ដោយ យន់ សាមៀន
2021-12-19
ក្រុមការងារគណបក្សភ្លើងទៀន នៅមុខទីស្នាក់ការខេត្តតាកែវ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។
Photo Provided
គណបក្សភ្លើងទៀនបន្តលើកស្លាកគណបក្សតាមខេត្ត និងប្រមូលសមាជិកដើម្បីបង្កើតរចនាសម្ព័ន្ធនៅមូលដ្ឋាន ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតខាងមុខ។ តំណាងបក្សប្រជាជនកម្ពុជាថា មិនព្រួយបារម្ភពីសកម្មភាពស្របច្បាប់របស់គណបក្សនេះទេ។ តែអ្នកឃ្លាំមើលជឿថា បក្សអំណាចនឹងមិនបណ្ដោយឲ្យបក្សភ្លើងទៀន ពង្រីកខ្លួនរហូតក្លាយជាឧបសគ្គធំរបស់ខ្លួនឡើយ។
គណបក្សភ្លើងទៀនចាប់ផ្ដើមធ្វើសកម្មភាពផុសផុលឡើងវិញ តាមរយៈការជួបជុំ បញ្ចូលសមាជិក និងការលើកស្លាកគណបក្ស។ សាខាគណបក្សនេះនៅខេត្តតាកែវ បានធ្វើពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំជាមួយសមាជិក នៅថ្ងៃទី១៨ ធ្នូ។
ប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តតាកែវ លោក ម៉ៅ សុផល ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមការងារលោកចាប់ផ្ដើមលើកស្លាកគណបក្ស និងរៀបចំរចនាសម្ព័ន្ធនៅតាមស្រុកទាំង១០ និងតាមឃុំទាំងមួយរយ(១០០) ទូទាំងខេត្តតាកែវបន្តទៀត។
លោកឲ្យដឹងថា សមាជិកបក្សនៅមូលដ្ឋានគឺរឹងមាំ ហើយភាគច្រើនគឺជាមនុស្សស្មោះស្ម័គ្រ គាំទ្រលទ្ធិប្រជាធិបតេយ្យ និងតែងតែចូលរួមជាមួយបក្សភ្លើងទៀន តាំងពីជំនាន់គណបក្សជាតិខ្មែរមកម្ល៉េះ។ តែយ៉ាងណា លោក ម៉ៅ សុផល មិនទាន់អាចបញ្ជាក់បានទេថា គណបក្សភ្លើងទៀននៅខេត្តតាកែវ នឹងចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ ឬយ៉ាងណានោះទេ ដោយលោកថា ការចូលរួម ឬបន្តពហិការគឺអាស្រ័យលើបរិយាកាសនយោបាយបោះឆ្នោតចាប់ពីពេលនេះតទៅ៖ «ពេលដែលយើងលើកស្លាកខេត្តហើយ យើងនឹងលើកស្លាកស្រុក ហើយលើកស្លាកស្រុកហើយ យើងលើកស្លាកឃុំ។ អ៊ីចឹងរចនាសម្ព័ន្ធការរៀបចំនេះ ការរៀបចំថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ឲ្យហើយនៅក្នុងខែ២»។
សាខាគណបក្សភ្លើងទៀនខេត្តតាកែវ ស្ថិតនៅភូមិស្នោ សង្កាត់រកាក្រៅ ក្រុងដូនកែវ គឺស្ថិតនៅទីតាំងចាស់របស់គណបក្សសង្គ្រោះជាតិខេត្តតាកែវ។ កម្មវិធីនេះ មានសមាជិក និងអ្នកគាំទ្រគណបក្សជាងពីររយ(២៥០)នាក់ ចូលរួម ហើយប្រធានស្ដីទី លោក ថាច់ សេដ្ឋា បានប្រគល់ត្រា និងឯកសាររបស់គណបក្សជូនតំណាងបក្សនៅខេត្តតាកែវ។
ថ្លែងក្នុងកម្មវិធីនោះលោក ថាច់ សេដ្ឋា នៅតែបន្តលើកទឹកចិត្តឲ្យសមាជិក អ្នកគាំទ្រ និងពលរដ្ឋតាំងចិត្តមុតមាំជាមួយគណបក្សភ្លើងទៀន សំដៅឆ្ពោះទៅរកការបោះឆ្នោតនៅពេលដ៏ខ្លីខាងមុខនេះ។ លោកបញ្ជាក់ថា ប្រសិនបើបរិយាកាសល្អប្រសើរ ហើយសកម្មភាពគណបក្សមិនរងការគំរាមកំហែងទេ គណបក្សនឹងចូលរួមការប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣។ លោក ថាច់ សេដ្ឋា រំពឹងថា គណបក្សភ្លើងទៀន នឹងជួយឲ្យកម្ពុជាអាចស្ដារលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់សិទ្ធិមនុស្សឡើងវិញ។
