Saturday, 1 January 2022

អ្នក​តាមដាន​ស្ថានការណ៍​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្ដាប់​យោបល់​របស់​​មន្ត្រី​UN​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា


ដោយ អាស៊ីសេរី
2021-12-31
អ្នក​តាមដាន​ស្ថានការណ៍​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្ដាប់​យោបល់​របស់​​មន្ត្រី​UN​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា
 

Photo: RFA

អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា ការ​ដែល​ប្រេសិត​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​បង្ហាញ​ពី​បំណង​សហការ​ជាមួយ​កម្ពុជា​ក្នុងការ​គាំទ្រ​ឱ្យមាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​ហិង្សា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ឬ​ភូមា​នោះ ពុំមែន​មានន័យថា​ជាការ​គាំទ្រ​ទៅ​លើ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​ខាងមុខ​ទេ​។ អ្នកជំនាញ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​មតិ​យោបល់​បន្ថែម​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ​ជុំវិញ​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​នេះ តែ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជឿថា ប្រមុខ​រដ្ឋាភិបាល​ពិត​ជាមាន​សមត្ថភាព​ដោះស្រាយ​រឿងនេះ។

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​មើល​ឃើញ​ថា អង្គការ​សហប្រជាជាតិ​ពុំ​មាន​ទំនុកចិត្ត​ចំពោះ​មេដឹកនាំ​កម្ពុជា​ថា នឹង​អាច​បញ្ចប់​អំពើហិង្សា និង​វិបត្តិ​នយោបាយ​នៅ​ភូមា​បាន​ឡើយ។​


អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ លោក គៀន ពន្លក យល់​ថា ជំនួប​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ជាមួយ​ភាគី​កម្ពុជា​នៅពេល​នេះ គឺ​ដើម្បី​ផ្ដល់​មតិយោបល់​សម្រាប់​កម្ពុជា​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ភូមា​តែប៉ុណ្ណោះ ព្រោះ​អង្គការ​ពិភពលោក​មួយ​នេះ មិន​ទុកចិត្ត​ថា​រដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង​ប្រទេស​តាមរបៀប​ផ្ដាច់ការ​អាច​ទៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ភូមា​ដែល​កំពុង​គ្រប់គ្រង​ដោយ​របប​ផ្ដាច់ការ​ដូចគ្នា​នោះទេ​។ ទោះជា​យ៉ាង​ណា លោក​ថា វា​ក៏​ជា​ឱកាសល្អ​មួយ​ដែរ ដែល​កម្ពុជា​គួរតែ​ពឹងពាក់ និង​ទទួលយក​មតិ​ពី​អង្គការ​សហប្រជាជាតិ​ដើម្បីឱ្យ​កម្ពុជា​អាច​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​បានល្អ​ប្រសើរ៖ «ប្រទេស​លោក​សេរី​ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប សុទ្ធតែជា​សមាជិក​សំខាន់ៗ ហើយ​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទៀត​នោះ ក៏​គេ​មើលឃើញថា​ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេសមួយ​ដែល​កំពុងតែ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ការរំលាយ​ប្រជាធិបតេយ្យ ហើយ​មាន​ការចាប់​សកម្មជន​អី​ផ្សេងៗ​ជាដើម​។ អ៊ីចឹង​គេ​មើលឃើញ​ប្រទេស​កម្ពុជា​ហ្នឹង​គឺជា​គំរូ​មិនល្អ​ទេ ហើយ​គេ​មិន​ទុកចិត្ត​ប្រទេស​កម្ពុជា​ទេ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដើម្បី​លើកទឹកចិត្ត​ទៅដល់​មេដឹកនាំ​យោធា​ភូមា​ផ្ដាច់ការ​នៅ​ខែមករា​ខាងមុខ​នេះ​។ ខ្ញុំ​គិត​ថា ពាក្យ​ថា សហការ​នេះ​គឺ​មិនមែនជា​ការ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ទាំងស្រុង​ទេ»។

ការ​លើកឡើង​របស់​អ្នកតាមដាន​ការណ៍​នយោបាយ​រូប​នេះ គឺ​បន្ទាប់​ពី​មាន​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​ប្រេសិត​ពិសេស​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អ្នកស្រី ណូលីន ហេហ្សឺ (Noeleen Heyzer) តាម​ប្រព័ន្ធ​អនឡាញ​កាល​ពី​ថ្ងៃទី​២៨ ខែ​ធ្នូ។

