Monday, 29 May 2023

លោក ថេង សាវឿន និង​សហការី​សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន​ដើម្បី​រួច​ពី​ការ​ឃុំខ្លួន


ដោយ សេក បណ្ឌិត
2023.05.28
 
លោក ថេង សាវឿន និង​សហការី​សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន​ដើម្បី​រួច​ពី​ការ​ឃុំខ្លួន  
(ពីឆ្វេង) ភរិយា​លោក ថេង សាវឿន និង​ស្វាមី រួមទាំង​សហការី ២នាក់ ថ្លែងរួមគ្នា​សុំទោស​កំហុស ក្រោយរង​ការ​ចោទប្រកាន់​ ញុះញង់ និង​រួមគំនិតក្បត់ កាលពីថ្ងៃទី២៧ ឧសភា ២០២៣។
រូប៖ ហ្វេសប៊ុកហ្វ្រេសញូវ
 

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​លោក ថេង សាវឿន និង​សហការី​របស់​លោក​ពីរ​នាក់​ទៀត​គឺ​ឈ្មោះ ញ៉ិល ភាព និង ឈ្មោះថាន់ ហាច បាន​សរសេរ​លិខិត​ដោយ​ដៃ​រួមគ្នា​សុំទោស លោក ហ៊ុន សែន និង​លោក ស ខេង ព្រមទាំង​ទទួលកំហុស​ដូច​ការចោទប្រកាន់​ពី​សមត្ថកិច្ច​ដើម្បី​ជា​ថ្នូរ​រួច​ពី​ការ​ឃុំ​ខ្លួន។

ក្រៅពី​លិខិត​ក៏​មាន​រូបភាព​ជា​វីដេអូ​ថ្លែង​សុំទោស​ដូចគ្នា​ដែរ ដែល​លិខិត និង​វីដេអូ​ជិត​៣​នាទី​នោះ​លោក ថេង សាវឿន ថ្លែង​ចេញ​កន្លែង​ពន្ធនាគារ​ខេត្តរតនគិរី ហើយ​ប្រព័ន្ធ​ឃោសនា​របស់​លោក​ហ៊ុន សែន គឺ​អង្គភាព​សារព័ត៌មាន ហ្វ្រេសញូវ (Fresh News) យក​មក​ផ្សព្វផ្សាយ​នៅ​យប់​ថ្ងៃទី​២៧ ឧសភា។

ក្នុង​លិខិត​និង​វីដេអូ​សុំទោស​នោះ​លោក ថេង សាវឿន បាន​អះអាង​ថា កន្លងទៅ​លោក​បាន​ជឿ​តាម​ការ​ចង្អុល​របស់​បរទេស​មួយចំនួន​និង​ក្រុម​នយោបាយ​ប្រឆាំង​មួយចំនួន​ក្នុង​រូបភាព​ញុះញង់​បង្ក​ចលាចល​ធ្វើ​ឲ្យ​បាត់បង់ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម និង​សាធារណៈ​ប្រមូលផ្ដុំ​សមាជិក​ក្នុង​គោល​បំណង​ផ្ដួល​រលំ​រដ្ឋាភិបាល​ដោយ​មិនដឹង​ខ្លួន។

 

ការ​សុំ​ទោស​នេះ​ធ្វើឡើង​ភ្លាមៗ​ក្រោយ​ពី​លោក ហ៊ុន សែន ថ្លែង​ចោទ​ប្រកាន់​មក​លើ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​លោក ថេង សាវឿន ថា បង្កើត​បដិវត្តន៍​កសិករ​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នៅ​ថ្ងៃទី​២៧ ឧសភា លោក ហ៊ុន សែន បាន​គំរាម​ថា លោក​នឹង​មិន​លើកលែង​ដាច់ខាត​ចំពោះ​បុគ្គល ឬ​ក្រុម​ណា​ដែល​មាន​បំណង​ធ្វើ​បដិវត្ត​ដើម្បី​ដណ្ដើម​អំណាច​របស់​លោក។

គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ការដែល​មន្ត្រី​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច និង​ព្រម​សារភាព​កំហុស​ទាំង​ខ្លួន​គ្មាន​កំហុស​សោះ​នោះ ដោយសារ​ស្ថានភាព​នយោបាយ​តានតឹង​ខ្លាំង និង​មាន​ការ​គំរាមកំហែង​ព្រមទាំង​មាន​ការ​ដាក់​សំពាធ​ធ្ងន់ធ្ងរ​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ​ថែម​ទៀត​ផង។

សមត្ថកិច្ច​ខេត្ត​ក្រចេះ បាន​ឃាត់ខ្លួន​លោក ថេង សាវឿន ជាមួយ​បុគ្គលិក របស់​លោក​រាប់​សិប​នាក់​ទៀត ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ កាលពី​ថ្ងៃ​១៧ ឧសភា ក្រោយ​ចូលរួម​កម្មវិធី​នៅ​ឯ​ខេត្ត​រតនគិរី៕

1 comment:

Anonymous said...

Under Samdach PORNG Hun Sen, Khmer nationalists became Khmer traitors and vice versa.