Sunday, 19 December 2021

គណបក្ស​ភ្លើងទៀន​បន្ត​រៀបចំ​រចនាសម្ព័ន្ធ​តាម​ខេត្ត​ត្រៀម​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ


ដោយ យន់ សាមៀន
2021-12-19
គណបក្ស​ភ្លើងទៀន​បន្ត​រៀបចំ​រចនាសម្ព័ន្ធ​តាម​ខេត្ត​ត្រៀម​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ 

ក្រុមការងារ​គណបក្ស​ភ្លើងទៀន នៅមុខ​ទីស្នាក់ការ​ខេត្តតាកែវ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១​។
Photo Provided


គណបក្ស​ភ្លើង​ទៀន​បន្ត​លើក​ស្លាក​គណបក្ស​តាម​ខេត្ត និង​ប្រមូល​សមាជិក​ដើម្បី​បង្កើត​រចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន ដើម្បី​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ។ តំណាង​បក្ស​ប្រជាជន​កម្ពុជា​ថា មិន​ព្រួយបារម្ភ​ពី​សកម្មភាព​ស្រប​ច្បាប់​របស់​គណបក្ស​នេះ​ទេ​។ តែ​អ្នកឃ្លាំមើល​ជឿ​ថា បក្ស​អំណាច​នឹង​មិន​បណ្ដោយ​ឲ្យ​បក្ស​ភ្លើងទៀន ពង្រីក​ខ្លួន​រហូត​ក្លាយជា​ឧបសគ្គ​ធំ​របស់​ខ្លួន​ឡើយ។

គណបក្ស​ភ្លើងទៀន​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ផុសផុល​ឡើងវិញ តាមរយៈ​ការ​ជួបជុំ បញ្ចូល​សមាជិក និង​ការ​លើក​ស្លាក​គណបក្ស​។ សាខា​គណបក្ស​នេះ​នៅ​ខេត្ត​តាកែវ បាន​ធ្វើ​ពិធី​សំណេះសំណាល​រវាង​ថ្នាក់ដឹកនាំ​ជាមួយ​សមាជិក នៅ​ថ្ងៃទី​១៨ ធ្នូ។

ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​តាកែវ លោក ម៉ៅ សុផល ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​ការងារ​លោក​ចាប់ផ្ដើម​លើក​ស្លាក​គណបក្ស និង​រៀបចំ​រចនាសម្ព័ន្ធ​នៅ​តាម​ស្រុក​ទាំង​១០ និង​តាម​ឃុំ​ទាំង​មួយរយ​(១០០) ទូទាំង​ខេត្តតាកែវ​បន្ត​ទៀត។


លោក​ឲ្យ​ដឹង​ថា សមាជិក​បក្ស​នៅ​មូលដ្ឋាន​គឺ​រឹងមាំ ហើយ​ភាគច្រើន​គឺជា​មនុស្ស​ស្មោះស្ម័គ្រ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​តែងតែ​ចូលរួម​ជាមួយ​បក្ស​ភ្លើងទៀន តាំងពី​ជំនាន់​គណបក្ស​ជាតិខ្មែរ​មក​ម្ល៉េះ​។ តែ​យ៉ាងណា លោក ម៉ៅ សុផល មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា គណបក្ស​ភ្លើងទៀន​នៅ​ខេត្តតាកែវ នឹង​ចូលរួម​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ​២០២២ ឬ​យ៉ាងណា​នោះ​ទេ ដោយ​លោក​ថា ការ​ចូលរួម ឬ​បន្ត​ពហិការ​គឺ​អាស្រ័យ​លើ​បរិយាកាស​នយោបាយ​បោះឆ្នោត​ចាប់​ពី​ពេល​នេះ​តទៅ៖ «ពេល​ដែល​យើង​លើក​ស្លាក​ខេត្ត​ហើយ យើង​នឹង​លើក​ស្លាក​ស្រុក ហើយ​លើក​ស្លាក​ស្រុក​ហើយ យើង​លើក​ស្លាក​ឃុំ​។ អ៊ីចឹង​រចនាសម្ព័ន្ធ​ការ​រៀបចំ​នេះ ការរៀបចំ​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក ថ្នាក់​ឃុំ ឲ្យ​ហើយ​នៅក្នុង​ខែ​២»។

