ដោយ ខែ សុណង
2021-05-28 rfa
ក្រុមស្ត្រីថ្ងៃសុក្រចំនួន ៧នាក់ លើកផ្ទាំងរូបថតអ្នកជាប់ឃុំ និងយកញត្តិដាក់ទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីស្នើសុំអន្តរាគមន៍ជួយទាមទារតុលាការឱ្យដោះលែងសមាជិកគ្រួសារកំពុងជាប់ឃុំក្នុងពន្ធនាគារ ដែលឆ្លងជំងឺកូវីដ-១៩។
រូប៖ ពលរដ្ឋ
ក្រុមគ្រួសារអ្នកជាប់ឃុំនយោបាយនាំគ្នាចេញតវ៉ានៅថ្ងៃទី២៨ ឧសភានេះ និងដាក់ញត្តិជូនស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ និងសកម្មជនសង្គមឱ្យមានសេរីភាពឡើងវិញ។ សកម្មភាពរបស់គ្រួសារអ្នកជាប់ឃុំនយោបាយនេះ ធ្វើឡើងបន្ទាប់ពីជំងឺកូវីដ១៩ បានផ្ទុះនៅក្នុងពន្ធនាគារ។
ក្រុមស្ត្រីថ្ងៃសុក្រចំនួន ៧នាក់ បាននាំគ្នាលើកផ្ទាំងរូបថតអ្នកជាប់ឃុំ និងយកញត្តិដាក់ជូនស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីស្នើសុំអន្តរាគមន៍ពីស្ថានទូត។ ពួកគាត់ទាមទារឱ្យតុលាការដោះលែងសមាជិកគ្រួសារពួកគាត់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារដោយអយុត្តិធម៌ បន្ទាប់ពីជំងឺកូវីដ-១៩ បានឆ្លងចូលដល់ក្នុងពន្ធនាគារ។
ប្រពន្ធរបស់មន្ត្រីបក្សប្រឆាំងលោក កាក់ កុម្ភារ គឺលោកស្រី ព្រំ ចន្ថា ប្រាប់ថា មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យលោកស្រីចូលជួប ដើម្បីប្រគល់ញត្តិ។ លោកស្រីបន្តថា លោកស្រីបានលើកឡើងប្រាប់ទៅមន្ត្រីទូតអាមេរិកអំពីគោលបំណងនៃញត្តិ អំពើអយុត្តិធម៌ និងទុក្ខលំបាករបស់អ្នកទោសនយោបាយ អ្នកទោសមនសិការ និងសកម្មជនសង្គម ដែលកំពុងឆ្លង និងប្រឈមឆ្លងជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារ។ លោកស្រីបញ្ជាក់ថា មន្ត្រីទូតអាមេរិកបានសន្យានឹងយកញាតិ និងសំណើរបស់គ្រួសារអ្នកជាប់ឃុំ ដាក់ជូនទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក ផាទ្រីក ម័កហ្វី (W. Patrick Murphy) និងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) ដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ៖ «ឥឡូវនេះកូវីដកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងពន្ធនាគារ ហើយបានឆ្លងទៅដល់អ្នកនយោបាយហើយ អ៊ីចឹងខ្ញុំយកញត្តិទៅដាក់នេះ ដើម្បីឱ្យគាត់ដឹងហើយ ប្រាប់ពីទុក្ខលំបាករបស់ពួកខ្ញុំផង ដោយសារអីពួកខ្ញុំខានជួបមុខប្ដីរយៈពេលបីខែអត់ដឹងដំណឹងអីសោះតែម្ដង ហើយមានហានិភ័យខ្ពស់តែម្ដង ព្រោះគាត់បិទសិទ្ធិសេរីភាពមិនឱ្យក្រុមគ្រួសារគេដឹងទីមួយ ទីពីរទៀតទូរស័ព្ទការទាក់ទងគាត់មិនឱ្យដាក់ដែរ ជាចេតនាមួយទៀតបិទសិទ្ធិសេរីភាពតែម្ដង»។
