2025.01.01
យុវជនឈឺឆ្អាលការងារសង្គម និងអ្នកឃ្លាំមើលសង្គមរិះគន់ក្រុមគ្រួសារត្រកូល «ហ៊ុន» ថា ការបង្ខំឱ្យយុវជនធ្វើវីដេអូសារភាពទោសកំហុសជាថ្នូរដើម្បីបាននៅក្រៅឃុំ គឺជាជាន់ឈ្លីលើប្រព័ន្ធតុលាការ និងជាការធ្វើនយោបាយប្រជាភិថុតិ។ ប្រតិកម្មរបស់ក្រុមយុវជននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលឪពុកកូនគឺ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដាក់សម្ពាធលើក្រុមយុវជនសង្គមឱ្យសុំទោស និងទទួលស្គាល់កំហុសរបស់ខ្លួនហើយទម្លាក់កំហុសលើអ្នកដទៃថា ជាការបង្គាប់បញ្ជាឱ្យផ្ដួលរំលំរដ្ឋាភិបាល។
យុវជន និងអ្នកឃ្លាំមើលសង្គមលើកឡើងថា ការបង្ខំ ឬការបំភិតបំភ័យឱ្យយុវជនសារភាពទោសកំហុសដែលខ្លួនមិនប្រព្រឹត្តខុស ឬបង្ខំឱ្យពួកគេចុះចូលជាមួយបក្សកាន់អំណាចដើម្បីទទួលបានសិទ្ធិសេរីភាព គឺជាការបង្ហាញថា ប្រព័ន្ធយុត្តិធម៌ស្ថិតក្រោមឥទ្ធិពលរបស់គ្រួសារត្រកូល«ហ៊ុន»។
យុវជនតាមដានកិច្ចការងារនយោបាយ លោក ធូ វ៉ាឃីម ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣១ ខែធ្នូ ថា ការបង្ខំឱ្យក្រុមយុវជនធ្វើវីដេអូសុំទោសរដ្ឋាភិបាលទាំងដែលពួកគាត់មិនបានប្រព្រឹត្តខុសច្បាប់នេះ ជាអំពើដើរផ្ទុយពីរដ្ឋធម្មនុញ្ញ និងមិនបានផ្ដល់ផលចំណេញអ្វីដល់រដ្ឋាភិបាលឡើយ។ លោកបន្តថា ការយកប្រព័ន្ធតុលាការដើម្បីដាក់សម្ពាធលើយុវជននេះមិនអាចធ្វើឱ្យយុវជនដែលគិតពីបញ្ហាសង្គមបោះបង់គោលជំហរឈប់ឈឺឆ្អាលពីបញ្ហាសង្គមឡើយ។
លោក ធូ វ៉ាឃីម៖ «ខ្ញុំមើលឃើញតុលាការស្រុកខ្មែរគ្មានផ្ដល់យុត្តិធម៌ឱ្យពួកគាត់យុវជនទេមានតែជិះជាន់យុវជនទៅវិញទេមិនថា យុវជន មិនពលរដ្ឋផ្សេងៗទៀត មិនថាពលរដ្ឋទាមទារដីធ្លីគឺរងសម្ពាធពីអ្នកនយោបាយ»។
ស្រដៀងគ្នានេះ ប្រធានគណៈកម្មការនាយកនៃចលនាប្រជាធិបតេយ្យរួបរួមជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណី ថ្លែងថា ការចាប់ខ្លួនយុវជនយកទៅដាក់ពន្ធនាគារហើយបង្ខំឱ្យពួកគេចុះចូលជាមួយរដ្ឋាភិបាល ឬបង្ខំឱ្យសុំទោសគ្រួសារត្រកូល«ហ៊ុន» គឺបង្ហាញថា រដ្ឋាភិបាលបច្ចុប្បន្នកំពុងដឹកនាំប្រទេសផ្ដាច់ការ។ លោកបន្តថា ប្រព័ន្ធយុត្តិធម៌សព្វថ្ងៃនេះមិនបានឈរលើគោលការណ៍ឯករាជ្យ និងផ្ដល់ភាពយុត្តិធម៌ដល់ពលរដ្ឋនោះឡើយ ពីព្រោះប្រសិនបើ តុលាការឯករាជ្យយុវជនដែលឈឺឆ្អាលពីបញ្ហាសង្គមទាំងនោះគឺមិនត្រូវជាប់ពន្ធនាគារនោះឡើយ។
លោក ម៉ាត់ វណ្ណី៖ «អ៊ីចឹងហើយបានយើងចង់បញ្ជាក់ថា សង្គមមួយដែលអត់មាននីតិរដ្ឋបានន័យថា មិនមែនយកច្បាប់ជាធំគឺយកបុគ្គលជាធំហ្នឹងគឺ ប្រព័ន្ធយុត្តិធម៌ហ្នឹងដោះស្រាយបានទេរឿងជម្លោះរវាងពលរដ្ឋ និងពលរដ្ឋរឿងកំប៉ិកកំប៉ុករឿងរដ្ឋប្បវេណីបន្តិចបន្តួចទេ។ ប៉ុន្តែបើរឿងយុត្តិធម៌តែម្ដងមិនអាចស្វែងរកយុត្តិធម៌ជូនជនរងគ្រោះបានទេដូច្នេះបានជាយើងមិនអាចពឹងពាក់លើប្រព័ន្ធយុត្តិធម៌ មិនអាចពឹងពាក់លើប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់»។
ប្រតិកម្មរបស់ក្រុមយុវជនទាំងនេះគឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល ដាក់សម្ពាធលើយុវជន២រូបនៃសមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាបុគ្គលនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនគឺ កញ្ញា សើន ស្រីម៉ៃ និងអ្នកស្រី សាក់ កន្និការ កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឱ្យចេញវីដេអូសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត និងទទួលស្គាល់កំហុសរបស់ខ្លួនដោយអះអាង ខ្លួនបានដើរតាមឧបាយកលទុច្ចរិតដែលមានជនបរទេសនៅពីក្រោយដើម្បីចូលរួមធ្វើបាតុកម្មទម្លាក់រដ្ឋាភិបាល។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថ្លែងថា ការសុំទោសរបស់ក្រុមយុវជនទាំងនេះ មិនពាក់ព័ន្ធនឹងការបង្ខិតបង្ខំរបស់បក្សកាន់អំណាចឡើយ។ លោកអះអាងថា គឺជាការស្ម័គ្រចិត្តរបស់ក្រុមយុវជនទាំងនោះ។ លោក សុខ ឥសាន បន្ថែមថា ប្រសិនបើក្រុមអ្នករិះគន់ ឬយុវជនទាំងនោះសុំទោសរដ្ឋាភិបាលគឺនឹងទទួលបានការដោះលែង។