សាខា​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ ស្ថិតនៅ​ភូមិ​ស្នោ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ គឺ​ស្ថិតនៅ​ទីតាំង​ចាស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តតាកែវ​។ កម្មវិធី​នេះ មាន​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ជាង​ពីរ​រយ​(២៥០)​នាក់ ចូលរួម ហើយ​ប្រធាន​ស្ដីទី លោក ថាច់ សេដ្ឋា បាន​ប្រគល់​ត្រា និង​ឯកសារ​របស់​គណបក្ស​ជូន​តំណាង​បក្ស​នៅ​ខេត្ត​តាកែវ។

ថ្លែង​ក្នុង​កម្មវិធី​នោះ​លោក ថាច់ សេដ្ឋា នៅតែ​បន្ត​លើកទឹកចិត្ត​ឲ្យ​សមាជិក អ្នកគាំទ្រ និង​ពលរដ្ឋ​តាំងចិត្ត​មុតមាំ​ជាមួយ​គណបក្ស​ភ្លើងទៀន សំដៅ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។ លោក​បញ្ជាក់​ថា ប្រសិនបើ​បរិយាកាស​ល្អ​ប្រសើរ ហើយ​សកម្មភាព​គណបក្ស​មិន​រង​ការ​គំរាមកំហែង​ទេ គណបក្ស​នឹង​ចូលរួម​ការ​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០២២ និង​ការ​បោះឆ្នោតជាតិ​ឆ្នាំ​២០២៣​។ លោក ថាច់ សេដ្ឋា រំពឹង​ថា គណបក្ស​ភ្លើងទៀន នឹង​ជួយ​ឲ្យ​កម្ពុជា​អាច​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​លើកកម្ពស់​សិទ្ធិមនុស្ស​ឡើងវិញ។

តំណាង​បក្ស​កាន់អំណាច ស្វាគមន៍​ចំពោះ​ការ​ងើប​ធ្វើ​សកម្មភាព​ឡើងវិញ​របស់​គណបក្ស​ភ្លើងទៀន​នៅ​ពេល​នេះ​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៨ ធ្នូ ថា បក្ស​របស់​លោក​គ្មានអ្វី​ត្រូវ​បារម្ភ​ចំពោះ​សកម្មភាព​ស្របច្បាប់​ទាំងឡាយ​របស់​គណបក្ស​ភ្លើងទៀន​ទេ។ ជាមួយគ្នា​នេះ លោក សុខ ឥសាន ក៏​បាន​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​ដែល​ថា ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រៀម​ចូល​ជាមួយ​បក្ស​ភ្លើងទៀន​នៅ​ខេត្ត​ឧត្តរមានជ័យ លោក សុខ វិល ជា​ការ​គំរាមកំហែង​ដល់​គណបក្ស​នយោបាយ និង​បរិយាកាស​បោះឆ្នោត​នៅពេល​ខាងមុខ​នោះ​ដែរ៖ «បើ​គ្រាន់តែ​ចូល​ជា​សមាជិក​ដែល​ទើបតែ​បង្កើត​ថ្មី ឬ​បក្ស​ចាស់​ដែល​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​អត់​មាន​បញ្ហា​ទេ ព្រោះ​ជា​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​។ ចំណុច​ទី​២ បើ​មានរឿង​ពីមុន​មក​ហើយ ដឹងខ្លួន​ថា អញ​មានរឿង​ហើយ រត់​ទៅ​ចូល​(​បក្ស​)​ភ្លើង​ទៀន អាហ្នឹង​អត់​រួចខ្លួន​ទេ»។

ប៉ុន្តែ​សម្រាប់​គណបក្ស​ភ្លើងទៀន និង​អ្នកឃ្លាំមើល នៅតែ​ព្រួយបារម្ភ​ដោយសារ​ពួកគាត់​អះអាង​ថា បទ​ចោទ​ញុះញង់ និង​រួមគំនិត​ក្បត់​ប្រឆាំង លោក សុខ វិល គឺជា​រឿង​នយោបាយ។

