ដោយ អាស៊ីសេរី
2021-12-31
Photo: RFA
អ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា ការដែលប្រេសិតពិសេសនៃអង្គការសហប្រជាជាតិបង្ហាញពីបំណងសហការជាមួយកម្ពុជាក្នុងការគាំទ្រឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិហិង្សានៅប្រទេសមីយ៉ាន់ម៉ា ឬភូមានោះ ពុំមែនមានន័យថាជាការគាំទ្រទៅលើដំណើរទស្សនកិច្ចរបស់ក្រុមមេដឹកនាំរដ្ឋាភិបាលកម្ពុជានៅពេលខាងមុខទេ។ អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទទួលយកមតិយោបល់បន្ថែមពីមន្ត្រីអង្គការសហប្រជាជាតិជុំវិញការដោះស្រាយវិបត្តិនៅភូមានេះ តែមន្ត្រីជាន់ខ្ពស់កម្ពុជាជឿថា ប្រមុខរដ្ឋាភិបាលពិតជាមានសមត្ថភាពដោះស្រាយរឿងនេះ។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយមើលឃើញថា អង្គការសហប្រជាជាតិពុំមានទំនុកចិត្តចំពោះមេដឹកនាំកម្ពុជាថា នឹងអាចបញ្ចប់អំពើហិង្សា និងវិបត្តិនយោបាយនៅភូមាបានឡើយ។
អ្នកតាមដានស្ថានការណ៍នយោបាយ លោក គៀន ពន្លក យល់ថា ជំនួបរបស់មន្ត្រីអង្គការសហប្រជាជាតិជាមួយភាគីកម្ពុជានៅពេលនេះ គឺដើម្បីផ្ដល់មតិយោបល់សម្រាប់កម្ពុជាមុនដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមាតែប៉ុណ្ណោះ ព្រោះអង្គការពិភពលោកមួយនេះ មិនទុកចិត្តថារដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងប្រទេសតាមរបៀបផ្ដាច់ការអាចទៅដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងភូមាដែលកំពុងគ្រប់គ្រងដោយរបបផ្ដាច់ការដូចគ្នានោះទេ។ ទោះជាយ៉ាងណា លោកថា វាក៏ជាឱកាសល្អមួយដែរ ដែលកម្ពុជាគួរតែពឹងពាក់ និងទទួលយកមតិពីអង្គការសហប្រជាជាតិដើម្បីឱ្យកម្ពុជាអាចដោះស្រាយវិបត្តិនៅភូមាបានល្អប្រសើរ៖ «ប្រទេសលោកសេរីដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប សុទ្ធតែជាសមាជិកសំខាន់ៗ ហើយជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតនោះ ក៏គេមើលឃើញថាប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលកំពុងតែរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយប្រជាធិបតេយ្យ ហើយមានការចាប់សកម្មជនអីផ្សេងៗជាដើម។ អ៊ីចឹងគេមើលឃើញប្រទេសកម្ពុជាហ្នឹងគឺជាគំរូមិនល្អទេ ហើយគេមិនទុកចិត្តប្រទេសកម្ពុជាទេ នៅក្នុងដំណើរទស្សនកិច្ចដើម្បីលើកទឹកចិត្តទៅដល់មេដឹកនាំយោធាភូមាផ្ដាច់ការនៅខែមករាខាងមុខនេះ។ ខ្ញុំគិតថា ពាក្យថា សហការនេះគឺមិនមែនជាការគាំទ្ររដ្ឋាភិបាលកម្ពុជាទាំងស្រុងទេ»។
ការលើកឡើងរបស់អ្នកតាមដានការណ៍នយោបាយរូបនេះ គឺបន្ទាប់ពីមានជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងប្រេសិតពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ អ្នកស្រី ណូលីន ហេហ្សឺ (Noeleen Heyzer) តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី២៨ ខែធ្នូ។
ក្រសួងការបរទេសកម្ពុជាឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានលោក ប្រាក់ សុខុន និងប្រេសិតពិសេសអង្គការសហប្រជាជាតិ អ្នកស្រី ណូលីន ហេហ្សឺ ឯកភាពគ្នាថា ដំណើរការនយោបាយណាមួយក៏ដោយដើម្បីឆ្ពោះទៅបញ្ចប់អំពើហិង្សានៅភូមា គឺភូមាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់កម្មសិទ្ធិទើបអាចសម្រេចជោគជ័យ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរសង្កត់ធ្ងន់លើភាពចាំបាច់បន្ទាន់នៃកិច្ចសហប្រតិបត្តិការដើម្បីបញ្ជូនជំនួយមនុស្សធម៌ឱ្យបានឆាប់រហ័ស និងសុវត្ថិភាព ព្រមទាំងការចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣១ ធ្នូថា អង្គការសហប្រជាជាតិកំពុងតែគាំទ្រដំណើរទស្សនកិច្ចរបស់រដ្ឋាភិបាលកម្ពុជាហើយលោកជឿថាកម្ពុជាពិតជាអាចដោះស្រាយវិបត្តិនយោបាយនៅភូមាបាន៖ «ជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវរបស់អង្គការសហប្រជាជាតិ ព្រោះជាកាតព្វកិច្ចរបស់អង្គការសហប្រជាជាតិគឺថែរក្សាសុខមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់នៅលើលោកនេះ។ ដូច្នេះ ការដែលយើងវាយតម្លៃខ្ពស់ ខ្ញុំទទួលព័ត៌មានគឺអង្គការសហប្រជាជាតិហ្នឹងបានទទួលគាំទ្រនៃដំណើរទស្សនកិច្ចរបស់សម្ដេច។ ប៉ុន្តែមួយដែលខ្ញុំមិនទាន់មានព័ត៌មានថា អង្គការសហប្រជាជាតិទៅជាមួយសម្ដេច ឬក៏អត់ទាន់ទៅទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសភូមា ដើម្បីជួបជាមួយមេដឹកនាំរដ្ឋប្រហារយោធា លោក មីន អ៊ុងលាំង (Min Aung Hlaing) នៅថ្ងៃទី៧ និងទី៨ ខែមករា សប្ដាហ៍ក្រោយនេះ ។ ស្របពេលទស្សនកិច្ចទៅកាន់ប្រទេសភូមាកាន់តែខិតជិតមកដល់នេះ ក្រុមនិស្សិត និងពលរដ្ឋភូមាមួយចំនួន បានផ្ទុះកំហឹង ដោយបានជាន់ឈ្លី និងដុតរូបថតលោក ហ៊ុន សែន នៅតាមទីសាធារណៈ ដែលមជ្ឈដ្ឋានទូទៅយល់ថា នេះជាភាពអាម៉ាសរបស់រដ្ឋាភិបាលកម្ពុជាដែលចង់ទៅធ្វើទំនាក់ទំនង និងលើកទឹកចិត្តដល់មេដឹកនាំរបបសឹកភូមាក្នុងការរឹតចំណងអំណាចផ្ដាច់ការរវាងកម្ពុជា និងភូមា។
ស្របពេលដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមាកាន់តែខិតជិតមកដល់នេះ មានការបំផ្ទុះគ្រាប់បែកច្នៃចំនួន២គ្រាប់នៅក្បែរស្ថានទូតខ្មែរប្រចាំនៅភូមា នៅព្រឹកថ្ងៃទី៣១ ធ្នូ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ប្រាប់ព័ត៌មានក្នុងស្រុកថា ក្នុងចំណោមគ្រាប់បែកទាំងពីរនោះ មានមួយផ្ទុះនៅចម្ងាយត្រឹមតែ១០០ម៉ែត្រប៉ុណ្ណោះពីស្ថានទូតកម្ពុជា តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ ឬមន្ត្រីទូតកម្ពុជាដែលប្រចាំការនៅទីនោះឡើយ។ លោកបញ្ជាក់ថា អាជ្ញាធរភូមាកំពុងដាក់កម្លាំងការពារបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខទាំងនៅស្ថានទូត និងលំនៅដ្ឋានរបស់មន្ត្រីទូតកម្ពុជាទាំងអស់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក កុយ គួង ដើម្បីសាកសួរព័ត៌មាននេះបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី៣១ ខែធ្នូ។
សមាគមអាស៊ានបានសម្រេចមិនអនុញ្ញាតឱ្យមេដឹកនាំរបបសឹកភូមាចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួនជាបន្តបន្ទាប់ ក្រោយមេដឹកនាំរដ្ឋប្រហារ លោក មីន អ៊ុងលាំង មិនព្រមបញ្ឈប់អំពើហិង្សាបន្ទាប់ពីលោកបានដឹកនាំធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីគណបក្សឈ្នះឆ្នោតរបស់អ្នកស្រី អ៊ុង សានស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីខែកុម្ភៈរហូតដល់ដើមខែធ្នូ ឆ្នាំ២០២១ យ៉ាងហោចណាស់មានពលរដ្ឋភូមាជាង ១ពាន់ ៣រយនាក់ (១.៣០៥) ក្នុងនោះរួមទាំងកុមារផង ត្រូវបានគេសម្លាប់ នៅក្នុងហេតុការណ៍បង្ក្រាបរបស់ពួកយោធាលើក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ហើយមនុស្សប្រមាណ ១ម៉ឺននាក់ទៀត (១០.៧៥៦) ត្រូវបានចាប់ខ្លួន។ អំពើហិង្សាលើពលរដ្ឋភូមានេះ នាំឱ្យសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកថ្កោលទោស និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើមេដឹកនាំរបបសឹក លោក មីន អ៊ុងលាំង ហើយបុរសខ្លាំងនៃប្រទេសភូមារូបនេះក៏កំពុងប្រឈមទៅនឹងការចោទប្រកាន់ពីបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ផងដែរ៕
2 comments:
Ah Kwack Hun Sen is worse than Min Ong Leang because Cambodia is on the verge of losing Cambodia completely to the evil Yuon Vietnam, under Ah Kwack Hun Sen's reign whereas Min Ong Leang just destroys only democracy in Myanmar.
If the West has the BALL, it is a good opportunity to use the strategy of “one stone killing two birds” soon.
01/02/22
Post a Comment