ដោយ យន់ សាមៀន
2021-03-06
ទិដ្ឋភាពមួយជ្រុង ជាផ្នែកមួយនៃមហាសន្និបាតរបស់សហភាពអន្តរសភា(IPU)។
រូបភាពពីហ្វេសប៊ុករបស់ IPU។
សហភាពអន្តរសភាហៅកាត់ថា អាយ.ភី.យូ (IPU) ព្រួយបារម្ភស្ថានភាពនយោបាយអាក្រក់នៅក្នុងប្រទេសកម្ពុជា។ អាយ.ភី.យូ (IPU) អំពាវនាវឲ្យរបបលោក ហ៊ុន សែន បន្តកិច្ចសន្ទនានយោបាយជាមួយគណបក្សសង្គ្រោះជាតិឡើងវិញ ដើម្បីកសាងទំនុកចិត្ត និងដោះស្រាយបញ្ហានយោបាយក្នុងពេលបច្ចុប្បន្ន។
សេចក្តីសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃសមាជិកសភារបស់អាយ.ភី.យូ (IPU ) ក្រោយបញ្ចប់សម័យប្រជុំលើកទី១៦៣ កាលពីដើមខែកុម្ភៈ បង្ហាញថា អាយ.ភី.យូ (IPU) ព្រួយបារម្ភជាខ្លាំងចំពោះថ្នាក់ដឹកនាំនិងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់ ១២រូប ដែលរងការចោទប្រកាន់ដ៏ធ្ងន់ធ្ងរជាច្រើនករណីជាមួយសកម្មជនរាប់សិបនាក់ទៀត ដោយសារតែសកម្មភាពនយោបាយ និងការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ អាយ.ភី.យូ (IPU) បន្តទៀតថា កាន់តែធ្ងន់ធ្ងរជាងនេះ អាជ្ញាធរថែមទាំងរារាំងជនជាប់ចោទដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសមិនឲ្យវិលចូលកម្ពុជាដើម្បីការពារខ្លួនក្នុងតុលាការទាំងដែលច្បាប់សិទ្ធិមនុស្សអន្តរជាតិ ចែងថា មនុស្សគ្រប់រូបមានសិទ្ធិត្រឡប់ចូលប្រទេសកំណើតរបស់ខ្លួនក្តី។ អាយ.ភី.យូ (IPU) ក៏ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពន្យល់លម្អិតចំពោះអង្គហេតុដែលបានចោទប្រកាន់ និងដំណើរជំនុំជម្រះទ្រង់ទ្រាយធំលើថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ និងត្រូវធានាសិទ្ធិចូលរួមសវនាការរបស់ជនជាប់ចោទ ព្រមទាំងធានាឲ្យសាធារជនអាចតាមដានសវនាដោយសេរី។ ចំពោះករណីលោក កឹម សុខា វិញ ស្ថាប័នអន្តរជាតិមួយនេះ ពិនិត្យឃើញថា ការចោទលោក កឹម សុខា ពីបទក្បត់ជាតិ គឺគ្មានមូលដ្ឋានទាល់តែសោះ ដោយសារតែតុលាការពន្យាពេលជំនុំជម្រះដោយគ្មានកំណត់ពេលជាក់លាក់។
សហភាពអន្តរសភា អាយ.ភី.យូ (IPU) ទាមទារឲ្យអាជ្ញាធរទម្លាក់បទចោទទាំងឡាយ និងអនុញ្ញាតឲ្យលោក កឹម សុខា រួមទាំងសមាជិកសភាទាំងអស់នៃគណបក្សសង្រោះជាតិបន្តសកម្មភាពនយោបាយពេញលេញឡើងវិញ។ ជាចុងក្រោយ សហភាពអន្តរសភាអាយ.ភី.យូ សម្រេចស្នើឲ្យអគ្គលេខារបស់ស្ថាប័ននេះ បញ្ជូនសេចក្ដីសម្រេចនេះទៅជូនអាជ្ញាធរមានសមត្ថកិច្ច ម្ចាស់បណ្ដឹង និងអ្នកពាក់ព័ន្ធទាំងអស់។