ក្រសួងការបរទេស​កម្ពុជា​ឱ្យដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​លោក ប្រាក់ សុខុន និង​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ អ្នកស្រី ណូលីន ហេហ្សឺ ឯកភាពគ្នា​ថា ដំណើរការ​នយោបាយ​ណាមួយ​ក៏ដោយ​ដើម្បី​ឆ្ពោះទៅ​បញ្ចប់​អំពើហិង្សា​នៅ​ភូមា គឺ​ភូមា​ខ្លួនឯង​ជា​អ្នកដឹកនាំ និង​ជា​ម្ចាស់​កម្មសិទ្ធិ​ទើប​អាច​សម្រេច​ជោគជ័យ។ ទន្ទឹម​នឹង​នេះ ភាគី​ទាំងពីរ​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​បន្ទាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​បញ្ជូន​ជំនួយ​មនុស្សធម៌​ឱ្យ​បាន​ឆាប់រហ័ស និង​សុវត្ថិភាព ព្រមទាំង​ការចាក់​វ៉ាក់សាំង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣១ ធ្នូ​ថា អង្គការ​សហប្រជាជាតិ​កំពុងតែ​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ហើយ​លោក​ជឿថា​កម្ពុជា​ពិតជា​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា​បាន៖ «ជាការ​សម្រេចចិត្ត​មួយ​ដ៏​ត្រឹមត្រូវ​របស់​អង្គការ​សហប្រជាជាតិ ព្រោះ​ជា​កាតព្វកិច្ច​របស់​អង្គការសហប្រជាជាតិ​គឺ​ថែរក្សា​សុខមាលភាព​រប​ស់​ប្រជាពលរដ្ឋ​ទាំងអស់​នៅលើ​លោក​នេះ​។ ដូច្នេះ ការដែល​យើង​វាយតម្លៃ​ខ្ពស់ ខ្ញុំ​ទទួល​ព័ត៌មាន​គឺ​អង្គការសហប្រជាជាតិ​ហ្នឹង​បានទទួល​គាំទ្រ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច។ ប៉ុន្តែ​មួយ​ដែល​ខ្ញុំ​មិន​ទាន់​មាន​ព័ត៌មាន​ថា អង្គការ​សហប្រជាជាតិ​ទៅជា​មួយ​សម្ដេច ឬក៏​អត់​ទាន់​ទៅ​ទេ»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​រដ្ឋប្រហារ​យោធា លោក មីន អ៊ុងលាំង (Min Aung Hlaing) នៅ​ថ្ងៃទី៧ និង​ទី៨ ខែ​មករា សប្ដាហ៍​ក្រោយ​នេះ ។ ស្របពេល​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ភូមា​កាន់តែ​ខិតជិត​មក​ដល់​នេះ ក្រុមនិស្សិត និង​ពលរដ្ឋ​ភូមា​មួយចំនួន បាន​ផ្ទុះ​កំហឹង ដោយបាន​ជាន់ឈ្លី និង​ដុត​រូបថត​លោក ហ៊ុន សែន នៅ​តាម​ទី​សាធារណៈ ដែល​មជ្ឈដ្ឋាន​ទូទៅ​យល់​ថា នេះ​ជា​ភាព​អាម៉ាស​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ចង់ទៅ​ធ្វើ​ទំនាក់ទំនង និង​លើកទឹកចិត្ត​ដល់​មេដឹកនាំ​របប​សឹក​ភូមា​ក្នុងការ​រឹតចំណង​អំណាច​ផ្ដាច់ការ​រវាង​កម្ពុជា និង​ភូមា។

ស្របពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា​កាន់តែ​ខិត​ជិត​មកដល់​នេះ មានការ​បំផ្ទុះ​គ្រាប់បែក​ច្នៃ​ចំនួន​២​គ្រាប់​នៅ​ក្បែរ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ភូមា នៅ​ព្រឹក​ថ្ងៃទី៣១ ធ្នូ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ប្រាប់​ព័ត៌មាន​ក្នុងស្រុក​ថា ក្នុង​ចំណោម​គ្រាប់បែក​ទាំ​ង​ពីរ​នោះ មាន​មួយ​ផ្ទុះ​នៅ​ចម្ងាយ​ត្រឹមតែ​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ស្ថានទូត​កម្ពុជា តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់ ឬ​មន្ត្រី​ទូត​កម្ពុជា​ដែល​ប្រចាំការ​នៅ​ទីនោះ​ឡើយ​។ លោក​បញ្ជាក់ថា អាជ្ញាធរ​ភូមា​កំពុង​ដាក់​កម្លាំង​ការពារ​បន្ថែមទៀត ដើម្បី​ពង្រឹង​សន្តិសុខ​ទាំង​នៅ​ស្ថានទូត និង​លំនៅដ្ឋាន​របស់​មន្ត្រី​ទូត​កម្ពុជា​ទាំងអស់។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​លោក កុយ គួង ដើម្បី​សាកសួរ​ព័ត៌មាន​នេះ​បាន​នៅឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃទី៣១ ខែ​ធ្នូ។

សមាគម​អាស៊ាន​បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​របប​សឹក​ភូមា​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​មេដឹកនាំ​រដ្ឋប្រហារ លោក មីន អ៊ុងលាំង មិន​ព្រម​បញ្ឈប់​អំពើហិង្សា​បន្ទាប់ពី​លោក​បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​គណបក្ស​ឈ្នះឆ្នោត​របស់​អ្នកស្រី អ៊ុង សានស៊ូជី កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១​។ ចាប់តាំងពី​ខែ​កុម្ភៈ​រហូត​ដល់​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ភូមា​ជាង ១​ពាន់ ៣​រយ​នាក់ (១.៣០៥) ក្នុងនោះ​រួមទាំង​កុមារ​ផង ត្រូវបាន​គេ​សម្លាប់ នៅក្នុង​ហេតុការណ៍​បង្ក្រាប​របស់​ពួកយោធា​លើ​ក្រុមអ្នកតវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ ហើយ​មនុស្ស​ប្រមាណ ១​ម៉ឺន​នាក់​ទៀត (១០.៧៥៦) ត្រូវបាន​ចាប់ខ្លួន​។ អំពើហិង្សា​លើ​ពលរដ្ឋ​ភូមា​នេះ នាំឱ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ទៅលើ​មេដឹកនាំ​របប​សឹក លោក មីន អ៊ុងលាំង ហើយ​បុរស​ខ្លាំង​នៃ​ប្រទេស​ភូមា​រូបនេះ​ក៏​កំពុង​ប្រឈម​ទៅនឹង​ការ​ចោទប្រកាន់​ពីបទ «​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​» នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ផងដែរ៕

2 comments:

Anonymous said...

Ah Kwack Hun Sen is worse than Min Ong Leang because Cambodia is on the verge of losing Cambodia completely to the evil Yuon Vietnam, under Ah Kwack Hun Sen's reign whereas Min Ong Leang just destroys only democracy in Myanmar.

Anonymous said...


If the West has the BALL, it is a good opportunity to use the strategy of “one stone killing two birds” soon.
01/02/22