ពាក់ព័ន្ធ​នឹង​ការ​បង្កើន​សមត្ថភាព និង​សកម្មភាព​របស់​គណបក្ស​ភ្លើងទៀន​នេះ​ដែរ អ្នកឃ្លាំមើល​ជឿ​ថា បក្ស​កាន់អំណាច​នឹង​មិន​ព្រម​បណ្ដោយ​ឲ្យ​បក្ស​ភ្លើងទៀន​អាច​ពង្រីក​ខ្លួន​ឲ្យ​ធំធាត់ រហូត​ក្លាយជា​ការ​គំរាមកំហែង​ដល់​ការ​កាន់អំណាច​ដូច​ករណី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឡើយ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ យុវជន ឃី ពិសី ជឿជាក់​ថា តាមរយៈ​ប្រជាប្រិយភាព​របស់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ខាងក្រៅ​ប្រទេស គណបក្ស​ភ្លើង​ទៀន​អាច​បង្កើន​សមត្ថភាព​អូសទាញ​សមាជិក​តាម​មូលដ្ឋាន និង​អ្នកគាំទ្រ​បាន​យ៉ាង​លឿន​បំផុត​។ លោក​បន្ត​ថា ប្រសិនបើ​គណបក្ស​កាន់អំណាច ចិត្តសឿង​ហ៊ាន​បណ្ដោយ​ឲ្យ​បក្ស​ភ្លើងទៀន​ធ្វើ​សកម្មភាព​មែន​នោះ គណបក្ស​នេះ​នឹង​ឈ្នះ​បាន​អាសន​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ច្រើន​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ៖ «​គណបក្សកាន់អំណាច​អាច​នឹង​មិន​បណ្ដែតបណ្ដោយ​ទេ ព្រោះ​មាន​មេរៀន​មួយ​ដែល​ធ្លាប់​ឃើញ​ហើយ គឺ​បណ្ដែតបណ្ដោយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​យក​សំឡេង​ឃុំ​មួយ​ចំនួន​ធំ ស្ទើរតែ​ពាក់កណ្ដាល​ហើយ ៤០០​ឃុំ​ជាង​កាលពី​ឆ្នាំ​២០១៧​។ អាហ្នឹង​យើង​មើលឃើញ​ជា​មេរៀន​ដែល​បក្ស​កាន់អំណាច គាត់​មាន​ការ​ព្រួយបារម្ភ​ណា»។

ចាប់តាំងពី​ធ្វើ​សមាជ​នៅ​ចុង​វិច្ឆិកា​មក គណបក្ស​ភ្លើង​ទៀន បាន​ធ្វើ​សកម្មភាព​យ៉ាង​ផុលផុស​ទាំង​ការ ជួបជុំ​សមាជិក អ្នកគាំទ្រ​ផ្ទាល់ និង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ គណបក្ស​នេះ​លើក​ស្លាក​បក្ស​បាន​ចំនួន​៥​ខេត្ត​ហើយ គឺ​ខេត្ត​កំពង់ធំ សៀមរាប កណ្ដាល ព្រៃវែង និង​តាកែវ​។ បច្ចុប្បន្ន​តំណាង​បក្ស​នៅ​តាម​ខេត្ត​ទាំង​៥ កំពុង​ធ្វើ​សកម្មភាព​លើកស្លា​ក កៀរគរ និង​ប្រមូល​អ្នកគាំទ្រ​បក្ស​តាម​ស្រុក និង​ឃុំ​។ ដោយឡែក តាម​គម្រោង​ក្នុង​ខែធ្នូ​នេះ គណបក្ស​ភ្លើងទៀន នឹង​បន្ត​ជួបជុំ​សមាជិក​លើក​ស្លាក​បក្ស​នៅ​តាម​ខេត្ត​មួយ​ចំនួន​ទៀត ដូចជា ខេត្ត​ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង និង​ប៉ៃលិន ជាដើម៕

1 comment:

Anonymous said...

T think it is good to start too, even though it is not exactly of what we wanted. If the political situation changed dramatically, then we are ready.