លោក សុខ ឥសាន៖ «យុវជនដែលសារភាពហើយខ្ញុំទទួលស្គាល់ការទទួលខុសត្រូវរបស់សាមីជនពីរនាក់ដែលសារភាពនោះគឺជាសិទ្ធិរបស់គាត់ទទួលស្គាល់កំហុសរបស់គាត់ក៏ជាសិទ្ធិរបស់គាត់ដែរ។ តែអ្នកនិយាយផ្សេងថា មានការគាបសង្កត់ពីរហ្នឹងឱ្យសារភាពអាហ្នឹងខ្ញុំមិនសារភាពទេអ្នកឯងរំលោភសិទ្ធិអ្នកដទៃហើយពីព្រោះខ្លួនឯងមិនមែនសាមីខ្លួនទេខ្លួនឯងគ្រាន់តែអ្នកមើលពីក្រៅទេ»។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានចាប់ខ្លួនយុវជនសង្គមចំនួន ៨នាក់ដែលរដ្ឋាភិបាលអះអាងទាំងគ្មានភស្តុតាងថា ពាក់ព័ន្ធនឹងការផ្ដួលរំលំរដ្ឋាភិបាលយកទៅឃុំនៅពន្ធនាគារដាច់ឡែកពីគ្នាដោយតុលាការបានចោទប្រកាន់យុវជនចំនួន៧នាក់រួមមាន លោក ធី ថន លោក ឈាង រិទ្ធី កញ្ញា ចៀន សុណា កញ្ញា កាត់ ស៊ីណាត កញ្ញា នឿន ស្រីណែត កញ្ញា រៀម ស្រីពេជ្ររតនា និងអ្នកស្រី សាក់ កន្និការ ពីបទ«រួមគំនិតក្បត់»។ ចំណែកឯ កញ្ញា សើន ស្រម៉ៃ ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់»។ ប៉ុន្តែរយៈពេលចុងក្រោយនេះ មានការរៀបចំឱ្យក្រុមយុវជនធ្វើវីដេអូសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បីជាថ្នូរប្ដូរយកសេរីភាព ដែលគិតមកទល់ពេលនេះគឺមានយុវជនចំនួន៦នាក់ហើយក្នុងនោះរួមមាន គឺកញ្ញា កាត់ ស៊ីណាត កញ្ញា ចៀន ស៊ីណា កញ្ញា នឿន ស្រីណែត លោក ឈាង រិទ្ធី និងករណីចុងក្រោយនេះគឺ កញ្ញា សើន ស្រីម៉ៃ និងអ្នកស្រី សាក់ កន្និការ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង កញ្ញា សើន ស្រីម៉ៃ និងអ្នកស្រី សាក់ កន្និការ ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី៣១ ខែធ្នូ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ក្រុមយុវជនទាំងនោះមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់របស់តុលាការនោះទេ ក៏ប៉ុន្តែពួកគាត់អនុវត្តសិទ្ធិសេរីភាពស្របតាមច្បាប់។
កាលពីថ្ងៃទី១៦ ខែកញ្ញា អង្គការលីកាដូ (LICADO) រកឃើញថា មានមនុស្សជិត ១០០នាក់ត្រូវបានរដ្ឋាភិបាលចាប់ខ្លួន និងកំពុងឃុំខ្លួនបណ្ដោះអាសន្នជុំវិញការមិនគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA។ ថ្វីត្បិតកម្ពុជាលុបចោលកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយក៏ដោយក្រោយពីផ្ទុះការតវ៉ា និងខឹងសម្បារពីសំណាក់ក្រុមប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសរួចមក ក៏រដ្ឋាភិបាលឪពុកកូនត្រកូលហ៊ុនមិនព្រមដោះលែងក្រុមយុវជនទាំងអស់នោះដែរ។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវបានអង្គការជាតិ និងអន្តរជាតិមើលឃើញថា បានប្រើប្រាស់ប្រព័ន្ធតុលាការជាអាវុធដើម្បីបំបិទសំឡេងអ្នករិះគន់ និងចាប់ខ្លួនសកម្មជនសង្គម ក្រុមអ្នករិះគន់ និងមន្ត្រីបក្សប្រឆាំងដាក់ពន្ធនាគារតាមទំនើងចិត្ត។
ក្រុមយុវជន និងអ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលទម្លាក់ចោលបទប្រកាន់ និងដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ ដើម្បីអាចឱ្យពួកគាត់ជួបជុំក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២៥៕
1 comment:
Ah Hun Sen's paranoid disease has deepened, even young children are considered as extremist terrorists.
Post a Comment