ក្រុមស្ត្រីថ្ងៃសុក្រលើកឡើងនៅក្នុងញត្តិដាក់ជូនទៅស្ថានទូតអាមេរិកនោះថា ពន្ធនាគារចង្អៀតណែនខ្លាំង ដែលធ្វើឱ្យអ្នកជាប់ឃុំមិនអាចអនុវត្តតាមវិធានការសុខាភិបាលបានឡើយ។ ក្រុមស្ត្រីបញ្ជាក់ទៀតថា តុលាការបានអូសបន្លាយសវនាការ និងឃុំសាច់ញាតិពួកគាត់ទុកចោលឱ្យរងទុក្ខវេទនា ដោយមិនដឹងពេលណាតុលាការសម្រេចដាក់ទោស ឬសម្រេចឱ្យរួចទោសនោះឡើយ។ ពួកគាត់បន្តថា អ្នកជាប់ឃុំទាំងនោះកំពុងរងទុក្ខវេទនា ព្រោះគ្មានពេទ្យមើលថែគ្រប់គ្រាន់ ស្របពេលការរាតត្បាតជំងឺកូវីដ១៩ ធ្វើឱ្យខាងពន្ធនាគារមិនអាចគ្រប់គ្រងបានឡើយ។
ប្រពន្ធមន្ត្រីបក្សប្រឆាំងនៅខេត្តកំពង់ធំ លោក ស៊ុន ធន់ គឺលោកស្រី សេង ចាន់ថន ប្រាប់ថា លោកស្រីបារម្ភអំពីប្ដីដែលជាប់ឃុំនៅក្នុងពន្ធនាគារ ព្រោះពន្ធនាគារចង្អៀតណែន ពុំមានអនាម័យ ដែលធ្វើឱ្យប្ដីលោកស្រីប្រឈមការឆ្លងជំងឺកូវីដ១៩។ លោកស្រីទាមទារឱ្យរដ្ឋាភិបាលដោះលែងប្ដីលោកស្រីឱ្យមានសេរីភាពឡើងវិញ៖ «ផ្ដាំទៅលោកតុលាការផងសុំឱ្យតុលាការជាតុលាការឯករាជ្យ ឱ្យមានការដោះលែងពួកគាត់ឱ្យនៅក្រៅឃុំ នៅរយៈពេលកូវីដនេះ ខ្ញុំព្រួយបារម្ភមែនទែន ហើយមួយទៀតសូមឱ្យរាជរដ្ឋាភិបាលហ្នឹងឱ្យគាត់គិតគូរឱ្យមែនទែនដល់អ្នកនៅក្នុងពន្ធនាគារ អ្នកទោសនយោបាយដែលគាត់គ្មានកំហុស»។
ក្រុមស្ត្រីឱ្យដឹងថា ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ប្រមាណ៥០នាក់ បានតាមឃ្លាំមើល និងប្រើពាក្យសម្ដីមិនសមរម្យលើពួកគាត់នៅមុខស្ថានទូតអាមេរិក។
អាស៊ីសេរីមិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ដើម្បីសុំការបញ្ជាក់អំពីសំណើសុំដោះលែងអ្នកទោសនយោបាយនេះបានទេ នៅថ្ងៃទី២៨ ឧសភា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ទោះជាយ៉ាងណាសាច់ញាតិសកម្មជនបក្សប្រឆាំង សហជីព សកម្មជនសង្គម បារម្ភពីសុខទុក្ខអ្នកជាប់ឃុំ ដែលប្រឈមឆ្លងជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារ។ ពួកគាត់សង្ឃឹមថា សហរដ្ឋអាមេរិកនឹងលើកយកករណីនេះ ដើម្បីជជែកជាមួយរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ និងអ្នកទោសនយោបាយ ដើម្បីធានានូវសិទ្ធិសេរីភាព និងប្រជាធិបតេយ្យដល់ប្រជាពលរដ្ឋ។
ជុំវិញរឿងនេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សង្គមស៊ីវិលព្រួយបារម្ភចំពោះការឆ្លងជំងឺកូវីដ១៩ ចូលក្នុងពន្ធនាគារ ព្រោះពន្ធនាគារចង្អៀតណែន ពុំមានអនាម័យ និងងាយចម្លងមេរោគ ដែលពិបាកនឹងអនុវត្តតាមវិធានការសុខាភិបាល។ លោកយល់ថា សំណើ និងការបារម្ភរបស់គ្រួសារអ្នកជាប់ឃុំគឺសមហេតុផល ដែលអាជ្ញាធរពាក់ព័ន្ធ ជាពិសេស តុលាការ គួរពិចារណាដោះលែងឱ្យពួកគាត់មានសេរីភាព ដោយសារពួកគាត់មានឆន្ទៈគោរពតាមនីតិវិធីរបស់តុលាការ ដើម្បីរួមចំណែកបន្ធូរបន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារផងដែរ៖ «អគ្គនាយកដ្ឋានពន្ធនាគារធ្លាប់បានឆ្លើយតបមកហើយនឹងធ្វើការសម្របសម្រួល គ្រាន់តែការលើកឡើងហ្នឹងវាជាការលើកឡើងមួយ ដែលមិនទាន់ឃើញការអនុវត្តន៍ជាក់ស្ដែងនៅឡើយ ព្រោះយើងដឹងហើយវា មិនដូចជំនាន់ដើមទេ វាទាំងអស់នេះមិនមែនជាបញ្ហាធ្ងន់ធ្ងរអីទៅល្មើសនឹងច្បាប់ទេ អ៊ីចឹងគួរមានការសម្របសម្រួលទៅលើបញ្ហានឹងទៅពួកគាត់អាចប្រាស្រ័យទំនាក់ទំនងគ្នា ដើម្បីឱ្យភាពកក់ក្ដៅឡើងវិញ»។
កាលពីពេលថ្មីៗនេះ ជំងឺកូវីដ-១៩ បានឆ្លងចូលពន្ធនាគារព្រៃសផ្នែកបុរស ដោយអ្នកជាប់ឃុំនយោបាយមួយចំនួនបានឆ្លងជំងឺនេះហើយ។ ក្រៅពីពន្ធនាគារព្រៃសផ្នែកបុរស ពន្ធនាគារខេត្តព្រះសីហនុ និងពន្ធនាគារខេត្តកណ្ដាល ក៏មានករណីឆ្លងជំងឺកូវីដ-១៩ លើអ្នកជាប់ឃុំដែរ។ របាយការណ៍បឋមបង្ហាញថា យ៉ាងហោចណាស់មានអ្នកជាប់ឃុំជាង ១០០នាក់ បានឆ្លងជំងឺរលាកសួតដ៏កាចសាហាវនេះ។
ក្រុមស្ត្រីថ្ងៃសុក្រ ក៏ស្នើឱ្យស្ថានទូតសហរដ្ឋអាមេរិកចាត់គណៈប្រតិភូពិនិត្យមើលស្ថានភាពអ្នកជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស និងពន្ធនាគារដទៃទៀតដែរ ដើម្បីបានដឹងពីស្ថានភាពពិត និងសួរសុខទុក្ខអ្នកទោសនយោបាយ និងអ្នកទោសមនសិការ។
សង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន រួមទាំងអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សផងដែរ បានថ្កោលទោសចំពោះការឃុំខ្លួន សកម្មជននយោបាយ និងសង្គម ដោយស្នើឱ្យរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ ដើម្បីបើកលំហប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សឡើងវិញ និងដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ៕
2 comments:
COVID 19 provided Ah Kwack and the evil Yuon another way to kill Khmer people, especially Khmer nationalists.
Can they protest against the evil Yuon? See the difference? They would be arrested immediately and punish. Khmer nationalism is the number 1 fear of Hun Sen and the evil Yuon. Remember, there was a time when you could protest the evil Yuon and burn their flag. It was at the height of CNRP power before they were banned.
Post a Comment