សហភាពអន្តរសភា អាយ.ភី.យូ គឺស្ថាប័នអន្តរជាតិមួយដែលមានសមាជិកសភាមកពីប្រទេសចំនួន ១៧៩ប្រទេសនៅលើពិភពលោក ហើយធ្វើការលើកស្ទួយ ប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព។
មន្រ្តីជាន់ខ្ពស់រដ្ឋសភាឯកបក្សបដិសេធមិនទទួលយកសេចក្តីសម្រេចរបស់សហភាពអន្តរសភានោះទេ។ អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ឆ្លើយតបថា សេចក្តីសម្រេចរបស់សហភាពអន្តរសភា អាយ.ភី.យូ នេះមានភាពលម្អៀងទៅរកគណបក្សប្រឆាំង ហើយគ្មានប្រយោជន៍អ្វីយកមកពិចារណាឡើយ៖ «អតីតគណបក្សសង្គ្រោះជាតិបានធ្វើចលនាសង្គ្រោះជាតិ ហើយសព្វថ្ងៃកំពុងធ្វើចលនាឧបឃាត គឺថា ធ្វើចលនាប្រឆាំងជាមួយរដ្ឋាភិបាល ដោយអំពាវនាវឲ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធលើកកាណុងប្រឆាំងរដ្ឋាភិបាល បំផ្លាញភាពសុខសាន្ត និងសុខសន្តិភាពរបស់ប្រជាជន។ យើងបានពន្យល់ហើយតែគេមិនស្តាប់ ដូច្នេះគេលម្អៀងទៅខាងគណបក្សនោះ ដូច្នេះសេចក្តីសម្រេចនេះវាគ្មានបានការអីទេ ហើយអ្វីដែលគេចង់នោះចង់ឲ្យគណបក្សប្រឆាំងត្រឡប់មកវិញដើម្បីបំផ្លាញក្តីសុខរបស់ប្រជាជនយើង ដូច្នេះយើងមិនអាចទទួលយកបានទេ»។
ផ្ទុយពីការការលើកឡើងនេះ មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា សហគមន៍អន្តរជាតិ សុទ្ធតែព្រួយបារម្ភ និងទាមទារដូចៗគ្នាឲ្យរដ្ឋាភិបាលកម្ពុជាងាកមកគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោកថា កន្លងមករដ្ឋាភិបាល ចេះតែប្រកែកតែមាត់ ប៉ុន្តែមិនបានបង្ហាញភស្តុតាងរឹងមាំដែលធ្វើឲ្យសហគមន៍ជាតិនិងអន្តរជាតិអាចជឿបាននោះទេ៖ «យើងដឹងហើយពីឆ្នាំ២០១៨មកទល់ពេលនេះ ស្ថានភាពយើងយ៉ាងម៉េច គឺទាំងអស់ទាំងគ្នាឆ្លងកាត់រឿងអស់ហ្នឹង គឺថាយើងអាចយល់ទាំងអស់គ្នាហើយគឺថា ភាពលំបាក ឬចម្រូងចម្រាស់បែបម៉េចអាហ្នឹងវាមិនមែនជាការរីកចម្រើនមួយសម្រាប់ប្រទេសយើងទេ ជារឿងកេរ្តិ៍ឈ្មោះមួយដែលធ្វើឲ្យយើងរឹតតែពិបាកជាងហ្នឹងទៅមុខទៀត។ រដ្ឋាភិបាល គួរតែពិនិត្យមើល និងស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យយ៉ាងហោចណាស់ឲ្យបានត្រឡប់ដូចឆ្នាំ២០១៧ គឺជារឿងមួយដែលជាការប្រសើរសម្រាប់ការប្រគួតប្រជែងខាងផ្នែកនយោបាយ ឬស្តារមុខមាត់ប្រទេសយើងឲ្យសមស្របតាមគោលការណ៍ប្រជាធិបតេយ្យ»។
មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងក៏ស្នើឲ្យរដ្ឋាភិបាលពិចារណាដោះស្រាយវិបត្តិនយោបាយវិញដើម្បីឲ្យកម្ពុជាងាកទៅរកគន្លងលទ្ធិប្រជាធិបតេយ្យវិញ។ អ្នកស្រី មូរ សុខហូរ អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងថា សេចក្តីសម្រេចរបស់សហភាពអន្តរសភាអាយ.ភី.យូ នេះត្រឹមត្រូវព្រោះពួកគេចង់ឲ្យរបបលោក ហ៊ុន សែន ស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ រួមទាំងគោរពសិទ្ធិអ្នកតំណាងរាស្ត្រជាដើម។ អ្នកស្រីបន្តថា សហភាពអន្តរសភា អាយ.ភី.យូ មិនមែនល្ងង់ខ្លៅមិនដឹងអំពីស្ថានភាពពិតនៅក្នុងប្រទេសកម្ពុជានោះទេ ដូច្នេះរបបក្រុងភ្នំពេញ ត្រូវតែដោះស្រាយវិបត្តិនយោបាយ ដើម្បីជៀសវាងទណ្ឌកម្មបន្តទៀត៖ «សេចក្តីសម្រេចផ្សេងៗទៀតជាបន្តបន្ទាប់ពីអង្គការសហប្រជាជាតិ ពីIPU ពីសហភាពអឺរ៉ុប ពីសហរដ្ឋអាមេរិក នឹងជំរុញឲ្យមានទណ្ឌកម្មសេដ្ឋកិច្ចនិងទណ្ឌកម្មផ្សេងៗទៀតដល់កម្ពុជាដូចជាគេបិទEBA និងGSP របស់អាមេរិកជាដើម ដូច្នេះលោក ហ៊ុន សែន ត្រូវតែយល់ថា កម្ពុជាមិនអាចរស់ដោយឯកោបានទេ ហើយវិបត្តិសេដ្ឋកិច្ច នឹងក្លាយជាវិបត្តិសង្គម ដោយសារអំពើដ៏សហាវបំផុត និងអយុត្តិធម៌បំផុតមកលើពលរដ្ឋ ហើយឥឡូវមកលើពួកយើងជាតំណាងរាស្ត្រទៀត»។
ថ្មីៗនេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ៤រូប អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និងស្ថានទូតអាមេរិក ខកចិត្តជាខ្លាំងចំពោះការផ្តន្ទាទោសលោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សប្រឆាំង ៨នាក់ទៀត ឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំ ដល់ ២៥ឆ្នាំ ពីបទ«ឧបឃាត» ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ ពួកគេវាយតម្លៃថា ការផ្តន្ទាទោសនេះ ធ្វើឡើងខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់ និងធ្វើឡើងតាមការចង់បានរបស់លោក ហ៊ុន សែន។ ពួកគេក៏បានអំពាវនាវដល់រដ្ឋាភិបាលឱ្យផ្ដល់សិទ្ធិធ្វើនយោបាយដល់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំងនោះឡើងវិញដែរ និងធានាឱ្យគណបក្សនយោបាយទាំងអស់មានឱកាសស្មើគ្នាដើម្បីចូលរួមក្នុងជីវភាពនយោបាយ៕
2 comments:
It looks like the financial crisis will force Ah Roleuy Hun Sen to soften his political stance for his survival.
However, by now Khmer people should know this crazy animal Hun Sen's behavior: he will never afraid to do something destructive to Khmer people and Cambodia in exchange for his stay in power.
Hun Sen is desperate now. He knows the moment his family looses power, he will be killed along with his family.
Post a Comment