តំណាងបក្សកាន់អំណាច ស្វាគមន៍ចំពោះការងើបធ្វើសកម្មភាពឡើងវិញរបស់គណបក្សភ្លើងទៀននៅពេលនេះ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ធ្នូ ថា បក្សរបស់លោកគ្មានអ្វីត្រូវបារម្ភចំពោះសកម្មភាពស្របច្បាប់ទាំងឡាយរបស់គណបក្សភ្លើងទៀនទេ។ ជាមួយគ្នានេះ លោក សុខ ឥសាន ក៏បានច្រានចោលចំពោះការចោទប្រកាន់ដែលថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងដែលត្រៀមចូលជាមួយបក្សភ្លើងទៀននៅខេត្តឧត្តរមានជ័យ លោក សុខ វិល ជាការគំរាមកំហែងដល់គណបក្សនយោបាយ និងបរិយាកាសបោះឆ្នោតនៅពេលខាងមុខនោះដែរ៖ «បើគ្រាន់តែចូលជាសមាជិកដែលទើបតែបង្កើតថ្មី ឬបក្សចាស់ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃអត់មានបញ្ហាទេ ព្រោះជាសិទ្ធិនយោបាយរបស់ពលរដ្ឋ។ ចំណុចទី២ បើមានរឿងពីមុនមកហើយ ដឹងខ្លួនថា អញមានរឿងហើយ រត់ទៅចូល(បក្ស)ភ្លើងទៀន អាហ្នឹងអត់រួចខ្លួនទេ»។
ប៉ុន្តែសម្រាប់គណបក្សភ្លើងទៀន និងអ្នកឃ្លាំមើល នៅតែព្រួយបារម្ភដោយសារពួកគាត់អះអាងថា បទចោទញុះញង់ និងរួមគំនិតក្បត់ប្រឆាំង លោក សុខ វិល គឺជារឿងនយោបាយ។
ពាក់ព័ន្ធនឹងការបង្កើនសមត្ថភាព និងសកម្មភាពរបស់គណបក្សភ្លើងទៀននេះដែរ អ្នកឃ្លាំមើលជឿថា បក្សកាន់អំណាចនឹងមិនព្រមបណ្ដោយឲ្យបក្សភ្លើងទៀនអាចពង្រីកខ្លួនឲ្យធំធាត់ រហូតក្លាយជាការគំរាមកំហែងដល់ការកាន់អំណាចដូចករណីគណបក្សសង្គ្រោះជាតិបានឡើយ។
អ្នកសិក្សាផ្នែកច្បាប់ យុវជន ឃី ពិសី ជឿជាក់ថា តាមរយៈប្រជាប្រិយភាពរបស់ក្រុមមេដឹកនាំបក្សប្រឆាំងនៅខាងក្រៅប្រទេស គណបក្សភ្លើងទៀនអាចបង្កើនសមត្ថភាពអូសទាញសមាជិកតាមមូលដ្ឋាន និងអ្នកគាំទ្របានយ៉ាងលឿនបំផុត។ លោកបន្តថា ប្រសិនបើគណបក្សកាន់អំណាច ចិត្តសឿងហ៊ានបណ្ដោយឲ្យបក្សភ្លើងទៀនធ្វើសកម្មភាពមែននោះ គណបក្សនេះនឹងឈ្នះបានអាសនក្រុមប្រឹក្សាឃុំសង្កាត់ច្រើនដូចគណបក្សសង្គ្រោះជាតិដែរ៖ «គណបក្សកាន់អំណាចអាចនឹងមិនបណ្ដែតបណ្ដោយទេ ព្រោះមានមេរៀនមួយដែលធ្លាប់ឃើញហើយ គឺបណ្ដែតបណ្ដោយឲ្យគណបក្សសង្គ្រោះជាតិយកសំឡេងឃុំមួយចំនួនធំ ស្ទើរតែពាក់កណ្ដាលហើយ ៤០០ឃុំជាងកាលពីឆ្នាំ២០១៧។ អាហ្នឹងយើងមើលឃើញជាមេរៀនដែលបក្សកាន់អំណាច គាត់មានការព្រួយបារម្ភណា»។
ចាប់តាំងពីធ្វើសមាជនៅចុងវិច្ឆិកាមក គណបក្សភ្លើងទៀន បានធ្វើសកម្មភាពយ៉ាងផុលផុសទាំងការ ជួបជុំសមាជិក អ្នកគាំទ្រផ្ទាល់ និងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ គណបក្សនេះលើកស្លាកបក្សបានចំនួន៥ខេត្តហើយ គឺខេត្តកំពង់ធំ សៀមរាប កណ្ដាល ព្រៃវែង និងតាកែវ។ បច្ចុប្បន្នតំណាងបក្សនៅតាមខេត្តទាំង៥ កំពុងធ្វើសកម្មភាពលើកស្លាក កៀរគរ និងប្រមូលអ្នកគាំទ្របក្សតាមស្រុក និងឃុំ។ ដោយឡែក តាមគម្រោងក្នុងខែធ្នូនេះ គណបក្សភ្លើងទៀន នឹងបន្តជួបជុំសមាជិកលើកស្លាកបក្សនៅតាមខេត្តមួយចំនួនទៀត ដូចជា ខេត្តព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង និងប៉ៃលិន ជាដើម៕
1 comment:
T think it is good to start too, even though it is not exactly of what we wanted. If the political situation changed dramatically, then we are ready.
Post a Comment