូចជា​គេបិទEBA​ និង​GSP ​របស់​អាមេរិកជាដើម ​ដូច្នេះលោក ហ៊ុន សែន ​ត្រូវតែ​យល់ថា ​កម្ពុជា​មិនអាច​រស់ដោយ​ឯកោបានទេ ​ហើយវិបត្តិសេដ្ឋកិច្ច ​នឹង​ក្លាយ​ជាវិ​បត្តិសង្គម ​ដោយសារ​អំពើដ៏សហាវបំផុត ​និង​អយុត្តិធម៌​បំផុត​មកលើ​ពលរដ្ឋ ​ហើយ​ឥឡូវ​មកលើ​ពួកយើង​​ជាតំណាង​រាស្ត្រទៀត​»​។​

ថ្មីៗនេះ ​​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ៤​រូប ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​ស្ថាន​ទូតអាមេរិក ​ខក​​ចិត្ត​​ជា​ខ្លាំង​ចំពោះ​ការ​ផ្តន្ទាទោស​លោក សម រង្ស៊ី ​និង​​ថ្នាក់ដឹកនាំ​​បក្ស​​ប្រឆាំង​ ៨នាក់​ទៀត ​ឱ្យ​ជាប់​​ពន្ធនាគារ​​ពី ​២០ឆ្នាំ ​ដល់ ​២៥ឆ្នាំ ​​ពីបទ​​«ឧបឃាត»​​ ពាក់ព័ន្ធ​​នឹង​​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។ ពួកគេវាយតម្លៃថា ​ការផ្តន្ទាទោសនេះ ​ធ្វើឡើង​ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់ និងធ្វើឡើងតាមការចង់បានរបស់លោក ហ៊ុន សែន។ ពួកគេ​ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ឡើងវិញដែរ ​និង​ធានា​ឱ្យ​គណបក្ស​នយោបាយ​ទាំង​អស់​មានឱកាស​ស្មើគ្នា​ដើម្បី​ចូលរួម​ក្នុង​ជីវភាព​នយោបាយ៕

2 comments:

Anonymous said...

It looks like the financial crisis will force Ah Roleuy Hun Sen to soften his political stance for his survival.

However, by now Khmer people should know this crazy animal Hun Sen's behavior: he will never afraid to do something destructive to Khmer people and Cambodia in exchange for his stay in power.


Anonymous said...

Hun Sen is desperate now. He knows the moment his family looses power, he will be killed along with his family.